សិង្ហបុរីៈ ការស្ទង់មតិមួយដែលចេញផ្សាយកាលពីថ្ងៃពុធ ទី ៧ ខែមេសាបានបង្ហាញថា សតិអារម្មណ៍អាជីវកម្មក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (SME) បានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ១៩ បានផ្ទុះឡើង ដោយក្រុមហ៊ុនជាច្រើនកំពុងសម្លឹងមើលទៅក្នុងអនាគតលើសពីការរស់រានដើម្បីចាប់យកឱកាសថ្មីៗ។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី ១៨ ខែមករាដល់ថ្ងៃទី ២៦ ខែកុម្ភៈក្នុងចំណោមសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកចំនួនជាង ២ ១០០ ។ សន្ទស្សន៍ចំណាប់អារម្មណ៍ សម្រាប់ត្រីមាសទី ២ ដល់ត្រីមាសទី ៣ នៃឆ្នាំនេះបានឈានដល់ ៤៩,៩ ដែលជាការកើនឡើងលើសពី ៤៨,២ ក្នុងត្រីមាសមុន។
នេះជាតួលេខខ្ពស់បំផុតចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ បានវាយប្រហារក្នុងត្រីមាសទី ១ ឆ្នាំ ២០២០។
ជាទិន្នន័យស្ទង់មតិចងក្រងដោយសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) និង Experian សន្ទស្សន៍នេះគ្របដណ្តប់ក្រុមហ៊ុននានាក្នុងវិស័យសំខាន់ៗចំនួន ៦ ក្នុងប្រទេសសិង្ហបុរីចំពោះទស្សនវិស័យរបស់ពួកគេសម្រាប់រយៈពេល ៦ ខែបន្ទាប់រហូតដល់ខែកញ្ញា។
លោក Lam Yi Young នាយកប្រតិបត្តិរបស់ SBF បញ្ជាក់៖ «នេះជាទិន្នន័យប្រសើរឡើងក្នុង ២ ត្រីមាសជាប់គ្នា បង្ហាញថា សតិអារម្មណ៍អាជីវកម្មក្នុងចំណោមសហគ្រាសធុនតូច និងមធ្យមកំពុងកើនឡើង»។
លោកបន្តថា៖ «ការបើកឡើងវិញបណ្តើរៗនៃសេដ្ឋកិច្ចរបស់យើង ការបន្ថយការរឹតត្បិតលើអាជីវកម្ម និងវិធានការថវិកាច្រើនបែបដែលបានប្រកាសនៅដើមឆ្នាំនេះបានផ្តល់នូវការជំរុញដែលត្រូវការខ្លាំងដល់ទំនុកចិត្តរបស់ SMEs»៕ ST-ANN/RR