ភ្នំពេញៈ The Point ​កម្ពស់​ ៦ ​ជាន់​​ ដែល​វិនិ​យោគ​ក្នុង​ទឹក​ប្រាក់​ ​៧ ​លាន​ដុល្លារ​ ស្ថិត​តាម​​បណ្តោយ​មហា​វិថី​ម៉ៅ​សេ​ទុង​បាន​​​បើក​ការដ្ឋាន​សាង​សង់​ហើយ​កាល​ពី​​ម្សិល​មិញ​ ដោយ​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​នៅ​ដំ​ណាច់​ឆ្នាំ​​ ២០១៩។

The Point​ សាង​សង់​​លើ​ ផ្ទៃ​ដី​​ទំហំជាង ១ ហិកតា​នឹង​ត្រូវ​ប្រើ​​​ប្រាស់​​ជា​​​ផ្សារ​សហ​គមន៍​ និង​​​អគារ​ការិយា​ល័យ​ជួល​ ដោយ​ផ្សារ​សហ​គមន៍​​មាន​ផ្ទៃ​ក្រឡា​ ២,២០០ ​ម៉ែត្រ​ការ៉េ និង​អគារ​ការិយា​ល័យ​កម្រិត B មាន​ទំហំ​ ៩,២០០​ម៉ែត្រ​ការ៉េ​។​

The Point ត្រូវ​បាន​​​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ ​Re-Edge ហើយ​នឹង​ត្រូវ​​​ប្រើប្រាស់​​​ជា​កន្លែង​លក់​​ទំនិញ​ និង​ភោជ​នីយ​ដ្ឋាន​​នៅ​ផ្នែក​ខាង​ក្រោម ខណៈ​ចាប់​ពី​ជាន់​ទី ២ ​ទៅ​លើ​​ជា​អគារ​ការិយា​ល័យ​។

លោកស្រី ថុង សុវណ្ណ​រង្សីយ៍ ម្ចាស់​ភាគ​ហ៊ុន​ក្រុម​ហ៊ុន 3DS Property Management Co., Ltd ដែល​ជា​ក្រុមហ៊ុន​វិនិ​យោគ The Point បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​​នៅ​ភ្នំពេញ​មាន​​​អគារ​ការិយា​ល័យ​ជា​ច្រើន តែ​អគារ​ភាគ​ច្រើន​​មិន​មាន​កន្លែង​សម្រាក​លម្ហែ កន្លែង​​លក់​ទំនិញ និង​ចំណត​ធំ​ទូ​លាយ​​​​​ទេ។

លោក​ស្រី​ថ្លែង​ថា៖ ​«​យើង​នឹង​​ធ្វើ​ឲ្យ The Point ក្លាយ​ជា​កន្លែង​​​នៅ​ចន្លោះ​កន្លែង​ស្នាក់​នៅ និង​កន្លែង​ធ្វើ​ការ ដោយ​នៅ​​ពេល​ចេញ​ពី​ធ្វើ​ការ​គេ​អាច​ចូល​ទិញ​ទំនិញ ឬ​ដើរ​លម្ហែ មុន​ពេល​​បន្ត​ដំណើរ​ទៅ​ផ្ទះ»។

លោក​ស្រី​បន្ត​ថា​​ គម្រោង​នេះ​នឹង​សាងសង់​ឡើង​ដោយ​គិត​ពី​បរិស្ថាន​ជា​ចម្បង​ និង​​ដើម្បី​ឆ្លើយ​តប​​នឹង​តម្រូវ​ការ​ចាំ​បាច់​​សម្រាប់​ការ​រស់​នៅ​បែប​ស៊ី​វិល័​យ​​​នា​ពេល​បច្ចុប្បន្ន​ តាម​រយៈ​ការ​​​បំពាក់​នូវ​​​បច្ចេក​វិទ្យា​ទំ​នើប​ៗ និង​​មាន​​​សុវត្ថិ​ភាព​ខ្ពស់​​។

