ក្រុមហ៊ុន​យក្ស​ ១ ក្នុង​ចំណោម​ក្រុមហ៊ុន​យក្ស​ទាំង​ ១០ ​នៅ​ប្រទេស​ចិន​ដែល​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ R&F Properties កាលពី​ពេល​កន្លង​មក​បាន​សម្រេច​ចិត្ត​វិនិយោគ​លើ​គម្រោង​ដ៏ធំ​​ ១ នៅ​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា R&F City ស្ថិត​លើ​ផ្ទៃដី​ទំហំ​ជាង​ ៧ ​ហិកតា​នៅ​តាម​បណ្តោយ​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន​។

លោក ស៊ីវ ម៉េង អ្នក​យក​ព័ត៌មាន​ផ្នែក​អចលនទ្រព្យ​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​សប្តាហ៍​មុន​បាន​ជួប​ជាមួយ​លោក RAYSON ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន R&F Properties ដើម្បី​ស្វែងយល់​ពី​គម្រោង R&F City និង​ទស្សនវិស័យ​របស់​ក្រុមហ៊ុន​ទៅ​ថ្ងៃ​អនាគត​។

តើ​ក្រុមហ៊ុន R&F Properties ចូល​មក​ប្រទេស​កម្ពុជា​ពី​ពេល​ណា​?

R&F Properties បាន​ចូល​មក​បោះទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៧​។ កម្ពុជា គឺជា​ប្រទេស​ទី​ ២ ក្នុង​តំបន់​អាស៊ាន​ដែល​ក្រុមហ៊ុន​បាន​មក​វិនិយោគ បន្ទាប់ពី​ប្រទេស​មីយ៉ាន់ម៉ា​។ ហេតុផល​ដែល​យើង​មក​ទី​នេះ ដោយសារ​គោលនយោបាយ «​ខ្សែ​ក្រវាត់​ ១ ​ផ្លូវ ​១» ដែល​ផ្តួចផ្តើម​ដោយ​លោក​ប្រធានាធិបតី ស៊ី ជីនភីង ខណៈ​កម្ពុជា​ជា​ប្រទេស​មាន​លក្ខណពិសេស​ដែល​នឹង​ទទួល​ផលប្រយោជន៍​ច្រើន​ពី​នយោបាយ​នេះ​។

យើង​ចាប់ផ្តើម​គម្រោង​នៅ​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន (​ផ្លូវ​ ៦០ ​ម៉ែត្រ​) ព្រោះ​យើង​ចង់​ផ្តល់​នូវ​បែប​ផែន​ជីវិត​ថ្មី​ ១ សម្រាប់​ប្រជាជន​ខ្មែរ និង​សហគមន៍​ចិន​ដែល​មក​វិនិយោគ និង​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​។

តើ R&F City ចាប់ផ្តើម​សាងសាង់​កាលពី​ពេលណា​? បញ្ចប់​ពេល​ណា​? មាន​ទុនវិនិយោគ​ប៉ុន្មាន​?

R&F City បាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​កាលពី​ខែ​មីនា​ឆ្នាំ​ ២០១៨ នេះ​ដោយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២០​។ គម្រោង​នេះ​មាន​ទឹកប្រាក់​វិនិយោគ​ជាង​ ២ ​ពាន់​លាន​ដុល្លារ​អាមេរិក​។

តើ​គម្រោង​នេះ​មាន​លក្ខណពិសេស​អ្វី​ខ្លះ​? ចាប់ផ្តើម​បើក​លក់ ឬ​នៅ​?

គម្រោង​នេះ​រួមមាន​អគារ​សរុប​ចំនួន​ ២០ ដែល​អគារ​នីមួយៗ​មាន​កម្ពស់​ ៣៣ ​ជាន់​។ គម្រោង​នេះ​មាន​ផ្ទះ​ស្នាក់នៅ​ចំនួន ៥២៣២ ​យូនីត រួម​ជាមួយ​ក្លិប​កីឡា​ទំហំ​ ៣២០០ ​ម៉ែត្រការ៉េ​ផ្ទះ​បែប​អាជីវកម្ម​ចំនួន​ ៣៨ និង​មាន​សួនច្បារ​ដ៏ធំ​ទៀត​ផង​។ គម្រោង​នេះ​បាន​ចាប់ផ្តើម​បើក​លក់​ហើយ ដោយ​យើង​ផ្តោត​លើ​ទីផ្សារ​នៅ​ប្រទេស​ចិន និង​កម្ពុជា​។ សំណង់ និង​ការ​រចនា​របស់​គម្រោង​ផ្តោត​ជាពិសេស​លើ​អតិថិជន​ជនជាតិ​ចិន​ដែល​មាន​ជីវភាព​ខ្ពស់ និង​ចង់​បាន​ជីវិត​រស់នៅ​បែប​ស៊ីវិល័យ​។

យើង​ក៏​ផ្តោត​លើ​អតិថិជន​ជនជាតិ​ខ្មែរ​ផង​ដែរ​ព្រោះ​ខ្ញុំ​គិត​ថា​នៅពេល​អនាគត​ប្រជាជន​ខ្មែរ​នឹង​ផ្លាស់ប្តូរ​ទម្លាប់​ការ​រស់ទៅ​រស់នៅ​ក្នុង​ខុនដូ ឬ​អាផាតមិន​ដោយសារ​ការរស់នៅ​ខុនដូ ឬ​អាផាតមិន គឺ​មាន​ភាព​ងាយស្រួល និង​មាន​សុវត្ថិភាព​។

