EUROCHAM គឺ​ជា​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​។ វា​គឺ​ជា​សមាគម​ពាណិជ្ជកម្ម​លោក​ខាង​លិច​ធំ​បំផុត​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ហើយ​បរិមាណ​ក្រុមហ៊ុន​ក៏​មាន​កំណើន​កើន​ឡើង​ជា​លំដាប់​​រៀង​រាល់​ឆ្នាំ​ផង​ដែរ។​

សភា​ពាណិជ្ជកម្ម​អឺរ៉ុប EuroCham ត្រូវ​បាន​ផ្តល់​សិទ្ធិ​ឱ្យ​ធ្វើ​ជា​អ្នក​តំណាង​នៃ​សហគ្រិន​ និង​ក្រុមហ៊ុន​អឺរ៉ុប​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា​។​ ពួក​គេ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​រដ្ឋាភិបាល​ដើម្បី​ផ្តល់​ការ​សម្រប​សម្រួល​​ផ្នែក​ពាណិជ្ជកម្ម​។​ សមាគម​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០១១​ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​គឺ​មាន​ការ​រីក​ចម្រើន​កើន​ឡើង​ជា​លំដាប់​។

លោក​ Blaise Kilian ​នាយក​ប្រតិបត្តិ​នៃ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប EuroCham បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​អំពី​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន​របស់​កម្ពុជា​ និង​បញ្ហា​មួយ​ចំនួន​​ទៀត​ដែល​ចោទ​ឡើង​ចំពោះ​ក្រុមហ៊ុន​មក​ពី​បស្ចិម​ប្រទេស​នៅ​ពេល​ពួក​គេ​មក​ធ្វើ​ការ​វិនិយោគ​ឬ​កសាង​អាជីវកម្ម​នៅ​ក្នុង​ប្រទេស ​កម្ពុជា។

លោក ​Kilian ពន្យល់​ថា​ នៅ​ក្នុង​ឆ្នាំ​ ២០១៨​ សមាគម​មាន​ការ​រីក​ចម្រើន ​ហើយ​ចំពោះ​ការ​វិនិយោគ​វិញ គឺ​ទាំង​វិនិយោគិន​ក្នុង​ស្រុក ​និង​អន្តរជាតិ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​គឺ​មាន​ការ​កើន​ឡើង​។​ លោក​ Kilian បាន​ពន្យល់​ពី​របៀប​ដែល EuroCham ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ឆ្នាំ ​២០១៨​ និង​ប្រតិបត្តិ​ការ​យ៉ាង​រស់​រវើក​ ជា​ពិសេស​សម្រាប់​ក្រុមហ៊ុន​អឺរ៉ុប​ដែល​មាន​វត្តមាន​នៅ​ប្រទេស ​កម្ពុជា​។​ លោក​ថ្លែង​ថា៖ ​«ប្រទេស ​កម្ពុជា ​កំពុង​មាន​ការ​រីក​ចម្រើន​ និង​មាន​ភាព​រឹងមាំ។​ ខ្ញុំ​គិត​ថា​ អ្នក​ដែល​បាន​មក​វិនិយោគ​នៅ​ទី​នេះ​ពួក​គេ​ទទួល​បាន​អត្ថប្រយោជន៍​ពី​កំណើន​ នេះ​រួច​ហើយ​។

លោក​បន្ថែម​ទៀត​ថា​ វា​គឺ​ជា​ឆ្នាំ​ដ៏​ល្អ​ពី​ព្រោះ​ជា​ ទូទៅ​ឆ្នាំ​ណា​ដែល​មាន​ការ​បោះ​ឆ្នោត​វា​តែងតែ​មាន​ផល​វិបាក​ចំពោះ​​ការ​ប្រកប​អាជីវកម្ម ហើយ​ពេល​អនាគត​នឹង​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​ដោយ​សារ​តែ​កំណើន​នៅ​តែ​បន្ត​និង​មាន​ស្ថេរភាព​ ទោះ​បី​ប្រទេស​នេះ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​មាន​អាយុ​ក្មេង​​ក្តី​ប៉ុន្តែ​កំណើន​វា​បាន​បង្ហាញ​ពី​ភាព​រឹងមាំ។​ ដូច្នេះ​ហើយ​ប្រទេស ​កម្ពុជា ​គឺ​ជា​ទី​កន្លែង​ដ៏​ល្អ​ និង​សម​ស្រប​ក្នុង​ការ​ប្រកប​អាជីវកម្ម។

