ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ «​លំនៅឋាន​ទីក្រុង​រណប​សិរីមង្គល​» របស់​ក្រុមហ៊ុន Worldbridge Homes Co.,Ltd ដែល​មាន​តម្លៃ​ប្រមាណ ៧៣ ​លាន​ដុល្លារ​ លើ​ផ្ទៃដី​សរុប ២៣ ​ហិកតា​នៅក្នុង​ស្រុក​ស្អាង ខេត្ដ​កណ្ដាល​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ ឬ​យ៉ាងយូរ​នៅ​ដើមឆ្នាំ​ ២០២១ ខាងមុខ​។

គម្រោង​ដែល​ចាប់ផ្តើម​សាងសង់​កាលពី​ដើម​ឆ្នាំ​ ២០១៧ នេះ​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Worldbridge Homes Co., Ltd ជា​បុត្រសម្ព័ន្ធ​របស់ Worldbridge Group ដែលជា​ក្រុមហ៊ុន​ក្នុងស្រុក​ដ៏ធំ​កំពុង​គ្រប់គ្រង​លើ​អគារ The Bridge និង The Peak ជាដើម​។ លំនៅឋាន​ក្នុង​គម្រោង​នេះ​មាន​តម្លៃ​ពី ២៥ ០០០ ​ដុល្លារ ទៅដល់ ៣០ ០០០ ​ដុល្លារ​។

លោក យក់ សុធីរិទ្ធ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Worldbridge Homes Co., Ltd បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការសាងសង់​រហូត​មក​ដល់ពេល​នេះ​សម្រេច​បាន​ប្រមាណ ៩០ ​ភាគរយ​ ហើយ​ដោយ​ក្នុង​ជំហាន​ទី​ ១ ដែល​មាន​ផ្ទះ ៦០៣ បាន​បញ្ចប់​ការសាងសង់​ទាំងស្រុង និង​គ្រោង​បើក​ឲ្យ​អតិថិជន​ចូល​ស្នាក់នៅ​នៅ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ​។

លោក​ថ្លែងថា​៖ «​តាម​គម្រោង​ក្រុមហ៊ុន​នឹង​ប្រគល់​ផ្ទះ​ក្នុង​ជំហាន​ទី​ ១ នៅ​អំឡុង​ដើម​ខែ​មេសា​ខាងមុខ ខណៈ​ការសាងសង់​បាន​រួចរាល់ ១០០ ​ភាគរយ ដោយ​នៅ​សល់​តែ​ការភ្ជាប់​អគ្គិសនី និង​ទឹកតែ​ប៉ុណ្ណោះ​»​។

បើតាម​លោក សុធីរិទ្ធ ការសាងសង់​គម្រោង​នេះ​ត្រូវ​បាន​ចែកចេញ​ជា ២ ​ដំណាក់កាល​ដោយ​ដំណាក់កាល​ទី​ ១ ការសាងសង់​រួចរាល់​ហើយ​ចំណែក​ដំណាក់កាល​ទី​ ២ សាងសង់​បាន​ប្រមាណ ៣០ ​ភាគរយ​។

ក្នុង​ពេល​ចុះ​ពិនិត្យ​ការដ្ឋាន​របស់​ក្រុមហ៊ុន Worldbridge Homes កាលពី​ចន្ទ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​និយាយ​ថា រដ្ឋាភិបាល​លើក​ទឹកចិត្ត​ចំពោះ​វិស័យ​ឯកជន​ក្នុង​ការចូលរួម​វិនិយោគ​លើ​ការសាងសង់​លំនៅឋាន​តម្លៃ​សមរម្យ ដើម្បី​ផ្តល់​នូវ​កន្លែង​រស់នៅ​សមរម្យ​សម្រាប់​ប្រជាជន​។

