ក្លាយ​ខ្លួន​ជា​សហគ្រិន​វ័យក្មេង​ដ៏ជោគជ័យ វា​ជា​ក្តីស្រមៃ​របស់​មនុស្ស​ជាច្រើន ប៉ុន្តែ​ក្នុង​នាម​ជា​សហគ្រិន​វ័យក្មេង​វា​មិនមែន​ជា​រឿង​ដែល​ងាយស្រួល​នោះទេ គឺ​វា​ទាមទារ​ឲ្យ​មាន​មហិច្ឆតា​ខ្ពស់ ភាពឆ្លាតវៃ កម្លាំងចិត្ត​ដើម្បី​បង្កើត​អ្វីមួយ​ដែល​ថ្មី និង​ការប្តេជ្ញាចិត្ត ជម្នះ​រាល់​ឧបសគ្គ​ដើម្បី​សម្រេច​ឲ្យ​ដល់​គោលដៅ និង​ទទួល​បាន​ជោគជ័យ ហើយ​មិនមែន​គ្រប់​គ្នា​សុទ្ធតែ​អាចធ្វើ​បាន​នោះទេ​។

ដោយ​មាន​ចំណង់​ចំណូលចិត្ត​ចង់​បង្កើត​អាជីវកម្ម​ខ្លួនឯង និង​មាន​ចំណង់​ចំណូលចិត្ត​ធ្វើ​នំខេក​ទើប​ធ្វើឲ្យ​បងប្អូន​ស្រី​ ២ ​នាក់​កំពុង​ចាប់ដៃ​គ្នា​បើកហាង​ធ្វើ​នំខេក​ជាមួយ​នឹង​ចក្ខុវិស័យ​អាជីវកម្ម​វែងឆ្ងាយ ដែល​បង្កើត​បាន​នូវ​អាជីវកម្ម​មួយ​កំពុង​ទទួល​បាន​ជោគជ័យ​។

ចេញ​ពី​ក្តីស្រឡាញ់​ និង​ការចង់​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន​បាន​ជំរុញ​ឲ្យ​បងប្អូន​បង្កើត​ ២ ​នាក់ បើកហាង​នំខេក​ «​ផ្ទះ​នំខេក &​នំប៉័ង​» សាខា​ទី​ ១ ស្ថិត​នៅ​ផ្លូវ​កម្ពុជា​ក្រោម រាជធានី-ភ្នំពេញ​ក្នុង​ឆ្នាំ​ ២០១៦​។ ត្រឹម​រយៈពេល​ដ៏ខ្លី អាជីវកម្ម​មួយ​នេះ​ត្រូវបាន​ពង្រីក​រហូត​ដល់​ ៦ ​សាខា​ដោយ​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាជន​ខ្មែរ​ជាង​ ៦០ ​នាក់​។

ហាង​លក់​នំខេក​របស់​ពួកគេ​មាន​លក់​នំខេក​គ្រប់​តម្រូវការ សម្រាប់​ពិធី​ខួបកំណើត មង្គលការ និង​កម្មវិធី​ផ្សេងៗ​ទៀត​ដែល​កំពុង​ទាក់ទាញ​តម្រូវការ​ពី​បណ្តា​ខេត្ត​មួយចំនួន​ដូចជា ខេត្តកណ្តាល កំពង់ស្ពឺ និង​ខេត្តកោះកុង ជាដើម​។