ការ​វិនិយោគ​លើ​សហ​គ្រាស​ធុន​តូច​ និងមធ្យម ​(SMEs) ពី​សំណាក់​ពាណិជ្ជករ​ក្នុង​ស្រុក ​និង​ ជន​បរទេស​ ក៏​ដូច​ជា ​ការ​វិនិយោគ​មក​ពី​ចម្រុះ​ជាតិ​សាសន៍ ​គឺ​វា​បាន​ជួយ​តែង​លម្អ​ទិដ្ឋភាព សេដ្ឋកិច្ច​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​។

លោក​ Kilian​ ថ្លែង​ថា ​អ្វី​ដែល​ជា​ឧបសគ្គ​ និង​ការ​ព្រួយ​បារម្ភ​អំពី​ច្បាប់​ និង​បទប្បញ្ញត្តិ​ផ្សេង​ៗ​ត្រូវ​បាន​រដ្ឋាភិបាល​ជួយ​សម្រួល​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​នៅ​គ្រប់​កម្រិត​ស្ថាប័ន​របស់ ​រដ្ឋាភិបាល​។​ លោក​ Kilian បន្ថែម​ថា៖​ «មាន​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​ដើម្បី​ពង្រីក​ការ​យល់​ដឹង​ដែល​ជា​កត្តា​ជំរុញ​មួយ​ ដ៏​សំខាន់​ចំពោះ​បញ្ហា​នេះ​»។

សម្រាប់​ក្រុមហ៊ុន​អឺរ៉ុប​ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ EurChamo គឺ​ជា​អង្គការ​មួយ​ដែល​មាន​សារៈ​សំខាន់​បំផុត​សម្រាប់​ ពួក​គេ។ គេ​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​តស៊ូ​មតិ​និង​ផ្តល់​យោបល់​ដល់​ រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ មួយ​ដើម្បី​ពង្រីក​នូវ​អ្វី​ដែល​ជា​ការ​ផ្លាស់​ប្តូរ​គោល ​ នយោបាយ​វិជ្ជមាន​រួច​ហើយ​។

លោក​ Kilian ​ពន្យល់​ថា​សម្រាប់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ EuroCham គឺ​មាន​ន័យ​ថា​តំណាង​ឱ្យ​វិស័យ​ផ្សេង​ៗ។ ហើយ​សេដ្ឋកិច្ច​កម្ពុជា​រឹងមាំ​ គឺ​វា​អាច​ធ្វើ​ឲ្យ​វិស័យ​ផ្សេង​ៗ​មាន​ភាព​រឹងមាំ​ដែរ។​ លោក​ថ្លែង​ថា៖ «ភាគ​ច្រើន​យើង​នៅ​ក្នុង​វិស័យ​ផ្តល់​សេវាកម្ម​ ហើយ ​៩៥ ​ភាគរយ​នៃ​សមាជិក​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ EuroCham គឺ​នៅ​ក្នុង​វិស័យ​សេវាកម្ម​។

លោក​បាន​បន្ថែម​ថា​៖ «វិស័យ​ទេសចរណ៍​ និង​បដិសណ្ឋារកិច្ច ​គឺ​ជា​វិស័យ​មួយ​ដែល​អឺរ៉ុប​មាន​ជំនាញ ​និង​បទ​ពិសោធន៍​ខ្ពស់​ ហើយ​ចំពោះ​ផ្នែក ​វិស្វកម្ម ស្ថាបត្យកម្ម​ អចលន​ទ្រព្យ​ ធានា​រ៉ាប់រង​ ការ​ចែក​ចាយ​ទំនិញ​ គឺ​យើង​មាន​ផ្តល់​សេវាកម្ម​នៅ​ក្នុង​វិស័យ​ទាំង​នោះ​ច្រើន​ជាង​ការ​វិនិយោគ​លើ​ផលិតកម្ម​ ប៉ុន្តែ​ជា​ទូទៅ​ចំពោះ​អ្នក​ដែល​ជាប់​ ទាក់ទង​ទៅ​នឹង​អាជីវកម្ម​ផ្នែក​សំណង់​ និង​អចលន​ទ្រព្យ ​គឺ​ជា​ឆ្នាំ​ដ៏​ល្អ​សម្រាប់​ពួក​គេ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា​ ចំពោះ​អ្នក​ដែល​ចែក​ចាយ​ទំនិញ ​គឺ​មាន​កំណើន​យ៉ាង​ល្អ​ទោះ​បី​ជា​វា​មាន​ ការ​ប្រកួត​ប្រជែង​ខ្លាំង​ក៏​ដោយ​ »។

