ក្រុមហ៊ុន​ភេសជ្ជៈ​ធំជាងគេ​បំផុត​របស់​ពិភពលោក​បាន​បង្វែរ​ថវិកា​ផ្សាយពាណិជ្ជកម្ម​របស់ខ្លួន​សម្រាប់​បុព្វហេតុ​ដ៏អស្ចារ្យ គឺ​ដើម្បី​ចូលរួម​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​រាតត្បាត​សកល​។

យោងតាម​តួលេខ​របស់​ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា ខ្លួន​បាន​ត្រៀម​ថវិកា​ជាង​ ១០០ ​លាន​ដុល្លារ​រួចជាស្រេច ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​នៅក្នុង​ប្រទេស​ជាង ១០០ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ជាង​ ២២ ​លាន​នាក់​នៅ​ជាង​ ១០០ ​ប្រទេស​។

លោក David Wigglesworth អគ្គនាយក​ក្រុមហ៊ុន Cambodia Beverage Company Ltd ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ទាំងស្រុង​របស់​ក្រុមហ៊ុន​កូកាកូឡា​បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា ក្រុមហ៊ុន​បាន​បង្វែរ​ថវិកា​ចំនួន​ ២០ ​ម៉ឺន​ដុល្លារ​សម្រាប់​ការផ្តល់ជូន​នូវ​សម្ភារ និង​ឧបករណ៍​ការពារ​ផ្សេងៗ ដើម្បី​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា​។

លោក David Wigglesworth អគ្គនាយក​ក្រុមហ៊ុន CBC Ltd​។

គំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន​កូកាកូឡា​កម្ពុជា​នេះ​នឹង​ផ្តោត​នៅ​តាម​ទីផ្សារ វត្តអារាម គ្រួសារ​ខ្វះខាត មន្ទីរពេទ្យ និង​ទីកន្លែង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ក្នុង​ខេត្ត​ក្រុង​ចំនួន​ ២១ ដោយមាន​ការគាំទ្រ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​វិស័យ​សាធារណៈ​។

លោក Wigglesworth ថ្លែង​ថា​៖ «​ការកម្ចាត់​វីរុស​នេះ​តម្រូវ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល ប៉ុន្តែ​យើង​ជឿជាក់​ថា ការតស៊ូ និង​ភាពរឹងមាំ​របស់​ប្រជាជន​កម្ពុជា​នឹង​ជួយ​យើង​ឱ្យ​យក​ឈ្នះ​លើ​ស្ថានភាព​នេះ​។ មិន​ដែល​មាន​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​ប្រទេស​កម្ពុជា​ និង​ប្រជាជន​កម្ពុជា​ខ្លាំង​ជាង​ពេលនេះ​ទេ ពីព្រោះ​យើង​រួមគ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​ការរីករាលដាល​ជំងឺ​កូវីដ​១៩​ដែល​រាតត្បាត​ជា​សកល​នេះ​»​។

ក្រុមហ៊ុន​ភេសជ្ជៈ​អាមេរិក​ដ៏ល្បីល្បាញ​មួយ​នេះ​បាន​សហការ​ជាមួយ​ក្រសួង​សុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ​ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដើម្បី​ផ្តល់​ការអប់រំ​វិធី​រក្សា​សុវត្ថិភាព​ក្នុងអំឡុងពេល​ផ្ទុះ​វីរុស​នេះ​។

ក្រុមហ៊ុន​ក៏​កំពុង​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​សុខាភិបាល​ក៏ដូចជា​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេចតេជោ​ដើម្បី​ផ្តល់ជូន​ដល់​បុគ្គលិក​សុខាភិបាល​ជួរ​មុខ​ និង​មណ្ឌល​ដាក់​នៅ​ដាច់​ដោយឡែក​នូវ​ឧបករណ៍ និង​សម្ភារ​វេជ្ជសាស្ត្រ​ដូចជា​ម៉ាស់ ជែល​លាងដៃ ឧបករណ៍​វាស់​កម្តៅ អាល់កុល​លាងដៃ សាប៊ូ​ និង​ភេសជ្ជៈ​ជាដើម​។

កូកាកូឡា​ផ្តល់​សម្ភារ​ការពារ​ជំងឺ​កូវីដ​១៩​នៅតាម​សង្កាត់​ផ្សេងៗ​។

ខណៈ​អ្នក​ដែល​ឆ្លង​វីរុស​នេះ​មាន​តែ​ ១២២ ​ករណី​នោះ ប្រទេស​កម្ពុជា​នៅតែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​វីរុស​នេះ ហើយ​ទោះយ៉ាងណា​សេដ្ឋកិច្ច​ និង​បុគ្គលិក​សុខាភិបាល​របស់​កម្ពុជា​ប្រឈម​នឹង​ការបារម្ភ​ស្រដៀង​គ្នា​ដូច​ប្រទេស​អាស៊ាន​ជិតខាង​ដែរ ដែល​ជំរុញ​ឱ្យ​មាន​ការសហការ​ពី​ក្រុមហ៊ុន​នានា និង​វិស័យ​សាធារណៈ​។

