ការមកដល់នៃផ្សារទំនើបនៅទីក្រុងភ្នំពេញ កាន់តែមានច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ហើយផ្សារទំនើបដ៏ធំមួយនឹងបើកដំណើរការនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។
លោក ស៊ីវ ម៉េង អ្នកយកព័ត៌មានអចលនទ្រព្យនៃកាសែតភ្នំពេញប៉ុស្ត៍បានជួបជាមួយលោក ROFY OTHSMAN នាយកគ្រប់គ្រងផ្សារទំនើប Parkson Mall នៅទីក្រុងភ្នំពេញ ដើម្បីជជែកពិភាក្សាពីការបើកដំណើរការ និងចក្ខុវិស័យរបស់លោក។
អគារផ្សារទំនើប Phnom Penh Mega Mall ដែលស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ប៉ុន្តែមានមហាជនភាគច្រើនបានហៅថា Parkson Mall ហើយបើតាមព័ត៌មានផ្លូវការ គឺក្រុមហ៊ុន Parkson Mall របស់ម៉ាឡេស៊ី គ្រាន់តែបានជួលទីតាំងមួយភាគធំ (ប្រមាណ ៥ជាន់) នៃអគារផ្សារទំនើប Phnom Penh Mega Mall តែប៉ុណ្ណោះ។
តើលោកចាប់ផ្តើមវិនិយោគផ្សារទំនើប Parkson Mall យ៉ាងដូចម្តេច?
ផ្សារទំនើបនេះបានបើកដំណើរការសាងសង់ កាលពីចុងឆ្នាំ ២០១២ ដែលយើងមានគោលដៅមិនត្រឹមតែជាកន្លែងកម្សាន្ត និងដើរទិញទំនិញរបស់ប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ តែវាជាកន្លែងទាក់ទាញភ្ញៀវទេសចរ ផងដែរ ពិសេសផ្តល់ ឱកាសការងារដល់ប្រជាពលរដ្ឋប្រមាណជាង ៤ ០០០ នាក់ក្នុងមួយថ្ងៃ ព្រោះអគារ ផ្សារទំនើបនេះមានទំហំ ១៦៥ ០០០ ម៉ែត្រការ៉េ បូកទាំងសណ្ឋាគារជាង ៥០ ០០០ ម៉ែត្រការ៉េ និងមានបន្ទប់ជាង ៤០០ សរុបទាំងអស់ប្រមាណ ២២ ម៉ឺនម៉ែត្រការ៉េ។
ផ្សារទំនើបនេះស្រូបយកកម្លាំងពលកម្ម ក្នុងមួយវេនៗជាង ២ ០០០ នាក់ ហើយមួយថ្ងៃធ្វើកា រ២ វេន គឺផ្តល់ការងារជាង ៤ ០០០ នាក់។ នេះមិនទាន់គិតពីការងារដោយប្រយោលនៅឡើយទេ។
ភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា ពួកគេមិនត្រឹមតែអាចមកកម្សាន្តដើរទិញទំនិញទេ ពួកគេក៏អាចមកស្នាក់នៅផងដែរ នេះជាផលិតផលមួយទាក់ទាញទេសចរ ហើយរដ្ឋាភិបាលក៏ទទួលបានចំណូលពន្ឋច្រើនផងដែរ។
តើផ្សារនេះមានលក្ខណៈពិសេស យ៉ាងដូចម្តេច?
ផ្សារនេះនឹងបើកពីម៉ោង៩ព្រឹកដល់ម៉ោង ១០ យប់ និងមានកន្លែងកម្សាន្តបើករហូតដល់ម៉ោង ២ ទៀបភ្លឺ ដោយសារផ្សារនេះមានរោងភាពយន្តចំនួន ៩ មានកន្លែងហាត់ប្រាណ កន្លែងលេងបូរ៍លីងមាន ៣០ លេន និងមានសេវាកម្សាន្តជាច្រើនទៀត ពិសេសការរៀបចំធ្វើឡើងតាមស្តង់ដាអន្តរជាតិ។
តើស្តង់ក្នុងផ្សារទំនើបនេះបានជួលជោគជ័យហើយឬយ៉ាងណា?