លោក​ថ្លែង​ថា​៖ «​នេះ​ជា​ការចូលរួម​រវាង​ក្រុមហ៊ុន និង​រដ្ឋាភិបាល ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម​ក្នុង​ការមាន​លទ្ធភាព​ទិញ​លំនៅឋាន​តម្លៃ​សមរម្យ​ ដើម្បី​រស់នៅ​ផ្ទាល់ខ្លួន​»​។

លោក សំ សុខនឿន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KW សែនសុខ បាន​និយាយ​ថា ការកើនឡើង​នៃ​ចំនួន​ប្រជាជន​ចូលមក​រស់នៅ និង​ធ្វើការ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ធ្វើឲ្យ​មាន​តម្រូវការ​លំនៅឋាន​ជាច្រើន ពិសេស​លំនៅឋាន​តម្លៃ​សមរម្យ​។

លោក​បន្តថា ការវិនិយោគ​លើ​លំនៅឋាន​តម្លៃ​សមរម្យ​នឹង​ទទួល​បាន​ជោគជ័យ​ឆាប់រហ័ស ប្រសិន​បើ​ទីតាំង​នោះ​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​ដែល​ជា​កន្លែង​ប្រមូលផ្តុំ​ដោយ​សាលារៀន កន្លែងធ្វើការ មន្ទីរពេទ្យ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​សេវាកម្ម​ចម្រុះ​ជាច្រើន​ទៀត​។

លោក​និយាយថា​៖ «​គម្រោង​អភិវឌ្ឍន៍​របស់ Worldbridge Homes Co., Ltd ល្អ តែ​ការលក់​អាច​មិន​បាន​លឿន​នោះទេ ព្រោះ​វា​ហាក់​នៅ​ឆ្ងាយ​បន្តិច​ពី​ភ្នំពេញ និង​មិនបាន​បើក​ទូលាយ​សម្រាប់​ការលក់​ទៅ​ឲ្យ​ប្រជាជន​ទូទៅ​នោះទេ​»​។

លោក​លើកឡើង​ទៀតថា ទោះ​យ៉ាង​ណា​ដោយសារ​តែ​តំបន់​នៅ​កណ្តាល​ក្រុង អចលនទ្រព្យ​មាន​តម្លៃ​ខ្ពស់​នោះ ហេតុនេះ​ការសាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​ (​ផ្ទះ​ជាប់​ដី​) ​មិន​មាន​ទេ​ក្នុង​ពេល​នេះ ដោយ​មាន​តែ​ជា​ប្រភេទ​អគារ​ស្នាក់នៅ​រួម​ (Arakawa Residence) ​តែ​ប៉ុណ្ណោះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​ ១៧ ខែ​ កុម្ភៈ ឆ្នាំ​ ២០២០ ឲ្យ​ដឹងថា គិត​រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន Worldbridge Homes Co., Ltd បាន​លក់​ផ្ទះ​អស់​ចំនួន ១ ០៨៨ ដែល​ស្មើនឹង ៤៤ ​ភាគរយ ​នៃ​ចំនួន​ផ្ទះ​សរុប​ទាំង ២ ៤៥៧ ​ខ្នង​។ ក្នុងនោះ​អតិថិជន​ដែល​បាន​ទិញ​លំនៅឋាន​ក្នុង​គម្រោង​នេះ​មាន ២៣ ​ភាគរយ​ជា​មន្ត្រីរាជការ​។

របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២០ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា មកដល់​ពេល​នេះ​នៅ​កម្ពុជា​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ចំនួន ៥ ដែល​ស្មើនឹង​បន្ទប់​ស្នាក់នៅ​សរុប ៨ ៣៣១ ​ខ្នង​ផ្ទះ និង​ចំនួន ៧ ២៥៦ ​យូនីត ​ក្នុង​នោះ ២ ​នៅ​ភ្នំពេញ ២ នៅ​ខេត្ត​កណ្តាល និង ១ ​នៅ​ខេត្ត​បន្ទាយមានជ័យ​៕LA