មាន​ការ​ជំរុញ​ខ្លាំង​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​នានា​ដែល​អាច​ផ្តល់​ធាតុ​ផ្សំ​ចាំ​បាច់​ដើម្បី​បង្កើន​កំណើន​សេដ្ឋកិច្ច​ឲ្យ​នៅ​មាន​ស្ថិរភាព​ក្នុង​ប្រទេស ​កម្ពុជា​។​ ប៉ុន្តែ​ទោះ​បី​ជា​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ប្រមាណ​ ៧​ ភាគរយ​ជា​រៀងរាល់​ឆ្នាំ​ក្នុង​រយៈ​ពេល ​២០ ​ឆ្នាំ​មក​ហើយ​ និង​បរិយាកាស​ នយោបាយ​មាន​ស្ថិរភាព​ក្តី​ក៏​ជន​បរទេស​មួយ​ចំនួន​ប្រហែល​នៅ​មិន​ទាន់​យល់​ថា​ តើ​កម្ពុជា​បច្ចុប្បន្ន​មាន​លក្ខណៈ​បែប​ណា​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​តំបន់​អាស៊ី​អាគ្នេយ៍​ [SEA] គឺ​ជា​តំបន់​ដែល​មាន​ការ​រីក​លូតលាស់​យ៉ាង​លឿន។​ នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច​ នៅ​ពេល​យើង​ដឹង​ថា​កំណើន​ឈាន​ដល់ ​២​ ឬ​ ៣​ ភាគរយ​ វា​គឺ​ជា​កំណើន​មួយ​ដ៏​ខ្ពស់​។​ បើ​យើង​ក្រឡេក​មើល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ យើង​ឃើញ​ថា​ប្រទេស​មួយ​ចំនួន​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​នៅ​ក្នុង​ពិភព​លោក ហើយ​ប្រទេស ​កម្ពុជា ​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​​ដែល​មាន ​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​​ក្នុង​ពិភព​លោក​។ ​ផលិតផល​ក្នុង​ស្រុក​សរុប​បាន​កើន​ឡើង ​៣ ដង​ក្នុង​រយៈ​ពេល ​២០ ​ឆ្នាំ​មក​នេះ​។

ការយល់ឃើញរបស់ប្រទេសលោកខាងលិចចំពោះប្រទេសកម្ពុជាគឺផ្អែកលើរឿងអតីតកាល ដូច្នេះ​ហើយ​ធ្វើឲ្យ​លំហូរអាជីវកម្មរបស់ពួកគេមកកម្ពុជា- យឺត។ភ្នំពេញ ប៉ុសិ៍្ត

ករណី​ប្រទេស ​កម្ពុជា ​គឺ​ជា​ប្រទេស​មួយ​ដែល​ប្រជាជន​មាន​អាយុ​​ក្មេង​​ច្រើន​ ពោរពេញ​ដោយ​ថាមពល ​ហើយ ​៥០ ​ភាគរយ​នៃ​ចំនួន​ប្រជាជន ​គឺ​មាន​អាយុ​ក្រោម ​២៥ ​ឆ្នាំ​ដែល​ជា​វ័យ​សកម្ម​បំផុត​ និង​ផ្តល់​ឱកាស​ច្រើន​។​ដើម្បី​ក្លាយ​ជា​ចំណុច​កណ្តាល​នៃ​តំបន់​ដែល​មាន​សក្តានុពល វា​អាច​ជា​ឱកាស​មួយ​ដ៏​ល្អ​ប្រសិន​បើ​យើង​មាន​ទំនាក់ទំនង​ល្អ [ទាក់ទង​នឹង​ផ្នែក​ដឹក​ជញ្ជូន ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​]។

ចំពោះ​ក្រុមហ៊ុន​ជា​ច្រើន​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍​​ពួក​គេ​បាន​សម្លឹង​ឃើញ​ឱកាស​វិនិយោគ​នៅ​កម្ពុជា​រួច​ហើយ។ ប៉ុន្តែ​សម្រាប់​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​និង​បស្ចិម​ប្រទេស​វិញ ​ពេល​ខ្លះ​ពួក​គេ​នៅ​មើល​ឃើញ​ទិដ្ឋភាព​ពី​អតីត​កាល​របស់​កម្ពុជា​ ដោយ​មិន​បាន​មើល​ឃើញ​ពី​ការ​វិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន​ទេ​។

