ធនាគារ ស្ថាបនា ត្រូវ​បានទទួល​ស្គាល់​ចំពោះ​ភាពជឿនលឿន​ដ៏ខ្លាំងក្លា​របស់ខ្លួន​គិត​ចាប់តាំងពី​បាន​ក្លាយ​ជា​ធនាគារពាណិជ្ជ​ក្នុង​ឆ្នាំ ២០១៦ ដោយ​ក្នុងនោះ​ទទួល​បាន​ពានរង្វាន់​អន្តរជាតិ​ជាច្រើន​ជាមួយ​នឹង​កិត្យានុភាព​ជាច្រើន​ទៀត ដែល​រាប់បញ្ចូល​ទាំង​កម្មវិធី​ធនាគារ​លើ​ទូរស័ព្ទដៃ Sathapana Mobile របស់ខ្លួន​ផងដែរ​។

លោក លឹម អូន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ស្ថាបនា បាន​ឱ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​អំពី​សារៈសំខាន់​នៃ​ពានរង្វាន់​ទាំងនោះ និង​ការបន្ត​ប្រកាន់យក​នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក៏ដូចជា​ផែនការ​នាពេល​អនាគត​របស់​ធនាគារ ស្ថាបនា​។

ការទទួល​ពានរង្វាន់​ទាំងនេះ​គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​នៅក្នុង​ការអភិវឌ្ឍ ធនាគារ ស្ថាបនា ឱ្យ​ក្លាយជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ និង​ជា​អ្នកដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​សេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេស​កម្ពុជា​។ តើ​វា​មាន​អត្ថន័យ​យ៉ាង​ដូចម្តេច​ចំពោះ​លោក​?

ពិតណាស់ យើង​ពិតជា​រីករាយ​ដែល​ទទួល​បាន​ពានរង្វាន់​ទាំងនេះ ហើយ​ក៏​រីករាយ​ចំពោះ​ការទទួលស្គាល់​អំពី​ភាពច្នៃប្រឌិត​នៃ​ប្រព័ន្ធ​ឌីជីថល ដែល​យើង​បានផ្តល់​ជូន​អតិថិជន តាមរយៈ Sathapana Mobile​។ ខ្ញុំ​សូម​កោតសរសើរ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការលះបង់​របស់​ក្រុមការងារ​ដែល​មាន​ទស្សនវិស័យ​រួម​ក្នុង​ការវិវឌ្ឍ​អាជីវកម្ម​របស់​យើង សម្រាប់​សតវត្សរ៍​ទី​ ២១ នេះ​។

យើង​បាន​ក្លាយខ្លួន​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ខ្នាតតូច​ដែល​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​គិត​ចាប់​តាំងពី​ឆ្នាំ​ ១៩៩៥ មក​រហូត​ដល់​ក្លាយ​ជា​ធនាគារ​ឌីជីថល​ឈានមុខ​គេ​មួយ​ដែល​កំពុង​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​ដំណើរ​នេះ​វា​គ្រាន់តែ​ជា​ការចាប់ផ្តើម​ប៉ុណ្ណោះ ហើយ​យើង​កំពុង​រិះរក​វិធី​ផ្សេងទៀត​ដែល​ក្នុងនោះ​បច្ចេកវិទ្យា​អាច​កែលម្អ​សេវាកម្ម និង​ប្រតិបត្តិការ​របស់​យើង​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​សម្រាប់​អតិថិជន​។

យើង​បានឮ​យ៉ាងច្រើន​អំពី “​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ឌីជីថល​” និង​ការលើក​ឡើង​ដែល​ទាក់ទង​គ្នា​។ ប៉ុន្តែ​តើ​វា​មានន័យ​ដូចម្តេច​ចំពោះ​អតិថិជន​របស់​លោក​?