ការ​ប្រ​កាស​​ចាប់​ផ្តើម​សាង​សង់ The Point បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​អគារ​ការិយា​ល័យ​ដ៏​ធំ​នៅ​ក្បែរ​នោះ (The Parkway) គ្រោង​នឹង​បិទ​ដើម្បី​សាងសង់​អគារ​ថ្មី​ផង​ដែរ​។​

លោក​ស្រី អាន សុធីតា នាយិកា​​នៃ​ក្រុមហ៊ុន​អចលន​ទ្រព្យ CBRE Cambodia បាន​លើក​ឡើង​​ថា កំណើន​សេដ្ឋ​កិច្ច បាន​ធ្វើ​ឲ្យ​ទីផ្សារ​អគារ​ការិយា​ល័យ​កម្រិត B ​មាន​ទីផ្សារ​ល្អ​ណាស់​នា​ពេល​នេះ​។សម្រាប់​ទីតាំង​របស់​ The Point អាច​និយាយ​ថា​នឹង​ងាយ​ទទួល​បាន​ជោគ​ជ័យ​បំផុត​។

លោកស្រី​ថ្លែង​ថា៖​ «ខ្ញុំ​គិត​ថា​ភាព​ជោគ​ជ័យ​សម្រាប់ The Point គឺ​មាន​ច្រើន ព្រោះ​នៅ​ពេល​​នេះ​​​គេ​ពិបាក​រក​​ផ្សារ​សហ​គមន៍​ និង​អគារ​ការិយា​ល័យ​​តាម​ផ្លូវ​ម៉ៅ​សេ​ទុង​​»។

របាយ​ការណ៍​ស្រាវ​ជ្រាវ​​របស់​ក្រុមហ៊ុន​អចលន​ទ្រព្យ CBRE Cambodia​ រក​ឃើញ​ថា ​គិត​ត្រឹម​​ដំណាច់​ត្រី​មាស​ទី​ ៣ ឆ្នាំ​ ២០១៨​ អគារ​​ការិយា​ល័យ​​សរុប​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​មាន​ទំហំ​ប្រមាណ​ ៣៦០,០០០ ​ម៉ែត្រ​ការ៉េ ដោយ​កើន​ឡើង​​ ៤,៧ ​​ភាគ​រយ ​បើ​​ធៀប​នឹង​ត្រី​មាស​ទី​ ២ ឆ្នាំ​ ២០១៨​។ តាម​ការ​ព្យាករ​នៅ​ដំណាច់​ឆ្នាំ​ ២០១៨ នេះ​​ទំហំ​អគារ​ការិយា​ល័យ​សរុប​​នៅ​រាជ​​ធានី​ភ្នំពេញ​ នឹង​កើន​ឡើង​ដល់​ជិត​ ៤០០,០០០ ​ម៉ែត្រ​ការ៉េ​។

របាយ​ការណ៍​បាន​ឲ្យ​ដឹង​ទៀត​​​ថា អត្រា​ប្រើ​ប្រាស់​សម្រាប់​​​ការិយា​ល័យ​កម្រិត A មាន​ប្រហែល​ ៦៨ ​ភាគ​រយ កម្រិត B មាន​ប្រ​ហែល​ ៩០ ​ភាគ​រយ និង​កម្រិត C មាន​អត្រា​ប្រើ​ប្រាស់​ ៩២ ​ភាគ​រយ​។ សម្រាប់​តម្លៃ​ជួល គឺ​​​​កម្រិត A មាន​តម្លៃ​ចន្លោះ​ពី​ ២៨-៣៨ ​ដុល្លារ​ក្នុង​ ១ ម៉ែត្រ​ការ៉េ​​ សម្រាប់​រយៈ​ពេល​ ១ ​ខែ​​កម្រិត​ B ​តម្លៃ​ពី​ ១៨​-២៨ ​ដុល្លារ​ និង​កម្រិត C តម្លៃ​ពី​ ១០​-១៨ ​ដុល្លារ​៕​