ភ្នំពេញៈ ទីតាំង​ដែល​ជា​អតីត​តំបន់​លិច​ទឹក​នៅ​រដូវវស្សា​មុន​ពេល​ចាក់​បំពេញ​ដោយ​ខ្សាច់​នោះ ពេល​នេះ​កំពុង​វិវត្ត​ខ្លួន​ជា​បណ្តើរៗ​ទៅ​ជា​ទីក្រុង​ពាណិជ្ជកម្ម​ដ៏ទំនើប​នាពេល​អនាគត ខណៈ​ប្រាក់​ប្រមាណ​ ៣០០០ ​លាន​ដុល្លារ​នឹង​ត្រូវ​ចាក់បញ្ចូល​ទៅ​ក្នុង​តំបន់​នេះ​។

អគ្គនាយករង​ក្រុមហ៊ុន OCIC លោក ទូច សំណាង បាន​និយាយ​កាលពី​ចុង​សប្តាហ៍​មុន​ថា បន្ទាប់ពី​ធ្វើការ​សិក្សា​ជាមួយ​អាជ្ញាធរ​រួច​មក​ក្រុមហ៊ុន​សម្រេច​កាត់​ដី​ជូន​ប្រជាជន​ ១០២ ​ហិកតា​លើ​ផ្ទៃដី​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ ៣៨៧ ​ហិកតា​។ ដី​ដែល​នៅ​សល់​ក្រុមហ៊ុន​បាន​កាត់​យក​មួយ​ចំណែក​សម្រាប់​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ទើប​នៅ​សល់​ដី​ចុងក្រោយ​ ១៤០ ​ហិកតា​។ ដី​នៅ​សល់​នេះ​ក្រុមហ៊ុន​បាន​ទុក​ប្រហែល​ ៣០ ​ហិកតា​ទៀត​សម្រាប់​ផ្តល់​ជូន​ប្រជាជន​ដែល​ជា​ម្ចាស់​ដី​នៅ​ទី​នោះ​ផ្ទាល់​។

លោក​បាន​ប្រាប់​ទៀត​ថា ដី​នៅ​សល់​ប្រមាណ​ ១១០ ​ហិកតា​នេះ រដ្ឋាភិបាល​គ្រោង​នឹង​ប្រើប្រាស់​សម្រាប់​សាងសង់​សំណង់​មួយ​ចំនួន​ផង​ដែរ ដូច្នេះ​ដី​នៅ​សល់​ចុងក្រោយ​មាន​ប្រមាណ​តែ​ ១០០ ​ហិកតា​ប៉ុណ្ណោះ​។

តើ​គម្រោង​ដែល​គ្រោង​ចំណាយលុយ​ដ៏ច្រើន​នេះ​កំពុង​មាន​ការវិវឌ្ឍ​បែ​បណា​? លោក សំណាង បាន​និយាយ​ថា បន្ទាប់ពី​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជិត​បញ្ចប់ ដោយ​មាន​ផ្លូវ​ប្រវែង​ ៣០ ​គីឡូម៉ែត្រ និង​ប្រព័ន្ធ​លូ​ប្រវែង​ ៦០ ​គីឡូម៉ែត្រ​នោះ នៅពេល​នេះ​ក្រុមហ៊ុន​កំពុង​សង់​ផ្ទះ​សម្រាប់​លក់ និង​អគារ​ពាណិជ្ជកម្ម​កម្ពស់​ ១០ ​ទៅ​ ១២​ ជាន់​ព្រមទាំង​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន OCIC ផងដែរ​។

លោក​ថ្លែង​ថា៖ «​យើង​គ្រោង​រៀបចំ​តំបន់​នេះ​ជា​ទីក្រុង​ពាណិជ្ជកម្ម​នាពេល​អនាគត​ហេតុនេះ​យើង​មិន​សាងសង់​វីឡា ឬ​ផ្ទះល្វែង​ច្រើន​ទេ​។ យើង​ចង់​ឲ្យ​ទីក្រុង​នេះ​ក្លាយ​ទៅ​ជា​តំបន់​ពាណិជ្ជកម្ម​ដូច​តំបន់​ពាណិជ្ជកម្ម​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​»​។

ទីក្រុង​នេះ​នឹង​ត្រូវ​អភិវឌ្ឍ​តាម​បែប Smart City​។

ក្រុង​រណប​ជ្រោយចង្វារ​ស្ថិត​ក្នុង​សង្កាត់​ចំនួន​ ៣ គឺ​សង្កាត់​ជ្រោយចង្វារ ព្រែកលៀប និង​សង្កាត់​ព្រែក​តាសេក​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​។

ជាមួយ​គ្នា​នេះ​ក្រុមហ៊ុន OCIC ក៏​បាន​សាងសង់​ផ្លូវ​ថ្មី​ចំនួន​ ៣ ​ខ្សែ​ស្រប​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៦ ដែល​ផ្លូវ​មេ​ធំ​ជាង​គេ​មាន​ប្រវែង​ ៥,៦ ​គីឡូម៉ែត្រ និង​ផ្លូវ​រង​ចំនួន​ ២ ​ទៀត​បាន​និង​កំពុង​សាងសង់​។

