រាជធានី​ភ្នំពេញ​ពុំ​សូវ​មាន​កន្លែង​កម្សាន្ត​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​នោះ​ទេ ហើយ​ក៏​ពុំមាន «​កន្លែង​លម្ហែ​» សម្រាប់​គ្រួសារ​ដែល​រស់នៅ​ក្នុង​ទីក្រុង​នេះ ក៏ដូចជា​ភ្ញៀវទេសចរ​ក្នុង​ការ​ពិសា​អាហារ ទិញ​ទំនិញ និង​ការកម្សាន្ត​ផ្ទាល់ៗ​នោះ​ទេ​។ ដោយ​មើល​ឃើញ​ពី​ចំណុច​ទាំងអស់​នេះ​ក្រុមហ៊ុន Worldbridge Group បាន​សម្រេច​សាងសង់​កន្លែង​មួយ​ដែល​មាន​ឈ្មោះថា WB Arena​។

គម្រោង​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​នៅ​មាត់​ទន្លេ​បាសាក់​នា​ភាគ​ខាង​ត្បូង​នៃ​រាជធានី​ភ្នំពេញ​នេះ​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក World-bridge Group ក្នុង​តម្លៃ​ ១០ ​លាន​ដុល្លារ​លើ​ផ្ទៃដី​ទំហំ​ ១,៣ ​ហិកតា​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​។ WB Arena រួមមាន​ហាង​លក់​ទំនិញ​ហាង​លក់​ចំណី​អាហារ កន្លែង​សម្រាក​លម្ហែ និង​កន្លែង​កម្សាន្ត​ជាច្រើន​ថែម​ទាំង​មាន​សាល​មហោស្រព​ដែល​អាច​អង្គុយ​បាន​ដល់​ទៅ​ ៤០០ ​​​នាក់​សម្រាប់​កម្មវិធី​នាពេល​រាត្រី​ទៀត​ផង​។

លោក Tan Teck Kee នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Worldbridge Land បាន​និយាយ​ថា លោក​រំពឹង​ថា​គម្រោង​នៅ​មាត់​ទន្លេ​នេះ​នឹង​ក្លាយ​ជា​ «​គោលដៅ​កន្លែង​សម្រាប់​លម្ហែ​សម្រាប់​ក្រុមគ្រួសារ​»​នៅពេល​ដែល​គម្រោង​នេះ​នឹង​បើក​ដំណើរការ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​។

លោក​មាន​ប្រសាសន៍​បន្ត​ថា៖ «​វា​នឹង​ក្លាយ​ជា​គោលដៅ​កម្សាន្ត​នៅ​មាត់​ទន្លេ​សម្រាប់​ប្រជាជន​ក្នុង​ស្រុក ជនបរទេស និង​ភ្ញៀវទេសចរ​ផង​ដែរ​។ យើង​បាន​សាងសង់​នូវ​កន្លែង​សម្រាប់​ប្រកួត​កីឡា​ដែល​នឹង​មាន​បើក​ស្វាគមន៍​ទទួល​ការប្រកួត​ និង​ការ​ប្រារព្ធ​កម្មវិធី​ជាច្រើន​ទៀត​។ យើង​បាន​គ្រោង​នឹង​ធ្វើ​ព្រឹត្តិការណ៍​នានា​សម្រាប់​មនុស្ស​គ្រប់​វ័យ​ផង​ដែរ​»​។

គម្រោង​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​នៅ​ប្រទេស​សិង្ហបុរី Chin Kam and Associates (CK&A) ដែល​ជា​ក្រុមហ៊ុន​ធ្លាប់​ត្រូវ​បាន​ក្រុមហ៊ុន Worldbridge Group និង​ដៃគូ​វិនិយោគ​របស់​ខ្លួន​គឺ Oxley International Holdings ជួល​ឲ្យ​រចនា​ប្លង់​គម្រោង The Bridge និង The Peak​។ WB Arena ត្រូវ​បាន​គេ​រចនា​ស្រដៀង​គ្នា​នឹង Clarke Quay នៅ​សិង្ហបុរី​។ យ៉ាង​ណា​មិញ​ការ​រចនា​ប្លង់​នេះ​ត្រូវ​បាន​រចនា​យ៉ាង​ផិ្ចតផ្ចង់​ដើម្បី​ឱ្យ​ស៊ី​គ្នា​ទៅ​នឹង​បរិបទ​កន្លែង​កម្សាន្ត​បែប​ខ្មែរ​នៅ​តាម​បណ្តោយ​មាត់​ទន្លេ​។