នំខេក​រសជាតិ​តយ​ដូង​មាន​ការពេញនិយម​ជាងគេ​។

កញ្ញា ធា វួចអេង ជា​សហគ្រិន​វ័យក្មេង និង​ជា​ម្ចាស់​អាជីវកម្ម​ «​ផ្ទះ​នំខេក និង​នំប៉័ង​» បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​ខ្ញុំ​បើកហាង​នំខេក​នេះ​ឡើង​គឺ​ដោយសារ​តែ​ខ្ញុំ​ស្រឡាញ់​ខាង​ការរចនា​ម៉ូដ​នំខេក​ស្អាតៗ និង​ប្លែកៗ ម្យ៉ាង​វិញ​ទៀត​ខ្ញុំ​អត់​ចូលចិត្ត​ធ្វើការ​ឲ្យ​គេ ខ្ញុំ​ចូលចិត្ត​រកស៊ី​ខ្លួនឯង​។ ក្នុង​ឆ្នាំ​ ២០១៦ បងស្រី​ខ្ញុំ និង​ខ្ញុំ​បាន​ទៅ​រៀន​ធ្វើ​នំខេក​បន្ថែម​នៅ​ទីក្រុង​បាងកក ពីព្រោះ​ខ្ញុំ​ចង់​បាន​បទពិសោធ និង​របៀប​ធ្វើ​នំខេក​ជាក់ស្តែង​»​។

កញ្ញា វួចអេង និង​បងស្រី​របស់គាត់​បាន​ក្លាយ​ជា​សហគ្រិន​ស្ត្រី​វ័យក្មេង​ដ៏ជោគជ័យ​ដែល​បាន​បង្កើត​យីហោ​ផ្ទាល់ខ្លួន និង​ទទួល​បាន​ឯករាជភាព​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ​។

យោង​តាម​គេហទំព័រ​អន្តរជាតិ Food and Wine ចេញផ្សាយ​ក្នុង​ខែមីនា ឆ្នាំ​ ២០១៨ បាន​ឱ្យ​ដឹងថា ៨៥% នៃ​អ្នក​ដែល​រៀន​មុខវិជ្ជា ធ្វើ​នំខេក នំដុត នៅ​វិទ្យាស្ថាន​ធ្វើ​ម្ហូប​សហរដ្ឋអាមេរិក គឺជា​ស្ត្រី បើ​ប្រៀបធៀប​ទៅនឹង​ ៥០ ​ភាគរយ នៃ​អ្នកចុះឈ្មោះ​ចូលរៀន​ទាំងមូល​។

យោង​តាម​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ដែល​ជា​ផ្នែក​មួយ​នៃ​ធនាគារ​ពិភពលោក​បាន​រាយការណ៍​ថា​៖ «​ស្វែងយល់​ពី​ឱកាស​សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​នៅ​កម្ពុជា​» ​ភាគច្រើន​នៃ​អាជីវកម្ម​បែបនេះ​ត្រូវបាន​ដំណើរការ​ដោយ​ស្ត្រី​។

របាយការណ៍​ឆ្នាំ​ ២០១៩ បាន​បង្ហាញថា​៖ «​ការពិត​ស្ត្រី​ដែលជា​ម្ចាស់​អាជីវកម្ម​ភាគច្រើន​នៅក្នុង​ប្រទេស (​មាន ៦១ ភាគរយ​) ខ្ពស់​ជាង​បណ្តា​ប្រទេស​អាស៊ាន​ជាច្រើន​»​។

បច្ចុប្បន្ននេះ ស្ត្រី​វ័យក្មេង​កម្ពុជា​កំពុង​ចាប់ផ្តើម​ប្រកួតប្រជែង​នឹង​វិជ្ជាជីវៈ​ដែល​គ្រប់គ្រង​ដោយ​បុរស និង​ក្លាយជា​សហគ្រិន​ដូចជា​កញ្ញា វួចអេង ជាដើម ហើយ​មិន​ត្រឹមតែ​ដើម្បី​ជោគជ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើម្បី​ពង្រីក​អំណាច​ស្ត្រី​ផងដែរ​។

កញ្ញា វួចអេង ថ្លែង​ថា​៖ «​តាមពិត​ទៅ​ខ្ញុំ​មិន​ចូលចិត្ត​ធ្វើការ​ឲ្យ​គេ​ទេ គឺ​ខ្ញុំ​ចូលចិត្ត​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន​។ មុនពេល​ខ្ញុំ​ចាប់ផ្តើម​អាជីវកម្ម​ធ្វើ​នំខេក​នេះ គឺ​ខ្ញុំ​មាន​តូប​មួយ​លក់​កាហ្វេ​ និង​តែ​បៃតង​»​។

