ភ្នំពេញ: គម្រោងសាងសង់ខុនដូ La Vie Residences ដែលមានកម្ពស់សរុប ១៧ ជាន់ និងមានបន្ទប់ស្នាក់នៅចំនួន ១៨០ យូនីត ស្ថិតនៅតាមផ្លូវជាតិលេខ ៦ ក្នុងតំបន់ជ្រោយចង្វារ បានធ្វើពិធីបើកលក់ជាផ្លូវការហើយ។
លោក Darren Yap អគ្គនាយកក្រុមហ៊ុន YUEN Development Co., Ltd ដែលជាម្ចាស់គម្រោង La Vie Residences បានថ្លែងនៅក្នុងឱកាសបើកលក់របស់គម្រោង La Vie Residences កាលពីថ្ងៃអង្គារកន្លងមកថា ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងសក្តានុពលរបស់តំបន់ជ្រោយចង្វារ បានជំរុញឲ្យក្រុមហ៊ុនរបស់លោកសម្រេចចិត្តបោះទុនវិនិយោគក្នុងការសាងសង់គម្រោង La Vie Residences នេះឡើង។
លោកបានប្រាប់ទៀតថា ជ្រោយចង្វារជាទីតាំងដ៏ល្អសម្រាប់ការរស់នៅ ព្រោះមានទីតាំងនៅជិតចំណុចកណ្តាលរាជធានីភ្នំពេញ និងនៅចន្លោះទន្លេសាប និងទន្លេមេគង្គ ដែលជាកន្លែងមានខ្យល់អាកាសល្អបរិសុទ្ធ និងត្រជាក់ស្រួល។ នៅទីនេះមានភាពស្ងប់ស្ងាត់ មិនសូវមានសំឡេងរំខាន និងមិនស្ទះចរាចរណ៍ ដែលស័ក្តិសមជាតំបន់រស់នៅមានផាសុកភាព និងសុវត្ថិភាពបំផុត។
លោកមានប្រសាសន៍ថា៖ «YUEN Development Co., Ltd គឺជាក្រុមហ៊ុនអភិវឌ្ឍន៍កន្លែងស្នាក់នៅ និងអគារចម្រុះផ្សេងៗទៀតដែលគិតទៅលើគុណភាព និងការរចនាជាចម្បង។ គម្រោង La Vie Residences នឹងក្លាយជាកន្លែងរស់នៅដ៏ល្អបំផុតជាមួយសំណង់ដែលមានគុណភាពល្អ ការរចនាស្អាតកម្រិតស្តង់ដារប្រទេសសិង្ហបុរី។ ការវិនិយោគរបស់ក្រុមហ៊ុន YUEN Development Co., Ltd នៅកម្ពុជានឹងមានជាបន្តបន្ទាប់ ដូច្នេះរាល់គម្រោងវិនិយោគរបស់ក្រុមហ៊ុនសុទ្ធតែសាងសង់ដោយផ្តោតទៅលើគុណភាពជាចម្បង»។
បើទោះបីជាពិធីបើកលក់ជាផ្លូវការបានធ្វើឡើងកាលពីថ្ងៃអង្គារក៏ដោយ ក៏លោក Darren Yap បានបញ្ជាក់ថា៖ «ការលក់នឹងចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយ»។
លោក Darren បានឲ្យដឹងទៀតថា នៅពាក់កណ្តាលឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ខាងមុខ ក្រុមហ៊ុន YUEN Development Co.,Ltd ក៏មានផែនការបើកលក់គម្រោងទី ២ និងទី ៣ របស់ខ្លួនផងដែរ។
YUEN Development Co., Ltd គឺជាក្រុមហ៊ុនអភិវឌ្ឍន៍មួយដែលជាការវិនិយោគរួមគ្នារវាងអ្នកវិនិយោគក្នុងស្រុក ៥១ ភាគរយ និងជាមួយវិនិយោគិនមកពីប្រទេសសិង្ហបុរី ៤៩ ភាគរយ។
ចំពោះទឹកប្រាក់ដែលចំណាយក្នុងការវិនិយោគគម្រោង La Vie មិនត្រូវបានថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនប្រាប់ឲ្យដឹងនោះទេ។
លោកស្រី Katrina Karim នាយកផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន The Public Relations Company Private Limited ដែលជាក្រុមហ៊ុនជួយផ្សព្វផ្សាយគម្រោងខាងលើក្នុងប្រទេសសិង្ហបុរី បាននិយាយថា រហូតមកដល់ពេលនេះមានអតិថិជនបានមកកក់បន្ទប់ស្នាក់នៅក្នុង La Vie Residences ជាង ៦០ ភាគរយហើយ ដោយភាគច្រើនជាជនជាតិសិង្ហបុរី និងជនជាតិខ្មែរ។
