មិនយូរប៉ុន្មានក្រោយពេលបើកសាកល្បងកាលពីថ្ងៃទី ២៣ ខែកុម្ភៈ សួនកម្សាន្ត Rabbit Town ដែលស្ថិតនៅក្នុងតំបន់ Bandung ខេត្ត Java នាភាគខាងលិចប្រទេសឥណ្ឌូនេស៊ីបានបង្កឲ្យមានភាពចម្រូងចម្រាសមួយចំនួនកើតឡើង។
កន្លែងដែលត្រូវបានគេហៅថា ឋានសួគ៌សម្រាប់ការថតរូបត្រូវគេរាយការណ៍ថា បានដាក់បង្ហាញស្នាដៃសិល្បៈដែលចម្លងពីស្នាដៃរបស់លោកស្រី Yayoi Kusama ដែលមានឈ្មោះថា «បន្ទប់បំផ្លាញ» និងស្នាដៃ «ពន្លឺទីក្រុង» របស់លោក Chris Burden ក៏ដូចជាស្នាដៃមួយចំនួនដែលមានភាពដូចគ្នាទៅនឹងការដាក់តាំងនៅសារមន្ទីរ Ice Cream។
បើទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់អ្នកគាំទ្រ និងសហគមន៍សិល្បៈអំពីការលួចចម្លងដែលបណ្តាលឲ្យគណនី Instagram របស់ Rabbit Town ទទួលនូវសារជេរប្រទេចយ៉ាងខ្លាំង និងមានការប្រកាសថានឹងមិនឈានជើងចូលទៅក្នុងសួនឧទ្យាននោះទៀតក៏ដោយ ក៏មានមនុស្សកាន់តែច្រើនឡើងៗបានចូលទៅថតរូបនៅទីនោះ។
ភ័ស្តុតាងនេះត្រូវបានបង្ហាញយ៉ាងច្បាស់កាលពីថ្ងៃពុធនៅពេលដែលចំណតរថយន្តដែលពេញហូរហៀររបស់ Rabbit Town បានបង្ខំអ្នកទេសចរខ្លះឲ្យទៅចតរថយន្តរបស់ខ្លួននៅខាងក្រៅបរិវេណកន្លែងកម្សាន្តនោះ។
Nia ដែលជាម្តាយមានកូនចំនួន ៣ នាក់បានឮព័ត៌មានស្តីពីការលួចចម្លងរូបគំនូរទាំងនោះពីកូនស្រីច្បងរបស់ខ្លួន។ លោកស្រី Nia ដែលបានទៅលេង Rabbit Town ជាមួយមិត្តភក្តិបាននិយាយថា៖ «វាមិនអីទេ [ការលួចចម្លង] ព្រោះវាគ្រាន់តែជាការធ្វើឲ្យសប្បាយប៉ុណ្ណោះ»។
Risky ដែលជាបុគ្គលិកមីនីម៉ាតមួយកន្លែងបានដឹងព័ត៌មាននេះតាមរយៈការបង្ហោះព័ត៌មានតាមរយៈ Instagram របស់មិត្តភក្តិ ហើយនាងមិនបានយកចិត្តទុកដាក់ច្រើនអំពីរឿងនោះទេ ថ្វីបើនាងបានអានអត្ថបទ ១ ដែលបានសរសេរថាកន្លែងនេះកំពុងកេងប្រវ័ញ្ចលើស្នាដៃសិល្បៈដែលល្បីល្បាញក៏ដោយ។
យុវនារីវ័យ ២១ ឆ្នាំរូបនេះបានមកដល់កន្លែងនោះហើយតុបតែងខ្លួនយ៉ាងស្អាតមុនពេលថតរូបខ្លួនឯងដើម្បីបង្ហោះលើ Instagram ដែលរួមមានទាំងអំពូលភ្លើងតាមដងផ្លូវចំនួន ៨៨ បង្គោលដែលរូបភាពនេះគឺដូចបេះបិទទៅនឹងស្នាដៃរបស់លោក Chris Burden ដែលមានឈ្មោះថា «ពន្លឺទីក្រុង» នៅសារមន្ទីរ The Los Angeles County Museum of Art (LACMA)។
ភាពរំភើបរបស់អ្នកទស្សនាគឺផ្ទុយស្រឡះពីអ្វីដែលអាជ្ញាធរ និងសហគមន៍សិល្បៈបានបង្ហាញ។
វិចិត្រករជើងចាស់ប្រចាំ Bandung លោក Tisna Sanjaya យល់ថា ទង្វើរបស់ Rabbit Town គឺជាការមើលងាយដល់តម្លៃសិល្បៈនៃស្នាដៃទាំងនោះ។
