កាហ្វេ BROWN ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០០៩ ដោយ​សហគ្រិន​កម្ពុជា​វ័យ​ក្មេង ១ ក្រុម ​ក្នុង​នោះ​ហាង​កាហ្វេ​BROWN ​មាន​លក់​កាហ្វេ​ម្ហូប​អាហារ​ និងនំ​ដ៏​ឈ្ងុយឆ្ងាញ់​ដែល​ជា​អាជីវកម្ម​ដ៏​ជោគជ័យ​មួយ​របស់​កូន​ខ្មែរ។

បច្ចុប្បន្ន​កាហ្វេ​ BROWN មាន​ចំនួន​ហាង​ច្រើន​បំផុត​លំដាប់​ទី​៣ គឺ​មាន​ហាង​សរុប​ចំនួន ១៩ ហើយ​យ៉ាង​ហោច​ណាស់​ហាង​ចំនួន ២ បន្ថែម​ទៀត​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​នេះ ។

កាហ្វេ BROWN​ ជា​យីហោ​កាហ្វេ​ដ៏​ល្បីល្បាញ​ក្នុង​ស្រុក​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ដោយ​សារ​តែ​លក្ខណ​ពិសេស​ជា​ច្រើន​របស់​ខ្លួន​ទើប BROWN ក្លាយ​ជា​ជម្រើស​ដ៏​ពិត​ប្រាកដ​របស់​អតិថិជន​ទោះ​បី​ជា​ទីផ្សារ​កាហ្វេ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​យ៉ាង​ណា​ក្តី​ក៏​យីហោ​កាហ្វេ​ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​មួយ​នេះ​នៅ​បន្ត​រីកចម្រើន​ជា​លំដាប់។

ដើម្បី​ស្វែងយល់​បន្ថែម​អំពី​អាជីវកម្ម​មួយ​នេះ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ភ្នំពេញ ប៉ុស្តិ៍ បាន​សម្ភាស​កញ្ញា ចែម ស្រីអឿន ប្រធាន​គ្រប់គ្រង​យីហោ (Brand Manager) ហាង​កាហ្វេ ​BROWN Coffee and Bakery ។ នៅ​ពេល​សួរ​ថា តើ​អ្វី​ជា​កូនសោ​គន្លឹះ នៃ​ភាព​ជោគជ័យ​របស់​យីហោ​កាហ្វេ​មួយ​នេះ? កញ្ញា ស្រីអឿន បាន​រៀបរាប់​ថា ភាព​ជោគជ័យ​របស់ BROWN Coffee and Bakery គឺ​ផ្អែក​លើ​ចំណុច​សំខាន់​ចំនួន ៣ ហើយ​ចំណុច​ទី​១ គឺ​កាហ្វេ BROWN បាន​ជួយ​បង្កើត​នូវ​វប្បធម៌​នៃ​ការ​ញុំ​​កាហ្វេ​ដ៏​ជាក់លាក់​មួយ​របស់​ប្រជាជន​កម្ពុជា។

ហាងមានលក្ខណៈទំនើប ធំទូលាយ មានផាសុកភាព រួមជាមួយការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។ភ្នំពេញ ប៉ុសិ៍្ត

កញ្ញា ចែម ស្រីអឿន ថ្លែង​ថា៖ «ពី​មុន​ការ​ទទូល​ទាន​កាហ្វេ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​តែ​មនុស្ស​វ័យ​ចំណាស់​ប៉ុណ្ណោះ​ដែល​ចូលចិត្ត​ពិសា​កាហ្វេ ​ហើយ​ភាគ​ច្រើន​ពួក​គាត់​អង្គុយ​តាម​តូប​លក់​កាហ្វេ​តូចៗ។ ប៉ុន្តែ​បច្ចុប្បន្ន​កាហ្វេ BROWN ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​បានច្នៃ​ប្រឌិត​កាហ្វេ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ និង​គុណភាព​ខ្ពស់​ជា​មួយ​នឹង​ការ​រចនា​ហាង​ដ៏​ទំនើប ដើម្បី​បម្រើ​ដល់​អតិថិជន​គ្រប់​វ័យ​ និង​គ្រប់​ទិសទី»។

