ក្រុមហ៊ុន​គ្រប់គ្រង ​និង​អភិវឌ្ឍន៍ N.C.C. Management & Development Co., Ltd. (NCC) មាន​ទំនុកចិត្ត​ខ្ពស់ ចំពោះ​ការ​រីក​ចម្រើន​ដ៏​ខ្លាំងក្លា​នៃ អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ឆ្នាំនេះ បើ ទោះបី​ជាមាន​ភាពមិន​ប្រាកដប្រជា​ផ្នែក​នយោបាយ​ក្នុងស្រុក​ និង​ភាព​តាន​តឹង​ពាណិជ្ជកម្ម​ជា​សកល​ក្តី។​

​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​មជ្ឈមណ្ឌល​ស​ន្និសីទ Queen Sirikit National Convention Center ចាប់តាំងពី​បាន​បើក​ដំណើរការ​នៅឆ្នាំ ​១៩៩១​ បានរៀបចំ​ការតាំងពិព័រណ៍​លក្ខណៈ​អន្ដរជាតិ​ចំនួន ​១០ ​លើក នៅក្នុង​ឆ្នាំ​ ២០១៨ កន្លងទៅ ហើយ​នៅក្នុង​ឆ្នាំនេះ​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ចំនួន ១៣។

​លោក Sakchai Pattarapreechakul ប្រធាន​ក្រុមហ៊ុន NCC បានផ្តល់​បទសម្ភាស​ដល់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅក្នុង​ទីក្រុង​បាងកក​ថា​៖​ «​ការ​ព្យាករ​របស់​យើង​នៅក្នុង​ឆ្នាំនេះ​គឺ​កើនឡើង​ចន្លោះ​ពី ​២០ ​ទៅ​ ៣០ ​ភាគរយ​ហើយ​គោលនយោបាយ​របស់​ក្រុមហ៊ុន​គឺ​ដើម្បី​លើកកម្ពស់​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​ថ្មី​។ យើង​នឹង​ផ្តោត​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​លើ​ការរៀបចំ​ និង​តាំងពិព័រណ៍​បែប​វិទ្យាសាស្ត្រ​។ ប្រទេសថៃ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន ​នៅ​ខែវិច្ឆិកា ​ដូច្នេះ​មាន​សន្និសីទ​ជាច្រើន​នឹង​ត្រូវ​រៀបចំ​ឡើង»។

​ដោយមាន​អគារ​លំដាប់​ពិភពលោក កន្លែង​ស្នាក់​នៅមាន​ប្រកបដោយ​គុណភាព ​និង​ការ តភ្ជាប់​ផ្លូវអាកាស​យ៉ាងច្រើន​​ទៅ​ពាសពេញ​ពិភពលោក ប្រទេស​ថៃ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែលមាន​វិស័យ​ទេសចរណ៍​ដ៏​រស់​រវើក​និង​ពេញនិយម​បំផុត​នោះ ក៏​ជា​ប្រទេស​ដែល​ទ​ទូល​រៀបចំ​កិច្ចប្រជុំ MICE ធំៗ​នៅក្នុង​តំបន់​ផងដែរ។

​យោងតាម​សមាគម​សន្និបាត​ និង​ស​ន្និសីទ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា​ ប្រទេស​ថៃ ជាប់​ចំណាត់ ថ្នាក់​ទី ​៦ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បន្ទាប់ពី​ប្រទេស​នេះ​បានរៀបចំ​កិច្ចប្រជុំ​ចំនួន ១៦៣ លើក នៅក្នុង​ឆ្នាំ ​២០១៧ គឺ​ច្រើនជាង​ប្រទេស​សិង្ហ​បុរី ដែល​រៀបចំ​កិច្ចប្រជុំ​តែ ១៦០ ប៉ុណ្ណោះ។

