The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ សុវណ្ណាភូមិ ឡាយហ្វ៍ បង្កើន​ការលក់​បុព្វលាភ​របស់ខ្លួន​ទ្វេដង​ក្នុង​ឆ្នាំ​នេះ

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ សុវណ្ណាភូមិ ឡាយហ្វ៍ បង្កើន​ការលក់​បុព្វលាភ​របស់ខ្លួន​ទ្វេដង​ក្នុង​ឆ្នាំ​នេះ

Content image - Phnom Penh Post
លោក Tan ថ្លែង​ថា​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា ដូច្នេះ​មនុស្ស​កាន់តែ​ច្រើន​បាន​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការធានារ៉ាប់រង​អាយុជីវិត ។

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ សុវណ្ណាភូមិ ឡាយហ្វ៍ បង្កើន​ការលក់​បុព្វលាភ​របស់ខ្លួន​ទ្វេដង​ក្នុង​ឆ្នាំ​នេះ

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​សុវណា្ណភូមិ ឡាយហ្វ៍ បង្កើន​ការលក់​បុព្វលាភ​របស់​ខ្លួន​ទ្វេដង​ក្នុង​ឆ្នាំ​នេះ ​បន្ទាប់ពី​មានការ​រីកចម្រើន​គួរឱ្យ​កត់សម្គាល់​នៅក្នុង​ការលក់​បុព្វលាភ​របស់ខ្លួន​កាលពី​ឆ្នាំ​មុន ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​សុវណា្ណភូមិ​ឡាយហ្វ៍ មាន​សុទិដ្ឋិនិយម​អំពី​ចក្ខុវិស័យ​កំណើន​របស់​ខ្លួន​នៅក្នុង​ឆ្នាំនេះ​ដែល​អាច​កើនឡើង​ទ្វេដង​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

លោក Tan Jiak Hiang អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​សុវណា្ណភូមិ ឡាយហ្វ៍​បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​យើង​សម្រេច​បាន​លទ្ធផល​ល្អ​។ យើង​ទទួលបាន​ពានរង្វាន់​ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដែល​រីកលូតលាស់​លឿន​បំផុត​ក្នុង​ឆ្នាំ​ ២០១៨​។ ដោយ​គ្រាន់តែ​នៅក្នុង​ឆ្នាំ​ ២០១៨ តែមួយ ទីផ្សារ​អាជីវកម្ម​ថ្មី​របស់​យើង​បាន​កើនឡើង​ចំនួន​ ១០ ​ភាគរយ​ធៀប​នឹង​ ១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ពោលគឺ​វា​បាន​កើនឡើង​យ៉ាងខ្លាំង ហើយ​ចំណែក​ទីផ្សារ​នេះ​បាន​កើនឡើង​ជាង​ ១៧ ​ភាគរយ​នៅក្នុង​ត្រីមាស​ទី​ ១ ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​»​។

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​សុវណា្ណភូមិ ឡាយហ្វ៍ គឺជា​ក្រុមហ៊ុន​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី (Canadia Investment Holding PLC) ក្រុមហ៊ុន​កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី​គឺជា​ក្រុមហ៊ុនមេ ធនាគារ កាណាឌីយ៉ា និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត មឿងថៃ ឡាយហ្វ៍ ភីស៊ីអិល (Muang Thai Life Assurance PCL) មកពី​ប្រទេស​ថៃ​។

បច្ចុប្បន្ន​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​កំពុង​រីកចម្រើន​យ៉ាងខ្លាំង ដោយសារ​តែ​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់​កម្ពុជា​ជា​មធ្យម​ក្នុង​រង្វង់​ ៧ ​ភាគរយ កំណើន​ប្រជាជន​មាន​ចំណូល​មធ្យម​ចំនួន​ប្រជាជន​វ័យក្មេង ហើយ​អ្វីដែល​សំខាន់​ជាង​នេះ​ទៀត​គឺ​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ធានារ៉ាប់រង​អាយុជីវិត​ក្នុង​ចំណោម​សាធារណជន​។

Content image - Phnom Penh Post
ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​សុវណ្ណាភូមិ​ឡាយហ្វ៍ មាន​ទំនុកចិត្ត​ចំពោះ​កំណើន​នាពេល​អនាគត ខណៈ​ទីផ្សារ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ។

ប៉ុន្តែ​ចំនួន​អ្នក​ដែល​មាន​ធានារ៉ាប់រង​អាយុជីវិត​នៅ​មាន​ចំនួន​ទាប​នៅ​ឡើយ​។ បច្ចុប្បន្ន​មាន​តែ​ប្រជាជន​ប្រមាណ ៤០០ ០០០ នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រជាជន​ ១៦ លាន​នាក់​ដែល​មាន​ធានារ៉ាប់រង​អាយុជីវិត​។ វិស័យ​ធានារ៉ាប់រង​អាយុជីវិត​ទើបតែ​ចូលមក​ទីផ្សារ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១២ ​ប៉ុណ្ណោះ​។

យោងតាម​សមាគម​ធានារ៉ាប់រង​កម្ពុជា (IAC) បាន​ឲ្យ​ដឹងថា ការលក់​ធានា​រ៉ាប់រង​អាយុជីវិត​បាន​កើនឡើង ៥០,៦ ភាគរយ​បើ​ធៀប​ទៅ​នឹង​ធានារ៉ាប់រង​ទូទៅ​ដែល​មាន​ ១៥ ភាគរយ​។ បុព្វលាភ​សរុប​នៃ​ឧស្សាហកម្ម​ធានារ៉ាប់រង​បាន​កើនឡើង​ ៣០ ​ភាគរយ​នៅក្នុង​ឆ្នាំ​ ២០១៨ ដែល​ភាគច្រើន​ជំរុញ​ដោយ​ផ្នែក​ធានារ៉ាប់រង​អាយុជីវិត​។ បុព្វលាភ​ដុល​មានតម្លៃ ១៩៦,៤ លាន​ដុល្លារ​កាលពី​ឆ្នាំមុន បើ​ធៀប​នឹង​ ១៥១,៦ លាន​ដុល្លារ​កាល​ឆ្នាំ​ ២០១៧​។