លោក Tan Teck Kee បាន​ថ្លែង​ថា៖ «​យើង​បាន​រៀបចំ​ឲ្យ​គម្រោង​នេះ​ស៊ី​គ្នា​ទៅ​នឹង​បរិបទ​បែប​ខ្មែរ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​»​។

ចំណត​កប៉ាល់​នា​ច្រាំង​ទន្លេ​បាសាក់​របស់​គម្រោង WB Arena​។ រូបថត សហការី

បើ​តាម​លោក Simon Griffiths នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន Urban Asset Solutions ដែល​ជា​ភ្នាក់ងារ​ទទួល​បន្ទុក​ការជួល និង​ជួប​អតិថិជន​របស់​គម្រោង WB Arena បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​មាន​ផ្ទៃ​សរុប​ ៦០០០ ​ម៉ែត្រការ៉េ ហើយ​បែងចែក​តំបន់​ផ្សេងៗ​គ្នា​សម្រាប់​ហាង​លក់ទំនិញ ហាង​លក់​ចំណី​អាហារ និង​ភេសជ្ជៈ និង​កន្លែង​កម្សាន្ត​។

តំបន់​លក់​ទំនិញ​ដែល​មាន​ចំនួន ​៩០ ​ស្តង់​នឹង​រួម​មាន​ហាង​លក់​សម្លៀកបំពាក់ ឧបករណ៍​អេឡិចត្រូនិក ផលិតផល​ថែរក្សា​សុខភាព និង​សម្រស់​ផង​ដែរ​។

លោក Simon Griffiths បាន​និយាយ​ថា៖ «​យើង​ចង់​ធ្វើ​អ្វីៗ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​»​។

គម្រោង​នេះ​នឹង​មាន​ស្តង់​ដែល​បម្រី​អាហារ​ព្រម​ទាំង​ភេសជ្ជៈ​ជាច្រើន​មុខ​សម្រាប់​អ្នក​ទៅ​កម្សាន្ត​ក៏​ដូចជា​កន្លែង​ពិសា​អាហារ​មាត់​ឆ្នេរ​ក្រោម​ម្លប់​ដើមត្នោត​ប្រប​មាត់​ទន្លេ​ផង​ដែរ​។ ភោជនីយដ្ឋាន​ជាច្រើន​បាន​កក់​ស្តង់​មួយ​ចំនួន​រួច​ទៅ​ហើយ ហើយ​ពេល​នេះ Urban AssetSolutions កំពុង​តែ​ជួប​ពិភាក្សា​ជាមួយ​អ្នក​គ្រប់គ្រង​ហាង​លក់​ចំណី​អាហារ​ចំនួន​ ៣ ដើម្បី​គ្រប់គ្រង​លើ​ហាង​លក់​អាហារ​ពិសេស​ប្លែក​ពី​គេ​នេះ​។

នៅ​ចំ​កណ្តាល​គម្រោង WB Arena គឺ​អគារ​សាល​មហោស្រព​ដែល​មាន​កន្លែង​អង្គុយ​ចំនួន​ ៤០០ ​កន្លែង​។ អគារ​នេះ​នឹង​ប្រើ​សម្រាប់​កម្មវិធី​ពេល​រាត្រី ដូចជា ការប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ ឬ​ពិធី​សម្តែង​នានា និង​កម្មវិធី​ពិសេសៗ​ផ្សេង​ទៀត​។

លោក Griffiths ថ្លែង​ថា៖ «​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​យើង​ចង់​បង្កើត​នូវ​រោងកុន​មួយ ប៉ុន្តែ​យើង​សាងសង់​មហោស្រព​ជំនួស​វិញ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាង ប៉ុន្តែ​យើង​សង្ឃឹម​ថា​អ្នក​រាល់​គ្នា​នឹង​រីករាយ​ជាមួយ​កម្មវិធី​នេះ​»​។

យ៉ាង​ណា​មិញ​ការសម្តែង​ផ្ទាល់​នឹង​មិន​ត្រឹម​តែ​ប្រព្រឹត្ត​ទៅ​នៅក្នុង​អគារ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​មាន​កន្លែង​សម្តែង​ដែល​គេ​នឹង​ដាក់​នៅ​ប្លុក​កន្លែង​កម្សាន្ត​ចំនួន​ ៣ ដែល​ ១ ​នឹង​ដាក់​នៅ​មាត់​ទន្លេ ហើយ​ ២ ​ទៀត​នៅ​ក្នុង​អគារ​នេះ​តែ​ម្តង ដែល​អ្នក​រៀបចំ​កម្មវិធី​អាច​ដោត​ឧបករណ៍​តន្ត្រី​របស់​ខ្លួន​ដើម្បី​ប្រគំ​បាន​។