ផ្ទះ​ក្នុង​គម្រោង R&F City លក់​ក្នុង​តម្លៃ​ចាប់ពី​ ១៩០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​ឡើង​ទៅ​។

មាន​ពាក្យ​ចចាមអារ៉ាម​ថា ក្រុមហ៊ុន​បាន​ចាប់​ដៃគូ​ជាមួយ​នឹង Royal Group ដើម្បី​សង់​សណ្ឋាគារ ១ ក្នុង​ខេត្ត​ព្រះសីហនុ​។ តើ​នេះ​ជា​រឿង​ពិត​ដែរ​ឬ​ទេ​?

បច្ចុប្បន្ន​នេះ​យើង​មិន​មាន​គម្រោង ឬ​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Royal Group ទេ ប៉ុន្តែ​សម្រាប់​ពេលអនាគត​យើង​មិន​ទាន់​ដឹង​ទេ ហើយ​បច្ចុប្បន្ន​យើង​ក៏​មិន​មាន​គម្រោង​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​នោះ​ទេ​។

តើ​កត្តា​អ្វី​ខ្លះ​ដែល​ទាក់ទាញ​ឲ្យ​ក្រុមហ៊ុន​ចិន​ជាច្រើន​ចូល​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​?

ហេតុផល​ចម្បង​មាន​ដូចជា ទី​ ១ ជា​តំបន់​ដែល​មាន​វិថី​សូត្រ​ឆ្លងកាត់ ទី​ ២ ថ្នាក់ដឹកនាំ​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន ទី​ ៣ ប្រទេស​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ និង​ទី​ ៤ មាន​ស្ថិរភាព​នយោបាយ​ល្អ​ប្រសើរ​។ នៅពេល​នេះ​មាន​អ្នក​វិនិយោគ​ចិន​ជាច្រើន​បាន​ចូល​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ដូចជា ព្រលាន​យន្តហោះ ផ្លូវ​ហាយវេ រោងចក្រ សហគ្រាស និង​វិស័យ​ថាមពល​អគ្គិសនី​ជាដើម​។

បច្ចុប្បន្ន​ចំនួន​អ្នក​វិនិយោគ​ជនជាតិ​ចិន​ដែល​ចង់​ចេញ​ទៅ​វិនិយោគ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​កើនឡើង​ជា​លំដាប់​។ កម្ពុជា​ជា​ទីផ្សារ​ល្អ និង​ទាក់ទាញ​ពិសេស​រាជធានី​ភ្នំពេញ​។

តើ​លោក​យល់​ឃើញ​បែប​ណា​ដែរ​ចំពោះ​ទីផ្សារ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប​?

ទោះបី​ជា​ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប​មាន​សក្តានុពល​ខ្លាំង ប៉ុន្តែ​ខេត្ត​ទាំង​ ២ ​នេះ​មិន​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម​សម្រាប់​ផ្តល់​ភាព​ងាយស្រួល​ដល់​ការរស់នៅ​ដូច​រាជធានី​ភ្នំពេញ​នោះ​ទេ​។ សូម្បី​តែ​ខ្ញុំ​ក៏​ចង់​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែរ តែ​យើង​អាច​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ និង​សៀមរាប​នៅ​ថ្ងៃ​ចុង​សប្តាហ៍​។

ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​ជ្រើសរើស​យក​មហាវិថី​សម្តេចតេជោ ហ៊ុន សែន ជា​កន្លែង​អភិវឌ្ឍ​គម្រោង​របស់​ខ្លួន​?

ទីតាំង និង​ស្ថានភាព​ដី​នៅ​ទី​នោះ​មាន​ភាព​ល្អ​ប្រសើរ​ទាំង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត ពិសេស​ទី​នោះ​ក៏​មាន​ចម្ងាយ​មិន​ឆ្ងាយ​ពី​ព្រលាន​យន្តហោះ​ផង​ដែរ​។ ម្យ៉ាង​វិញ​ទៀត​ដោយសារ​សម្តេច ហ៊ុន សែន មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មេដឹកនាំ និង​ប្រជាជន​ចិន​។

កាលពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន R&F Properties បាន​លើក​ស្លាក​ធំ​ ១ ​ទៀត​នៅលើ​មហាវិថី​ព្រះមុនីវង្ស​។ តើ​នោះ​ជា​គម្រោង​អ្វី​? ចាប់ផ្តើម​នៅ​ពេល​ណា​?

ពិត​ហើយ​នោះ​ជា​គម្រោង​ដ៏ធំ​របស់​យើង​ ១ ​ទៀត ប៉ុន្តែ​យើង​មិន​ទាន់​ចាប់ផ្តើម​ទេ ដោយ​ពេល​នេះ​ក្រុមហ៊ុន​កំពុង​សិក្សា​ទីផ្សារ​។ ហេតុ​នេះ​យើង​មិន​ទាន់​អាច​និយាយ​ថា​គម្រោង​នៅ​ទីតាំង​ថ្មី​នេះ​ជា​គម្រោង​អ្វី​បាន​ទេ​៕