ហាង​នំខេក​ «​ផ្ទះ​នំខេក & នំបុ័ង​» មាន​ ៦ ​សាខា​នៅក្នុង​រាជធានី​ភ្នំពេញ​។

កញ្ញា​បន្ថែមថា​៖ «​នំខេក​របស់ខ្ញុំ​ផ្តោត​សំខាន់​លើ​រសជាតិ ម៉ូដ និង​តម្លៃ ប៉ុន្តែ​អ្វីដែល​ពិសេស​បំផុត​សម្រាប់​នំខេក​របស់ខ្ញុំ​គឺ​រសជាតិ​នៅ​ខាងក្នុង​។ ហើយ​ចំពោះ​ម៉ូដ​វិញ​គឺ​ខ្ញុំ​តែងតែ​មាន​ម៉ូដ​ថ្មីៗ​ជានិច្ច​។ ហាង​នំខេក​របស់​ខ្ញុំ​មាន​ ៤ ​រសជាតិ​គឺ​តយ​ដូង សូកូឡា ទុរេន និង​ស្ត្រប៊េរី ហើយ​រសជាតិ​ដែល​ទទួល​បាន​ការគាំទ្រ​ច្រើនជាងគេ​គឺ​រសជាតិ​តយ​ដូង​»​។

«​ហាង​ខ្ញុំ​មាន​លក់​នំខេក​គ្រប់​ទំហំ ដែល​មាន​តម្លៃ​ចាប់ពី ៥ ​ដុល្លារ​ឡើងទៅ ហើយ​នំ​ធំ​បំផុត​ដែល​យើង​ធ្លាប់​ធ្វើ​ជូន​អតិថិជន​គឺមាន​ទម្ងន់​ប្រហែល​ ៣០ ​គីឡូក្រាម​។ ចំពោះ​តម្លៃ​វិញ​គឺ​សមរម្យ​ដែល​មាន​ចាប់ពី​តម្លៃ​ ៥ ​ដុល្លារ​ឡើងទៅ​»​។

បច្ចុប្បន្ន​តម្រូវការ​នំខេក​កំពុងតែ​ពេញនិយម ម្យ៉ាង​គឺ​ដោយសារ​ប្រាក់ចំណូល​គ្រួសារ​មាន​ការកើនឡើង​ដែរ ខណៈ​មាន​ការកើនឡើង​នៃ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម និង​ការធ្វើ​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​បាន​ធ្វើឱ្យ​អាជីវកម្ម​របស់​កញ្ញា វួចអេង កាន់តែ​មាន​ការរីកចម្រើន​។

កញ្ញា​បាន​លើកឡើង​ថា​៖ «​បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​មាន​ការពេញនិយម នំខេក​ច្រើន​ធៀប​នឹង​រយៈពេល​ ១០ ​ឆ្នាំ​មុន ខ្ញុំ​មើលឃើញ​ថា មាន​ភាពខុសគ្នា​ខ្លាំង ជាពិសេស​នំខេក​សម្រាប់​កម្មវិធី​ខួបកំណើត​»​។

«​ខ្ញុំ​ក៏​តែងតែ​ឡាយ​លក់​តាម​ហ្វេសប៊ុក​ដែរ ហើយ​អតិថិជន​ប្រមាណ​ ៥០ ​ភាគរយ​ស្គាល់​ហាង​របស់​ខ្ញុំ​តាមរយៈ​ការឡាយ​របស់ខ្ញុំ​»​។

កញ្ញា​ វួចអេង បាន​លើក​ឡើង​ថា​៖ «​ជីវភាព​ប្រជាជន​កាន់តែ​ប្រសើរ និង​មាន​កម្មវិធី​ផ្សេងៗ​កាន់តែ​ច្រើន ជាពិសេស​ពិធី​ខួបកំណើត ដែល​សុទ្ធតែ​មាន​តម្រូវការ​នំខេក​។ ជាទូទៅ​កម្មវិធី​អ្វីមួយ បើ​មាន​នំខេក​នឹង​ធ្វើឲ្យ​ពិធី​នោះ​កាន់តែ​រីករាយ និង​ពិសេស​ទ្វេ​ឡើង​»៕