កាលពី​ដើមខែ​នេះ ក្រុមហ៊ុន​កូកាកូឡា​កម្ពុជា​បាន​សហការ​ជាមួយ​កម្មវិធី​ហៅ​រថយន្ត​ជិះ Grab និង​សាលា​រាជធានី​ភ្នំពេញ​ចែក​កញ្ចប់​ការពារ​ជាង​ ៥ ០០០ ​កញ្ចប់​ក្នុង​នោះ​មាន​ម៉ាស់ ជែលលាងដៃ និង​ភេសជ្ជៈ​ដល់​អ្នក បើកបរ​ម៉ូតូ​កង់​បី​ដែល​ភាគច្រើន​មាន​បញ្ហា​ហិរញ្ញវត្ថុ​ដោយសារ​ការធ្លាក់ចុះ​អតិថិជន​ជិះ Grab​។

លោក Wigglesworth បាន​សង្កត់ធ្ងន់​ថា ក្រុមហ៊ុន​មាន​មោទនភាព​ចំពោះ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការបង្កើត​ភាព​ជា​ដៃគូ ដែល​អាច​មាន​ឥទ្ធិពល​យូរអង្វែង​នៅក្នុង​សហគមន៍​របស់ខ្លួន​។ ចាប់តាំងពី​បាន​បើក​រោងចក្រ​ដំបូង​របស់ខ្លួន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ១៩៩៣ ក្រុមហ៊ុន​នេះ​បាន​ចូលរួម​កម្មវិធី​ជាច្រើន ក្នុងនោះ​រួមមាន​គំនិត​ផ្តួចផ្តើម​ទឹកស្អាត កម្មវិធី​ពង្រឹង​អំណាច​សេដ្ឋកិច្ច​ស្ត្រី និង​គម្រោង​ពិភពលោក​គ្មាន​កាកសំណល់​ជាដើម​។

កូកាកូឡា​ចូលរួម​ផ្សព្វផ្សាយ​វិធី​បង្ការ​ជំងឺ​កូវីដ​១៩​នៅតាម​មូលដ្ឋាន​។

លោក Wigglesworth លើកឡើង​ថា​៖ «​យើង​ធ្វើ​រឿងនេះ ពីព្រោះ​វា​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវធ្វើ ហើយ​ពីព្រោះ​យើង​ដឹងថា ការសហការ​គ្នា​យើង​អាចធ្វើឱ្យ​មាន​ការខុសប្លែក​។ ​សម្រាប់​ពេលនេះ​សុវត្ថិភាព និង​សន្តិសុខ​របស់​ប្រជាជន​គឺជា​អាទិភាព​ទី​ ១ ​របស់​យើង​។ វិធីសាស្ត្រ​របស់​យើង​គឺ​ផ្អែក​ទៅ​លើ​គោលបំណង​របស់​ក្រុមហ៊ុន​ដែល​ធានាថា​យើង​បន្ត​ខិតខំ​ដើម្បី​ធ្វើឱ្យ​មាន​ការផ្លាស់ប្តូរ​សម្រាប់​ប្រជាជន​នៅក្នុង​សហគមន៍ និង​នៅ​កន្លែង​ធ្វើការ​របស់​យើង​»​។

លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន​កូកាកូឡា​កម្ពុជា​ក្នុង​ការឆ្លើយតប​ចំពោះ​ជំងឺ​រាតត្បាត​មួយ​នេះ ដោយ​លោក​បាន​ថ្លែងថា វា​ស្ថិត​នៅ​ក្នុង​ចំណោម​ «​ឧទាហរណ៍​ជាច្រើន​ដែល​ក្រុមហ៊ុន និង​អង្គការ​របស់​អាមេរិក​ចូលរួម​ជាមួយ​ដៃគូ​ដ៏យូរអង្វែង​រវាង​ទីភ្នាក់ងារ​សុខភាព​រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​សម​ភាគី​កម្ពុជា​ដែល​បាន​ផ្តល់​ដល់​ព្រះរាជាណាចក្រ​កម្ពុជា និង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​១៩​។

លោក Murphy ថ្លែងប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ​អ៊ីមែល​ថា​៖ «​ខ្ញុំ​មាន​មោទនភាព​ដែល​បានឃើញ​ជនជាតិ​អាមេរិក​ និង​ក្រុមហ៊ុន​អាមេរិក​ដើរ​តួនាទី​ជួយ​ប្រទេស​កម្ពុជា​ដើម្បី​បញ្ឈប់​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩​។ ក្រុមហ៊ុន​កូកាកូឡា​គឺជា​ឧទាហរណ៍​មួយ​ដែល​បាន​បរិច្ចាគ​ថវិកា​ចំនួន ២០ ​ម៉ឺន​ដុល្លារ​ ដើម្បី​ជួយ​អ្នក​ដែល​នៅ​ជួរមុខ​ឲ្យ​មាន​សុវត្ថិភាព និង​សុខភាព​ល្អ ក្នុង​អំឡុង​ពេល​កំពុង​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​មួយ​នេះ​»៕