វិស័យ​ផលិតកម្ម​ដែល​តែងតែ​បញ្ចេញ​ផ្សែង​ខ្មួលខ្មាញ់​ពី​រោងចក្រ​ទៅលើ​អាកាស ហាក់​បាន​ស្ងប់ស្ងាត់ និង​ពុំមាន​សំឡេង​រំខាន​នៃ​ខ្សែចង្វាក់​ផលិតកម្ម​ទេ​នៅក្នុង​ឆ្នាំនេះ ដោយសារ​តែ​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ​១៩​។

អាជីវកម្ម​មួយចំនួន​ត្រូវបាន​រង​ផលប៉ះពាល់ និង​រាំងស្ទះ​ដល់​ប្រតិបត្តិការ​ចាប់តាំងពី​មាន​ជំងឺ​រាតត្បាត​កូវីដ​១៩ ដែល​បានចាប់ផ្តើម​កាលពី​ដើម​ឆ្នាំនេះ ហើយ​វា​បាន​ធ្វើឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ទូទាំង​ពិភពលោក កាត់បន្ថយ​ចង្វាក់​អាជីវកម្ម និង​ប្រតិបត្តិការ​របស់ខ្លួន​ ឬ​បោះបង់ចោល​ផលិតកម្ម​។

មាន​បញ្ហា​ប្រឈម​ជាច្រើន​នៅក្នុង​អំឡុងពេល​ជំងឺ​កូវីដ​១៩ នេះ ពីព្រោះ​តម្រូវការ​ទំនិញ ឬ​ផលិតផល​សម្រេច​មាន​ការផ្គត់ផ្គង់​យឺតយ៉ាវ ខណៈ​ព្រំដែន​ត្រូវបាន​បិទ ចំណែកឯ​កង្វះខាត​វត្ថុធាតុដើម និង​ការរឹតត្បិត​ការធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​បាន​ធ្វើឱ្យ​វិស័យ​ផលិតកម្ម​នៅក្នុង​ប្រទេស​ជាច្រើន​មាន​ការថមថយ​។ សូម្បី​ប្រទេស​កម្ពុជា​ក៏​រង​ផលប៉ះពាល់​ដែរ ទៅលើ​វិស័យ​មួយចំនួន ដូចជា​វិស័យ​ទេសចរណ៍ រោងចក្រ កន្លែង​កម្សាន្ត និង​វិស័យ​ផលិតកម្ម​ក៏​បាន​ជួបប្រទះ​នឹង​ស្ថានភាព​ប្រហាក់ប្រហែល​គ្នា​ដែរ​។

យោងតាម​សេចក្តី​ថ្លែងការណ៍​រួម​រវាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ដែល​បានចេញ​ផ្សាយ​កាលពី​ខែ​តុលា បាន​ឱ្យ​ដឹងថា រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​រោងចក្រ​ផលិត​សម្ភារ​សម្រាប់​ធ្វើដំណើរ​ប្រហែល ៤០០ នៅក្នុង​ប្រទេស​កម្ពុជា​បាន​ផ្អាក​ប្រតិបត្តិការ​របស់​ពួកគេ​ដែល​បណ្តាលឱ្យ​កម្មករ​ជាង ១៥០ ០០០ ​នាក់​គ្មាន​ការងារ​ធ្វើ​នៅ​ទូទាំង​ប្រទេស ដោយសារ​ជំងឺ​រាតត្បាត​កូវីដ​១៩​។

ផលិតផល​កម្ពុជា​ត្រូវបាន​ដាក់តាំង​នៅក្នុង​កម្មវិធី​តាំងពិព័រណ៍​នាពេល​កន្លងទៅ​។ ហុង មិនា

យ៉ាងណា​ក៏ដោយ​នៅក្នុង​ឧស្សាហកម្ម​កែច្នៃ​ចំណីអាហារ​នៃ​សហគ្រាស​ខ្នាតតូច​ និង​មធ្យម​មាន​ភាពខុសប្លែក​ពី​វិស័យ​ដទៃទៀត​។ មនុស្ស​ជាច្រើន​បាន​រត់គេច​ចេញពី​កន្លែង​ដែល​គ្មាន​សុវត្ថិភាព ខណៈ​ក្នុងពេល​បច្ចុប្បន្ន ពួកគេ​បាន​កាត់បន្ថយ​តម្រូវការ​សម្លៀកបំពាក់​ងាក​មក​រៀបចំ​ទុកដាក់​ស្បៀងអាហារ​ក្នុងផ្ទះ​ជំនួស​វិញ​។

សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុងស្រុក​បាន​ទាញយក​អត្ថប្រយោជន៍​ពី​ការកាត់បន្ថយ​ការ​នាំចូល​ផលិតផល​ក្រៅប្រទេស ដោយសារ​តែ​ការរាតត្បាត​នៃ​ជំងឺ​នេះ និង​បាន​បង្កើន​ផលិតកម្ម​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។ តម្រូវការ​ផលិតផល​ចំណីអាហារ និង​ប្រើប្រាស់​ជាច្រើន​ត្រូវ​បាន​បង្កើន​ផលិតកម្ម ដូចជា អាហារសម្រន់ ទឹកត្រី ទឹកស៊ីអ៊ីវ មីកញ្ចប់ ទឹក​លាងដៃ ត្រីងៀត ទឹកបរិសុទ្ធ និង​ម៉ាស់​ការពារ​ជាដើម​។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម (FASMEC) ឧកញ៉ា តែ តាំងប៉ មានប្រសាសន៍​​ថា​៖ «​បើ​និយាយ​ពី​បញ្ហា​កូវីដ វា​មាន​ផលប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ និង​វាយនភណ្ឌ តែ​ចំពោះ​ការកែច្នៃ​ផលិតផល​ចំណីអាហារ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា គឺ​មិនមាន​ផលប៉ះពាល់​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​កាន់តែ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ផលិតផល​ក្នុងស្រុក និង​លក់ដាច់​ជាង​មុន ដោយសារ​ការនាំ​ចូល​ពី​ប្រទេស​ជិតខាង​ត្រូវបាន​កាត់បន្ថយ​»​។ ដូច្នេះ​ធ្វើឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម មាន​លទ្ធភាព​ផ្គត់ផ្គង់​ទីផ្សារ និង​ផលិត​បាន​ច្រើនជាង​មុន​»​។

លោក​បន្តថា​៖ «​កាលពីមុន​យើង​គិតតែ​អំពី​ការ​នាំចូល​ផលិតផល​អាហារ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុងអំឡុងពេល​ជំងឺ​កូវីដ​-១៩ យើង​ផ្តោតលើ​ការលក់​ក្នុងស្រុក​ដូច្នេះ​ផលិតផល​ម្ហូបអាហារ​ដែល​ផលិត​ក្នុងស្រុក​កំពុង​លក់ដាច់​ជាង​មុន​»​។

នេះ​បើតាម​លោក​ឧកញ៉ា តែ តាំងប៉ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​កម្មវិធី «​ការប្រកួត​ជើងឯក​លើក​ទី​ ១ សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ដែល​រៀបចំ​សហការ​ដោយ សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម និង​ក្រុមហ៊ុន PLMP Venture Capital»​។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម ឧកញ៉ា តែ តាំងប៉​។ ហ៊ាន រង្សី

លោក​ឱ្យដឹង​ដែរ​ថា បច្ចុប្បន្ន​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​ទូទាំង​ប្រទេស​មាន​ជាង ៥៣ ​ម៉ឺន សហគ្រាស រួមមាន​ផ្នែក​សេវាកម្ម ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង​ផ្នែក​កម្មន្តសាល (​អ្នក​ផលិត​កែច្នៃ​ផលិតផល​កសិកម្ម​ទៅជា​ចំណី​អាហារ​) ដែល​ក្នុងនោះ​ឧស្សាហកម្ម​ផលិត​ចំណីអាហារ​មាន ៤០ ​ភាគរយ​ដែល​ផ្តល់​ការងារ​ជិត​ ១,២ លាន​នាក់ និង​រួមចំណែក​ ៥៨​ ភាគរយ ដល់​ផលិតផល​ក្នុងស្រុក​នៅ​កម្ពុជា​។ ការកើនឡើង​នៃ​តម្រូវការ​ផលិតផល​ក្នុងស្រុក​មិន​ត្រឹមតែ​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នានា​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​ក្នុង​ការកាត់បន្ថយ​ការចំណាយ​ទៅលើ​ការនាំចូល​ផលិតផល​អាហារ​ផងដែរ​។

លោក​ ឧកញ៉ា តែ តាំងប៉ បាន​ថ្លែងថា នៅពេលដែល​ការនាំ​ចូល​ពី​ប្រទេសជិតខាង​ត្រូវបាន​កាត់បន្ថយ សហគ្រាស​ធុន​តូច​ និង​មធ្យម របស់​យើង​បាន​ចាប់ផ្តើម​ផលិត​បន្ថែមទៀត​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។

«​តាមពិត សហគ្រាស​ធុន​តូច និង​មធ្យម​មិន​សង្ឃឹម​ក្នុងការ​នាំចេញ​ប៉ុន្មាន​ទេ សំខាន់​បំផុត​ការលក់​ក្នុងស្រុក បើ​និយាយ​ឱ្យ​ចំ ផលិតផល​ក្នុងស្រុក​មាន​ទំហំ​ធំ​ណាស់ វា​អាច​រួមចំណែក​ដល់​សេដ្ឋកិច្ចជាតិ​។ បើ​គិត​នៅក្នុង​មួយឆ្នាំៗ យើង​នាំចូល​ផលិតផល​ចំណីអាហារ​ប្រមាណ ៥ ​ទៅ ៦ ​ពាន់​លាន​ដុល្លារ ប៉ុន្តែ​បើសិនជា​យើង​ផលិត​លក់​ក្នុង​ស្រុក​បាន​ន័យថា​យើង​កាត់បន្ថយ​ការនាំ​ហិរញ្ញវត្ថុ​ចេញ​ទៅ​ក្រៅ​»៕