សម្រាប់​ក្រុមហ៊ុន Kerry Worldbridge Logistics Ltd (KWB) ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​ឈានមុខ​មួយ​នៅ​កម្ពុជា​បាន​មើលឃើញ​ពី​កំណើន​នៃ​ការផ្តល់​សេវាកម្ម​ដឹកទំនិញ​ទៅកាន់​អតិថិជន​គោលដៅ​ចុងក្រោយ (last-mile delivery) ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ធ្វើការ​ផ្តោត​ឡើងវិញ​អំពី​យុទ្ធសាស្ត្រ​អាជីវកម្ម​របស់ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​។

«​ការផ្ទុះ​ឡើង​ជំងឺ​កូវីដ​១៩ បង្ហាញថា​យើង​ត្រូវ​ផ្លាស់ប្តូរ​ដំណើរការ​អាជីវកម្ម​របស់​យើង និង​វិធី​ដែល​យើង​ត្រូវ​ធ្វើ​ការងារ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការដែល​កំពុង​ផ្លាស់ប្តូរ​របស់​អតិថិជន​»​។

«​ជាមួយ​នឹង​វិធានការ​រក្សា​គម្លាត​សង្គម ដោយសារ​តែ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​នេះ វា​បាន​ធ្វើឱ្យ​ការទិញ​ទំនិញ​តាម​អនឡាញ​កើនឡើង ដូច្នេះ​តម្រូវការ​សេវាកម្ម​ដឹកទំនិញ​ក៏​កើនឡើង​ដែរ ហើយ​ជា​លទ្ធផល​ការផ្តោត​របស់​យើង​ដែល​ផ្តោតលើ​ប្រសិទ្ធភាព​នៃ​សេវាកម្ម​បាន​ក្លាយ​ជា​កត្តា​ជំរុញ​សម្រាប់​បំពេញ​តាម​ការផ្លាស់ប្តូរ​ទីផ្សារ​»​។

«​យើង​ផ្តល់​សេវាកម្ម​ជាច្រើន​ដូចជា​ដឹកជញ្ជូន​ទំនិញ​ពី​ឃ្លាំង​រហូត​ដល់​ការដឹក​ទំនិញ​ចេញ-ចូល​។ សេវាកម្ម​ដ៏សំខាន់​មួយ​របស់​យើង​គឺ​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​អតិថិជន​គោលដៅ ចុងក្រោយ (last-mile delivery) ពីព្រោះ​វា​ធ្វើឱ្យ​យើង​មាន​ទំនាក់ទំនង​ច្រើន​ជាមួយ​អតិថិជន​ចុងក្រោយ​»​។

ក្រុមហ៊ុន​បាន​វិនិយោគ​យ៉ាងច្រើន​លើ​ឃ្លាំង​និង IT​។

លោក Dickson Pang ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Kerry Express នៅ​កម្ពុជា​បាន​បន្តថា​៖ «​ការពេញចិត្ត​របស់​អតិថិជន គឺជា​ចំណុច​ស្នូល​នៃ​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់​យើង​។ ដែល​វា​ឆ្លុះបញ្ចាំង​នៅក្នុង​ការខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ ដើម្បី​ផ្តល់​សេវាកម្ម​ដឹកទំនិញ​ឱ្យ​បានល្អ​បំផុត​។ យើង​ផ្តោតលើ​សេវាកម្ម​នេះ ពីព្រោះ​វា​គឺជា​អ្វីដែល​ធ្វើឱ្យ​យើង​លេចធ្លោ​នៅក្នុង​ចំណោម​ដៃគូ​ប្រកួតប្រជែង​របស់​យើង​»​។

ដោយមាន​ស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ហុងកុង ហើយ​ការិយាល័យ​ប្រចាំ​តំបន់​នៅក្នុង​ប្រទេស​ថៃ និង​វៀតណាម ក្រុមហ៊ុន KWB បានចាប់ផ្តើម​ប្រតិបត្តិការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៥ ហើយ​លោក Pang បាន​មើលឃើញ​ថា ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​មួយ​នេះ​កំពុង​នៅក្នុង​ទីកន្លែង​ល្អឥតខ្ចោះ ដើម្បី​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​កំណើន​នៃ​វិស័យនេះ​។

