Yellow Tower ជា​អគារ​មួយ​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​រុក្ខជាតិ​ពណ៌​បៃតង និង​មាន​ការ​តុបតែង​ផ្នែក​ខាង​ក្នុង​ជា​ការិយាល័យ​ធ្វើការ​ដែល​មាន​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ដ៏ទំនើបៗ​។

អគារ​ដែល​មាន​កម្ពស់​ ៧ ​ជាន់​នេះ​គឺជា​ការិយាល័យ​ដ៏ស្រស់ស្អាត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ វល្លិ និង​រុក្ខជាតិ​ដែល​វារតោង​ពី​ក្រោម​ដល់​លើ​នោះ​បាន​ធ្វើឲ្យ​អគារ​មួយ​នេះ​ហាក់​ពួន​សំងំ​ក្នុង​ម្លប់​ធម្មជាតិ​ដ៏ត្រឈៃ​។

ជាន់​ដំបូល និង​រាន​ខាង​មុខ​គ្រប់​ជាន់​ទាំងអស់​ផ្តល់​នូវ​ទេសភាព​ដ៏ត្រកាល​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ក្នុង​តំបន់​ជ្រោយចង្វារ​។ គ្រប់​ជាន់​ទាំងអស់​សុទ្ធ​តែ​មាន​ការ​តុបតែង និង​មុខងារ​ផ្សេងៗ​ពី​គ្នា​យ៉ាង​ពិសេស​ព្រម​ទាំង​មាន​បរិយាកាស​ខ្យល់ និង​ពន្លឺ​ចេញ​ចូល​បាន​ល្អ​ទៀត​ផង​។

គ្រឿងសង្ហារិម​ដែល​ប្រើ​សម្រាប់​ការតុបតែង​ក៏​មាន​ភាពទំនើប​ទាន់​សម័យ​ផងដែរ​សម្រាប់​កន្លែង​ធ្វើការ​ដែល​ប្រកប​ដោយ​ភាព​ស្ងប់ស្ងាត់ សុខុដុមរមនា និង​ផ្តល់​នូវ​បរិយាកាស​បែប​ច្នៃប្រឌិត​ដល់​អ្នក​មក​ធ្វើការ​នៅ​ទី​នេះ​។ មាន​តុ​ធំៗ និង​តាប​ស្នូឃ័រ សាឡុង​អង្គុយ និង​សៀវភៅ​ជាច្រើន​ក្បាល​សម្រាប់​អាន និង​កន្លែង​អង្គុយ​ទទួល​ទាន​សុរា​លម្ហែ​អារម្មណ៍​ផង​ដែរ​។ ជាន់​នីមួយៗ​ក៏​មាន​ផ្ទះបាយ​ទុក​សម្រាប់​ពេល​ចម្អិន​ម្ហូបអាហារ ។

គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Outpost អគារ​ការិយាល័យ​ធ្វើការ​អង្គុយ​រួម​គ្នា​នេះ មាន​នូវ​កន្លែង​អង្គុយ​ជាច្រើន និង​មាន​តុ​ធ្វើការ​ព្រម​ទាំង​មាន​បន្ទប់​ធ្វើការ​មាន​ម៉ាស៊ីន​ត្រជាក់​ដាច់​ដោយ​ឡែក​ពី​គេ​ផង​ដែរ ដោយ​រួមមាន​ទាំង​សេវា​អ៊ីនធឺណិត​ផ្តល់​ជូន​ជាស្រេច និង​បន្ទប់ IT គ្រប់​ជាន់​ទាំងអស់​។ ជ្រើសរើស​កន្លែង​ធ្វើការ​តាម​អារម្មណ៍​របស់​អ្នក​៖ អង្គុយ​ធ្វើការ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​ដាច់​ដោយ​ឡែក​ពី​គ្នា ឬ​អង្គុយ​ជាមួយ​គេឯង​ក្នុង​កន្លែង​ធ្វើការ​ដែល​ពោរពេញ​ទៅ​ដោយ​បរិយាកាស​គួរ​ឲ្យ​ចាប់​អារម្មណ៍​។

អ្នក​ក៏​អាច​ជួល​បន្ទប់​ដោយ​ឡែក​ពី​គេ​តាម​តម្រូវការ​ដោយ​មាន​ដល់​ទៅ​ ៨ ​បន្ទប់ ហើយ​បន្ទប់​នីមួយៗ​មាន​ទំហំ​ធំ​ទូលាយ និង​តុបតែង​យ៉ាង​ល្អ​ប្រណីត​៕