ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ «ទីក្រុងរណបសិរីមង្គល» ដែលមានទុនវិនិយោគប្រមាណ ១០០ លានដុល្លាររបស់ក្រុមហ៊ុន Worldbridge Homes Co., Ltd នឹងបញ្ចប់ការសាងសង់គម្រោងទាំងមូលនៅមុនដំណាច់ឆ្នាំ ២០២១ នេះ ខណៈក្រុមហ៊ុនក៏មានផែនការអភិវឌ្ឍន៍គម្រោងបែបនេះបន្តទៀតផងដែរ នៅពេលអនាគត។ នេះបើយោងតាមប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Worldbridge Homes Co., Ltd។
«ទីក្រុងរណបសិរីមង្គល» គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យដំបូងគេនៅកម្ពុជា ដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការនាដើមឆ្នាំ ២០១៨ លើផ្ទៃដី ៤៥ ហិកតា ដោយមានខ្នងផ្ទះសរុប ២ ៤៥។ គម្រោងនេះស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីរាជធានីភ្នំពេញ (ស្ពានព្រះមុនីវង្ស)។
លោក យក់ សុធីរិទ្ធ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Worldbridge Home Co., Ltd បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១២ ខែឧសភា ថា ការដ្ឋាន «ទីក្រុងរណបសិរីមង្គល» នឹងត្រូវបញ្ចប់ ១០០ ភាគរយនៅក្នុងឆ្នាំ ២០២១ នេះ ខណៈការសាងសង់កំពុងមានដំណើរការទៅមុខជាប្រចាំ បើទោះបីមានកម្មករមួយចំនួនមិនអាចមកធ្វើការបាន ដោយសាររស់នៅក្នុងតំបន់បិទខ្ទប់ក៏ដោយ។ នៅក្នុងអំឡុងពេលបិទខ្ទប់នេះ នៅការដ្ឋានមានកម្មករធ្វើការចន្លោះពី ៤០០-៥០០ នាក់រៀងរាល់ថ្ងៃ។
លោកថ្លែងថា៖ «សកម្មភាពក្នុងការដ្ឋានរបស់យើងនឹងឈានទៅបិទបញ្ចប់ក្នុងពេលឆាប់ៗនេះ ខណៈការលក់នៅពេលនេះសម្រេចបានជាង ៩៥ ភាគរយ»។
គិតមកដល់ពេលនេះក្រុមហ៊ុនបានប្រគល់ផ្ទះឱ្យអតិថិជនចំនួន ៨២៣ ខ្នងរួចមកហើយ ខណៈផ្ទះនៅសល់ ១ ៦៣៤ ខ្នងទៀតនឹងត្រូវប្រគល់ក្នុងឆ្នាំ ២០២១។ លំនៅឋានក្នុងគម្រោងនេះមានតម្លៃចាប់ពី ២៥ ០០០-៣០ ០០០ ដុល្លារ។ នេះបើតាមលោក សុធីរិទ្ធ។
ជាមួយនឹងភាពជោគជ័យនេះ លោក សុធីរិទ្ធ បានបង្ហើបប្រាប់ថា បន្ទាប់ពីបញ្ចប់ការដ្ឋានគម្រោង «ទីក្រុងរណបសិរីមង្គល» ក្រុមហ៊ុនក៏មានផែនការវិនិយោគលើគម្រោងលំនៅឋានតម្លៃសមរម្យបែបនេះបន្ថែមទៀតផងដែរ។ លោកនិយាយថា៖ «យើងនៅតែមានឆន្ទៈបន្តចូលរួមជាមួយនឹងរដ្ឋាភិបាល ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យសម្រាប់លក់ទៅឱ្យប្រជាជនដែលមានប្រាក់ចំណូលទាប និងមធ្យមជាបន្តទៀតនៅពេលខាងមុខ»។
ទោះយ៉ាងណាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Worldbridge Home Co., Ltd រូបនេះបដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ដោយគ្រាន់តែប្រាប់ថា ក្រុមហ៊ុនបានកំណត់ទីតាំងរួចហើយ ដែលគម្រោងថ្មីនោះអាចមានទំហំធំជាងគម្រោង «ទីក្រុងរណបសិរីមង្គល»។
Worldbridge Home Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Worldbridge Group ដែលកំពុងអភិវឌ្ឍន៍គម្រោងធំៗនៅក្នុងរាជធានីភ្នំពេញមានដូចជា The Bridge និង The Peak។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលបាននិយាយថា លំនៅឋានតម្លៃសមរម្យកំពុងមានតម្រូវការច្រើនពីសំណាក់ប្រជាជន ដូច្នេះបើការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យកើតមានច្រើននៅគ្រប់ទិសនៃជាយរាជធានីភ្នំពេញនោះ គឺជាការប្រសើរណាស់ ព្រោះវានឹងបង្កើនលទ្ធភាពដល់អ្នកដែលមានចំណូលតិច និងមធ្យមអាចមានលំនៅឋានផ្ទាល់ខ្លួន។ លោកបន្តថា ដើម្បីឱ្យការវិនិយោគលើគម្រោងបែបនេះមានកាន់តែច្រើន គឺទាមទារឱ្យមានការចូលរួមបន្ថែមទៀតពីរដ្ឋាភិបាល តាមរយៈមធ្យោបាយមួយចំនួនដូចជា ការប្រើប្រាស់ដីរដ្ឋ ដើម្បីផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនយកទៅវិនិយោគ និងលក់ក្នុងតម្លៃទាបជាងតម្លៃទីផ្សារនាពេលបច្ចុប្បន្ន។
លោកថ្លែងថា៖ «តម្រូវការពីសំណាក់ក្រុមកម្មករ និងសិស្ស-និស្សិត ដែលមកស្នាក់នៅភ្នំពេញ និងតំបន់ជាយក្រុងមានកាន់តែច្រើន ហេតុនេះបើមានការវិនិយោគ និងលក់ក្នុងតម្លៃទាបគឺជារឿងល្អ ក្នុងការផ្តល់ឱ្យអ្នកទាំងនោះមានលំនឹង និងកន្លែងស្នាក់នៅផ្ទាល់ខ្លួន»។
យោងតាមក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹមចុងឆ្នាំ ២០២០ នៅកម្ពុជាមានគម្រោង អភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យចំនួន ៥ ដែលស្មើនឹងបន្ទប់ស្នាក់នៅសរុប ៨ ៣៣១ ខ្នងផ្ទះ និងចំនួន ៧ ២៥៦ យូនីត។
កាលពីឆ្នាំ ២០១៤ កម្ពុជាបានអនុម័តគោលនយោបាយ លំនៅឋានថ្នាក់ជាតិ ដើម្បីជំរុញការអភិវឌ្ឍលំនៅឋានឱ្យបានកាន់តែច្រើនជូនប្រជាពលរដ្ឋ។
យោងតាមគោលនយោបាយនេះ កម្ពុជានឹងត្រូវការផ្ទះបន្ថែមប្រមាណ ៥ ម៉ឺនខ្នងក្នុង ១ ឆ្នាំ រហូតដល់ឆ្នាំ ២០៣០៕