ក្រុមហ៊ុន​គ្រប់គ្រង​កម្មវិធី Kilat ​កំពុង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​វិធី​ដែល​ឧស្សាហកម្ម​មួយ​នេះ​ប្រតិបត្តិការ​ជាមួយ​កន្លែង​និម្មិត​ប្រកប​ដោយ​ភាពច្នៃប្រឌិត​ដែល​បង្កើន​តម្លៃ​នៃ​ការរៀបចំ​កម្មវិធី​ឲ្យ​កាន់តែ​រស់​រវើក​។

«​កន្លែង​និម្មិត​ (Virtual Venue ) ​គឺជា​ការច្នៃប្រឌិត​ថ្មី​មួយ​ដែល​អនុញ្ញាត​ឱ្យ​យើង​បន្ត​ក្តីស្រលាញ់​របស់​យើង​ចំពោះ​កម្មវិធី ដោយ​អនុវត្ត​តាម​វិធានការណ៍​ការពារ​ជំងឺ​កូវីដ​១៩​។ វា​គឺជា​ដំណោះស្រាយ​កម្មវីធី​បែប​ឌីជីថល​ចុងក្រោយ​ដែល​អាចបំពេញ​តម្រូវការ​សម្រាប់​គ្រប់​កម្មវិធី​ទាំងអស់​»​។

លោក Alex Dance ប្រធាន​ផ្នែក​នៃ​ក្រុមហ៊ុន Kilat មាន​ប្រសាសន៍​ថា​៖ «​ភាពបត់បែន​នៃ​កន្លែង​និម្មិត​អនុញ្ញាត​ឱ្យ​វា​សម្រប​ខ្លួន​ទៅនឹង​កម្មវិធី​ធំៗ​ដូចជា​កម្មវិធី​សន្និសីទ ពិធី​ប្រកួត​លេង​ហ្គេម​តាម​អនឡាញ ការប្រគំតន្ត្រី ពិធី​សម្ពោធ​ផលិតផល និង​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន​ទៀត​។ ភាពស្រស់ស្អាត​នៃ​កន្លែង​និម្មិត​គឺ​បាន​ទៅ​ដល់​ទស្សនិកជន​យ៉ាងច្រើន​ក្នុង​តម្លៃ​ទាប​ជាង​ព្រឹត្តិការណ៍​ដែល​ធ្វើ​នៅក្នុង​សាល​»​។

លោក Dance បន្ត​ថា​៖ «Kilat រីកចម្រើន​នៅក្នុង​ឧស្សាហកម្ម​ដែល​កំពុង​មាន​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​មួយ​នេះ​ដោយ​ការច្នៃប្រឌិត​ថ្មីៗ​»​។

លោក Alex Dance

«​ស្មារតី​របស់​យើង​គឺ​ជួយ​លើកស្ទួយ​អតិថិជន​របស់​យើង​ជានិច្ច​។ ​ប្រសិន​បើ​អតិថិជន​និយាយ​ថា​ «​យើង​ចង់បាន​នេះ​» នោះ​យើង​នឹង​ឆ្លើយថា​ «​មិន​អី​ទេ​អ្នក​អាច​បាន​វា ប៉ុន្តែ​ចំពោះ​វិធី​នេះ ហេតុ​អី​យើង​មិន​ធ្វើ​ឲ្យ​វា​ធំ​ជាង​នេះ​»​។ ចូរ​ធ្វើ​អ្វីមួយ​ដែល​មិន​ធ្លាប់មាន​ពីមុន​នៅ​កម្ពុជា​»​។

លោក​បញ្ជាក់ថា​៖ «​យើង​ខិតខំ​ឲ្យ​ក្លាយ​ជា​អ្នក​ដំបូង​គេ​ដែល​ធ្វើ​អ្វីៗ​ទាំងនេះ​តាមរយៈ​ការនាំ​មក​នូវ​បច្ចេកវិទ្យា​ផ្សេងៗ​គ្នា ហើយ​យើង​ពិតជា​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​ដែល​យើង​បាន​ក្លាយជា​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​ដ៏រឹងមាំ​បំផុត​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​»​។

Kilat ជា​ភាសា​ម៉ាឡេ​មាន​ន័យថា «​ផ្លេកបន្ទោរ​» ​ហើយ​អាច​ត្រូវបាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​អ្វីមួយ​ដែល​ត្រូវ​បាន​ធ្វើ​ជាមួយ​ឧត្តមភាព​បែបនេះ ដែល​ពិបាក​សម្រាប់​អ្នកដទៃ​ធ្វើតាម​។ ​ជាមួយ​នឹង​ស្មារតី​នេះ ក្រុមហ៊ុន Kilat ​បាន​ទាក់ទាញ​អតិថិជន​ដែល​ជា​ម៉ាក​ល្បីៗ​ជាច្រើន​។

