កំណើន​សេដ្ឋកិច្ច​ដ៏​ឆាប់​រហ័ស​និង​ស្ថិរភាព​នយោបាយ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​ការ​វិនិយោគ​ថ្មីៗ​ជា​បន្ត​បន្ទាប់​ជាក់ស្តែង​ កាល​ពី​ចុង​សប្តាហ៍​កន្លង​មក ​ក្រុមហ៊ុន​មួយ​របស់​ ជប៉ុន ​បាន​បញ្ចេញ​ទុនវិនិយោគ​ចំនួន​ ៦៥ ​លាន​ដុល្លារ​ ដើម្បី​សាងសង់​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​មាន​ឈ្មោះ​ថា World Trade Center Phnom Penh។

លោក Kazuya Urata ​អគ្គនាយក​ក្រុមហ៊ុន ​WTCPP Management Co., Ltd ដែល​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​អគារ​ World Trade Center Phnom Penh(WTC Phnom Penh) បាន​ប្រាប់​ ប៉ុស្តិ៍ អចលនទ្រព្យ​ នៅ​ការិយាល័យ​របស់​លោក​កាលពី​សប្តាហ៍​មុន​ថា​ នៅ​ពេល​លោក​មក​រាជធានី​ភ្នំពេញ​ លើក​ដំបូង​លោក​មាន​គោល​បំណង​ត្រឹមតែ​ជួយ​បណ្តុះបណ្តាល​ជនជាតិខ្មែរ​ឲ្យ​ចេះ​សាង​សង់​អគារ​ខ្ពស់ៗ ​កម្រិត​ស្តង់ដារ​អន្តរជាតិ​តែប៉ុណ្ណោះ​ ប៉ុន្តែ​ជាក់ស្តែង​ពេល​មក​ដល់​រាជធានី​ភ្នំពេញ​លោក​ឃើញ​មាន​ជនជាតិ​ជប៉ុន​ច្រើន​បាន​ចូលមក​វិនិយោគ​និង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​នៅ​កម្ពុជា​ក៏​មិនទាន់​ឃើញ​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដែល​សាងសង់​ឡើង​តាម​ស្តង់ដារ​ជប៉ុន​នៅ​ឡើយ​ ហេតុនេះ​ទើប​លោក​សម្រេចចិត្ត​វិនិយោគ​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ឡើង​ដើម្បី​ផ្តល់​នូវ​អ្វី​ដែល​ជា​ស្តង់ដារ​ជប៉ុន​សម្រាប់​ជនជាតិ​ជប៉ុន​ដែល​មក​រស់នៅ​ និង​ប្រកប​របរ​រកស៊ី​នៅ​កម្ពុជា​ ព្រមទាំង​សម្រាប់​ប្រជាជន​ខ្មែរ និង​ភ្ញៀវ​អន្តរជាតិ​ដទៃ​ទៀត​ផងដែរ​។

ទោះយ៉ាងណា លោក​បន្តថា​៖«​គោល​ដៅ​ធំ​របស់​ខ្ញុំ គឺ​ការ​ជួយ​បណ្តុះ​បណ្តាល​​ជនជាតិ​ខ្មែរ​ឲ្យ​មាន​សមត្ថភាព​សាងសង់​អគារ​ខ្ពស់ ដោយ​ខ្លួនឯង»។​

លោក​បន្តថា​ ៖«World Trade Center Phnom Penh ​នឹងធ្វើ​ឡើង​តាម​​ស្តង់ដារ​របស់​ជប៉ុន ​និង​ មាន​ស្ថាបត្យកម្ម​ចម្រុះ​កម្ពុជា ជប៉ុន​»​។

World Trade Center Phnom Penh​ មាន​កម្ពស់​ ២៣ ​ជាន់​ និង​ក្រោម​ដី​ចំនួន​ ៤ ​ជាន់​ជា​ចំណត​រថយន្ត។ ​គម្រោង​នេះ​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ​ ៣ ៣៧៤ ​ម៉ែត្រការ៉េ និង​ផ្ទៃ​អគារ​ទាំង​មូល មាន​ទំហំ​ ៤៣ ៧២៤ ​ម៉ែត្រការ៉េ​។

ទាក់ទង​ការ​ជ្រើសរើស​ទីតាំង លោក ​Kazuya Urata​ បញ្ជាក់​ថា ទួល​ទំពូង​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏​រស់​រវើក និង​សម្បូរ​ដោយ​អាផាតមិន​ និង​ខុន​ដូ​ព្រម​ទាំង​មាន​មនុស្ស​រស់នៅ​ជាច្រើន ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ​ ទីនោះ​នៅ​មិន​ទាន់​មាន​អគារ​ពាណិជ្ជកម្ម​កម្រិត​ស្តង់ដារ​អន្តរជាតិ​នៅ​ឡើយ​ទេ​។ ​នេះ​ជា​ហេតុផល​ចម្បង​ដែល​លោក​ជ្រើស​រើសយក​តំបន់​នេះ​សម្រាប់​វិនិយោគ​ ហើយ​គិតថា​ងាយ​នឹង​ទទួល​បាន​ជោគជ័យ​។