​វិស័យ​រៀបចំ​កិច្ចប្រជុំ សន្និបាត ការតាំង​ពិ​ព័រ​ណ៍ និង​ព្រឹត្តិ​ការ​ណ៍នានា (MICE) របស់​ព្រះរាជា​ណា​ចក្រ​ថៃ​គឺ​កំពុងមាន​កំណើន​។ យោងតាម​ការិយាល័យ​ពិព័រណ៍​ និង​សន្និបាតថៃ​បាន​ឲ្យ​ដឹងថា ​ថៃ​ទទួលបាន​កំណើន​ ១៣ ​ភាគរយ​នៃ​កិច្ចប្រជុំ MICE នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៨ ។

​ខណៈ​ប្រាក់ចំណូល​ដែល​ទទួល​បាន​ពី MICE មាន​ចំនួន​រហូតដល់ ​២១៩​ ពាន់​លាន​បាត (៦,៩ពាន់​លាន​ដុល្លារ​) ដែល​ទាក់ទាញ​ភ្ញៀវ​ចូលរួម​ទាំង​ជាតិ​ និង​អន្តរជាតិ​ចំនួន ៣៤ លាន​នាក់។​

​លោក Sakchai លើកឡើងថា ​វា​មិន​ប៉ះពាល់​ពី​លក្ខខណ្ឌ​នយោបាយ​ទូទៅ​នៅក្នុង​ប្រទេស​ថៃ​បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ខែមីនា​កន្លងទៅ និង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ដែល​នៅ​មិន ទាន់​ចេញ​ជា​រូបរាង​នោះ​ទេ។

​លោក​បន្ថែមថា​៖ «យើង​មាន​សុទិដ្ឋិនិយម​ចំពោះ​ការបោះឆ្នោត​នៅក្នុង​ប្រទេស​ថៃ វា​នឹង​កសាង​រូបភាព​ល្អ​របស់​ប្រទេស វា​គឺជា​លទ្ធិប្រជាធិបតេយ្យ​និង​ផ្តល់​ផល​ល្អ​សម្រាប់​ការ វិនិយោគ​ដោយ ផ្ទាល់​ពី​បរទេស (FDI)។

លោក​ ​Mr. Ajinveat Vhongthong, ប្រធានគ្រប់គ្រងគម្រោងជាន់ខ្ពស់​ក្រុមហ៊ុន NCC ។

​លោក​បន្តថា ហើយ​ទោះបី​ជាមាន​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​-អាមេរិក​ក្តី​ ក៏​វា​មិនបាន​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការរីកចម្រើន​នៃ​វិស័យ​ការតាំង​ពិព័រណ៍​ដែរ។

​លោក​លើកឡើងថា​៖ «​មាន​ក្រុមហ៊ុន​ជាច្រើន​មកពី​ប្រទេស​ចិន​ និង​អឺរ៉ុប​កំពុង​ពង្រីក​ខ្លួន​មកកាន់​តំបន់​នេះ ដោយសារតែ​ប្រទេស CLMVT (​កម្ពុជា ឡាវ មី​យ៉ាន់ម៉ា វៀតណាម និង​ថៃ​) ជាទី​ផ្សារ​ដែល​កំពុង​រីក​ចម្រើន ហើយ​ពួកគេ​ត្រូវការ​បច្ចេកវិទ្យា​ដើម្បី​បង្កើន​ផលិតភាព​ និង​ការលក់​ផលិតផល​របស់​ខ្លួន​នៅ​ក្នុង​តម្លៃ​ថោក»។

​វិស័យ​កសិកម្ម ការកែច្នៃ​ចំណីអាហារ ការផលិត​កាហ្វេ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ និង​វៀតណាម គឺជា​វិស័យ​ផ្តោត​សំខាន់ៗ​សម្រាប់​ក្រុមហ៊ុន​ដែល​មក​តាំង​ពិព័រណ៍​នៅ​ក្នុង​ប្រទេស​ថៃ។

