អគារ​ការិយាល័យ​សម្រាប់​ជួល​ថ្មី​មួយ​ដែល​មាន​ពណ៌​លឿង​កម្ពស់​ ១១ ​ជាន់​ស្ថិត​ក្នុង​ខណ្ឌ​៧ មករា បាន​ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​ហើយ​កាលពី​ពេល​ថ្មីៗ​នេះ​។

អគារ​ការិយាល័យ​ដែល​មាន​ក្រឡា​ផ្ទៃ​ ១៦០០០ ​ម៉ែត្រការ៉េ​នេះ​មាន​ចំណត​នៅ​ជាន់​ក្រោម​ដី​ ១ ​ជាន់​ដែល​អាច​ចត​រថយន្ត​បាន​ចំនួន ​៥០ ​គ្រឿង​។ Vanda Tower ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម​ដោយ​មាន​ចម្ងាយ​ប្រមាណ​ ៥០០ ​ម៉ែត្រ​ខាង​លិច​ផ្សារ​ធំថ្មី​។ តម្លៃ​ជួល​មាន​ចន្លោះ​ពី​ ១០ ​ទៅ​ ១៤ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​ដែល​ជា​តម្លៃ​សមរម្យ សម្រាប់​អគារ​កម្រិត B​។

លោក ហេង ពិសិដ្ឋ អ្នក​គ្រប់គ្រង​អគារ Vanda Tower បាន​ប្រាប់​ថា​មាន​មូលហេតុ​ធំៗ​ចំនួន​ ២ ​ក្នុង​ការ​អភិវឌ្ឍ​អគារ Vanda Tower នេះ​។

លោក ហេង ពិសិដ្ឋ មាន​ប្រសាសន៍​ថា៖ «​មាន​ហេតុផល​ចម្បង​ ២ ​ដែល​យើង​សម្រេច​ចិត្ត​សាងសង់​នេះ​ហេតុផល​ទី ​១ ដោយសារ​មាន​ថវិកា​មាន​កម្រិត និង​ទី​ ២ គឺ​ដោយសារ​តែ​នៅ​តំបន់​នេះ​មាន​អគារ​ការិយាល័យ​ប្រភេទ A ច្រើន​រួច​មក​ហើយ ដូច្នេះ​យើង​មិន​អាច​សាងសង់​អគារ​កម្រិត A ទៀត​នោះ​ទេ​»​។

លោក​បាន​បន្ត​ថា៖ «​ប្រសិន​បើ​យើង​សាងសង់​អគារ​ការិយាល័យ​កម្រិត A នោះ​វា​នឹង​ពិបាក​ក្នុង​ការជួល ព្រោះ​ការផ្គត់ផ្គង់​មាន​ច្រើន​លើស​តម្រូវការ​»​។ លោក​បន្ថែម​ថា​អគារ Vanda Tower ត្រូវ​បាន​អតិថិជន​ជួល​អស់​ប្រហែល​ ៦០​ ​ភាគរយ​ហើយ​។

លោក Grant Fitzgerald ប្រធាន​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន​អចលនទ្រព្យ IPS Cambodia បាន​និយាយ​ថា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​ចំនួន​បាន​ផ្លាស់ប្តូរ​គំនិត​ពី​ការសាងសង់​អគារ​ការិយាល័យ​កម្រិត A ទៅ​ជា​កម្រិត B ព្រោះ​ទីផ្សារ​អគារ​កម្រិត B កំពុង​មាន​តម្រូវការ​ច្រើន​។

លោក​បាន​ថ្លែង​ថា៖ «​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​គេ​ឃើញ​មាន​គម្រោង​អគារ​ការិយាល័យ​ជួល​កម្រិត B កើតឡើង​ច្រើន ហើយ​តម្រូវការ​ទីផ្សារ​សម្រាប់​អគារ​ការិយាល័យ​កម្រិត A មាន​ភាព​នៅ​ទ្រឹង​នេះ​ជា​រឿង​ធម្មតា​ទេ​ដែល​អ្នក​អភិវឌ្ឍន៍​សម្លឹង​ឃើញ​ចំណែក​ទីផ្សារ​ក្នុង​ការ​អភិវឌ្ឍ​»​។

ការជួល​អគារ​ការិយាល័យ​កម្រិត B ក៏​អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​សន្សំសំចៃ​បាន​ថវិកា​ច្រើន​ផង​ដែរ​ពី​ការជួល​ការិយាល័យ ព្រោះ​ថា​តម្លៃ​ជួល​ការិយាល័យ​កម្រិត A នាពេល​នេះ​អាច​មាន​តម្លៃ​រហូត​ដល់​ទៅ​ ៣០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​។

លោក Fitzgerald បាន​ឱ្យ​ដឹង​ថា​គម្រោង​ថ្មី​ដែល​មាន​តម្លៃ​ជួល​សមរម្យ គឺ​ទទួល​បាន​ការគាំទ្រ​ច្រើន​ព្រម​ទាំង​ទទួល​បាន​នូវ​ការចាប់អារម្មណ៍​ពី​សំណាក់​ម្ចាស់​អាជីវកម្ម​តូច និង​កណ្តាល និង​ម្ចាស់​អាជីវកម្ម​ប្រភេទ Start-ups ។

ច្រកចូល​របស់​អគារ Vanda Tower​។ហុង មិនា

លោក​បាន​បន្ត​ថា៖ «​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​មាន​តម្លៃ​រសើប​នៅ​ឡើយ​ខ្ញុំ​គិត​ថា​តម្រូវការ​នៅតែ​មាន​ជានិច្ច​សម្រាប់​អចលនទ្រព្យ​ណា​ដែល​មាន​តម្លៃ​ទាប​»​។

Vanda Tower ត្រូវ​បាន​វិនិយោគ​ដោយ​លោក ហេង វ៉ាន់ដា ដែល​ជា​ស្ថាបនិក​នៃ​វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ​។

សាកលវិទ្យាល័យ Limkokwing ដែល​ពី​មុន​ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែនសុខ​បាន​ប្តូរ​ទីតាំង​មកកាន់​អគារ Vanda Tower​។ សាកលវិទ្យាល័យ Limkokwing បាន​ជួល​អគារ​ចំនួន​ ៣ ​ជាន់​គឺ​ចាប់ពី​ជាន់​ទី​ ៦ ដល់​ជាន់​ទី​ ៨ ដែល​មាន​ផ្ទៃក្រឡា​សរុប​ចំនួន​ ៤០០០ ​ម៉ែត្រការ៉េ និង​អាច​ទទួល​និស្សិត​បាន​ចំនួន​ ១៥០០ ​នាក់​។

លោក Md. Monirul Islam សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ Limkokwing បាន​ឲ្យ​ដឹងថា​វគ្គ​សិក្សា​ថ្មី​នៅ​អគារ​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ៧ ខែ​ឧសភា​តទៅ​។

លោក​ប្រាប់​ថា៖ «​សាកលវិទ្យាល័យ Limkokwing សម្រេច​ធ្វើការ​ផ្លាស់ប្តូរ​ទីតាំង​មក​នៅ​តំបន់​កណ្តាល​ក្រុង​ភ្នំពេញ​។ ទីតាំង​ថ្មី​នេះ​មាន​ភាព​ងាយស្រួល​សម្រាប់​បុគ្គលិក និង​និស្សិត​ដែល​រស់នៅ​ក្រុង​តាខ្មៅ និង​តំបន់​ជ្រោយចង្វារ​៕