សហគមន៍​ធុរកិច្ច​ហុងកុង​ និង​ម៉ាកាវ​កំពុង​បន្ត​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែ​រឹងមាំ​ជាមួយ​កម្ពុជា​លើ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ផ្សេងៗ​ដូចជា​ផែនការ​សកម្មភាព និង​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ជាដើម​។

សមាគម ចិន ហុងកុង និង​ម៉ាកាវ និង​សហគមន៍​ធុរកិច្ច​នៅ​កម្ពុជា​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ ២ ​ទសវត្សរ៍​មុន​កំពុង​ជួយ​ជំរុញ​ដល់​វិស័យសេដ្ឋកិច្ច​កម្ពុជា​ដោយ​បង្កើត​ទំនាក់ទំនង​យ៉ាង​សំខាន់​នៅក្នុង​ចំណោម​សហគមន៍​ធុរកិច្ច​។

«​សមាជិក​ធុរកិច្ច​បាន​និង​កំពុង​ខិតខំ ពង្រីក​ទំហំ​វិនិយោគ​របស់​ពួកគេ​ដោយ​បង្កើត​ឱកាស​ការងារ​ជាច្រើន​សម្រាប់​ប្រជាជន​កម្ពុជា និង​ផ្តល់​សេវាកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​កម្ពុជា​»​។

លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ថ្លែង​ថា​៖ «​សមាគម​បាន​ជំរុញ​យ៉ាង​សកម្ម​ដល់​ក្រុមហ៊ុន​ជា​សមាជិក​ឱ្យ​ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​នៃ​គំនិត​ផ្តួចផ្តើម ខ្សែក្រវាត់​ និង​ផ្លូវ​រវាង​ចិន-កម្ពុជា​។ ពួកគេ​បាន​ចូលរួម​ចំណែក​យ៉ាង​មាន​ប្រសិទ្ធភាព​នៅក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិ​ការជាក់ស្តែង​រវាង​កម្ពុជា-ចិន ជាពិសេស​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង និង​ម៉ាកាវ​»​។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ហុងកុង-កម្ពុជា​មាន ១,២ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧ ។

លោក​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​ដើម្បី​អបអរ​បុណ្យ "Mid-Autumn Festival" ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ដោយ​ភ្ជាប់​ជាមួយ​ពិធីបុណ្យ​សែន​នំ​ព្រះខែ​នៅ​កោះពេជ្រ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដែល​មាន​សមាជិក​សមាគម​ប្រមាណ​ ១០០០ ​នាក់​ចូលរួម​។

លោក​បាន​បន្ថែម​ថា ក្រៅពី​ការជំរុញ​ឲ្យ​ធុរកិច្ច​ហុងកុង និង​ម៉ាកាវ​ចូលមក​វិនិយោគ​នៅ​កម្ពុជា សមាគម​ក៏​បាន​ការពារ​សិទ្ធិ​ស្របច្បាប់​របស់​ពួកគេ​យ៉ាងសកម្ម​ផងដែរ​។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua បាន​ឲ្យ​ដឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ហុងកុង​មាន​ចំនួន ១,២​ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​​ ២០១៧ ពោលគឺ​កើនឡើង​ជា​មធ្យម​ក្នុង​រង្វង់​ ៣,១ ភាគរយ​ក្នុង​មួយឆ្នាំ គិត​ចាប់​តាំងពី​ឆ្នាំ​ ២០១៣ មក​។

«​សមាគម​ក៏បាន​ជួយ​ដល់​ធុរកិច្ច​មកពី​ហុងកុង និង​ម៉ាកាវ ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ការវិនិយោគ​ និង​ប្រតិបត្តិការ​របស់​ពួកគេ​ផងដែរ ដែល​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការការពារ​សិទ្ធិ​ស្របច្បាប់​របស់​ពលរដ្ឋ​ចិន​ជាពិសេស​អ្នក​ដែល​មកពី​ហុងកុង​​ និង​ម៉ាកាវ​»​។

លោក Wang ថ្លែងថា​៖ «​សមាគម​នេះ​ក៏បាន​ណែនាំ​ដល់​សមាជិក​ឱ្យ​គោរព​នីតិរដ្ឋ​កម្ពុជា គោរព​វប្បធម៌ និង​ទំនៀមទម្លាប់​កម្ពុជា និង​ត្រូវអនុវត្ត​សកម្មភាព​ទទួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ក៏ដូចជា​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​កម្មវិធី​សប្បុរសធម៌​ផងដែរ​»​។

លោក Wang ៖ សមាគម​បានរួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ។

លោក​ក៏បាន​លើកឡើង​ផងដែរ​ថា​ឆ្នាំ​ ២០១៩ គឺជា​ឆ្នាំ​ដ៏សំខាន់ ខណៈ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន និង​កម្ពុជា​បាន​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ត្រូវ​បាន​ពង្រឹង​កាន់តែ​រឹងមាំ​។

ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ចិន​និង​កម្ពុជា​កំពុង​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​អនុវត្ត​ផែនការ​សកម្មភាព ហើយ​ស្រប​នឹង​គំនិត​ផ្តួចផ្តើម​ «​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​» ជាមួយ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ជា​លទ្ធផល​ធ្វើឱ្យ​មាន​ការសហការ​គ្នា​ប្រកប​ដោយ​ផ្លែផ្កា​។

លោក​បាន​បន្ថែម​ទៀត​ថា​៖ «​ចំណង​​មិត្តភាព​ដ៏រឹងមាំ​រវាង​ប្រទេស​ចិន និង​កម្ពុជា​បាន​បើក​ឱកាស​ដ៏កម្រ​ជាច្រើន​សម្រាប់ ធុរកិច្ច​ហុងកុង និង​ម៉ាកាវ​នៅ​​កម្ពុជា​»៕