ដោយសំដៅទៅដល់ស្នាដៃ «បន្ទប់បំផ្លាញ» របស់លោកស្រី Kusama ដែល Rabbit Town បានចម្លងហើយដាក់ឈ្មោះថា Patrico Sticker លោក Tisna Sanjaya បាននិយាយថា៖ «យើងអាចមើលហើយគិតថាស្នាដៃរបស់លោកស្រី Kusama គឺជាអ្វីដែលងាយស្រួលធ្វើដោយសារតែវាពោរពេញដោយចំណុចពណ៌ជាច្រើន»។
លោកបានបន្តថា៖ «ការងារនេះគឺជាលទ្ធផលនៃដំណើរការច្នៃប្រឌិតដ៏យូរអង្វែងចាប់តាំងពីនាងនៅក្មេង។ នៅពេលមាននរណាម្នាក់យកតម្លៃនៃស្នាដៃលោកស្រីមកបង្ហាញបែបនេះ វាជាការប្រមាថដល់ការងារដ៏វិសេសវិសាលរបស់គាត់»។
ប្រធានផ្នែកវប្បធម៌ និងទេសចរណ៍តំបន់ Bandung អ្នកនាង Kenny Dewi Kaniasri បាននិយាយថានាយកដ្ឋានរបស់នាងត្រូវបានគេបិទបាំងមិនឲ្យដឹងពីប្រតិបត្តិការអាជីវកម្មរបស់ Rabbit Town ឡើយ ដោយសារតែកន្លែងនេះបានទទួលលិខិតអនុញ្ញាតអាជីវកម្មពីនាយកដ្ឋានការវិនិយោគ។
អ្នកនាង Kenny បាននិយាយថា៖ «និយាយដោយស្មោះត្រង់ខ្ញុំមានការព្រួយបារម្ភ និងភាពអាម៉ាស់យ៉ាងខ្លាំងដោយសារតែបញ្ហានេះ»។
ខណៈការចោទប្រកាន់ពីការលួចចម្លងបានរីករាលដាលរួចទៅហើយនោះ នាងបានបញ្ជូនក្រុមការងាររបស់នាងទៅធ្វើការជាមួយអ្នកគ្រប់គ្រង Rabbit Town កាលពី ២ សប្តាហ៍មុនដោយស្នើឲ្យពួកគេបញ្ចូលខ្លឹមសារក្នុងស្រុកបន្ថែមទៀតនៅក្នុងឧទ្យាននោះ។
អ្នកនាង Kenny បាននិយាយថា៖ «ពួកគេសន្យាថានឹងបញ្ចូលព័ត៌មានអំពីថាតើការដំឡើងនេះត្រូវបានបំផុសគំនិតដោយស្នាដៃអ្នកណាឲ្យពិតប្រាកដ។ ខ្ញុំនឹងពិនិត្យមើលថាតើពួកគេបានបំពេញតាមការសន្យាដែរ ឬអត់?»។
អ្នកស្រាវជ្រាវសិល្បៈ និងជាអ្នកដេញថ្លៃលោក Amir Sidharta បានចាត់ទុកថា ការដាក់ស្លាក «បំផុសគំនិតដោយ...» សិល្បករណាមួយអាចជាដំណោះស្រាយគ្រប់គ្រាន់។ លោកបន្តថា៖ «ប៉ុន្តែវាអាស្រ័យលើថាតើសិល្បករនៃស្នាដៃនោះមានអារម្មណ៍យ៉ាងដូចម្តេច?»។
លោក Amir បាននិយាយថា៖ «លោកបានស្នើឲ្យមានមធ្យោបាយមួយទៀតសម្រាប់ឧទ្យាននេះដើម្បីបំពេញតម្រូវការអ្នកចូលចិត្តថតរូបដោយខ្លួនឯងដោយមិនចាំបាច់កេងប្រវ័ញ្ចលើស្នាដៃសិល្បៈល្បីល្បាញ គឺម្ចាស់ឧទ្យានអាចចាប់ផ្តើមដោយការជួលវិចិត្រករឥណ្ឌូនេស៊ីជាច្រើននាក់ដើម្បីបង្កើតការងារពិសេសប្លែកៗពីគេយកមកដាក់តាំង។ នេះអាចជាចំណុចចាប់ផ្តើមនៃស្នាដៃដ៏គួរឲ្យចាប់អារម្មណ៍ដែលក្រោយមកអាចត្រូវបានបង្ហាញនៅក្នុងសារមន្ទីរពិតប្រាកដណាមួយក្នុងនាមជាស្នាដៃសិល្បៈដែលឆ្លុះបញ្ចាំងពីសម័យកាលណាមួយ»។
ដូចដែលបានរាយការណ៍ដោយ Artnet សារមន្ទីរ Ice Cream បានជំទាស់ទៅនឹងទង្វើរបស់ Rabbit Town ដោយបាននិយាយថា «ពួកគេមិនយកចិត្តទុកដាក់លើកម្មសិទ្ធិបញ្ញារបស់សិល្បករ»។
