តម្រូវការបុគ្គលិកដែលមានសមត្ថភាពគ្រប់គ្រាន់ខាងផ្នែកភាសាចិនពិតជាកំពុងតែមានការកើនឡើងយ៉ាងខ្ពស់ សម្រាប់បម្រើដល់ការកើនឡើងនៃភ្ញៀវទេសចរ និងសហគមន៍ជំនួញជនជាតិចិន និងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសេវាកម្មផ្នែកបដិសណ្ឋារកិច្ចនៅក្រុងព្រះសីហនុ។
ដោយកត់សម្គាល់ឃើញពីភាពខ្វះខាតនូវបុគ្គលិកជំនាញសហគ្រិនជនជាតិចិនសញ្ជាតិអូស្ត្រាលីម្នាក់សម្រេចចិត្តបង្កើតសេវាកម្មបណ្ដុះបណ្ដាលដល់សិស្សដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ និងយុវជននៅក្នុងតំបន់នោះដើម្បីធ្វើយ៉ាងណាឲ្យត្រូវនឹងតម្រូវការបុគ្គលិកនៅក្នុងខេត្តនេះជាពិសេសបុគ្គលិកនៅក្នុងវិស័យបដិសណ្ឋារកិច្ចតែម្ដង។
លោក George Chow ដែលមានបទពិសោធធ្វើការជាមួយក្រុមហ៊ុនចិនចំនួន ២ និង ដែលបានយល់ច្បាស់ពីតម្រូវការទីផ្សារការងារខាងផ្នែកបដិសណ្ឋារកិច្ចនៅក្នុងក្រុងព្រះសីហនុនោះកំពុងតែបើកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសារបស់ខ្លួន។
ដោយបានឃើញអំពីតម្រូវការនៃអ្នកចេះនិយាយភាសាចិន លោក George បានផ្ដល់ជូននូវសេវាកម្មបង្រៀនភាសាចិនសម្រាប់ថ្នាក់ដំបូង និងមធ្យមដល់សិស្សានុសិស្ស និងយុវជននៅតំបន់នោះដោយបានសហការជាមួយនឹងវិទ្យាល័យចំនួន ២ នៅក្នុងខេត្តនេះដើម្បីរៀបចំបណ្ដុះបណ្ដាលពួកគេសម្រាប់ឱកាសការងារ។
សិស្សដែលមកពីសាកលវិទ្យាល័យ Life ដែលរៀនជំនាញអក្សរសាស្ត្រចិនត្រូវបានជួលឲ្យមកបង្រៀនសិស្សថា្នក់ដំបូង ខណៈដែលគ្រូជាជនជាតិចិនត្រូវរៀបចំបង្រៀនសិស្សថា្នក់កម្រិតមធ្យម។
គោលដៅចម្បងរបស់មជ្ឈមណ្ឌលភាសានេះគឺកំណត់យកសិស្សកម្រិតវិទ្យាល័យសិស្សដែលបញ្ចប់ការសិក្សា និង យុវជនក្នុងតំបន់ដែលមិនបានសិក្សារៀនសូត្រ ហើយមជ្ឈមណ្ឌលនឹងបង្រៀនពួកគេនូវការសន្ទនាជាភាសាចិន និងផ្តល់ឱ្យពួកគេនូវការបណ្តុះបណ្តាលវិជ្ជាជីវៈជាមូលដ្ឋានស្តីពីសេវាកម្មអតិថិជននៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ចទៀតផង។
សិស្សដែលរៀនពូកែនឹងត្រូវបានផ្តល់ឱកាសឱ្យធ្វើការនៅក្នុងសណ្ឋាគារកាស៊ីណូ ឬភោជនីយដ្ឋានក្នុងនាមជាអ្នកហាត់ការដើម្បីទទួលបានបទពិសោធការងារជាក់ស្តែងដើម្បីពង្រឹងជំនាញក្នុងការផ្តល់សេវាកម្មរបស់ពួកគេបន្ថែមទៀត។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ការបណ្តុះបណ្តាលនិស្សិតបញ្ចប់ការសិក្សា និងយុវជនក្នុងតំបន់នោះដែលមិនបានចូលរៀនពីមុនមកគឺពិតជាមានការលំបាកព្រោះពួកគេភាគច្រើនខ្វះជំនាញក្នុងការរៀនសូត្រដូច្នេះពួកគេត្រូវចំណាយពេលយូរក្នុងការរៀនឲ្យចេះនូវជំនាញ និងបច្ចេកទេសដែលត្រូវការនៅក្នុងឧស្សាហកម្មសេវាកម្ម»។