​លោក Sakchai បន្ថែមថា​៖ «ផលិតផល​សរីរាង្គកំពុងទ​ទួល​បានការ​គាំទ្រ​ខ្លាំង​នៅក្នុង​តំបន់​ពីព្រោះ​ប្រជាជនមាន​ការព្រួយបារម្ភ​ខ្លាំង​អំពី​បញ្ហា​សុខភាព​របស់​ពួកគេ ដូច្នេះហើយ​ពួកគេ​ស្វែងរក​អាហារ​ដែល​មាន​គុណភាព​ល្អ​សម្រាប់​សុខភាព»។

​លោក Ajinveat Vhonthong ប្រធាន​រៀបចំ​ការតាំង​ពិ​ព័រ​ណ៍​របស់​ក្រុមហ៊ុន N.C.C Exhibition Organizer Co.,Ltd បាន​ថ្លែងថា​ទីផ្សារ​សំណង់​របស់​អាស៊ាន ត្រូវបាន​គេ​រំពឹងថា​នឹងមាន​កំណើន​ជា​មធ្យម ​៥,២​ ភាគរយ ចន្លោះ​ពី ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០២០។

​លោក​ថ្លែងថា​៖ «​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាងមុខ ការវិនិយោគ​នៅក្នុង​ឧស្សាហកម្ម​សំណង់​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​នឹងមាន​តម្លៃ​រហូតដល់ ២,៩ ​ពាន់​ពាន់​លាន​ដុល្លារ ជាពិសេស​ទីផ្សារ​សំណង់​របស់​ប្រទេស​ថៃ​បាន​កើនឡើង​ ៥ ​ភាគរយ​នៅឆ្នាំ ​២០១៨ ហើយ​រំពឹងថា​នឹង​កើនឡើង​រហូតដល់​ ៧​ ភាគរយ​នៅឆ្នាំ​ ២០១៨ ដល់ ២០២០។

លោក Vhonthong ក៏​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​ការតាំង​ពិ​ព័រ​ណ៍​ស្ថាបត្យកម្ម​ ២០១៩ ត្រូវធ្វើឡើង​នៅ​ទីក្រុង​បាងកក​ចាប់ពី​ថ្ងៃទី​ ៣០ ​ខែមេសា​រហូតដល់​ថ្ងៃទី​ ៥ ​ខែឧសភា​ផងដែរ​នោះបាន​បន្ថែមថា​៖ «​បច្ចុប្បន្ន​អគារ​បៃតង​បានទទួល​ការ​ការចាប់​អាម​រ្ម​ណ៍​កាន់តែ​ច្រើន ​គឺ​កើន​ចំនួន ​១៣ ​ភាគរយ​ជា​រៀងរាល់​ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០២០។

ដោយមាន​បទពិសោធដ៏​រឹងមាំ​អស់​រយៈពេល​ ២​ ទសវត្ស​រ៍ នៅក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​ និង​ការតាំងពិព័រណ៍​នានា ក្រុមហ៊ុន NCC ផ្តល់ជូន​នូវ​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​ដល់​អតិថិជន និង​ឧស្សាហកម្ម​នានា​ដែល​រួមមាន​ទាំង​ការតាំង​បង្ហាញ​ផលិតផល​ម្ហូបអាហារ ​និង​ភេសជ្ជៈ ​ការ​រចនា​ និង​សាងសង់​ស្តង់ ការតាំង​ពិ​ព័រ​ណ៍សំណង់ ក៏ដូចជា​អ្នក រៀបចំ​សន្និសីទ​ដែលមាន​ជំនាញ​ច្បាស់​លាស់ (PCO) និង​ជា​អ្នករៀបចំ​សេវាកម្ម​ពិព័រណ៍​ដែលមាន​ជំនាញ​វិជ្ជាជីវៈ (PEO) ដែល​ទទួលបាន​ការគាំទ្រ​ទាំង​ក្នុង​ប្រទេស​ និង​អន្តរជាតិ៕