ភ្នំពេញ: ដោយមើលឃើញពីស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងការរីកចម្រើននៃវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាកាន់តែល្អប្រសើរជាលំដាប់នោះក្រុមហ៊ុន TIERAY Construction& Development Limited បានបញ្ចេញទុនវិនិយោគ ១០ លានដុល្លារដើម្បីសាងសង់ខុនដូប្រណីតមួយឈ្មោះ Orient Ritz។
ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន TIERAY Construction& Development Limited លោក Jackie Chen បានប្រាប់ប៉ុស្តិ៍អចលនទ្រព្យនាពេលថ្មីៗនេះថា បន្ទាប់ពីបានសិក្សានៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន កាលពីពីរឆ្នាំមុនរួចមក ចុងក្រោយក្រុមហ៊ុនរបស់លោកបានសម្រេចចិត្តចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយសារប្រទេសកម្ពុជាមានការរីកចម្រើនផ្នែកនយោបាយ សេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យ ផ្ទុយពីប្រទេសវៀតណាមដែលមានប្រព័ន្ធគ្រប់គ្រងបែបកុម្មុយនីស្ត ចំណែកប្រទេសថៃ មិនសូវមានស្ថិរភាពនយោបាយ រីឯប្រទេសឡាវមានចំនួនប្រជាជនតិច និងការអភិវឌ្ឍនៅមានកម្រិត។
លោកបានថ្លែងថា៖ «ដោយសារមានបទពិសោធអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងមើលឃើញវិស័យនេះនៅកម្ពុជាមានការរីកចម្រើនខ្លាំងទើបក្រុមហ៊ុនសម្រេចចិត្តវិនិយោគកសាងខុនដូ Orient Ritz ដើម្បីផ្តល់បទពិសោធនៃការរស់នៅក្នុងជីវិតបែបស៊ីវិល័យថ្មីមួយដល់ប្រជាជនកម្ពុជា»។
លោកបន្តថា៖ «តំបន់ដែលយើងជ្រើសរើសនេះជាតំបន់មួយមិនទាន់មានខុនដូនោះទេ ដូច្នេះតំបន់នេះមិនទាន់មានការប្រកួតប្រជែងទេ ហើយទីនេះជាតំបន់មានអំណោយផលដល់ការរស់នៅ ព្រោះមានផ្សារទំនើប Parkson នៅក្បែរ និងមានហាងល្បីៗនៅជិតទៀតផង»។
Orient Ritz បានចាប់ផ្តើមប្រកាសលក់ជាផ្លូវការហើយកាលពីចុងសប្តាហ៍កន្លងមកដោយបន្ទប់ស្នាក់នៅក្នុងគម្រោងនេះមានតម្លៃចាប់ពី ៨-១៣ ម៉ឺនដុល្លារ។
គម្រោងនេះនឹងផ្តោតលើអតិថិជនក្នុងស្រុក ជនបរទេសរស់នៅប្រទេសកម្ពុជា និងមួយចំនួនទៀតមកពីកោះតៃវ៉ាន់រស់នៅប្រទេសកម្ពុជាជាចម្បង ខណៈបច្ចុប្បន្ននេះមានជនបរទេសប្រមាណ ៥០ ០០០ នាក់កំពុងរស់នៅជាអចិន្រ្តៃយ៍ និងស្នាក់នៅរយៈពេលខ្លីនៅកម្ពុជា។ ដូច្នេះចំនួនខុនដូនៅកម្ពុជាមិនទាន់ឆ្លើយតបតម្រូវការជាក់ស្តែងនៅទីនេះនៅឡើយទេ។ គម្រោងនេះបានទទួលអាជ្ញាប័ណ្ណអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួចហើយ ដូច្នេះក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់នៅពេលឆាប់ៗនេះ។ លោក Jackie Chen បានបញ្ជាក់ឲ្យដឹង។
