ការ​បើក​ច្រក​ទេសចរណ៍​ទៅ​កាន់​ខេត្ត​ឈៀងរ៉ៃ​របស់​ប្រទេស ​ថៃ ​ចំពោះ​អ្នក​ទេសចរ​កម្ពុជា ​គឺ​អាច​ជំរុញ​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២។ កាល​ពី​ឆ្នាំ​មុន មាន​ភ្ញៀវ​ទេសចរ​កម្ពុជា​ប្រមាណ​ជាង ​៨០ ​ម៉ឺន​នាក់ បាន​ទៅ​ទស្សនា​ប្រទេស ​ថៃ​ និង​អ្នក​ទេសចរ​ថៃ​ប្រមាណ ​៣០ ​ម៉ឺន​នាក់ ​បាន​មក​ទស្សនា​ប្រទេស ​កម្ពុជា​។

ប្រទេស ​ថៃ ​កំពុង​លើក​កម្ពស់​វិស័យ​ទេសចរណ៍​របស់​ខ្លួន​ឲ្យ​កាន់​តែ​រឹងមាំ​។ អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) បាន ជ្រើសរើស​ទិសដៅ​លេចធ្លោ​ថ្មី​ចំនួន ​៤ ​នៅ​ទូទាំង​ប្រទេស ​ដើម្បី​ដាក់​ចេញ​ជា ​«​គោលដៅ​ទេសចរណ៍​លក្ខណៈ​គ្រួសារ​»​ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ក្នុង​ការ​ទាក់ទាញ​ទេសចរ​ឲ្យ​បាន ​៤១ ​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​នេះ​។​

ទីក្រុង​ដែល​កំពុង​លេចធ្លោ​ថ្មី​ទាំង​នោះ​មាន​ដូចជា​ខេត្ត ឈៀងរ៉ៃ ភីតសានុ ​លោក​ សុខោទ័យ ត្រាត-​ចាន់ថា​បុរី និង​ហាតយ៉ៃ​-​សាទូន ដែល​កំពុង​ត្រូវ​បាន​លើក​កម្ពស់​ជា​គោលដៅ​ទេសចរណ៍​លក្ខណៈ​គ្រួសារ​។​

ជា​ទូទៅ​ភ្ញៀវ​ទេសចរ​ស្គាល់​ខេត្ត​ឈៀងរ៉ៃ តាមរយៈ​វត្ត រុង ឃុន​ (​ប្រាសាទ​ពណ៌​ស) ប៉ុន្តែ​ឥឡូវ​នេះ ភ្ញៀវ​ទេសចរ​អាច​ទៅ​ទស្សនា​សហគមន៍​ទេសចរណ៍​ដ៏​ទាក់ទាញ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ខេត្ត​ឈៀងរ៉ៃ​។

ម៉ាស់បិទមុខពណ៌មាសធ្វើពីសូត្រដង្កូវនាង ធ្វើឲ្យផ្ទៃមុខភ្លឺរលោង ក្មេងជាងវ័យ​។ ​នាង សុភាព

ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង ២ (​ថៃ​-​កម្ពុជា​) ​គឺ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយសារ​ជា​ប្រទេស​ជិត​ខាង​គ្នា​។​ភ្ញៀវ​ទេសចរ​កម្ពុជា​ទៅ​កាន់​ប្រទេស ​ថៃ ​គឺ​មាន​កំណើន​ជា​រៀងរាល់​ឆ្នាំ ខណៈ​ដែល​ប្រជាជន​កម្ពុជា​​មាន​ចំណូល​កាន់​តែ​ខ្ពស់ ដូច្នេះ​ពួក​គេ​មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​កាន់​តែ​ច្រើន។​

លោក Chattan Kunjara Na Ayudhaya អភិបាលរង​នៃ​អាជ្ញាធរ​ទេសចរណ៍​ថៃ​ទទួល​បន្ទុក​ទីផ្សារ​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ខាង​ត្បូង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ យើង​ចង់​ឱ្យ​ប្រជាជន​កម្ពុជា​ទៅ​ទស្សនា​ខេត្ត​ឈៀងរ៉ៃ​ និង​ទិសដៅ​ទេសចរណ៍​ថ្មីៗ​ជា​ច្រើន​ទៀត​។

ទន្ទឹម​នឹង​នេះ​ដែរ​លោក​ក៏​បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​អន្តរជាតិ ​និង​ភ្នាក់ងារ​ទេសចរណ៍​អន្តរជាតិ​ជាង ​៦០ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​រៀបចំ​ដំណើរ​ទស្សនកិច្ច​ពិសេស​មួយ ដែល​រៀបចំ​ឡើង​ដោយ TAT ចាប់​ពី​ថ្ងៃ​ទី ​៤​ ដល់​ថ្ងៃទី ​៧ ​ខែ មេសា ដែល​អ្នក​ចូលរួម​ទាំង​អស់​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​បាងកក​ទៅ​កាន់​គោលដៅ​ដែល​កំពុង​លេចធ្លោ​ទាំង​នោះ​។