ច្បាស់​ណាស់​ដែល​ថា​មាន​ការលើកឡើង​ជាច្រើន​ទាក់ទង​នឹង​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ឌីជីថល ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា​ការផ្លាស់ប្តូរ​របស់​យើង​ក្លាយ​ទៅ​ជា​ធនាគារ​ផ្តោត​សំខាន់​លើ​ឌីជីថល គឺ​មាន​លើស​ពី​ការនិយាយ ហើយ​យើង​សង្កេតឃើញ​នូវ​ការផ្លាស់ប្តូរ​ជាច្រើន​ដែល​កំពុង​នាំចូល​ទៅក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​គ្រប់រូប​។

ឧទាហរណ៍​ជាក់ស្តែង​មួយ​គឺ​ការបើក​គណនី​ធនាគារ​ដែល​ធ្លាប់តែ​ចំណាយ​ពេលវេលា​ច្រើន ដែល​លោកអ្នក​ត្រូវ​ទៅកាន់​សាខា​ធនាគារ​ដោយផ្ទាល់ ដើម្បី​បំពេញ​ឯកសារ ឬ​ក្រដាស​ស្នាម​ជាច្រើន មុន​ពេល​បើក​គណនី​ថ្មី​មួយ​បាន​។ ប៉ុន្តែ​បច្ចុប្បន្ន​ជាមួយ Sathapana Mobile លោកអ្នក​អាច​បើក​គណនី​ធនាគារ​មួយ​បាន​ដោយផ្ទាល់​ពី​ទូរស័ព្ទដៃ ហើយ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​នឹង​អាច​ចាប់ផ្តើម​ដំណើរការ​បាន​ដែល​អាច​បង់​វិក្កយបត្រ​នានា ផ្ទេរប្រាក់ ឬ​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទដៃ បាន​ទាំងអស់​តាមរយៈ​កម្មវិធី​នេះ​។ ដូច្នេះ​វា​សន្សំ​ពេលវេលា ផ្តល់​ភាពងាយស្រួល និង​សុវត្ថិភាព ហើយ​ការប្រើប្រាស់​បច្ចេកវិទ្យា​នេះ​គឺ​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​អតិថិជន​របស់​យើង​។

លោក លឹម អូន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ស្ថាបនា​។

នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​ប្រទេស​កម្ពុជា មនុស្ស​ជាច្រើន​ហាក់​នៅតែ​ស្ទាក់ស្ទើរ​ក្នុង​ការទទួល​យក​បច្ចេកវិទ្យា​ឌីជីថល ហើយ​នៅតែ​ចូលចិត្ត​ប្រើប្រាស់​សាច់ប្រាក់​។ តើ​លោក​កំពុង​ព្យាយាម​ផ្លាស់ប្តូរ​ចំណុច​នេះ​ដោយ​របៀប​ណា​?

វា​ជា​ការពិត​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​នេះ សូម្បីតែ​នៅក្នុង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​បំផុត​ដូចជា​សហរដ្ឋអាមេរិក ដំណោះស្រាយ​នៃ​ការទូទាត់​ដោយ​គ្មាន​សាច់ប្រាក់ ទើបតែ​ទទួល​បាន​ការផ្តល់​តម្លៃ និង​ចាប់ផ្តើម​ប្រើប្រាស់ អំឡុងពេល​ផ្ទុះ​ជំងឺ​កូវីដ​១៩​។ រហូត​មក​ដល់​ឆ្នាំនេះ ប្រជាជន​អាមេរិក​នៅតែ​មាន​ការស្ទាក់ស្ទើរ​យ៉ាងខ្លាំង​ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​ដែលមាន​សុវត្ថិភាព និង​ភាពងាយស្រួល​នេះ ពីព្រោះ​សាច់ប្រាក់​គឺ​នៅ​តែ​សំខាន់​នៅឡើយ​។

នៅក្នុង​ប្រទេស​កម្ពុជា យើង​បាន​ឈានដល់​ចំណុច​នេះ​គឺ​ដោយសារ​តែ​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន ក៏ដូចជា​រដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​សម្រប​យ៉ាង​ឆាប់រហ័ស​ទៅនឹង​ដំណោះស្រាយ​ទូទាត់​ដោយ​គ្មាន​សាច់ប្រាក់ និង​ធនាគារ​ឌីជីថល​។

នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ ប៉ុន្តែ​ខ្ញុំ​យល់ឃើញ​ពី​ការប្តេជ្ញាចិត្ត​ពិតប្រាកដ​នៅក្នុង​វិស័យ​សាធារណៈ និង​ឯកជន​ក្នុង​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល ហើយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឆ្នើមៗ​ជាច្រើន ដែល​កំពុង​វិវឌ្ឍ​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ប្រចាំថ្ងៃ​របស់​មនុស្ស​គ្រប់គ្នា​។

នៅ​ធនាគារ ស្ថាបនា យើង​បាន​ដាក់ចេញ​សេវាកម្ម​ទូទាត់​ឌីជីថល ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​។ ឧទាហរណ៍​ជាមួយ Sathapana Mobile អតិថិជន របស់​យើង​អាច​ទូទាត់​ប្រាក់​បាន​យ៉ាង​ងាយស្រួល និង​មាន​សុវត្ថិភាព តាមរយៈ​លេខ​កូដ QR ។ ក្រៅ​ពីនេះ​ការផ្ទេរ​ប្រាក់​ត្រូវ​បាន​ធ្វើឡើង​យ៉ាង​ងាយស្រួល​តាមរយៈ​កូដ QR ឬ​ការប្រើប្រាស់​លេខ​ទូរស័ព្ទ​របស់​អ្នក​ទទួល​។

លើស​ពីនេះ​ទៀត ជាមួយ​នឹង Sathapana Mobile អតិថិជន​អាច​បង់ថ្លៃ​អគ្គិសនី បង់ថ្លៃ​ទឹក បង់ថ្លៃ​សំរាម និង​បង់ថ្លៃ​វិក្កយបត្រ​ផ្សេងៗ​បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។

យើង​កំពុង​លើក​ទឹកចិត្ត​ឱ្យ​ធ្វើការ​​បង់ប្រាក់​ដោយ​មិន​ប្រើ​សាច់ប្រាក់​តាមរយៈ Sathapana Mobile​។ អតិថិជន​អាចធ្វើ​ការទូទាត់​ផ្សេងៗ ដោយ​មិនចាំបាច់​កាន់​សាច់ប្រាក់ ឬ​ប៉ះពាល់​ដោយផ្ទាល់​។

លោក​លើកឡើង​ថា​នៅ​មាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ ...​តើ​វិធានការ​បែបណា​ដែល​ត្រូវធ្វើ​ដើម្បី​ឲ្យ​មនុស្ស​កាន់តែច្រើន​ចូល​មក​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​នេះ​?

វា​ទាក់ទង​នឹង​ចំណេះដឹង​ហិរញ្ញវត្ថុ និង​ការអប់រំ​ដល់​ប្រជាជន​របស់​យើង​អំពី​អត្ថប្រយោជន៍​នៃ​ការចូលទៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ផ្លូវការ​តាមរយៈ​គណនី​ធនាគារ Mobile Wallets និង​ផ្សេងទៀត​។ តាមរយៈ​ការធ្វើ​បែបនេះ ពួកគាត់​មាន​ពេលវេលា និង​ឱកាស​សន្សំ​ប្រាក់​ដែល​ខុសប្លែក​ពី​របៀប​សន្សំ​តាមបែប​សាច់ប្រាក់​សុទ្ធ​។

ការប្រើប្រាស់​ទូរស័ព្ទដៃ​កំពុង​កើនឡើង​ខ្ពស់ ហើយ​បណ្តាញ​ទូរស័ព្ទ​ចល័ត​គ្របដណ្តប់​ពេញ​ផ្ទៃ​ប្រទេស ជាមួយ​នឹង​អត្រា​ទិន្នន័យ​ដែលមាន​ការប្រកួត​ប្រជែង​ខ្លាំង ដែល​វា​ជា​សក្តានុពល​ដ៏ល្អ​សម្រាប់​ហិរញ្ញវត្ថុ​ឌីជីថល​។ ដូច្នេះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ចាំបាច់​ត្រូវ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន និង​បង្ហាញ​ពី​គុណសម្បត្តិ​នៃ​សេវាកម្ម​ហិរញ្ញវត្ថុ​ឌីជីថល​។

