ឆ្នាំ​ ២០១៨ នឹង​ក្លាយ​ជា​ឆ្នាំ​ដ៏សំខាន់​សម្រាប់​អគារ​ការិយាល័យ​ប្រភេទ Strata Office ដែល​គម្រោង​ដំបូង​នៅ​កម្ពុជា​នឹង​បើក​នៅ​ខែ​ក្រោយ​។

Strata office (​សិទ្ធិ​ក្នុង​ការ​កាន់កាប់​ជា​លក្ខណៈ​ឯកជន​នៃ​ចំណែក​ណា​មួយ​របស់​អគារ​ការិយាល័យ​) នឹង​ចាប់ផ្តើម​លេច​ឡើង​លើ​ទីផ្សារ​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០១៨​។

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា Strata office ប្រហែល​ជាង​ ៩០០០០ ​ម៉ែត្រការ៉េ​នឹង​ចូល​ក្នុង​ទីផ្សារ​ក្នុង​ឆ្នាំ​នេះ​។

គម្រោង TK Royal One ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​អ្នក​វិនិយោគ​មកពី​កោះ​តៃវ៉ាន់​ស្ថិត​នៅ​ទល់មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នឹង​ក្លាយ​ជា​គម្រោង​ដំបូង​បំផុត​ដែល​ផ្តល់​អគារ Strata Office នៅ​កម្ពុជា ហើយ​គម្រោង​នេះ​នឹង​បើក​ដំណើរការ​នៅ​ខែ​ក្រោយ​។ អគារ​នេះ​មាន​កម្ពស់​ ២១ ​ជាន់​ដែល​មាន​ ៤ ​ជាន់ (​ចំនួន​ ៣៦ ​យូនីត​) ជា​ប្រភេទ Strata office ខណៈ​ចំនួន​ ១៤៦ ​យូនីត​ទៀត​ជា​ប្រភេទ​លំនៅឋាន​។

កញ្ញា ហាក់ ម៉ារ៉េន ប្រធាន​ផ្នែក​លក់ TK Royal One បាន​ប្រាប់​ប៉ុស្តិ៍​អចលនទ្រព្យ​ថា គម្រោង Strata Office បាន​ទទួល​ការគាំទ្រ​ច្រើន​ដោយ​គ្រប់​យូនីត​ទាំងអស់​ត្រូវ​បាន​លក់​ចេញ​ក្នុង​រយៈពេល​ ៤ ​ខែ​ដំបូង​បន្ទាប់ពី​ការប្រកាស​លក់​។

យ៉ាង​ហោចណាស់​គម្រោង Strata Office នៅ​រាជធានី​ភ្នំពេញ​ចំនួន ​៥ ​ផ្សេង​ទៀត​នឹង​បើក​ដំណើរការ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ខាង​មុខ​។ គម្រោង​ទាំង​នោះ​មាន​ដូចជា East Commercial Centre នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ អគារ Diamond Twin Tower នៅ​កោះពេជ្រ អគារ Star City នៅ​ជិត​ព្រលាន​យន្តហោះ អគារ Fortune Tower នៅ​ក្បែរ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា និង​អគារ The Gateway ស្ថិត​នៅ​មហាវិថី​សហព័ន្ធរុស្ស៊ី​។ គម្រោង​ទាំងអស់​នេះ​បូក​បញ្ចូល​គ្នា​មាន​ក្រឡា​ផ្ទៃ​ប្រមាណ​ ១១២០០០ ​ម៉ែត្រការ៉េ​។

លើស​ពី​នេះ​ទៀត​ក្រុមហ៊ុន OxleyWorldbridge នឹង​ប្រគល់​ផ្ទះ​ការិយាល័យ (SoHo) ដំបូង​បំផុត​នៅ​ប្រទេស​កម្ពុជា​នៅ​ចុង​ឆ្នាំ​នេះ​ផង​ដែរ​។ SoHo (small office, home office) ចំនួន​ ៩៦៣ ​យូនីត គឺជា​ប្រភេទ​ផ្ទះ​ការិយាល័យ លំដាប់ A ដែល​មាន​ទំហំ​តូច​ជាង​ ៦០ ​ម៉ែត្រការ៉េ​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​រស់នៅ និង​ធ្វើការ​នៅ​កន្លែង​តែ​មួយ​។ ផ្ទះ​ប្រភេទ​នេះ​ទទួល​បាន​ការគាំទ្រ​ច្រើន​នៅ​តាម​បណ្តា​ទីក្រុង​ធំៗ​ដូចជា​ទីក្រុង​សិង្ហបុរី និង​ទីក្រុង​ប៉េកាំង​ជាដើម​។

Strata Office ដែល​ស្ថិត​ក្នុង​គម្រោង TK Royal One​។ហុង មិនា

គំនិត​ក្នុង​ការ​អភិវឌ្ឍ Strata Office គឺ​ស្រដៀង​ទៅ​នឹង​គំនិត​អភិវឌ្ឍន៍​ខុនដូ​ដែរ ដោយ​អ្នក​ទិញ​នឹង​ក្លាយ​ជា​ម្ចាស់​នៃ​ចំណែក ១ ​របស់​អគារ​រួម​។

គម្រោង Strata Office នេះ​ក៏​ដូចជា​គម្រោង​ខុនដូ​ដែរ ដោយ​យោង​ទៅ​លើ​ច្បាប់​កម្ពុជា​ឆ្នាំ​ ២០១០ ​ដែល​បាន​អនុញ្ញាត​ឱ្យ​ជនបរទេស​មាន​សិទ្ធិ​កាន់កាប់​លើ​ចំណែក​អគារ​បាន​រហូត​ដល់​ ៧០ ​ភាគរយ​ដោយ​មិន​រាប់​បញ្ចូល​ជាន់​ជាប់​ដី​។

