ភ្នំពេញៈ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Prince Square ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ Prince Real Estate របស់​វិនិយោគិន​ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​ជួល​ជាច្រើន​ជាមួយ​នឹង​ប្រតិបត្តិករ​ពាណិជ្ជកម្ម ខណៈ​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នេះ​គ្រោង​នឹង​បញ្ចប់​និង​ដាក់ឱ្យ​ប្រតិបត្តិការ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។

លោក Steven Wang អគ្គនាយក​ក្រុមហ៊ុន Prince Real Estate បានឱ្យដឹង​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ចន្ទ​ថា Prince Square គឺជា​មជ្ឈមណ្ឌល​ច្រកចេញចូល​តែមួយ​ដែល​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន Prince Real Estate​។ លោក​បន្ថែមថា ដោយសារ​ការអភិវឌ្ឍ​រហ័ស និង​ការធ្វើ​ទំនើបកម្ម​របស់​ប្រទេស​កម្ពុជា ក្រុមហ៊ុន Prince Real Estate តែងតែ​លើកកម្ពស់​បេសកកម្ម​នៃ​ការបម្រើ កសាង និង​ផ្ដល់​ការគាំទ្រ​ដល់​ប្រទេស​កម្ពុជា និង​ពង្រីក​ពាណិជ្ជកម្ម​។

លោក​បាន​ថ្លែងថា​៖ «​ភាគច្រើន​នៃប្រតិបត្តិករ​ពាណិជ្ជកម្ម​ដែល​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​ពួកយើង គឺ​មកពី​យីហោ​ល្បីៗ​បំផុត​។ ក្នុងនាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ច្រកចេញចូល​តែមួយ Prince Square កំពុង​ទទួលបាន​នូវ​ការយកចិត្ត​ទុកដាក់ និង​ការគាំទ្រ​ពី​រដ្ឋាភិបាល​ផងដែរ​។ ពិធី​ចុះ​កិច្ចព្រមព្រៀង​ថ្ងៃនេះ​គឺជា​ការចាប់ផ្ដើម ហើយ​ប្រតិបត្តិការ​រយៈពេល​វែង​គឺជា​គន្លឹះ​ដើម្បី​ឈាន​ទៅ​រក​ការទទួល​បាន​ជោគជ័យ​។ យើង​សង្ឃឹម​ថា​នឹង​ទទួល​បានការ​គាំទ្រ​ជា​បន្ត​ពី​ដៃគូ​ពាណិជ្ជកម្ម​នានា​ពី​មន្ដ្រី​របស់​រដ្ឋាភិបាល និង​ពី​សំណាក់​មនុស្ស​គ្រប់គ្នា​»​។

លោក​បញ្ជាក់ថា​៖ «​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ក៏​នឹង​ក្លាយជា​ឱកាស​វិនិយោគ​ថ្មី​មួយ និង​ជា​ចំណុច​ប្រកប​ដោយ​ក្ដីសង្ឃឹម​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ​ដែល​បាន​ធ្វើជា​គណៈអធិបតី​ក្នុង​ពិធី​នោះ​បាន​និយាយថា ប្រទេស​កម្ពុជា​បាន​ផ្លាស់ប្តូរ​មុខមាត់​ខ្លួន​យ៉ាងលឿន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ពិសេស​រាជធានី​ភ្នំពេញ ខណៈពេល​ដែល​កំណើន​សេដ្ឋកិច្ច​ល្អ​ប្រហែល ៧ ភាគរយ​ជា​រៀងរាល់​ឆ្នាំ​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ ទន្ទឹមនឹងនេះ​ប្រាក់ចំណូល​របស់​ប្រជាជន​ខ្មែរ​ក៏​កំពុង​កើនឡើង​ដែល​អនុញ្ញាត​ឱ្យ​មានឱកាស​ដ៏ល្អ​សម្រាប់ Prince Square ក្នុងការ​នាំមក​នូវ​ម៉ាក​ប្រណីត និង​ល្បី​ដើម្បី​បម្រើ​តម្រូវការ​របស់​ប្រជាជន​។

លោក​មានប្រសាសន៍​ថា​៖ «​គម្រោង​ផ្សារ​ទំនើប Prince Square នេះ​គឺជា​ជម្រើស​អាជីវកម្ម​ដ៏ល្អ​គាប់ប្រសើរ ដែល​សមស្រប​បំផុត​ទៅនឹង​តម្រូវការ និង​ចំណង់​ចំណូលចិត្ត​របស់​ប្រជាជន​ក្នុង​ទីក្រុង ហើយ​ក៏​ជា​យុទ្ធសាស្ត្រ​មួយ​នៃ​ការទាក់ទាញ​កៀរគរ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ និង​វិនិយោគិន​បរទេស​ឱ្យ​ចូលមក​ស្នាក់នៅ បណ្តាក់ទុន​ធ្វើ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​»​។

មជ្ឈមណ្ឌល Prince Square មាន​ទីតាំង​ស្ថិតនៅ​មហាវិថី​សហព័ន្ធរុស្ស៊ី​ក្នុង​ខណ្ឌទួលគោក​។ មជ្ឈមណ្ឌល​នេះ​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ ៣៥ ០០០ ម៉ែត្រការ៉េ ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភ្នំពេញ​ឈានមុខ​គេ ហើយ​ត្រូវបាន​សាងសង់​ជា​ហាង​លក់ទំនិញ​ច្រកចេញចូល​តែមួយ​លើកដំបូង នៅ​ទីក្រុង​ភ្នំពេញ​។

នៅ​ជាន់​ទី​ ៣ របស់​អគារ​នេះ រួមមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ហាង​ទំនិញ កន្លែង​សម្រាកលម្ហែ​កាយ និង​កម្សាន្ត អាហារ និង​សម្ភារ​ទាន់សម័យ ដែល​រួមបញ្ចូល​ទាំងអស់​ក្នុង​ផ្សារ​ទំនើប​តែមួយ រោងភាពយន្ត ហើយក៏​មាន​សាល​ប្រណីត ដែល​អាច​រៀបចំ​ការតាំង​ពិព័រណ៍ ពិធី​ជួបជុំ​អាហារ​ពេល​ល្ងាច សាលសន្និសីទ​សារព័ត៌មាន​ជាដើម​៕ LA