ក្នុង​នោះ​មានដូចជា H&M, Manulife ហុងកុង​, ស្រាបៀរ Tiger, អាកាសចរណ៍ Emirates រថយន្ត Chevrolet និង​ទូរស័ព្ទ Oppo ដែលជា​អតិថិជន​របស់ខ្លួន​។ Kilat ក៏មាន​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​ដូចជា Smart និង​គាំទ្រ​ដល់​សិល្បករ​អន្តរជាតិ​ល្បីៗ​ដែល​ពួកគេ​បាន​មក​សម្តែង​នៅ​ប្រទេស​កម្ពុជា​ក្នុង​នោះ​រួមមាន​តារា​ចំរៀង​អាមេរិក​លោក Charlie Puth និង Demi Lovato ក៏ដូចជា​តារា​កូរ៉េ​លោក Rain ជាដើម​។

លោក Dance ថ្លែង​ថា​៖ «​យើង​ត្រូវបាន​អ្នក​នៅក្នុង​ឧស្សាហកម្ម​ធំៗ​ជាច្រើន​បាន​ទាក់ទង ដោយសារ​តែ​យើង​មាន​បណ្តាញ​ធំ​ទូលាយ​នៅក្នុង​ឧស្សាហកម្ម​រៀបចំ​កម្មវិធី​អាស៊ាន​យើង​ក៏​ផ្តល់​សេវាកម្ម​ជូន​អតិថិជន​អន្ដរជាតិ​ដែល​ប្រតិបត្តិការ​នៅ​កម្ពុជា​ផងដែរ​»​។

ខណៈ​ប្រទេស​កម្ពុជា​កំពុង​ចូល​ទៅក្នុង​ «​បទដ្ឋាន​ថ្មី​» ក្រុមហ៊ុន Kilat បន្ទាប់ពី​ទទួល​បាន​កំណត់ត្រា​ដ៏ល្អ​ក្នុង​ឆ្នាំ​ ២០១៩ ក្រុមហ៊ុន​ក៏​កំពុង​រក្សា​នូវ​ភាពរឹងមាំ​របស់​ខ្លួន​នៅក្នុង​ទីផ្សារ​តាមរយៈ​ទំនុកចិត្ត​ និង​ភាពបត់បែន​។

«​កាលពី​ដើម​ឆ្នាំនេះ​យើង​បាន​ពង្រីក​បន្ថែម​ដោយ​បង្កើត​ផ្នែក​ទីផ្សារ​ឌីជីថល និង​ផ្នែក​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ឌីជីថល​ដែល​មាន​យុវជន​កម្ពុជា​មាន​ទេពកោសល្យ​ចូលរួម​។ ផ្នែក​ទាំងនេះ​គឺ​ទទួល​ខុសត្រូវ​ចំពោះ​ខ្លឹមសារ LED របស់​យើង​។ ថ្មីៗ​នេះ​ក្រុម​បាន​បង្កើត​វីដេអូ EDM Virtual Venue និម្មិត​គំរូ ដោយ​ពី​មុន​យើង​ជួល​គេ​ធ្វើ​មកពី​ក្រៅ ប៉ុន្តែ​ពេល​នេះ​យើង​អាច​ធ្វើបាន​ដោយ​ខ្លួនឯង​»​។

លោក Dance លើកឡើង​ថា​ដោយសារ​ទីផ្សារ​នៅ​ក្មេងខ្ចី​បើ​ធៀប​នឹង​ប្រទេស​ជិតខាង ក្រុមហ៊ុន​គ្រប់គ្រង​កម្មវិធី​នានា​នៅ​កម្ពុជា ធ្វើការ​លើ​គ្រប់ផ្នែក​ទាំងអស់​។

