The Palm ដែលជា​គម្រោង​ទី​ ៣ របស់​ក្រុមហ៊ុន Oxley Worldbridge បាន​បើក​ដំណើរការ​សាងសង់​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​។ ស្ថិត​នៅ​លើ​ដី​ទំហំ​ជាង​ ៣,៧ ​ហិកតា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ ក្នុង​សង្កាត់​ច្បារអំពៅ The Palm មាន​ផ្ទះ​ជាង​ ២០០ ​ខ្នង​។ The Palm នឹង​ក្លាយ​ជា​គម្រោង​ដំបូង​គេ​នៅ​កម្ពុជា​ដែល​ផ្ដល់​ជូន​នូវ​គំនិត​ថ្មី​នៃ​ការ​រចនា​ឆ្នេរ​បែប​សិប្បនិម្មិត និង​ផ្តោតលើ​បរិស្ថាន​។

លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​គម្រោង​នេះ​បាន​មាន​ប្រសាសន៍​ថា​៖ «The Palm នឹង​ជួយ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​។ បច្ចុប្បន្ន​មាន​គម្រោង​លំនៅឋាន​បុរី​ចំនួន​ ១៨៩ ​កន្លែង​រួម​ទាំង ​The Palm ​ដែល​បាន​បើក​ដំណើរការ​នៅ​ថ្ងៃ​នេះ​ផង​ដែរ​»​។

លោក​បាន​បន្ថែម​ថា​នៅ​ឆ្នាំ​ ២០១៧ ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​តម្លៃ​ ៦,៤ ​ពាន់​លាន​ដុល្លារ​កើនឡើង​ ២១ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦ ដែល​មាន​តម្លៃ​ជាង​ ៥,៥ ​ពាន់​លាន​ដុល្លារ​។ ប្រការ​នេះ​បាន​រួម​ចំណែក​បង្កើត​ការងារ​បាន​ចំនួន​ ២៦០០០០ ​កន្លែង​សម្រាប់​ប្រជាជន​ក្នុង​ប្រទេស​។

លោក​ឧកញ៉ា សៀ ឬទ្ធី ប្រធាន​ក្រុមហ៊ុន Worldbridge Group មាន ប្រសាសន៍​ថា៖ «​ការចាប់ផ្តើម​គម្រោង​ទី​ ៣ របស់​យើង​គឺជា​ភាពជោគជ័យ និង​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា កម្ពុជា​រក្សា​ទំនាក់ទំនង​ល្អ​រវាង​វិនិយោគិន​ជាតិ និង​អន្តរជាតិ​លើ​ឧស្សាហកម្ម​សំណង់​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ផ្នែក​ ១ ​នៅក្នុង​ចំណោម​វិស័យ​ធំៗ​ទាំង​ ៤ ​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​»​។

លោក​ឧកញ៉ា​បាន​បន្ថែម​ថា៖ «The Palm គឺជា​ការបណ្តាក់ទុន​រួម​គ្នា​រវាង Oxley Holding Limited និង Worldbridge Land​។ គម្រោង​នេះ​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន Oxley-Emerald (​ខេមបូឌា​) ដើម្បី​អភិវឌ្ឍ​ជាមួយ​នឹង​ដើមទុន​វិនិយោគ​សរុប​ចំនួន​ ១០០ ​លាន​ដុល្លារ​»​។

The Palm គឺជា​ទីផ្សារ​ដ៏ទាក់ទាញ​បំផុត​សម្រាប់​អតិថិជន​ក្នុង​ស្រុក និង​អន្តរជាតិ ដែល​មាន​ទំនុកចិត្ត​លើ​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ ចំណុច​សំខាន់​គឺថា The Palm អាច​ជួយ​លើក​កម្ពស់​សោភ័ណភាព​សំណង់​នៅ​តំបន់​ច្បារអំពៅ ហើយ​អ្នក​អភិវឌ្ឍន៍​នឹង​ធ្វើការ​ជាមួយ​អ្នក​ម៉ៅការ​ដើម្បី​កសាង​គម្រោង​ដែល​ផ្តោត​លើ​សុវត្ថិភាព​ស្រប​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​ដីធ្លី​ស្តីពី «​សុវត្ថិភាព​នៅក្នុង​ការដ្ឋាន​សំណង់​» ។ នេះ​បើ​យោង​តាម​លោក​ឧកញ៉ា សៀ ឬទ្ធី​។