លោក​ Kazuya Urata​ បាន​បន្តថា​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ នឹង​មាន​ភាព​រីក​ចម្រើន​បន្ត​ទៀត​នាពេល​អនាគត​ ដោយ​សារ​កំណើន​សេដ្ឋកិច្ច​ និង​កំណើន​ប្រាក់​ចំណូល​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។

​លោក​បាន​​បន្តថា ​ហេតុ​ផល​ដែល​លោក​សម្រេច​ចិត្ត​វិនិយោគ​នៅ​កម្ពុជា​ដោយ​សារ​កត្តា​មួយ​ចំនួន​ដូចជា​ ទី​ ១ ​ប្រទេស​កម្ពុជា​ចាយ​ប្រាក់​ដុល្លារ​ដែល​ជា​មូលដ្ឋាន​ដ៏​ល្អ​ផ្តល់​​ទំនុក​ចិត្ត​ដល់​អ្នក​វិនិយោគ ​ទី​២​ ការ​ផ្ញើ​សាច់​ប្រាក់​ពី​កម្ពុជា​ទៅ​បរទេស​មាន​ភាព​ងាយ​ស្រួល​ និង​ទី៣​ កម្ពុជា​ផ្តល់​សិទ្ធិ​ឲ្យ​ជនបរទេស​បោះទុន​ ១០០ ​ភាគរយ ​លើ​ក្រុម​ហ៊ុន​របស់​ខ្លួន​ឯង​បាន​។

រូប​គ្រោង​អគារ WTO Phnom Penh ដែល​​នឹង​សាង​សង់​នៅ​ក្នុង​សង្កាត់​ទួលទំពូង​២ នា​ខែ​មេសា ខាង​មុខ​។ រូបថត សហការី

គម្រោង ​WTC Phnom Penh នឹង​សាង​​សង់​ដោយ​ក្រុមហ៊ុន ​URATA S.E Cambodia Co, Ltd ដែល​នឹង​ចាប់​ផ្តើម​សាងសង់​នៅ​ខែមេសា​ខាងមុខ​ និង​គ្រោង​បញ្ចប់​នៅ​ខែមីនា​ ឆ្នាំ​២០២១ ហើយ​នឹង​បើក​ដំណើរការ​ក្នុង​ខែ​មិថុនា​ឆ្នាំ​២០២១។

ទាក់ទង​នឹង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​​ លោក​ Kazuya Arata ​បាន​ប្រាប់​ថា ​លោក​សង្កេត​ឃើញ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​ មាន​ភាព​ល្អ​ប្រសើរ​ ហើយ​ការ​បោះឆ្នោត​ជាតិ​នា​ឆ្នាំ​នេះ​ក៏​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ទេ​ ព្រោះ​នៅ​ប្រទេស​ណា​ក៏​ដោយ​ពេល​កៀក​នឹង​ការ​បោះឆ្នោត​តែង​មាន​ការ​ប្រែប្រួល​បន្តិច​បន្តួច​ ប៉ុន្តែ​ក្រោយ​ការ​បោះឆ្នោត​បញ្ចប់​ទៅ​អ្វីៗ​នឹង​ដំណើរ​ការ​ដោយ​រលូន​។

គម្រោង​ WTC Phnom Penh​ ស្ថិត​តាម​​បណ្តោយ​ផ្លូវ​លេខ​ ៤៣០ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​ ២ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។ តាម​គម្រោង​ចាប់ពី​ជាន់​ផ្ទាល់​ដី​ដល់​ជាន់​ទី​៣ នឹង​ត្រូវ​ប្រើ​ប្រាស់​ជា​ហាង​លក់​ទំនិញ​ចាប់ពី​ជាន់​ទី​៤ ដល់​ជាន់​ទី​១១​ ជា​ការិយាល័យ​ជួលពី​ជាន់​ទី​១២​ដល់​ជាន់​ទី​២២ ប្រើប្រាស់​ជា​សណ្ឋាគារ​ដែល​មាន​ចំនួន​ ២២០ ​បន្ទប់ និង​ជាន់​លើ​បំផុត មាន​អាង​ហែល​ទឹក និង​ Skybar​។

ទេសរដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​មាន​ប្រសាសន៍​ថា គម្រោង​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ក៏​ដូច​ជា​ជួយ​ពង្រឹង​​ចំណង​ទាក់ទង​ផ្នែក​សេដ្ឋកិច្ច វប្បធម៌ រវាង​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​ជប៉ុន​ពិសេស​នឹង​ផ្តល់​ឱកាស​ដល់​យុវជន​ខ្មែរ​ក្នុង​ការ​ទទួល​បាន​ការ​ងារ​ធ្វើ​កាន់​តែ​ច្រើន​។