ប្រធានទីភ្នាក់ងារផ្នែកសេដ្ឋកិច្ចច្នៃប្រឌិតលោក Triawan Munaf បាននិយាយថា លោកបានត្រៀមខ្លួនគាំទ្រការស៊ើបអង្កេតទៅលើការលួចចម្លងប្រសិនបើ LACMA ចង់បន្តរឿងនេះ។ លោកថែមទាំងបានស្នើសុំជំនួយពីអ្នកអភិរក្សសិល្បៈជាច្រើនដើម្បីទាក់ទង LACMA ដែលជាកន្លែងដាក់បង្ហាញស្នាដៃរបស់លោក David Burden។
លោក Triawan បានប្រាប់ Jakarta Post តាមរយៈទូរស័ព្ទថា៖ «ខ្ញុំចង់ឲ្យពួកគេផ្ញើលិខិតជូនដំណឹងតាមផ្លូវច្បាប់ ឬលិខិតផ្លូវការទៅម្ចាស់ឧទ្យាន Rabbit Town។ ខ្ញុំត្រូវការការជឿជាក់ថា LACMA ពិតជាត្រូវបានរំខានដោយបញ្ហានេះពិតមែន។ ខ្ញុំមិនចង់ឲ្យរដ្ឋាភិបាលធ្វើអ្វីភ្លាមៗដោយបន្ទោសមនុស្សគ្រប់គ្នានោះទេ។ យើងចង់ចាត់វិធានការដោយប្រុងប្រយ័ត្នលើបញ្ហានេះ»។ លោកបានបន្ថែមថា ប្រសិនបើ LACMA ឬស្ថាប័នផ្សេងទៀតដាក់ពាក្យបណ្តឹង Bekraf នឹងជួយតាមដានករណីកម្មសិទ្ធិបញ្ញា និងជូនដំណឹងដល់ប៉ូលីស។
ដោយមានទីតាំងស្ថិតនៅភាគខាងជើងនៃតំបន់ Bandung ឧទ្យាន Rabbit Town គឺជាអតីតកន្លែងស្នាក់នៅរបស់អគ្គនាយក និងជាប្រធានក្រុមហ៊ុន Kagum Group លោក Henry Husada ដែលបានបង្កើតអាណាចក្រជំនួញរបស់លោកជាមួយនឹងហាង និងសណ្ឋាគារនៅ Bandung។
ក្រៅពីការដំឡើងស្នាដៃទាំងអស់នេះឧទ្យានដែលមានផ្ទៃដីទំហំ ២ ហិកតានេះក៏មានសត្វរស់នៅដូចសត្វស្វា ព្រាប និងសត្វទន្សាយផងដែរ។
លោក Nabila មន្ត្រីផ្នែកទំនាក់ទំនងសាធារណៈនៅ Rabbit Town បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ពីបទលួចចម្លងនេះឡើយ ប៉ុន្តែសន្យាថានឹងផ្តល់ការពន្យល់នៅក្នុងខែនេះ។ ឧទ្យាននេះគ្រោងនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២២ ខែមេសា។
អ្នកនាង Kenny បានកត់សម្គាល់ថាការលួចចម្លងនេះអាចធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ Bandung ដែលជាទីក្រុងស្ថិតក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូចាប់តាំងពីឆ្នាំ ២០១៥ មក។
អ្នកនាង Kenny និយាយថា៖ «វាបានក្លាយជារឿងចម្លែកដែលនៅក្នុងទីក្រុងនេះនៅតែមានម្ចាស់អាជីវកម្មដែលខ្វះការគោរពចំពោះស្នាដៃរបស់សិល្បករផ្សេងទៀត»។
ប្រធានវេទិកាគំនិតច្នៃប្រឌិតនៃទីក្រុង Bandung (BCCF) លោកស្រី Tita Larasati បាននិយាយថាលោកស្រីមិនព្រួយបារម្ភថាភាពចម្រូងចម្រាសអាចប៉ះពាល់ដល់ឱកាសរបស់ Bandung ក្នុងការរក្សាទីតាំងរបស់ខ្លួននៅក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូនោះទេ។
លោកស្រីបានបញ្ជាក់ថា៖ «ដរាបណា យើងធ្វើឲ្យភាពចម្រូងចម្រាសនេះមានតុល្យភាពជាមួយសមិទ្ធផលដែលយើងទទួលបានយើងមិនគួរព្រួយបារម្ភនោះទេ។ យើងគ្រាន់តែត្រូវអប់រំពួកគេ [មនុស្សដែលខ្វះការយល់ដឹងពីសិល្បៈ]»៕
Yuliasri Perdani /The Jakarta Post