ជាមួយ​នឹង​គោលដៅ​ប្រកប​ដោយ​មហិច្ឆតា​នេះ​ក្រុមហ៊ុន​ក៏​កំពុង​សិក្សា​ពី​គម្រោង​ប្តូរ​ទីតាំង​សាលពិព័រណ៍ និង​សន្និបាត​កោះពេជ្រ​ទៅ​កាន់​ទីនោះ​ផង​ដែរ​។

លំហូរ​ចរាចរណ៍​គឺ​ពិតជា​មាន​សារៈសំខាន់​ដោយ​លោក សំណាង បាន​អះអាង​ថា​ដោយសារ​ស្ពាន​ជ្រោយចង្វារ​ទី​ ១ ត្រូវការ​ជួសជុល​រយៈពេល​វែង ទើប​ក្រុមហ៊ុន​សម្រេច​សង់ស្ពាន​ដែក​បេឡេត៍ ហើយ​នៅពេល​ខាង​មុខ​ក្រុមហ៊ុន​នឹង​ស្ថាបនា​ស្ពាន​ខ្សែកាប ដែល​ស្រដៀង​នឹង​ស្ពាន​អ្នក​លឿង​ដោយ​នឹង​ចំណាយ​ប្រាក់​ប្រហែល​ ៣៥ ​លាន​ដុល្លារ​។

លោក​បញ្ជាក់​ថា៖ «​ស្ពាន​នេះ​នឹង​សាងសង់​ឡើង​នៅពេល​ឆាប់ៗ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​»​។ លោក​បន្ត​ថា​៖ «​ដោយសារ​ជាទី​ក្រុង​ដ៏ធំ​ដែល​នឹង​មាន​អគារ​ខ្ពស់ៗ​ជាច្រើន​នោះ ខ្ញុំ​គិត​ថា​ការអភិវឌ្ឍ​ទីក្រុង​នេះ​ត្រូវ​ចំណាយពេល​ចន្លោះ​ពី​ ១០ ​ទៅ​ ២០ ​ឆ្នាំ​ទើប​ចប់​»​។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េត មាសភក្តី បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​បាន​ផ្តល់​ដីសម្បទាន​ដល់​ក្រុមហ៊ុន OCIC ដើម្បី​អភិវឌ្ឍ​ជា​ក្រុង​រណប ហើយ​ជា​លទ្ធផល​ខ្សាច់​ត្រូវ​បាន​ចាក់​បំពេញ​រួច​ហើយ ប៉ុន្តែ​ការអភិវឌ្ឍ​ត្រូវតែ​ធ្វើ​តាម​ប្លង់គោល​អភិវឌ្ឍន៍​ក្រុង​ដូចជា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​លូច​ម្រោះ​ទឹក​កខ្វក់ ជាដើម ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា ការអភិវឌ្ឍ​ធ្វើ​ឡើង​ប្រកប​ដោយ​និរន្តរភាព​។

លោក​ថ្លែង​ថា​៖ «​ទស្សនទាន​នៃ​ការអភិវឌ្ឍ​តំបន់​នេះ​ជា​គម្រោង​ដែល​ត្រូវ​អនុវត្ត​តាម​ផែនការ​របស់​ខ្លួន​ព្រោះ​ទីតាំង​នេះ​គឺជា​ទីក្រុង​រណប​ដែល​នឹង​ក្លាយ​ជាទី​ប្រមូលផ្តុំ​ប្រជាជន​ជាច្រើន​»​។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បាន​ប្រាប់​ថា លោក​គិត​ថា​ផែនការ​រៀបចំ​ទីក្រុង​រណប​នេះ​ជា​ទីក្រុង​ពាណិជ្ជកម្ម​ពិតជា​ល្អ​ណាស់ ព្រោះ​ជា​តំបន់​ដែល​កៀក​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ក្រុង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ ពិសេស​មាន​ស្ពាន​ ៣-៤ ​តភ្ជាប់ លក្ខខណ្ឌ​អាកាសធាតុ និង​សណ្ឋាន​ដី​ល្អ​។

លោក​បាន​បន្ត​ថា៖ «​តំបន់​នេះ​នឹង​មាន​ការរីកចម្រើន​ខ្លាំង​នាពេល​អនាគត ប៉ុន្តែ​វា​ត្រូវការ​ពេល​ចន្លោះ​ពី​ ៥-១០ ​ឆ្នាំ​ទៀត ទើប​អាច​ក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម​រស់​រវើក​បាន​»​។ លោក​បន្ត​ថា​៖ «​វា​នឹង​ក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏ធំ​នៅ​ជាយ​រាជធានី​ភ្នំពេញ​»​។

អភិបាលខណ្ឌ​ជ្រោយចង្វារ​ លោក ឃ្លាំង ហួត មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​៕