ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ Royal Platinum Condominium កម្ពស់ ២៨ ជាន់ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង ជាមួយក្រុមហ៊ុនមកពីសិង្ហបុរី Hong Lai Huat Group Limited បានចាប់ផ្តើមសាងសង់ហើយកាលពីថ្ងៃម្សិលមិញ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២១។
Royal Platinum Condominium ដែលមានទីតាំងក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោកនេះ រួមមានបន្ទប់ស្នាក់នៅសរុប ៨៥១ យូនីត និងមានហាងអាជីវកម្ម ៥០ យូនីត។ ទោះយ៉ាងណាតម្លៃវិនិយោគនៃគម្រោងនេះ មិនត្រូវបានក្រុមហ៊ុនប្រកាសឲ្យដឹងនោះទេ។
លោក គួច លេងឃាង ប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សារក្រុមហ៊ុន Royal Hong Lai Huat One Company Limited បាននិយាយថា Royal Platinum ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មល្បីមួយរបស់សិង្ហបុរី ហើយគម្រោងនេះនឹងសាងសង់ឡើងដោយគោរពតាមស្តង់ដាប្រណីតរបស់ប្រទេស សិង្ហបុរី។
លោកបានថ្លែងថា៖ «Royal Platinum អាចនិយាយថា ជាគម្រោងដ៏ល្អសម្រាប់ការរស់នៅ ព្រោះក្រុមហ៊ុននឹងផ្តោតជាចម្បងលើគុណភាព និងបរិស្ថាន បន្ថែមពីលើភាពអំណោយផលនៃទីតាំងដែលនៅចំចំណុចប្រសព្វផ្លូវធំៗចំនួន ៣»។
បើតាមលោក លេងឃាង Royal Platinum គឺជាគម្រោងទី២ ដែលក្រុមហ៊ុន Hong Lai Huat Group Limited វិនិយោគនៅប្រទេស កម្ពុជា បន្ទាប់ពីគម្រោង D'Seaview Condominium ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ។
គម្រោងដែលមានផ្ទៃអគារទំហំ ១០ ម៉ឺនម៉ែត្រការ៉េនេះ នឹងមានអាងហែលទឹក សួនច្បារ កន្លែងក្មេងលេង ភោជនីយដ្ឋាន និងចំណតរថយន្តធំទូលាយ។
លោក Hanna Mark នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Royal Group បាននិយាយថា Royal Platinum នឹងចូលរួមចំណែកធ្វើឲ្យតំបន់ទួលគោកកាន់តែទាក់ទាញ និងសម្បូរបែប។ លោកបន្តថា៖ «គម្រោងនេះនឹងផ្តល់នូវកន្លែងរស់នៅដ៏ល្អ និងទំនើបដល់អតិថិជន ជាមួយនឹងទីកន្លែងកម្សាន្ត និងហាងទំនិញជាច្រើន»។
បច្ចុប្បន្ននេះក្រុមហ៊ុន Royal Group កំពុងវិនិយោគលើអគារស្នាក់នៅរួមចំនួន ២ កន្លែងនៅក្នុងរាជធានីភ្នំពេញ គឺ North Park និង Royal One។
លោក នួន រិទ្ធី នាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisals បានប្រាប់ថា ទីតាំងនៃគម្រោង Royal Platinum អាចនិយាយថាមានសក្តានុពលខ្លាំងក្នុងការទាក់ទាញអតិថិជនឲ្យចង់ទៅរស់នៅ ព្រោះបច្ចុប្បន្នតំបន់ទួលគោក និងទួលទំពូង កំពុងវិវឌ្ឍទៅជាកន្លែងដែលល្អបំផុតសម្រាប់រស់នៅ ខណៈតំបន់បឹងកេងកង បានចាប់ផ្តើមក្លាយជាតំបន់ពាណិជ្ជកម្ម មានភាពអ៊ូអរ និងមិនសូវអំណោយផលសម្រាប់ការរស់នៅ។
លោកថ្លែងថា៖ «ដោយសារគម្រោងនេះស្ថិតនៅទីតាំងល្អ ហើយការរចនា និងសង់ឡើងតាមបែបប្រទេស សិង្ហបុរី នោះ ខ្ញុំជឿថា គម្រោងនេះនឹងអាចទាក់ទាញអតិថិជនបានច្រើនក្នុងរយៈពេលដ៏ខ្លី»។
តាមលោក រិទ្ធី បច្ចុប្បន្នដីនៅទីតាំង Royal Platinum អាចមានតម្លៃចន្លោះពី ៣ ៥០០ ដុល្លារ ទៅដល់ ៤ ៥០០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ៕ LA