ភូមិគ្រឹះ​ ១ ​ខ្នង​ដែល​សង់​ពី​ឈើ​មាន​កម្ពស់​ ២ ​ជាន់ នា​អំឡុង​ឆ្នាំ​ ១៩០០ បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេ​កែច្នៃ​ទៅ​ជា​ភូមិគ្រឹះ​មួយ​ដ៏ទំនើប​ដែល​មាន​រចនាប័ទ្ម​បែប​ខ្មែរ និង​មាន​ភាព​ប្រណីត​។ ដោយ​ការ​ធ្វើ​ដំណើរ​ត្រូវ​ចំណាយពេល​ប្រហែល​ ១៥ ​នាទី​ពី​កំពង់​ចម្លង​អរិយក្សត្រ​ទី​នោះ​គឺជា​កន្លែង​រស់នៅ​មួយ​ប្រកប​ដោយ​ផាសុកភាព​។

ភូមិគ្រឹះ​ដែល​មាន​ទំហំ​ ៦០០ ​ម៉ែត្រការ៉េ​នេះ​រួម​មាន​បន្ទប់​គេង​ចំនួន​ ៦ បន្ទប់ទឹក​ ៤ និង​ផ្ទះបាយ​ដែល​មាន​សុទ្ធតែ​សម្ភារ​ទំនើបៗ​ព្រម​ទាំង​មាន​កន្លែង​ទទួលភ្ញៀវ​ដ៏ធំ​ទូលាយ​នៅ​ជាន់​ខាង​លើ​។ ភូមិគ្រឹះ​ដែល​អាច​ស្នាក់​នៅ​បាន​ចំនួន​ ១៥ ​នាក់​នេះ​ក៏​មាន​អាង​ហែល​ទឹក​មួយ​សម្រាប់​ហែល​លេង​កម្សាន្ត​ផងដែរ​៕