នៅ​ទីក្រុង​សិង្ហបុរី ហុងកុង និង​ទីក្រុង​វែនខូរវើរ គម្រោង​អភិវឌ្ឍន៍​អគារ​បន្ទប់​ការិយាល័យ​ដោយ​មាន​កម្មសិទ្ធិ វា​ជា​រឿង​ធម្មតា ខណៈ​គម្រោង Strata Office មិន​ទាន់​បាន​សាកល្បង​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​កន្លង​មក​។

អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​បាន​និយាយ​ថា​ការអភិវឌ្ឍ​អគារ Strata Office អាច​មាន​គុណសម្បត្តិ​ច្រើន​សម្រាប់​អ្នក​អភិវឌ្ឍន៍ និង​ម្ចាស់​យូនីត​នីមួយៗ​។

លោក Grant Fitzgerald នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន​អចលនទ្រព្យ IPS Cambodia បាន​មាន​ប្រសាសន៍​ថា៖ «​អត្ថប្រយោជន៍​ដ៏ធំ​បំផុត​សម្រាប់​អ្នក​ទិញ​គឺ​ការ​ក្លាយ​ជា​ម្ចាស់​នៃ​ចំណែក​ណា​មួយ​នៃ​អគារ​ការិយាល័យ​ដោយ​ប្រើប្រាស់​ដើមទុន​ទាប ព្រោះ​ជាទូទៅ​បើ​អ្នក​ចង់​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​អគារ​ពាណិជ្ជកម្ម អ្នក​វិនិយោគ​ត្រូវ​ទិញ​អគារ​ទាំង​មូល​តែ​ម្តង ដែល​មាន​តម្លៃ​ខ្ពស់​»​។

លោក Fitzgerald បាន​បន្ថែម​ថា៖ «​ការិយាល័យ​ប្រភេទ Strata Office ​អនុញ្ញាត​ឱ្យ​វិនិយោគិន​បង្កើត​នូវ​ភាព​ចម្រុះ​នៃ​ទ្រព្យសម្បត្តិ ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើន​»​។ អ្នក​ជួល​ការិយាល័យ​ធម្មតា​អាច​ចំណេញ​លុយ ដោយ​ចៀស​ផុត​ពី​ការ​ឡើង​ថ្លៃ​ថ្លៃឈ្នួល​ប្រចាំ​ខែ​តាមរយៈ​ការទិញ Strata Office​។ ម្ចាស់​របស់ Strata Office ក៏​អាច​ដាក់​ជួល​វិញ​បាន​ផង​ដែរ ជាមួយ​នឹង​តម្លៃ​ចន្លោះ​ពី​ ២៥ ​ដុល្លា​រហូត​ដល់​ ៣០ ​​ដុល្លា​ក្នុង​មួយ​ម៉ែត្រការ៉េ​។ នេះ​ជា​ប្រភេទ​នៃ​ការវិនិយោគ​ដែល​អាច​រក​ចំណូល​ប្រចាំ​ខែ​ពី​ការទិញ Strata Office​។

សម្រាប់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​វិញ Strata Office ជា​ជម្រើស​នៃ​ការអភិវឌ្ឍ​មួយ​។ Strata Office មាន​ភាពស្រដៀង​គ្នា​ជាមួយ​ខុនដូ​ដែរ​។

លោក Grant បន្ថែម​ទៀត​ថា៖ «​ការលក់ Strata Office អាច​មាន​ផល​ត្រឡប់​មក​វិញ​លឿន​ជាង​ការដាក់​ជួល​ការិយាល័យ​ទូទៅ​ក្រោយ​ពេល​អគារ​បាន​សាងសង់​រួច​»​។

មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជាច្រើន​ដែល​បាន​ធ្វើការ​ជ្រើសរើស​ការ​វិនិយោគ​លើ​ការសាងសង់​ការិយាល័យ​ប្រភេទ Strata Office និង​សាងសង់​ខុនដូ​ជាមួយ​គ្នា ហើយ​គ្រប់​គម្រោង​ទាំង​នេះ​សុទ្ធតែ​បាន​ទទួល​ការគាំទ្រ​ច្រើន​។

ម្ចាស់​អគារ Diamond Twin បាន​និយាយ​ថា​គម្រោង​នេះ​បាន​លក់ Strata Office ជាង​ ៧០ ​ភាគរយ​រួច​ហើយ​។

លោក Kelven Chen នាយក​ក្រុមហ៊ុន​អចលនទ្រព្យ Asia Pacifc International Property ដែល​ជា​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​ការលក់​អគារ Diamond Twin Tower បាន​និយាយ​ថា៖ «​ការលក់ Strata Office គឺ​មាន​ភាពងាយស្រួល​»​។

លោក Chen បាន​បន្ថែម​ថា ៧០ ​ភាគរយ​នៃ Strata Office ចំនួន​ ១៦០ ​យូនីត​របស់​អគារ Diamond Twin Tower ត្រូវ​បាន​លក់​អស់​ដែល​អតិថិជន​ភាគច្រើន​ជា​វិនិយោគិន​ជនជាតិ​តៃវ៉ាន់ និង​ចិន​។ លោក​បាន​បន្ត​ថា​ការ​លក់ Strata Office របស់​គម្រោង Diamond Twin Tower គឺ​មាន​ភាពងាយស្រួល​ច្រើន​ជាង​ការលក់​បន្ទប់​ស្នាក់នៅ​របស់​ខុនដូ​៕