ភ្នំពេញៈ ក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង កាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងវិនិយោគរួមជាមួយក្រុមហ៊ុនមកពីប្រទេស សិង្ហបុរី HLH Development Pte Ltd ដើម្បីសង់អគារពាណិជ្ជកម្ម និងកន្លែងស្នាក់នៅ ១ កន្លែងក្នុងរាជធានីភ្នំពេញ។
គម្រោងដែលនឹងចាប់ផ្តើមសាងសង់រយៈពេល ៣ ខែខាងមុខ មានទីតាំងក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌ ទួលគោក លើផ្ទៃដី ៨ ២២១ ម៉ែត្រការ៉េ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នាដើមឆ្នាំ ២០២១។ អគារដែលនឹងមានកម្ពស់ ១២ ជាន់ នេះមិនត្រូវបានក្រុមហ៊ុនទាំង ២ បង្ហាញពីតម្លៃនៃការវិនិយោគទេ។
ចំពោះកិច្ចសហការនេះគឺក្រុមហ៊ុន Royal Group ជាម្ចាស់ដី រីឯក្រុមហ៊ុន HLH Development Pte Ltd ទទួលខុសត្រូវលើការសាងសង់ និងលក់។
លោក Hanna Mark នាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Royal Group បានប្រាប់ថា នេះជាលើកដំបូងដែលក្រុមហ៊ុនលោកចាប់ដៃគូសហការជាមួយ HLH ដែលជាក្រុមហ៊ុនមានស្នាដៃល្អនៅក្នុងការអភិវឌ្ឍគម្រោង D'Seaview ក្នុងខេត្ត ព្រះសីហនុ។
លោកថ្លែងថា៖ «ស្នាដៃដ៏ល្អក្នុងការអភិវឌ្ឍ D'Seaview ព្រមជាមួយនឹងបទពិសោធសាងសង់គម្រោងធំៗជាច្រើននៅសិង្ហបុរី រយៈពេល ៣០ ឆ្នាំ គឺជាហេតុផលចម្បងដែលនាំឲ្យ Royal Group ជ្រើសរើសយក HLH Development Pte Ltd ជាដៃគូ»។
លោក Ryan Ong នាយកប្រតិបត្តិក្រុមហ៊ុន HLH Group ដែលជាក្រុមហ៊ុនមេរបស់ HLH Development Pte Ltd បានឲ្យដឹងថា បទពិសោធ និងភាពជោគជ័យនៃគម្រោងក្នុងខេត្ត ព្រះសីហនុ ជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញឲ្យក្រុមហ៊ុនបន្តការវិនិយោគបន្ថែមនៅភ្នំពេញ។
លោកបានថ្លែងថា៖ «យើងមានជំនឿថាកិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ផលប្រយោជន៍ជាច្រើន ពិសេសផ្តល់នូវកន្លែងរស់នៅដ៏ល្អកម្រិតស្តង់ដារទៅដល់អតិថិជនទាំងអស់នៅកម្ពុជា»។
ការសិក្សារបស់ក្រុមហ៊ុន ឃី រៀលអីុស្ទេត នាពេលកន្លងមកបានឲ្យដឹងថា ដីនៅទីតាំងដែលគ្រោងសាងសង់ខាងលើមានតម្លៃចាប់ពី ២៥០០ ដុល្លារឡើងទៅក្នុង ១ ម៉ែត្រការ៉េ៕LA