ប្លង់​គម្រោង​អគារ The Palm ដែល​ដាក់​តាំង​បង្ហាញ​ដល់​សាធារណជន​។ហេង ជីវ័ន

The Palm នឹង​រចនា​ឡើង​ដោយ​ផ្តោត​ទៅ​លើ​បរិយាកាស​បែប​ធម្មជាតិ​ដែល​រួមមាន រមណីយដ្ឋាន​មាត់​ទន្លេ​សួនច្បារ និង​ដើមត្នោត​រាប់រយ​ដើម​។

លោក Ching Chiat Kwong អ្នក​តំណាង​ក្រុមហ៊ុន Oxley Holding Limited បាន​និយាយ​ថា៖ «​យើង​មាន​បំណង​នាំ​យក​គំនិត​ថ្មីៗ​ពី​សិង្ហបុរី​មក​កាន់​ប្រទេស​កម្ពុជា​តាមរយៈ​ការកសាង​គម្រោង​ ១ ​ដែល​ផ្តោត​លើ​បរិស្ថាន​ធម្មជាតិ និង​មាន​ដើមត្នោត​រាប់រយ​ដើម​ត្រូវ​បាន​ដាំ​នៅ​ទី​នោះ​»​។

លើស​ពី​នេះ​ទៅ​ទៀត The Palm មាន​សេវាកម្ម​ជាច្រើន​រួមទាំង​ឆ្នេរ​សិប្បនិម្មិត​នៅ​តាម​មាត់ទន្លេ​ដែល​នឹង​ធ្វើឱ្យ​អតិថិជន​មាន​មោទនភាព​ចំពោះ​លំនៅឋាន​របស់​ពួកគាត់​។

ក្នុង​ឱកាស​នោះ​លោក ជា សុផារ៉ា ក៏​បាន​ស្នើ​ឲ្យ​អ្នក​អភិវឌ្ឍន៍​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ដទៃ​ទៀត​នៅ​កម្ពុជា​ចូលរួម​ជួយ​ការពារ​បរិស្ថាន​ដែល​មាន​ន័យថា​ពួកគេ​មិន​គួរ​បោះចោល​កាកសំណល់​ដោយ​គ្មាន​ការទទួល​ខុសត្រូវ​នៅក្នុង​ទន្លេ​នោះ​ទេ​។

The Palm គឺជា​គម្រោង​ទី​ ៣ ដែល​ត្រូវ​បាន​បង្កើតឡើង​ពី​ការសហការ​រវាង​ក្រុមហ៊ុន​ទាំង​ ២ បន្ទាប់ពី​គម្រោង The Peak និង The Bridge​។ ផ្ទះ​នៅ​ក្នុង​គម្រោង The Palm មាន​តម្លៃ​ចាប់ពី​ ៣៥០០០០ ​ដុល្លារ​ឡើង​ទៅ​។

លោក​ឧកញ៉ា ឬទ្ធី បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​គម្រោង​នេះ​ថា៖ «​ផ្ទះ​ជាង​ ២០០ ​ខ្នង​នៅក្នុង​គម្រោង​របស់​យើង​នឹង​មិន​ពិបាក​លក់​នោះ​ទេ​។ អតិថិជន​របស់​យើង​នៅ​តែ​មាន​ទំនុក​ចិត្ត​រឹងមាំ​នៅក្នុង​គម្រោង​របស់​យើង​បន្ទាប់ពី​ភាព​ជោគជ័យ​របស់​គម្រោង​មុនៗ​របស់​យើង​»​។

អគ្គនាយក​ក្រុមហ៊ុន Key Real Estate លោក សន សៀប បាន​ប្រាប់​ថា​លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​គម្រោង​នេះ​ដោយ​លោក​ជឿ​ថា ទោះបី​ជា​តម្លៃ​ខ្ពស់​ក៏ដោយ ក៏​គម្រោង​នេះ​នឹង​ទទួល​បាន​នូវ​ភាពជោគជ័យ​។

លោក​បាន​ថ្លែង​ថា៖ «​គម្រោង​នេះ​នៅតែ​មាន​ប្រជាប្រិយភាព​សម្រាប់​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​។ The Palm គឺជា​គម្រោង​តូច​ដែល​មាន​ផ្ទះ​តែ​ ២០០ ​ខ្នង​ប៉ុណ្ណោះ ដូច្នេះ​វា​នឹង​មិន​ពិបាក​ក្នុង​ការលក់​នោះ​ទេ​»៕