«​ផ្នត់​គំនិត​នេះ​គឺ​គេ​យក​មកពី​កន្លែង​កម្សាន្ត London Underground ដែល​គេ​បិទ​ស្ទីកគ័រ​នៅលើ​ឥដ្ឋ​ដើម្បី​ប្រាប់​អំពី​កន្លែង​ដែល​តន្ត្រីករ​ធ្វើការ​ប្រគំ​» លោក Griffiths ថ្លែង​ និង​បន្ថែម​ទៀត​ថា៖ «​យើង​នឹង​ដាក់​ឥដ្ឋការ៉ូ​ពណ៌​ក្នុង​តំបន់​ទាំង​នេះ ហើយ​យើង​នឹង​មិន​យក​កម្រៃ​នោះ​ទេ​សម្រាប់​ការសម្តែង​»​។

គម្រោង​នេះ​ក៏​មាន​កន្លែង​សម្រាប់​ក្មេងៗ​ដែល​មាន​ស្តង់​លក់​របស់​ក្មេង​លេង និង​កន្លែង​សម្រាប់​ក្មេង​លេង​ដោយ​មាន​អ្នក​ជួយ​មើល​ផង​ដែរ​។

ដោយ​រចនា​ជា «​គោលដៅ​ទាក់ទាញ​» ​និង​អាច​ទៅ​កម្សាន្ត​តាម​ផ្លូវ​គោក​ក៏​បាន ឬ​ទន្លេ​ក៏​បាន WB Arena គឺជា​គម្រោង​ ១ ​ដែល​គេ​បង្កើត​ឡើង​ដើម្បី​បំពេញ​ចន្លោះ​ក្នុង​ទីផ្សារ​ទេសចរណ៍​ក្នុង​ទីក្រុង​នេះ​។

លោក Griffiths ថ្លែង​ថា៖ «​ភ្នំពេញ​ពិត​ជា​ខ្វះ​កន្លែង​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​មែន ពិសេស​គឺ​នៅ​ពេល​យប់​តែ​ម្តង​។ នេះ​គឺជា​គម្រោង​គោលដៅ​ពហុកម្សាន្ត​សម្រាប់​គ្រួសារ​ទាំង​មូល​តែ​ម្តង​»​។

ទូក​ឯកជន និង​ទូក​ឈ្នួល​នឹង​ដឹក​ភ្ញៀវទេសចរ​នៅ​កំពង់ផែ​របស់ WBArena ហើយ​ទីនោះ​អាច​ក្លាយ​ជា​ចំណត​ទូក​ឈ្នួល​ថ្មី​មួយ​របស់​ទីក្រុង​ភ្នំពេញ ដែល​នឹង​មាន​បណ្តា​ទូក​ឈ្នួល​រត់​ពី​ព្រែក​ព្នៅ​ទៅ​កាន់​ទីក្រុង​តាខ្មៅ​។

លោក​បន្ត​ថា៖ «​វា​ត្រូវ​បាន​គេ​រចនា​ឡើង​ដើម្បី​ផ្តល់​នូវ​ការកម្សាន្ត និង​ការសប្បាយ​រាប់​ទាំង​ការធ្វើ​ដំណើរ​តាម​ទូក​ដើម្បី​ទៅ​ដល់​កន្លែង​របស់​យើង​តែម្តង​។ យើង​រំពឹង​ថា​នឹង​ឃើញ​មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​ពេល​រាត្រី ដោយ​ពិសា​អាហារ​ពេល​ល្ងាច​ប្រប​មាត់ទន្លេ មើល​ការសម្តែង ទិញ​ទំនិញ​បន្តិចបន្តួច និង​ចូល​ម៉ាស្សា ខណៈ​ក្មេងៗ​កំពុង​លេង​យ៉ាង​សប្បាយ​ក្អាកក្អាយ​»​។

អគារ WB Arena កំពុង​តែ​ត្រូវ​បាន​សាងសង់ ហើយ​បើ​តាម​ផែនការ​នឹង​រួចរាល់​ក្នុង​ខែ​មិថុនា​ដែល​ម្ចាស់​ស្តង់​លក់​អាហារ និង​ភេសជ្ជៈ​នឹង​ចូល​មក​រៀបចំ​បើក​ដំណើរការ​ក្នុង​ខែ​កក្កដា​។ ការសម្ពោធ​បឋម​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១ ​ខែ​វិច្ឆិកា ហើយ​នឹង​បើក​សម្ពោធ​ផ្លូវការ​នា​រយៈពេល​ ២ ​សប្តាហ៍​បន្ទាប់ពី​នោះ​ដែល​នឹង​ចំ​រដូវកាល​បុណ្យ​អុំទូក​តែ​ម្តង​៕