លោកបាននិយាយថា៖ «យ៉ាងហោចណាស់ខ្ញុំត្រូវតែហ្វឹកហាត់បង្រៀនពួកគេឱ្យដល់កម្រិតអ្នកបកប្រែវ័យក្មេងដើម្បីឱ្យសមស្របទៅនឹងលក្ខខណ្ឌការងារ»។
«សាលាមួយក្នុងចំណោមសាលាដែលខ្ញុំកំពុងធ្វើការសហការជាមួយមានសិស្សានុសិស្សដែលមកពីគ្រួសារមានប្រាក់ចំណូលតិច។ ខ្ញុំពេញចិត្តក្នុងការផ្តល់នូវការបណ្តុះបណ្តាលបែបនេះដោយសារតែវាផ្តល់នូវអត្ថប្រយោជន៍ក្នុងរយៈពេលវែងជូនសហគមន៍ដែលពួកគេរស់នៅ»។
គាត់បានពន្យល់ដូច្នេះថា «នៅក្នុងខេត្តព្រះសីហនុប្រជាជនដែលចេះនិយាយភាសាចិនគឺអាចរកប្រាក់ចំណូលបានខ្ពស់ជាងបើប្រៀបធៀបទៅនឹងប្រជាជនដែលមិនចេះនិយាយភាសាចិននោះ» ។
លោកបានថ្លែងថាក្រុមហ៊ុនដែលមានម្ចាស់ជាជនជាតិចិនកំពុងត្រូវការបុគ្គលិកជួរមុខយ៉ាងខ្លាំងដែលសណ្ឋាគារមួយអាចនឹងស្វែងរកបុគ្គលិកថ្មីរាប់រយនាក់។
«ដូច្នេះហើយទើបខ្ញុំកំពុងខិតខំប្រឹងប្រែងទាក់ទាញសិស្សវិទ្យាល័យក៏ដូចជានិស្សិតទើបបញ្ចប់ការសិក្សាឲ្យមកចុះឈ្មោះចូលរៀនភាសាចិននៅមជ្ឈមណ្ឌលភាសារបស់ខ្ញុំ។ ជាឧទាហរណ៍ប្រសិនបើខ្ញុំមានសិស្ស ៥០០ នាក់នៅក្នុងមជ្ឈមណ្ឌលខ្ញុំអាចផ្គត់ផ្គង់កម្លាំងពលកម្មដែលត្រូវការដោយសណ្ឋាគារក្នុងរយៈពេល ៣០ នាទី»។
លោកបានថ្លែងថា៖ «ខ្ញុំក៏ស្ថិតក្នុងដំណើរការបង្កើតភ្នាក់ងារធនធានមនុស្សឱ្យកាន់តែមានសមត្ថភាពក្នុងការបម្រើនូវសេចក្តីត្រូវការរបស់សណ្ឋាគារ និងភោជនីយដ្ឋាននៅក្នុងខេត្តព្រះសីហនុផងដែរ»។
ក្រុមហ៊ុន George''s agency នឹងក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់នៅក្នុងខេត្តព្រះសីហនុដែលផ្តោតជាពិសេសទៅលើទីផ្សារពលកម្មនៅក្នុងខេត្តនេះផ្ទាល់។ គាត់បានបន្តទៀតថាកាលពីប៉ុន្មានឆ្នាំកន្លងមកនៅពេលដែលវិស័យបដិសណ្ឋារកិច្ចបានរីកដុះដាលខ្លាំងនៅក្នុងខេត្តព្រះសីហនុទីផ្សារពលកម្មពុំទាន់ត្រូវបានរៀបចំរួចរាល់ឡើយសម្រាប់ផ្គត់ផ្គង់តម្រូវការនៅតាមសណ្ឋាគារ។
ដោយសារក្រុងព្រះសីហនុមានសហគមន៍ជំនួញចិនដ៏ធំ និងជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពសម្រាប់ទេសចរចិនផងនោះនិយោជិតនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ចដែលចេះនិយាយភាសាចិនប្រាកដជានឹងអាចផ្តល់នូវសេវាកម្មកាន់តែល្អប្រសើរដល់ភ្ញៀវ និងអតិថិជន៕