ចំពោះ​ចំណុច​សំខាន់​ទី​២ កញ្ញា​បញ្ជាក់​ថា៖ «កាហ្វេ BROWN មាន​គុណភាព​ខ្ពស់​យើង​ជ្រើសរើស​យក​គុណភាព​កាហ្វេ​លេខ​មួយ​យើង​លីង​ នឹង​ឆុង​ដោយ​ផ្ទាល់​ជា​មួយ​នឹង​ម៉ាស៊ីន​ដែល​មាន​ស្តង់ដា​ខ្ពស់​ហើយ​ចំពោះ​អាហារ​ និង​នំ​វិញ គឺ​យើង​ចម្អិន​ដោយ​ផ្ទាល់។ ចំណុច​ទី៣ គឺ​យើង​ដឹង​ថា​អតិថិជន​របស់​យើង​ត្រូវ​ការ​អ្វី។ ជា​ការ​ពិត​ណាស់​តម្រូវ​ការ​របស់​អតិថិជន​តែង​មាន​ការ​ផ្លាស់​ប្តូរ ​ដូច្នេះយើង​ខិតខំ​បន្ត​អភិវឌ្ឍ​ និង​រិះរក​នូវ​អ្វី​ដែល​ថ្មី ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​របស់​អតិថិជន»។

ទោះ​បី​មាន​ការ​ប្រកួត​ប្រជែង​ដ៏​ខ្លាំងក្លា​ពី​ម៉ាក​យីហោ​ល្បីៗ​ជា​ច្រើន​ក្តី ក៏​កាហ្វេ BROWN នៅ​តែ​ទទួល​ជោគជ័យ និង​រក្សា​សម្ទុះ​នៃ​ការ​គាំទ្រ​រឹងមាំ​ដដែល។ កញ្ញា ស្រីអឿន បាន​កត់​សម្គាល់​ថា៖ «នេះ​គឺ​ដោយ​សារ​តែ​យើង​មាន​ការ​ផ្តល់​ជូន​ជា​កញ្ចប់​ជា​អ្វី​ដែល​អតិថិជន​ត្រូវ​ការ គឺ​មាន​ច្រើន​លើស​ពី​កាហ្វេ»។

កញ្ញា​បន្ត​ថា ជោគជ័យ​របស់​កាហ្វេ BROWN នៅ​លើ ទីផ្សារ​ដ៏​រឹងមាំ​នេះ គឺ​នៅ​មាន​កត្តា​រួម​ផ្សំ​ជា​ច្រើន​ទៀត​ ប៉ុន្តែ​អ្វី​ដែល​កាន់​តែ​ពិសេស គឺ​ការ​ទាក់ទាញ​អតិថិជន​មាន​ចំណូល​មធ្យម​នៅ​កម្ពុជា​ដែល​កំពុង​កើន​ឡើង។ ម្យ៉ាង​វិញ​ទៀត​យើង​ផ្តល់​កន្លែង​សមស្រប​សម្រាប់​សិស្ស​និស្សិត​ក្រុម​គ្រួសារ​អ្នក​ជំនួញ​ការ​ជួបជុំ​មិត្តភក្តិ​ថ្មី​ចាស់​មក​អង្គុយ​នៅ​ក្នុង​ហាង​ដ៏​ទំនើប​មាន​ផាសុកភាព​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់ និង​មាន​អ៊ីនធឺណិត​សម្រាប់​ប្រើប្រាស់​អម​ជា​មួយនឹង​រសជាតិ​អាហារ​និង​កាហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់។