កាល​ពី​ឆ្នាំ​មុន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ១៧០,០០០ នាក់ បាន​ទៅ​ទស្សនា​ខេត្ត​ឈៀងរ៉ៃ​។

កាហ្វេគឺជាផលិតផលដ៏ទាក់ទាញ មួយទៀតនៅខេត្តឈៀងរ៉ៃ​។ នាង សុភាព

ប្រទេស ​កម្ពុជា ​និង​ថៃ ​មាន​ទំនាក់ទំនង​ទ្វេភាគី​យ៉ាង​ជិតស្និទ្ធ​ហើយ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ បាន​ឈាន​ដល់ ​៨,៤ ​ពាន់​លាន​ដុល្លារ ​កាល​ពី​ឆ្នាំ​មុន បើ​ប្រៀបធៀប​នឹង ឆ្នាំ ​២០១៧ មាន​ចំនួន ​៦,១ ពាន់​លាន​ដុល្លារ​។

ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើន​ឡើង​ក្នុង​អត្រា​ជា​មធ្យម ​១៥ ​ភាគរយ​ប្រចាំ​ឆ្នាំ​ក្នុង​រយៈពេល ​៥ ​ឆ្នាំ ​ចុង​ក្រោយ​នេះ ហើយ​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ដល់ ​១៥ ​ពាន់​លាន​ដុល្លារ​នៅ ឆ្នាំ ​២០២០​។

ខេត្ត​ឈៀងរ៉ៃ ភាគ​ខាង​ជើង​ប្រទេស ​ថៃ ដែល​មាន​ចម្ងាយ​ប្រហែល ៧៨៥ គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក​បច្ចុប្បន្ន ត្រូវ​បាន​ចាត់​ទុក​ថា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​សំខាន់​មួយ ដោយសារ​តែ​ធនធាន​ទេសចរណ៍​ដ៏​សម្បូរ​បែប ដូចជា​ទេសភាព​ធម្មជាតិ ព្រៃ​ភ្នំ​ ប្រាសាទ​បុរាណ​ និង​​កុលសម្ព័ន្ធ​ជនជាតិ​ភាគ​តិច​ជា​ដើម​។

អាហារថៃភាគខាងជើងដ៏ឈ្ងុយឆ្ងាញ់។​ នាង សុភាព

ខេត្ត​ឈៀងរ៉ៃ​មាន​ប្រជាជន​ប្រមាណ ​១,២ លាន​នាក់ ដោយ​ភាគ​ខាង​ជើង​មាន​ព្រំ​ប្រទល់​ជាប់​រដ្ឋសាន​នៃ​ប្រទេស​ មីយ៉ាន់ម៉ា ភាគ​ខាង​កើត​មាន​ព្រំ​ប្រទល់​ជាប់​ខេត្ត​បូរកែវ ប្រទេស ​ឡាវ ​ខាង​ត្បួង​ជាប់​ខេត្ត Phayao ភាគ​និរតី​ជាប់​ខេត្ត Lampang និង​ភាគ​ខាងលិច​មាន​ព្រំប្រទល់​ជាប់​ខេត្ត​ឈៀងម៉ៃ​។

តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ចំនួន ​នៅ​ខេត្ត​ឈៀង​រ៉ៃ​មានដូចជា៖

ព្រះរាជ​ដំណាក់ Doi Tung Royal Villa និង​សួន Mae Fah Luang Garden

Royal Villa ត្រូវ​បាន​សាងសង់​ឡើង ជា​ព្រះរាជ​ដំណាក់​រដូវ​ក្តៅ​សម្រាប់​ព្រះ​មហាក្សត្រី Srinagarindra (Princess Mother) និង​ជា​ដំណាក់​ដែល​ដាក់​តាំង​បង្ហាញ​អំពី​ស្នា​ព្រះហស្ត​របស់​ទ្រង់ ដើម្បី​លើក​កម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន​កុលសម្ព័ន្ធ​នៅ​ក្នុង​តំបន់​នោះ​។ ចំណែក​ឯ​សួនឧទ្យាន Mae Fah Luang គឺ​មាន​ទីតាំង​នៅ​ក្បែរ​ព្រះរាជ​ដំណាក់ Royal Villa​។ សួនច្បារ Doi Tung មាន​ផ្កា​រាប់រយ​ប្រភេទ រីក​គ្រប់​រដូវ ដ៏​ស្រស់​បំព្រង​រង់ចាំ​ស្វាគមន៍​ភ្ញៀវ ទេសចរ​ មក​ពី​គ្រប់​ទិសទី​។

វត្ត រុង​ឃុន (​ប្រាសាទ​ពណ៌​ស​)