ការជួលស្តង់នៅក្នុងផ្សារទំនើបនេះ ទទួលបានជោគជ័យ ដោយក្រុមហ៊ុនខ្លះជួលយកមួយជាន់ៗតែម្តង ក្រុមហ៊ុនខ្លះទៀតជួលយក ២ ឬ ៣ ជាន់ ឬ ៥ ជាន់ នៅក្នុងផ្សារទំនើបនេះកម្ពស់៩ជាន់។ ផ្សារនេះអាចចតរថយន្តបានប្រមាណ១៥០០គ្រឿង និងម៉ូតូ៣០០០គ្រឿង។
ជាន់ក្រោមនៃផ្សារទំនើបនេះជា Super Market ជាន់ទី ១ ជាកន្លែងលក់គ្រឿងក្រអូប ជាន់ទី ២ ជាកន្លែងលក់គ្រឿងក្រអូបសម្រាប់នារី ជាន់ទី ៣ ជាកន្លែងលក់សម្លៀកបំពាក់ ជាន់ទី៤ ជាកន្លែងលក់សម្លៀកបំពាក់បុរស និងគ្រឿងប្រើប្រាស់ផ្សេងៗទៀត ជាន់ទី៥ ជាកន្លែងលក់ម្ហូបអាហារ និងភេសជ្ជៈ ជាន់ទី៦ ជាកន្លែងលក់គ្រឿងអេឡិចត្រូនិក ជាន់ទី ៧ ជាកន្លែងលក់សម្ភារៈព័ត៌មានវិទ្យា ទូរស័ព្ទជាដើម ជាន់ទី ៨ ជាកន្លែងលក់គ្រឿងសង្ហារឹមផ្សេងៗសម្រាប់លំនៅដ្ឋាន និងជាន់ទី៩ ជារោងភាពយន្ត បូរ៍លីង ជាដើម។
ផ្សារទំនើបលំដាប់អន្តរជាតិធំៗបានមកដល់ក្រុងភ្នំពេញជាបន្តបន្ទាប់ តើលោកមានយុទ្ឋសាស្ត្រយ៉ាងដូចម្តេច ដើម្បីប្រឈមនឹងការប្រកួតប្រជែងនាពេលខាងមុខ?
ផ្សារនេះជាសេវាកម្មមួយសម្រាប់ផ្តល់ឲ្យប្រជាពលរដ្ឋក្នុងស្រុក ដោយពួកគេមិនចាំបាច់ទៅទិញទំនិញនៅក្រៅប្រទេសទៀតទេ ព្រោះទំនិញល្បីៗបានមកដល់ស្រុកយើងហើយ អ៊ីចឹងសូមចាយលុយនៅស្រុករបស់យើងទាំងអស់គ្នា។ នេះជាសញ្ញាមួយដែលបង្ហាញថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើង បងប្អូនប្រជាពលរដ្ឋត្រូវការរបស់ទំនើបៗ។
កន្លងមកបងប្អូនអ្នកមានលទ្ធភាពក៏បានទៅទិញទំនិញនៅក្រៅប្រទេស អ្នកមិនមានលទ្ធភាពក៏ប្រើប្រាស់ទំនិញ ឬរបស់របរប្រើប្រាស់ទៅតាមលំដាប់ជីវភាពរបស់ខ្លួន ប៉ុន្តែដោយសារសេដ្ឋកិច្ចរីកចម្រើនប្រាក់ចំណូលប្រជាពលរដ្ឋបានកើនឡើងដែលអាចបម្រើសេវាកម្មជូនប្រជាពលរដ្ឋបានច្រើនលំដាប់ ដែលយើងអាចផ្តល់ជូនគាត់។

អ្វីជាមូលហេតុដែលលោកនាំយកផ្សារទំនើបធំបែបនេះមកស្រុកខ្មែរ តើលោកទិញសិទ្ធិ (Franchise ) មកពីម៉ាឡេស៊ី ឬយ៉ាងណា?