ស្ថាបនិក ​និង​ជា​អគ្គនាយក​​ក្រុមហ៊ុន​ Mekong Properties​ លោក​ ថាច ​ចាន់នី​ បាន​ថ្លែង​ថា​ តំបន់​ទួល​ទំពូង​ភាគ​ច្រើន​មាន​ការ​អភិវឌ្ឍ​លំនៅឋាន​ និង​អាផាតមិន​សម្រាប់​ជួល​ច្រើន​ដោយសារ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​នៅ​ទាប​ជាង​តំបន់​បឹង​កេងកង ​១​ និង​បឹង​កេងកង​ ២​។​ ហេតុ​នេះ​​បើ​មាន​ការ​វិនិយោគ​គេ​អាច​ជួល​បាន​ក្នុងតម្លៃ​ពី​ ១២ ​ទៅ​ ១៣ ​ដុល្លារ​ ធៀប​ទៅ​នឹង​តំបន់​បឹង​កេងកង ​១ ​ដែល​មាន​តម្លៃ ​១៨​ ដុល្លារ​ឡើងទៅ​ក្នុង​ ១​ ម៉ែត្រ​ការ៉េ។

​លោក​បន្តថា​ ៖ «​គម្រោង​របស់​ក្រុមហ៊ុន ​ជប៉ុន​ ដែល​វិនិយោគ​នៅ​តំបន់​នេះ​ នឹង​ធ្វើ​ឲ្យ​តំបន់​នេះ​មាន​ភាព​ទាក់ទាញ​ដែល​​ប្រៀបដូចជា​មេដែក​ឆក់​មូយ​ដែល​នឹងជួយ​​​ឲ្យ​​តំបន់​នេះ​មានតម្លៃ​បន្ថែម​»​។​

លោក​បាន​​បន្តថា​ ៖ «​បើ​យើង​ពិនិត្យមើល​ខណ្ឌ​សែន​សុខ​ ប្រសិនបើ​មិនមាន​ផ្សារ​ទំនើប​ Aeon Mall2​ និង​ផ្សារ​ Makro តំបន់​នេះ​មិន​ទាក់ទាញ​បែបនេះ​ទេ​»​។ ​លោក​ប្រាប់​ទៀត​​ថា​​ ៖ «​ការ​វិនិយោគ​របស់​ជប៉ុន​​លើ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ធំ​បែប​នេះ​ខ្ញុំ​គិតថា​វា​នឹង​ទទួល​បាន​ជោគជ័យ​»​។

លោក ​ខាត់​ សុវណ្ណ​ អគ្គនាយក​ក្រុមហ៊ុន ​Camtop Property Group​ បាន​ថ្លែងថា​ បច្ចុប្បន្ន​តំបន់​ទួល​ទំពូង​រីកចម្រើន​ទាំង​វិស័យ​លំនៅឋាន​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិសេស​ហាង​ល្បីៗ​កំពុង​បាញ់​ឆ្ពោះ​ទៅ​កាន់​តំបន់​នេះ។ ​

លោក​បន្ត​ទៀត​ថា ​អាផាតមិន​នៅ​តំបន់​ទួល​ទំពូង​ក៏មាន​ដំណើរ​ការ​ល្អ​ដែរ​ ដោយសារ​វា​មាន​តម្លៃ​សមរម្យ​ហើយ​ទួល​ទំពូង​ជា​តំបន់​ដែល​ជន​បរទេស​ស្គាល់​ច្រើន និង​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ​។

លោក​មាន​ប្រសាសន៍​ថា​ ៖ «​គម្រោង​វិនិយោគ ​WTC Phnom Penh ​ទទួល​ជោគជ័យ​ ឬ​អត់​វា​អាស្រ័យ​លើ​គាត់​សិក្សា​ពី​ទីផ្សារ​បែបណា​ និង​ការ​ឌី​ហ្សា​ញ​ ព្រម​ទាំង​ការ​គ្រប់គ្រង​។

​លោក​បាន​បញ្ជាក់​ថា​ ៖«​ខ្ញុំ​ទទួល​ស្គាល់​គុណភាព​ និង​ការ​​ដេគ័រ​របស់​ជប៉ុន​ល្អ​​ តែ​​ការ​ចំណាយ​ច្រើន​ក៏​ធ្វើ​ឲ្យ​តម្លៃ​វិនិយោគ​ខ្ពស់​ ដែល​ធ្វើ​ឲ្យ​តម្លៃ​សេវាកម្ម​​កើន​ខ្ពស់​ ហេតុនេះ​អ្នក​វិនិយោគ​គួរ​សិក្សា​រក​ចំណុច​កណ្តាល​មួយ​»៕