«​ធានារ៉ាប់រង​អាយុជីវិត​គឺ​មាន​អាយុកាល​ប្រហែល​ ៧ ​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​ឧស្សាហកម្ម​មួយ​នេះ​កំពុង​រីកលូតលាស់​យ៉ាង​ខ្លាំង​។ កាលពី​ជាង​ ១ ​ឆ្នាំ​មុន មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​តែ​ ៧ ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​មាន​រហូត​ដល់ ១០ ឬ ១១ [​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​]»​។

លោក Tan បន្ថែម​ថា​៖ «​នៅពេល​ដែល​ក្រុមហ៊ុន​កាន់តែ​ច្រើន​ចូល​មក​ក្នុង​ទីផ្សារ​នេះ នោះ​នឹង​មាន​មនុស្ស​កាន់តែ​ច្រើន​ផ្តល់​ការណែនាំ​ដល់​សាធារណជន​ទូទៅ​អំពី​ធានារ៉ាប់រង​នេះ​។ ដូច្នេះ​ការយល់ដឹង​ជាទូទៅ​គឺ​កាន់តែ​ប្រសើរ ហើយ​ប្រជាជន​កាន់តែ​ច្រើន​បាន​យល់ដឹង​អំពី​សារៈសំខាន់​នៃ​អាជីវកម្ម​ធានារ៉ាប់រង​»​។

Content image - Phnom Penh Post
ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​សុវណ្ណាភូមិ​ឡាយហ្វ៍ មាន​ទំនុកចិត្ត​ចំពោះ​កំណើន​នាពេល​អនាគត ខណៈ​ទីផ្សារ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ។

លោក Tan គឺជា​ជនជាតិ​សិង្ហបុរី​ដែល​មាន​បទពិសោធ​នៅក្នុង​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​ជាង ៣០ ​ឆ្នាំ​មកហើយ​នោះ​បាន​សង្កត់​ធ្ងន់​ថា​ប្រទេស​កម្ពុជា​មាន​សក្តានុពល​ដ៏ធំ​សម្រាប់​ក្រុមហ៊ុន​ធានារ៉ាប់រង ខណៈ​ដែល​ប្រជាជន​ភាគច្រើន​នៅ​មិន​មាន​ធានារ៉ាប់រង​នេះ​នៅ​ឡើយ​។

«​ក្នុង​ឆ្នាំ​ ២០១៨ យើង​លក់​ធានារ៉ាប់រង​បាន​ស្ទើរតែ​ទ្វេដង​គឺ​ ៩២ ​ភាគរយ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៧​។ វា​ជា​អត្រាកំណើន​ដ៏ល្អ ហើយ​បច្ចុប្បន្ន​ប្រជាជន​មាន​ការយល់ដឹង និង​មាន​ការធានារ៉ាប់រង​អាយុ​ជីវិត​កាន់តែ​ច្រើន​»​។

លោក Tan បាន​បន្ថែមថា​៖ «​អត្រា​ធានារ៉ាប់រង​អាយុជីវិត​គឺមាន​តិចជាង​ ១ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​បើ​ធៀប​ទៅនឹង​ប្រទេស​ម៉ាឡេស៊ី​មាន ៤ ឬ ៥ ភាគរយ និង​ប្រទេស​សិង្ហបុរី​គឺមាន​រហូតដល់​ ៨ ​ភាគរយ​។ វា​នៅមាន​គម្លាត​ធំ ប៉ុន្តែ​សក្តានុពល​ក៏មាន​ច្រើន​»​។

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​សុវណា្ណភូមិ ឡាយហ្វ៍ ផ្តល់ជូន​នូវ​ផលិតផល​ការពារ​ឥណទាន សន្សំ​សម្រាប់​ការសិក្សា ការ​សន្សំ​ប្រាក់​ដែលមាន​ភាពបត់បែន និង​ដំណោះស្រាយ​ជីវិត​ (​ធានា​លើ​ថ្លៃ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ និង​អត្ថប្រយោជន៍​ធានារ៉ាប់រង​អាយុជីវិត​ជាច្រើន​ទៀត​)​។

លោក​បន្ថែម​ថា​៖ «​ធានារ៉ាប់រង​ឥណទាន និង​សន្សំ​សម្រាប់​ការសិក្សា​គឺជា​ផលិតផល​លក់​ដ៏សំខាន់​របស់​យើង​។ ផលិតផល​ទាំងនេះ​បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិជន​កម្ពុជា​។ ប្រជាជន​កម្ពុជា​យកចិត្ត​ទុក​ខ្លាំង​ចំពោះ​ការសិក្សា​របស់​កូនៗ​ពួកគេ និង​ការពារ​ទ្រព្យ​បញ្ចាំ​នៅពេល​ពួកគេ​ខ្ចីប្រាក់​ពី​ស្ថាប័នហិរញ្ញវត្ថុ​។ យើង​រីករាយ​ជាមួយ​នឹង​ការរីកលូតលាស់ នេះ​ដែល​ស្រប​តាម​ទីផ្សារ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​»៕

អត្ថបទគួរចាប់អារម្មណ៍