ការស្រាវជ្រាវ​រួមគ្នា​កាលពី​ពេល​ថ្មីៗ​ដែល​ធ្វើឡើង​ដោយ Google, Temasek និង​ Bain & Company បាន​បង្ហាញថា មាន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​តាម​ទូរស័ព្ទដៃ​ប្រមាណ​ ៣៦០ ​លាន​នាក់​នៅ​អាស៊ីអាគ្នេយ៍​ដោយ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​តំបន់​រំពឹងថា​នឹង​ឈានដល់​ ១៥០ ពាន់​លាន​ដុល្លារ​នៅត្រឹម​ឆ្នាំ​ ២០២៥ ពោលគឺ​កើន​ពី​ ៣៨ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩​។

ហើយ​ទីផ្សារ​ដឹកជញ្ចូន​ទំនិញ​នៅ​កម្ពុជា​រំពឹងថា​នឹង​ឈានដល់ ២,២៥ ពាន់​លាន​ដុល្លារ​នៅត្រឹម​ឆ្នាំ​ ២០២៣ នេះ​បើ​យោងតាម​របាយការណ៍​របស់ MarketReportsWorld.com ដែល​នឹង​ធ្វើឱ្យ​ការដឹកជញ្ជូន​ទំនិញ​ក្លាយជា​វិស័យ​លេចធ្លោ​មួយទៀត​នៅ​កម្ពុជា​។

ជាមួយ​នឹង​ការរំពឹងទុក​នៃ​កំណើន ជាពិសេស​នៅក្នុង​សេវាកម្ម​ដឹកជញ្ជូន​ដល់ដៃ​អតិថិជន​ចុងក្រោយ KWB បាន​ពន្លឿន​ផែនការ​របស់ខ្លួន​ដើម្បី​ក្លាយជា​អ្នកផ្តល់​សេវាកម្ម (one-stop service) ឱ្យបាន​គ្របដណ្តប់​នៅ​ទូទាំង​ប្រទេស​។

«​ខណៈ​បច្ចុប្បន្ននេះ យើង​ផ្តល់​សេវា​ដឹកជញ្ជូន​នៅ​ទូទាំង​ប្រទេស​តាមរយៈ​បណ្តាញ​សាខា​ចំនួន ៥០ យើង​ក៏មាន​ផែនការ​ពង្រីក​ប្រតិបត្តិការ​បន្ថែម​ដើម្បីឱ្យ​សេវាកម្ម​យើង​គ្របដណ្តប់​ទៅដល់​តំបន់​ជនបទ​ដាច់ស្រយាល​បំផុត នៅក្នុង​ប្រទេស​កម្ពុជា​»​។

«​ដើម្បី​បង្កើន​ការគ្របដណ្ដប់​ឱ្យ​កាន់តែ​ទូលំទូលាយ​សម្រាប់​អតិថិជន យើង​ក៏បាន​បង្កើត​កន្លែង​ដាក់​ទំនិញ​ដែលមាន​ភាពងាយស្រួល​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​បណ្តាញ​ខ្សែចង្វាក់​ដូចជា Aeon, Circle K, PTT និង​ទីតាំង​ជាច្រើន​ទៀត​ដែល​ប្រតិបត្តិការ​ទាំង​នៅក្នុង​ទីក្រុង​ និង​តំបន់​ជនបទ​។ ឆ្នាំនេះ​យើង​គ្រោង​នឹង​បង្កើន​ចំណុច​ទាំងនេះ​ឱ្យដល់​ជាង​ ៣០០ ​ទីតាំង​»​។

«​យើង​កំពុង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ឃ្លាំង​ស្តុក​ទំនិញ​របស់​យើង និង​បង្កើន​សមត្ថភាព​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ ស្រប​តាម​តម្រូវ​តាម​សីតុណ្ហភាព (cold-chain logistics) ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​។