លោក Kilian ឲ្យ​ដឹង​ថា​៖ «​ទាក់ទាញ​មនុស្ស​ទាំង​នោះ​ឲ្យ​ចូល​មក​ក្នុង​ទីផ្សារ​នេះ​ គឺ​កាន់​តែ​ពិបាក​ទៀត។ ខ្ញុំ​គិត​ថា​ វា​មិន​តែងតែ​ងាយ​ស្រួល​នោះ​ទេ​ ពី​ព្រោះ​កម្ពុជា​មាន​គម្លាត​នៃ​ការ​យល់​ឃើញ​ពី​អ្នក​ទាំង​នោះ ​ហើយ​ប្រជាជន​លោក​​ខាង​លិច​នៅ​តែ​យល់​ឃើញ​ថា​ ប្រទេស ​កម្ពុជា ​ដូច​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៩០​»។

រឿង​មួយ​ដែល​យើង​ធ្វើ​នៅ​ EuroCham គឺ​ព្យាយាម​លុប​បំបាត់​ការ​យល់​ឃើញ​អវិជ្ជមាន​ទាំង​នោះ​ ដើម្បី​ឲ្យ​ពួក​គេ​យល់​ដឹង​ពី​ប្រទេស ​កម្ពុជា ​កាន់​តែ​ប្រសើរ​ឡើង​ជា​ពិសេស​ណែនាំ​ប្រទេស ​កម្ពុជា ​ទៅ​ដល់​ក្រុមហ៊ុន​អឺរ៉ុប​នានា​។

ខណៈ​កំពុង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ និង​គោល​នយោបាយ​ជាតិ​និយម​ដែល​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ដល់​អភិបាល​កិច្ច​នយោបាយ​ពិភព​លោក​នោះ​ ប្រទេស ​កម្ពុជា ​អាច​ក្លាយ​ជា​ទីន្លែង​ដ៏​សម​ស្រប​មួយ​សម្រាប់​វិនិយោគិន​ទាំង​នោះ​ប្រសិន​បើ​ពួក​គេ​កែប្រែ​ផ្នត់​គំនិត​អវិជ្ជមាន​របស់​ពួក​គេ​ដែល​ធ្លាប់​គិត​ចំពោះ​ប្រទេស ​កម្ពុជា ​នា​ពេល​កន្លង​មក​។ នៅ​ពេល​​គេ​គិត​ដល់​ប្រទេស ​កម្ពុជា គឺ​គេ​ស្រមៃ​រូបភាព​សង្គ្រាម​ និង​របប​ខ្មែរ​ក្រហម​។​ ពិត​ណាស់​កម្ពុជា​ធ្លាប់​មាន​សង្គ្រាម​ប៉ុន្តែ​កម្ពុជា​បច្ចុប្បន្ន ​គឺ​មិន​មែន​ដូច​អ្វី​ដែល​គេ​គិត​នោះ​ទេ​។

លោក​ Kilian បញ្ជាក់​ថា​ អ្នក​នឹង​ទទួល​បាន​ឱកាស​ទាំង​អស់​នោះ​ដែល​សុទ្ធ​តែ​ជា​វិស័យ ​រីក​ចម្រើន​ ហើយ​ចំពោះ​កំណើន​ អ្នក​បាន​ដឹង​ស្រាប់​ហើយ​ ដោយ​សារ​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​មាន​អាយុ​ក្មេង ​ពួក​គេ​មាន​ឆន្ទៈ​រៀន​សូត្រ​ និង​ចាប់​ផ្តើម​នូវ​អ្វី​ដែល​ថ្មី​ ដូច្នេះ​ប្រជាជន​នៅ ​ប៉ែក​អឺរ៉ុប​មិន​បាន​ដឹង​អំពី​រឿង​នេះ​ទេ​។

វា​សំខាន់​ណាស់​ដែល​ត្រូវ​ចងចាំ​ថា​ ទោះ​បី​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ​(SEA) ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នាក្តី​ប៉ុន្តែ​ផ្នែក​វប្បធម៌ ​និង​សង្គម ​គឺ​មាន​ភាព​ខុស​គ្នា​។

លោក​ថ្លែង​ថា​អ្វី​ដែល​ដំណើរ​ការ​បាន​នៅ​ប្រទេស​ផ្សេង​អាច​មិន​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​គឺ​វា​អាស្រ័យ​លើ​យុទ្ធសាស្ត្រ​អាជីវកម្ម។​ ចងចាំ​សម្ដី​របស់​លោក Kilian ដែល​ធ្លាប់​បាន​លើក​ឡើង​ថា​ មុន​ពេល​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម​ថ្មី​មួយ​អ្នក​ត្រូវ «​ស្វែងយល់ ​និង​សិក្សា​ពី​ទី​នោះ» ​ជា​មុន​សិន​៕