ឧទាហរណ៍ ជាមួយ Sathapana Mobile របស់​ធនាគារ ស្ថាបនា ការផ្ទេរប្រាក់ ការទូទាត់​វិក្កយបត្រ ការបញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ និង​លក្ខណៈ​ពិសេស​ជាច្រើន​នៃ​កម្មវិធី​នេះ គឺ​អាចធ្វើ​ប្រតិបត្តិការ​ដោយ​ឥតគិតថ្លៃ​។ ដូច្នេះ​បើ​អ្នក​ប្រៀបធៀប​ការចំណាយ​ពេលវេលា​​ និង​ប្រាក់​ទៅ​សាខា ធនាគារ ឬ​ភ្នាក់ងារ​ផ្ទេរប្រាក់​ផ្សេងៗ​គឺ​វា​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន ហើយ​យើង​ចង់​ធ្វើឱ្យ​ប្រាកដថា​ប្រជាជន​ដឹង​អំពី​រឿងនេះ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​។

តើ​លោក​បាន​សម្រួល​ប្រតិបត្តិការ​របស់​លោក​យ៉ាង​ដូចម្តេច​ខ្លះ ដើម្បី​ជា​ការឆ្លើយតប​ទៅ​នឹង​ជំងឺ​រាតត្បាត​កូវីដ​១៩ នេះ​?

ជា​ការពិត ជំងឺ​កូវីដ​ ១៩ បាន​ផ្លាស់ប្តូរ​របៀប​ដែល​យើង​មើល​ទៅ​ពិភពលោក​ជុំវិញ​ខ្លួន ហើយ​នៅ​ធនាគារ ស្ថាបនា យើង​បាន​ផ្តោតលើ​ការធានា​សុវត្ថិភាព​បុគ្គលិក និង​អតិថិជន​របស់​យើង​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អនាម័យ​និង​ការរក្សា​គម្លាត នៅតាម​ការិយាល័យ​ និង​សាខា​របស់​យើង​នៅ​ទូទាំង​ប្រទេស​។

ការងារ​ធំ​ជាង​នេះ ​គឺ​ការគាំទ្រ​អតិថិជន​របស់​យើង​នៅក្នុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច ហើយ​យើង​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន ដើម្បី​ស្វែងយល់​អំពី​បញ្ហា​ប្រឈម ដែល​ពួកគេ​ជួបប្រទះ និង​ស្វែងរក​ដំណោះស្រាយ​ដែល​អាច​ជួយ​ទ្រទ្រង់​អាជីវកម្ម​ និង​ក្រុមគ្រួសារ​ពួកគេ​ក្នុង​គ្រា​ដ៏លំបាក​។

ថ្វីត្បិតតែ Sathapana Mobile មិន​ត្រូវបាន​បង្កើតឡើង​ដោយ​ផ្តោត​ជាក់លាក់​លើ​ការរក្សា​គម្លាត គោលបំណង​សំខាន់ និង​ចេតនា​នៃ​ការបង្កើត​កម្មវិធី​ឈានមុខ​គេ​នេះ គឺ​ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាជន​មាន​ភាពងាយស្រួល​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ​នៅ​គ្រប់​ទីកន្លែង ដោយ​មិនចាំបាច់​ទៅកាន់​សាខា​ធនាគារ ឬ​កាន់​សាច់ប្រាក់​ដោយផ្ទាល់​។

លក្ខណៈពិសេស​ភាគច្រើន​នៅក្នុង Sathapana Mobile គឺ​ការធ្វើ​ប្រតិបត្តិការ​ដោយ​ឥតគិតថ្លៃ ហើយ​វា​ក៏​ជា​វិធី​មួយ​ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​អតិថិជន​របស់​យើង ដោយ​កាត់បន្ថយ​ការចំណាយ​របស់​ពួកគេ សូម្បីតែ​តិចតួច​ក្តី​៕