ខុនដូនេះមានទីតាំងនៅផ្លូវលេខ ១៥០ សង្កាត់ទឹកល្អក់ ២ (ម្តុំខាងក្រោយវិទ្យាល័យសន្ឋរមុខ) ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក Jeckie Chen បានបន្តថា ខុនដូនេះមានកម្ពស់ ១៨ ជាន់ និងមានចំណតយានយន្តនៅជាន់ក្រោមដី និងជាន់ផ្ទាល់ដីជាផ្ទះបែបអាជីវកម្ម (Shop house) រីឯជាន់ទី ១ ជាចំណតយានយន្ត និងចាប់ពីជាន់ទី ២ ដល់ជាន់ទី ១៧ ជាខុនដូដែលមានផ្ទះចំនួន ២៥៦ យូនីតបូកនឹងផ្ទះបែបអាជីវកម្មចំនួន ៤ ទៀត។ ចំណែកជាន់ទី ១៨ ជាកន្លែងហាត់ប្រាណ,អាងហែលទឹក កន្លែងអាំងសាច់ និងសួនសាធារណៈជាដើម។ លោកបន្តថា ខុនដូនេះនឹងសាងសង់លើផ្ទៃដី ១ ២៨៨ ម៉ែត្រការ៉េ និងលក់ក្នុងតម្លៃ ចាប់ពី ១ ៣៤៨ ដុល្លារទ្បើងទៅក្នុងមួយម៉ែត្រការ៉េ និងមានបន្ថែមនូវសម្ភារបន្ទប់ទឹក និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
លោកបន្តថា ចាប់តាំងពីឆ្នាំ ២០១០ មក រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់សហកម្មសិទ្ធិដែលអនុញ្ញាតឲ្យជនបរទេសទិញ និងគ្រប់គ្រងផ្ទះចាប់ពីជាន់ទី ១ ឡើងទៅ។ នេះជាច្បាប់ដ៏មានសារៈសំខាន់ក្នុងការទាក់ទាញចំណាប់អារម្មណ៍ជនបរទសកាន់តែច្រើនមកទិញលំនៅឋាននៅកម្ពុជា ដូច្នេះទើបក្រុមហ៊ុន TIERAY Construction & Development Limited សម្រេចចិត្តបោះទុនវិនិយោគខុនដូនៅកម្ពុជានាពេលនេះ និងបន្តគម្រោងជាបន្តបន្ទាប់ទៀត។
នៅពេលសួរថា តើលោកមើលឃើញបរិយាកាសវិនិយោគនៅទីនេះមានភាពដូចម្តេច? លោក Jackie Chen បានអះអាងថា៖ «អ្នកជំនួញតៃវ៉ាន់មើលឃើញថារដ្ឋាភិបាលកម្ពុជានឹងធ្វើកំណែទម្រង់រឿងនេះ»។
លោកបន្តថា៖ «នៅពេលកម្ពុជាមានអគារទំនើបៗកាន់តែច្រើនវានឹងទាក់ទាញអ្នកវិនិយោគកាន់តែច្រើនចូលមកប្រទេសនេះបន្ថែមទៀត ពិសេសក្រោយពេលកម្ពុជាធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់អាស៊ាន នឹងមានអ្នកវិនិយោគបរទេសមកកាន់តែច្រើនថែមទៀត»។
លោក David Chen ប្រធានផ្នែកអភិវឌ្ឍន៍ដីនៃក្រុមហ៊ុន TIERAY Construction & Development Limited បានថ្លែងថា ខុនដូនេះនឹងរៀបចំគ្រប់គ្រង និងការរចនាឡើងតាមបែបសណ្ឋាគារប្រណីត ព្រោះក្រុមហ៊ុនមានបទពិសោធលើការអភិវឌ្ឍអចលនទ្រព្យរយៈពេលជិត ១ ទសវត្សរ៍ហើយ។
លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ដែលទទួលបានសិទ្ធិលក់ក្នុងគម្រោង Orient Ritz បាននិយាយថា ខុនដូដែលវិនិយោគដោយវិនិយោគិនតៃវ៉ាន់ Orient Ritz នឹងមានការចាប់អារម្មណ៍ច្រើន ព្រោះការរចនា និងទីតាំងរបស់គម្រោងនេះពិតជាល្អ។ លោកបានបន្តថា ការវិនិយោគលើគម្រោង Orient Ritz នឹងអាចទទួលបានប្រាក់ចំណេញច្រើន បើទោះបីជាគេយកទៅដាក់ជួលបន្តក៏ដោយ។
អ្នកស្រី ទេព កន្និដ្ឋា ប្រធានផ្នែកប៊ុណ្ណាអចលនទ្រព្យនៃក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប បានថ្លែងថា៖ «ខ្ញុំគិតថា ទីតាំងរបស់គម្រោង Orient Ritz ពិតជាល្អ និងមានភាពទាក់ទាញខ្លាំង ព្រោះតំបន់នេះមិនទាន់មានអគារខ្ពស់ និងមានកំណើនប្រជាជនច្រើនរស់នៅតំបន់ ហើយបើគេធ្វើដំណើរពីទីតាំងរបស់គម្រោងនេះទៅកាន់ផ្សារទំនើប Parkson គឺចំណាយពេលមិនដល់ ១០ នាទីទេ»។
តាមផែនការ Orient Ritz នឹងបញ្ចប់ការសាងសង់រយៈពេលពីរឆ្នាំកន្លះ បន្ទាប់ពីបើកការដ្ឋានសាងសង់៕