ជាមួយ​នឹង​ឃ្លាំង​ស្តុក​ទំនិញ​ដ៏ទំនើប​របស់​យើង រួមជាមួយ​រថយន្ដ​ដឹកទំនិញ​ថ្មី និង​រថយន្ត​ដែលមាន​ស្រាប់ គឺ​យើង​អាច​រក្សា​សីតុណ្ហភាព​ក្នុង​ចន្លោះ​ពី​ ០ ​អង្សា ទៅ​ដក​ ២០ ​អង្សាសេ​ដែល​បំពេញបាន​តាម​ស្តង់ដា​អន្តរជាតិ​ខ្ពស់បំផុត​»​។

លោក Pang បន្តថា​៖ «​ខណៈ​ពេល​បច្ចុប្បន្ន ភាគច្រើន​គឺ​ផ្តោតលើ​ផ្នែក​អាជីវកម្ម​ទៅ​អាជីវកម្ម ប៉ុន្តែ​យើង​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​មួយចំនួន ដើម្បី​ពង្រីក​អាជីវកម្ម​ទៅដល់​អតិថិជន​ផ្ទាល់​។ ខ្សែចង្វាក់ (cold chain) គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ត្រីមាស​ទី​ ៣ ក្នុង​ឆ្នាំ​នេះ​»​។

លោក Dickson Pang

លោក​បន្ថែមថា ជាមួយ​នឹង​តម្លៃ​ប្រកួតប្រជែង​រួម​នឹង​ការគ្រប់គ្រង​ការដឹក​ទំនិញ ឃ្លាំង​ស្តុក និង​ការដឹកជញ្ជូន​ផលិតផល​ផ្សេងៗ​សម្រាប់​អតិថិជន​ដែលជា​ក្រុមហ៊ុន​ជាង​ ២០០ ក្រុមហ៊ុន KWB ផ្តល់​សេវា​ដឹកជញ្ជូន​ទំនិញ​ជា​មធ្យម ៤ ០០០ កញ្ចប់​ជា​រៀងរាល់​ថ្ងៃ​។

«​កាលពី​ឆ្នាំមុន យើង​បាន​វិនិយោគ​រាប់លាន​ដុល្លារ​ទៅលើ​ឃ្លាំង​ស្តុក ឧបករណ៍ និង​បច្ចេកវិទ្យា IT ដើម្បី​ពន្លឿន​ដំណើរការ​វេចខ្ចប់​។ ប៉ុន្តែ​នេះ​មិន​មានន័យថា យើង​ឈប់​ជួល​កម្លាំង​មនុស្ស​នោះទេ​។

ផ្តល់​ការងារ គឺ​ជួយ​ជំរុញ​កំណើន សេដ្ឋកិច្ច និង​បង្កើន​គុណភាព​នៃ​សេវាកម្ម​របស់​យើង​នៅលើ​ទីផ្សារ​»​។

«​ការវិនិយោគ​ឥតឈប់ឈរ​របស់​យើង​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន រួម​ជាមួយ​ការអភិវឌ្ឍ​បុគ្គលិក​ក្នុងស្រុក យើង​មាន​បុគ្គលិក​ខ្មែរ​ចំនួន ៩៩,៨ ភាគរយ​នៃ​កម្លាំង​ពលកម្ម​របស់​យើង​ប្រមាណ​ ៥០០ ​នាក់​ដែល​បាន​ជួយ​ឱ្យ​យើង​គ្របដណ្តប់​សេវាកម្ម​បាន​ ៨៥ ​ភាគរយ​នៃ​ការចែកចាយ​នៅ​ទូទាំង​ប្រទេស​។

លោក​បាន​បន្ថែមថា​៖ «​យើង​មាន​ដំណោះស្រាយ​ស្វ័យប្រវត្តិកម្ម ប៉ុន្តែ​នេះ​នឹងមិន​ជំនួស​កម្លាំង​មនុស្ស​ទេ យើង​មិនមាន​ចេតនា​ប្រើ​យន្តហោះ ដ្រូន ឬ​បច្ចេកវិទ្យា​ផ្សេង​ដើម្បី​ជំនួស​កម្លាំង​មនុស្ស​ទេ ពីព្រោះ​យើង​ជឿជាក់​ថា មូលដ្ឋាន​នីយកម្ម​គឺជា​អាថ៌កំបាំង​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការផ្តល់​ការដឹកជញ្ជូន​ទំនិញ​ទៅដល់​ដៃ​អតិថិជន​»៕