លោកស្រីបានបន្តថា វិស័យសំណង់នៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់នៅតំបន់ជ្រោយចង្វារ ខណៈហេដ្ឋារចនាសម្ព័ន្ធនៅទីនោះក៏មានភាពល្អប្រសើរផងដែរ។
លោកស្រីមានប្រសាសន៍ថា៖ «ការរចនា និងគុណភាពសំណង់របស់គម្រោង La Vie Residences បានទាក់ទាញនូវការចាប់អារម្មណ៍យ៉ាងច្រើនពីអតិថិជន ខណៈគុណភាពសំណង់ត្រូវបានត្រួតពិនិត្យដោយហ្មត់ចត់បំផុតដោយថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកជំនាញរបស់ក្រុមហ៊ុនផ្ទាល់តែម្តង»។ លោកស្រីបានបន្តថា៖ «សម្ភារដែលប្រើប្រាស់ និងរចនានៅក្នុងគម្រោង La Vie Residences សុទ្ធតែមានម៉ាកល្បីៗនាំចូលមកពីបរទេស»។
ជាន់ផ្ទាល់ដីរបស់ខុនដូ La Vie Residences នឹងត្រូវប្រើប្រាស់ជាកន្លែង សាធារណៈ ចាប់ពីជាន់ទី ១ ដល់ជាន់ទី ៤ ជាចំណតរថយន្ត ចំណែកជាន់ទី ៥ ជាកន្លែងសម្រាប់សម្រាកលម្ហែកាយ និងហាត់ប្រាណ ដែលមានដូចជាអាងហែលទឹក ស្ទីម សូណា និងចាប់ពីជាន់ទី ៦ ដល់ជាន់ទី ១៧ ជាកន្លែងស្នាក់នៅ ខណៈនៅលើដំបូលជាសួនច្បារ។
កញ្ញា ប៉ែន ឧត្តមរ័ត្ន ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន YUEN Development Co., Ltd បាននិយាយថា បន្ទប់ស្នាក់នៅក្នុងគម្រោង La Vie Residences មានតម្លៃចាប់ពី ១០ ទៅជាង ២០ ម៉ឺនដុល្លារអាមេរិក។
La Vie Residences សាងសង់លើផ្ទៃដីទំហំ ២២៥៣ ម៉ែត្រការ៉េ ដោយមានកម្ពស់សរុបប្រហែល ៨០ ម៉ែត្រ ស្មើនឹង ១៧ ជាន់ ស្ថិតតាមផ្លូវជាតិលេខ ៦ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ បច្ចុប្បន្ននេះការសាងសង់ La Vie Residences កំពុងចាប់ផ្តើមដំណើរការ ដោយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០១៧ ។
លោក នួន រិទ្ធី នាយកក្រុមហ៊ុន Khmer Foundation Appraisal (KFA) បាននិយាយថា ទីផ្សារខុនដូកំពុងមានទីផ្សារល្អនៅកម្ពុជា ដោយបច្ចុប្បន្នមានគម្រោងសាងសង់ខុនដូជាច្រើនបានលេចឡើងជាបន្តបន្ទាប់។ ការវិនិយោគលើវិស័យខុនដូនេះពេលនេះ គឺជាពេលដ៏ត្រឹមត្រូវ ដែលអាចនឹងងាយទទួលបានជោគជ័យ។ ជ្រោយចង្វារជាតំបន់ដែលកំពុងមានសក្តានុពលសម្រាប់ការអភិវឌ្ឍកន្លែងស្នាក់នៅ។
តែទោះបីជាយ៉ាងណាលោកបានប្រាប់ថា៖«ដើម្បីឲ្យគម្រោងអភិវឌ្ឍន៍ខុនដូមួយទទួលជោគជ័យ វាអាស្រ័យទៅលើកត្តាសំខាន់ចំនួន ៣ គឺ ទី ១ ទីតាំង ទី ២ ពេលវេលា និងទី ៣ តម្លៃ»។
បច្ចុប្បន្នគេសង្កេតឃើញមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនកំពុងលេចឡើងនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ដែលមានដូចជា ទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC ក្រុងរណបរបស់ក្រុមហ៊ុនលី យ៉ុងផាត់ បុរីឌីមេគង្គរ៉ូយ៉ាល់ បុរីរីវើរ ថោន បុរីប៉េងហួត គម្រោងអភិវឌ្ឍន៍ The Bay ជាដើម៕