វត្ត រុង ឃុន ជាទូទៅ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ប្រាសាទ​ពណ៌​ស ដែល​ត្រូវ​សាងសង់​ឡើង​ជា​ពិសេស​មាន​បិទ​ដោយ​កញ្ចក់​តូចៗ​ដ៏​ស្រស់​ស្អាត​ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​បរិសុទ្ធ​នៃ​ព្រះ​ពុទ្ធអង្គ ។ ប្រាសាទ​ដ៏​ល្បីល្បាញ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង ឆ្នាំ ​១៩៩៧ ដែល​មាន​ទីតាំង​នៅ​ភូមិ​បានរុងឃុន ស្រុក​តាំម​ប៊ូន​ប៉ា​អូដន​ឆៃ តាម​បណ្តោយ​ផ្លូវ​ផា​ហួនី​យូថិន ដែល​មាន​ចម្ងាយ​ប្រហែល ១២ គីឡូម៉ែត្រ​ពី​ទីក្រុង​ឈៀងរ៉ៃ​។ ប្រាសាទ​នេះ​ត្រូវ​បាន​រចនា ​និង​សាងសង់​ដោយ​ស្ថាបត្យករ​ថៃ​លោក Achan Chaloemchai Khositphiphat​។

ឧទ្យាន Mae Fah uang មានផ្កាចម្រុះពណ៌​។​ នាង សុភាព

តំបន់​ត្រីកោណ​មាស

តំបន់​ត្រីកោណ​មាស ​គឺ​ជា​តំបន់​មួយ​ដែល​ធ្លាប់​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​ជួញដូរ​គ្រឿង​ញៀន​ដ៏​ធំ ប៉ុន្តែ​បច្ចុប្បន្ន​តំបន់​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ជា​តំបន់​គោលដៅ​​ទេសចរណ៍​ដ៏​ទាក់ទាញ​។ តំបន់​ត្រីកោណ​មាស​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស ​ថៃ ​ភូមា​ និង​ឡាវ​។ ភ្ញៀវ​ទេសចរ​អាច​ជិះ​ទូក​ទេសចរណ៍​កម្សាន្ត​តាម​ដង​ទន្លេ​មេគង្គ ​ដើម្បី​គយគន់​ទេសភាព​ដ៏​ស្រស់​ត្រកាល​។ តំបន់​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ជា​តំបន់​ទេសចណ៍​ដ៏​ទាក់ទាញ​។

ទីក្រុង​ប្រវត្តិ​សាស្ត្រ​ Chiang Saen

ទីក្រុង​ Chiang Saen​ មាន​ទីតាំង​ស្ថិត​នៅ​លើ​ច្រាំង​ខាង​លិច​នៃ​ទន្លេ​មេគង្គ​នៅ​ក្នុង​ស្រុក​ឈៀងសែន​នៃ​ខេត្ត​ឈៀងរ៉ៃ។ ​ទីក្រុង​ប្រវត្តិសាស្រ្ត ​Chiang Saen នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​ដែល​បង្កប់​ដោយ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ដ៏​ចំណាស់ ​ដែល​មាន​វត្ត​អារាម ​និង​ប្រាសាទ​បុរាណ​ជា​ច្រើន ​ជា​ពិសេស​ជា​តំបន់​ដែល​រក្សា​បាន​នូវ​បរិស្ថាន​បៃតង​។

ការប្រគំភ្លេងបុរាណជូនភ្ញៀវទេសចរ​ទស្សនា​​។ ​រូបថតនាង សុភាព

ឧស្យាន​ Singha Park 

ឧស្យាន​ Singha Park នៅ​ខេត្ត​ឈៀងរ៉ៃ ​គឺ​ជា​សួន​អេកូ​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត​មួយ​នៅ​ក្នុង​ខេត្ត​ភាគ​ខាង​ជើង​មួយ​នេះ ​ដែល​មាន​ទំហំ​ជាង ​១,៣៧៥ ​ហិចតា ​និង​ព័ទ្ធ​ជុំវិញ​ដោយ​ចម្ការ​តែ​ដ៏​ខៀវ​ស្រងាត់​ធំ​ល្វីងល្វើយ​។​ ឧទ្យាន​នេះ ​គឺ​ជា​កន្លែង​ដ៏​ពេញ​និយម​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ខេត្ត​ឈៀងរ៉ៃ​។ លើស​ពី​នេះ​ទៀត​ ភ្ញៀវ​ទេសចរ​ក៏​អាច​ទៅ​ទស្សនា​សហគមន៍​ Baan Pha Hi និង Pang Ha ផង​ដែរ​។

Baan Pha Hi គឺ​មាន​ភាព​ល្បីល្បាញ​ចំពោះ​កាហ្វេ​សេរីរាង្គ​ដ៏​ឆ្ងុយឆ្ងាញ់ ​និង​មាន ​គុណភាព​ខ្ពស់​ ចំណែក​ឯ Pang Ha គឺ​មាន​ភាព​ល្បីល្បាញ​ចំពោះ​ម៉ាស់​​មិទ​មុខ​ធ្វើ​ពី​សូត្រ​ដង្កូវ​នាង​ព័រណ៌​មាស​ ដែល​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​របស់​លោក​អ្នក​ទន់ ស​ភ្លឺរលោង​ និង​ក្មេង​​ជាង​វ័យ​ ហើយ​លោក​អ្នក​ក៏​អាច​​រចនា​រូបភាព​លើ​ក្រដាស​ Saa papper ​តាម​ការ​​ចង់​បាន​ផង​ដែរ​៕