«​ក្រៅពី​ពិធី​អាពាហិពិពាហ៍ គ្មាន​ក្រុមហ៊ុន​គ្រប់គ្រង​កម្មវិធី​ណាមួយ​ធ្វើ​តែមួយ​ផ្នែក​នោះ​ទេ គឺ​មាន​ច្រើន​ផ្នែក​ដូចជា​កម្មវិធី​សន្និសីទ ការប្រគំ​តន្ត្រី និង​ពិធី​រាត្រីសមោសរ ជាដើម​។ រៀបចំ​ការប្រគំ​តន្ត្រី​គឺជា​ជំនាញ​ឯកទេស​របស់​យើង​ពីព្រោះ​យើង​មាន​ឧបករណ៍​គ្រប់​ប្រភេទ​ទាំងអស់​ដូចជា​ឧបករណ៍​ប្រព័ន្ធ​សំឡេង ភ្លើង​បំភ្លឺ​អេក្រង់ និង​អ្នករៀបចំ​កម្មវិធី​ដែល​មាន​ពិសោធន៍​ខ្ពស់ យើង​អាច​រៀបចំ​កម្មវិធី​ធំៗ​បាន​។ យើង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​ចំណោម​ក្រុមហ៊ុន​ស្តង់ដា​អន្តរជាតិ​ជាច្រើន ហើយ​នេះ​គឺជា​អ្វី​ដែល​យើង​ចង់​នាំ​យក​មក​កាន់​ប្រទេស​កម្ពុជា​»​។

បុរស​សញ្ជាតិ​អង់គ្លេស​រូបនេះ​ថ្លែងថា​៖ «​កម្មវិធី Kilat Events គឺមាន​លក្ខណពិសេស​ប្លែក​ពី​គេ​ ដោយសារ​តែ​យើង​មាន​ផ្នែក​បច្ចេកទេស​ដែល​មាន​មុខងារ​ពេញលេញ​ជាមួយ​នឹង​ឧបករណ៍​ផ្ទាល់ខ្លួន​ដែល​អនុញ្ញាត​ឱ្យ​យើង​នាំ​មក​នូវ​គំនិត​ច្នៃប្រឌិត និង​កំណត់​ស្តង់ដា​បច្ចេកទេស​ឲ្យ​កាន់តែ​ខ្ពស់​»​។

កម្មវិធី​និម្មិត​របស់ Kilat កំពុង​បន្ត​ជាមួយ​នឹង​គំនិត​ផ្តួចផ្តើម​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាច្រើន​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​តាម​អនឡាញ​ដូចជា​កម្មវិធី​ «Tech Talk with Kevin » និង​មាតិកា​ក៏ដូចជា​កម្មវិធី​ផ្សេង​ទៀត ខណៈ​កម្មវិធី Battle of the Bands ដ៏មាន​ប្រជាប្រិយភាព​គ្រោង​នឹង​វិល​ត្រលប់​មក​កាន់​កញ្ចក់​ទូរទស្សន៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​នៅ​ខែ​តុលា​ខាងមុខ​គឺ​នឹង​មាន​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍ MyTV​។

«​ច្បាស់​ណាស់​ការផ្លាស់ប្តូរ​ឆ្ពោះ​ទៅ​រក​ពិភព​ឌីជីថល​បាន​កើតឡើង​រួចហើយ ដូច្នេះ​យើង​ដឹងថា​កម្មវិធី​នានា​នឹង​នៅតែ​បន្ត​មាន​។ ការផ្សាយ​បន្តផ្ទាល់ និង​យុទ្ធនាការ​ទីផ្សារ​ចម្រុះ​ទំនង​នឹង​ធ្វើ​ឡើង​នៅពេល​អនាគត​។ កម្មវិធី​រូបវ័ន្ត​ជាក់ស្តែង​នឹង​នៅតែ​បន្ត​មាន បើទោះបី​ជា​មាន​វិធានការ​រឹតត្បិត​ដើម្បី​ការពារ​សុវត្ថិភាព​សុខភាព​ក្តី​»​។

លោក Dance បាន​បន្តថា​៖ «​យើង​ត្រូវតែ​មាន​ភាពបត់បែន​ និង​សម្រប​ខ្លួន​ទៅនឹង​ការផ្លាស់ប្តូរ​សង្គម​ដូច​ឧស្សាហកម្ម​ដទៃទៀត​ដែរ​។ ការតស៊ូ​របស់​យើង​បាន​ជំរុញ​ឱ្យ​មាន​ការច្នៃប្រឌិត ហើយ​បច្ចុប្បន្ន​យើង​អាច​ផ្តល់ជូន​នូវ​សេវាកម្ម​ទីផ្សារ​ឌីជីថល​បន្ថែម​លើ​កន្លែង​និម្មិត​។ យើង​នឹង​បន្ត​អភិវឌ្ឍ​គំនិត​ផ្តួចផ្តើម​ថ្មីៗ និង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​សម្រាប់​អនាគត​កាន់តែ​ត្រចេះ ត្រចង់​»៕