ជា​ពិសេស​ទៀត​នោះ ​ទាំង​ភ្ញៀវ​ទេសចរ​ និង​ជន​បរទេស​ក៏​ពួក​គាត់​មាន​អារម្មណ៍​ថា​ជា​ផ្នែក ១ នៃ​សហគមន៍​កម្ពុជា​របស់​យើង​ដែរ នៅ​ពេល​ពួក​គាត់​បាន​ទទួល​ទាន​កាហ្វេ​ដ៏​ល្បីល្បាញ​មួយ​នេះ»។ ទាក់ទង​ឧបសគ្គ​ និង​បញ្ហា​ប្រឈម​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​កញ្ញា ស្រីអឿន បាន​លើក​ឡើង​ថា​រឿង​មួយ​ដែល BROWN ប្រឈម​ខណៈ​ក្រុមហ៊ុន​កំពុង​បន្ត​រីក​ចម្រើន​នេះ​ គឺ​រក្សា​ការ​បង្កើត​ថ្មី​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​ចំ​ពេល​ទីផ្សារ​កាហ្វេ​កំពុង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង។ កញ្ញា​បន្ត​ថា ៖ «យើង​ត្រូវ​ស្តាប់​ទាំង​អតិថិជន និង​បុគ្គលិក​របស់​យើង ​ដើម្បី​បន្ត​កសាង​អាជីវកម្ម​មួយ​នេះ​ក្នុង​ទិសដៅ​វិជ្ជមាន»។

បញ្ហា​ប្រឈម​មួយ​ទៀត​កញ្ញា ស្រីអឿន ឲ្យ​ដឹង​ថា គឺ​ការ​ស្វែងរក​បុគ្គលិក​ដែល​មាន​សមត្ថភាព​នឹង​រួសរាយ​រាក់ទាក់​ដោយ​ការ​ស្វែងរក​បុគ្គលិក​បែប​នោះ គឺ​មាន​ការ​លំបាក​ម្យ៉ាង​វិញ​ទៀត ​ដោយសារ​តែ​បច្ចុប្បន្ន​មាន​ការងារ​ច្រើន​ដូច្នេះ​ពួក​គាត់​មាន​ជម្រើស​ច្រើន​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​កាហ្វេ BROWN នៅ​តែ​បន្ត​ស្វែងរក​បុគ្គលិក​ដែល​ប្រកប​ដោយ​គុណភាព។ តម្រូវ​ការ​បុគ្គលិក​មាន​ស្តង់ដា​ខ្ពស់ គឺ​ជា​ចំណុច​សំខាន់​ដែល BROWN Coffee and Bakery តែងតែ​ប្រកាន់​ខ្ជាប់ ដើម្បី​បន្ត​ផ្តល់​ជូន​សេវាកម្ម​ដ៏​ល្អ​បំផុត​ដល់​អតិថិជន​។

បុគ្គលិកកំពុង លីងគ្រាប់កាហ្វេគុណភាពលេខមួយជាមួយនឹងម៉ាស៊ីនដែលមានស្តង់ដាខ្ពស់។ ភ្នំពេញ ប៉ុសិ៍្ត

កញ្ញា ស្រីអឿន បាន​ពន្យល់​ថា​ចំពោះ​ការ​ពង្រីក​សាខា​បន្ថែម​យើង​នៅ​តែ​ប្រកាន់​ខ្ជាប់​គោល​នយោបាយ​បច្ចុប្បន្ន​របស់​យើង​ជា​មួយ​នឹង​ការ​រចនា​ហាង​ជា​បី​ផ្នែក​ផ្សេងៗ​គ្នា។