យើងវិនិយោគដោយខ្លួនឯង និងបាននាំមកនូវស្តង់ដារផ្សារទំនើបលំដាប់អន្តរជាតិ តាមរយៈការសហការជាមួយដៃគូវិនិយោគមកពីអន្តរជាតិ។ នៅប្រទេសណាក៏ដោយ ដែលមានការអភិវឌ្ឍច្រើនលើគ្រប់វិស័យបានបង្ហាញថា ប្រទេសហ្នឹងមានស្ថិរភាពនយោបាយល្អ មានកំណើនសេដ្ឋកិច្ចល្អ ព្រោះបើគ្មានចំណុចទាំង២នេះ យើងក៏គ្មានការចូលមកនូវការវិនិយោគដែរ។
វាបង្ហាញថាកម្ពុជាមានសុខសន្តិភាព ធ្វើឲ្យគេកក់ក្តៅមកបោះទុនធ្វើការវិនិយោគ ដោយមិនព្រួយបារម្ភអ្វីទាំងអស់។
Parkson Mall ជារបស់អ្នកវិនិយោគម៉ាឡេស៊ី ដែលមានជាង១៥០ទីតាំងក្នុងទ្វីបអាស៊ី ដែលមានគោលដៅពង្រីកជាបន្តទៀត។ ចំណែកប្រទេសកម្ពុជា យើងធ្វើប៉ុណ្ណឹងសិន មុនសម្រេចចិត្តទៅវិនិយោគនៅទីតាំងផ្សេងទៀត។
តើសណ្ឋាគារក្នុងគម្រោងនេះនឹងបើកដំណើរការនៅពេលណា?
ការសាងសង់សណ្ឋាគារ នឹងធ្វើពីលើអគាររបស់ផ្សារទំនើបនេះ ព្រោះយើងបានរៀបចំគ្រឹះសម្រាប់សាងសង់រួចហើយ ប៉ុន្តែរហូតមកទល់ពេលនេះយើងមិនទាន់បានចាប់ផ្តើមសាងសង់នៅឡើយទេ ដោយសារក្រុមហ៊ុនកំពុងរៀបចំរចនាប្លង់របស់សណ្ឋាគារនេះ។
កាលពីពេលថ្មីៗនេះមានអ្នកវិនិយោគទុនមកពីប្រទេសម៉ាឡេស៊ី គ្រោងវិនិយោគលើគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មអីស្លាមនៅកម្ពុជា តើលោកមានជ្រាបទេ ថាគម្រោងនោះបានដល់តំណាក់កាលណាហើយ?
វាស្ថិតនៅក្នុងគម្រោងនៅឡើយទេ មិនទាន់សម្រេចថា នឹងធ្វើការវិនិយោគនៅពេលណានោះទេ ប៉ុន្តែអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ីរូបនោះបានចាប់អារម្មណ៍ និងកំពុងសិក្សា ថាតើអាចបង្កើតមជ្ឈមណ្ឌលនេះយ៉ាងដូចម្តេច។ ហេតុនេះអ្វីៗស្ថិតក្នុងការសិក្សានៅឡើយ ដូច្នេះយើងមិនអាចដឹងថា ពេលណាគម្រោងនោះនឹងដំណើរការនោះទេ។
វាជាគម្រោងនៃថវិកាគរុភណ្ឌសាសនា ព្រោះនៅក្នុងបណ្តាប្រទេសកាន់សាសនាអ៊ិស្លាម មានទ្រព្យសម្បត្តិដែលបានទុកជាគរុភណ្ឌសាសនាច្រើន ហេតុនេះអ្នកកាន់កាប់មូលនិធិគរុភណ្ឌសាសនា ចង់យកប្រាក់ទាំងនោះមកបង្កើតសកម្មភាពពាណិជ្ជកម្ម ឬវិនិយោគលើវិស័យអ្វីមួយដើម្បីជួយដល់សេដ្ឋកិច្ចសង្គម។
លុយគរុភណ្ឌសាសនា ជាថវិកាបានមកពីការបរិច្ចាគរបស់អ្នកកាន់សាសនាអ៊ិស្លាម ដែលមានករណីខ្លះមហាសេដ្ឋីណាម្នាក់បានបាត់បង់ជីវិត ពួកគេក៏បានបរិច្ចាគថវិការបស់ពួកគេទាំងអស់ ឬផ្នែកណាមួយសម្រាប់ដាក់ជាគរុភណ្ឌនៃសាសនារបស់ខ្លួន៕