ទី​១ គឺ​ហាង BROWN Express ដែល​ជា​ហាង​តូច​ផ្តោត​លើ​ពេល​វេលា។ ហាង BROWN Express ផ្តល់​ជូន​កាហ្វេ និង​អាហារ​មាន​ស្តង់ដា​ខ្ពស់​ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​ពេលវេលា​តិច ​និង​ទិញ​ខ្ចប់​យក​ទៅ​ក្រៅ។ ទី​២ គឺ​ហាង BROWN Classic រចនា​ឡើង​បែប​បុរាណ​មាន​ទំហំ​ធំ​ទូលាយ។ ជា​កន្លែង​ដ៏​សមស្រប​បំផុត​សម្រាប់​អតិថិជន​អង្គុយ​ជួបជុំ​គ្នា​ប្រកប​ដោយ​ផាសុកភាព​ និង​កក់ក្តៅ​ហើយ​រចនាបថ​ចុង​ក្រោយ គឺ​ហាង BROWN Roastery ហាង​នេះ​តំណាង​ឱ្យ​ចំណុច​ពិសេស​របស់​ម៉ាក​យីហោ BROWN Coffee and Bakery។

ទាំង​នេះ គឺ​ជា​ហាង​ដ៏​ប្រណីត​របស់​ម៉ាក​យីហោ BROWN Coffee and Bakery ជា​កន្លែង​ដែល​អតិថិជន​អាច​ទទួល​បាន​កាហ្វេ​មាន​រសជាតិ​ឆ្ងុយឆ្ងាញ់​ និង​ស្រង់​ក្លិន​កាហ្វេ​ដ៏​ក្រអូប​ពាសពេញ​ហាង​សមស្រប​បំផុត​សម្រាប់​អតិថិជន​គ្រប់​រូប​ដែល​ចំណាយ​ពេល​វេលា​វែង​ក្នុង​ការ​សម្រាក​ជួបជុំ​ពិភាក្សា​ និង​ទទួល​បាន​អារម្មណ៍​កក់ក្តៅ​ជា​លក្ខណៈ​សហគមន៍​នៅ​ក្នុង​ហាង​កាហ្វេ BROWN។

លើស​ពី​នេះ​ទៀត​គ្រាប់​កាហ្វេ​នៅ​ហាង BROWN Coffee and​ Bakery គឺ​ត្រូវ​លីង​ និង​ឆុង​នៅ​ចំពោះ​មុខ​អតិថិជន​តែ​ម្តង​ដែល​អតិថិជន​ក៏​អាច​មើល​ឃើញ​ពី​ដំណើរការ​នៃ​ការ​ឆុង​កាហ្វេ​ដោយ​ផ្ទាល់​ផង​ដែរ។

ទោះ​បី​ជា​ទីផ្សារ​កាហ្វេ​នៅ​កម្ពុជា​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់ ប៉ុន្តែ​វា​នៅ​តែ​ជា​វិស័យ​មួយ​ដែល​មាន​ការ​រីក​ចម្រើន​ខ្លាំង។​ ខណៈ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​បន្ត​រីក​លូតលាស់​ប្រជាជន​កម្ពុជា​មាន​ប្រាក់​ចំណូល​កាន់​តែ​ច្រើន​ធ្វើ​ឲ្យ​ការ​ចំណាយ​ក៏​កើន​ឡើង ជា​ពិសេស​អតិថិជន​តែងតែ​ចង់​ទទួល​បទពិសោធ​ជា​មួយ​អ្វី​ដែល​ថ្មី​ទំនើប និង​មាន​គុណភាព​ខ្ពស់។

ការ​រចនា​ហាង​ក៏​ដូច​ជា​ការ​ពង្រឹង​គុណភាព គឺ​ជា​ចំណុច​ដ៏​សំខាន់​ដែល​កាហ្វេ BROWN តែង​ប្រកាន់​ខ្ជាប់ ​ដើម្បី​បន្ត​ផ្តល់​ជួន​កាហ្វេ​អាហារ​ និង​នំ​ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​គុណភាព​ខ្ពស់​ដល់​អតិថិជន​គ្រប់​រូប​ខណៈ​ខ្លួន​កំពុង​សម្លឹង​រក​ការ​ពង្រីក​សាខា​បន្ថែម​នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ៕