ក្រុមហ៊ុន សាន់ & មូន គ្រុប (SUN & MOON Group Co., LTD) ដែលជា​ក្រុមហ៊ុន​ជំនាញ​ខាង​វិនិយោគ​លើ​គម្រោង​សណ្ឋាគារ​ប្រណីតៗ អគារ​ខុនដូ និង​សំណង់​ផ្ទះល្វែង​ទំនើបៗ​ទាន់សម័យ​បាននិង​កំពុង​ហក់​ចូលក្នុង​វិស័យ​ពាណិជ្ជកម្ម​បោក​អ៊ុត​មួយទៀត​គឺ សាន់ & មូន ឡនឌ្រី (SUN & MOON Commercial Laundry) ដែល​គ្រោង​នឹង​បើក​ដំណើរការ​បម្រើ​អតិថិជន​នៅ​ត្រីមាស​ទី​ ២ ​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​។

ជាមួយ​នឹង​ម៉ាស៊ីន​បោក​អ៊ុត​ទំនើប​ខ្នាត​ធំ​ចំនួន​ ៨ ​គ្រឿង​ដែល​ម៉ាស៊ីន​នីមួយៗ​មាន​សមត្ថភាព​បោក​អ៊ុត​បាន​រហូត​ដល់ ១០០ ​គីឡូក្រាម ហើយ សាន់ & មូន ឡនឌ្រី នឹង​ផ្តល់​សេវាកម្ម​បោក​អ៊ុត​សម្រាប់​វិស័យ​ជាច្រើន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ចាប់ផ្តើម​ពី​វិស័យ​បដិសណ្ឋារកិច្ច​។

លោក រ៉ាត់ ដារ៉ារ័ត្ន អគ្គនាយករង​ក្រុមហ៊ុន សាន់ & មូន គ្រុប (SUN & MOON Group Co., LTD) បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា ក្រុមហ៊ុន​នឹង​ប្រើប្រាស់​ឧស្សាហកម្ម​សណ្ឋាគារ​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នេះ ជា​កន្លែង​ចាប់ផ្តើម​ពង្រីក​សេវាកម្ម​របស់​ខ្លួន ដើម្បី​ផ្គត់ផ្គង់​ទៅដល់​វិស័យ​ជាច្រើន​ទៀត​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

«​អាជីវកម្ម​ស្នូល​របស់​យើង​បាន​ចាប់ផ្តើម​ពី​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ទៅ​ទីផ្សារ​គោលដៅ​ដំបូង​របស់​យើង​គឺ សណ្ឋាគារ​។ ផ្អែកលើ​របាយការណ៍​ចុងឆ្នាំ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ Knight Frank បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​សណ្ឋាគារ​មាន​ជាង ១១ ០០០ ​បន្ទប់​ ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ផ្អែកលើ​កំណើន ៧.៥ ​ភាគរយ​ ក្នុង ១ ​ឆ្នាំ​។

លោក ដារ៉ារ័ត្ន អគ្គនាយករង​ក្រុមហ៊ុន សាន់ & មូនគ្រុប​ថ្លែងថា សាន់​&​មូន ឡន ឌ្រី ផ្តោត​លើ​វិស័យ​សណ្ឋាគារ​មុន​ពេល​ពង្រីក​ទៅ​កាន់​ឧស្សាហកម្ម​ផ្សេងទៀត​។ Supplied

លោក ដារ៉ារ័ត្ន ​បាន​ថ្លែងថា​៖ «​បន្ទប់​នីមួយៗ​មាន​កម្រោល​ពូក កម្រាល​ខ្នើយ​ដែល​តម្រូវ​ឱ្យ​មាន​ការបោក​សម្អាត ដូច្នេះ​ចក្ខុវិស័យ​សម្រាប់​សេវាកម្ម​បោក​អ៊ុត​នៅក្នុង​វិស័យ​សណ្ឋាគារ​តែមួយ​គឺ​កំពុង​កើនឡើង​។ យើង​បានដឹង​ច្បាស់​អំពី​អ្វីដែល​អតិថិជន​ចង់បាន ពីព្រោះ​យើង​ចេញ​មកពី​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​នេះ​ដោយផ្ទាល់​»​។

ដើម្បី​ជួយ​ដល់​ប្រតិបត្ដិការ​បោក​អ៊ុត​របស់​សាន់ & មូន ឡនឌ្រី (SUN & MOON Commercial Laundry) ក្រុមហ៊ុន​បានសម្រេច​ជ្រើសរើស​លោក កែ កំសាន្ត ធ្វើ​ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​។

លោក កំសាន្ត ដែល​ធ្លាប់​ដឹកនាំ​ប្រតិបត្តិ​ការបោក​អ៊ុត​នៅតាម​សណ្ឋាគារ​ល្បីៗ​មួយចំនួន​នៅ​កម្ពុជា​ក៏​បាន​ចែករំលែក​អំពី​ចក្ខុវិស័យ​របស់​លោក​ចំពោះ​ក្រុមហ៊ុន​បោក​អ៊ុត​មួយ​នេះ​ដែលមាន​ទីតាំង​ស្ថិតនៅលើ​ផ្ទៃដី​ទំហំ ៤ ៩០០ m2 នៅ​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ដែរ​។

លោក កំសាន្ត បាន​ថ្លែង​ថា ជា​បន្តបន្ទាប់​ក្រុមហ៊ុន​នឹង​សម្លឹង​ទៅដល់​វិស័យ​បម្រើ​សេវាកម្ម​ម្ហូបអាហារ ភេសជ្ជៈ ស្ប៉ា កន្លែង​ហាត់ប្រាណ និង​ផ្នែក​ឯកសណ្ឋាន​ក្រុមហ៊ុន ហើយ​សំខាន់​បំផុត​ទៀត​នោះ​គឺ «​ការបោកអ៊ុត​បែប​ជីវសាស្ត្រ​» ដូច្នេះ​ការបោក​អ៊ុត​សម្រាប់​មន្ទីរពេទ្យ​នឹង​គោរព​ទៅ​តាម​ស្តង់ដា​អន្តរជាតិ​។

លោក កែ កំសាន្ត នាយក​គ្រប់គ្រង ក្រុមហ៊ុន សាន់ & មូន ឡន ឌ្រី​។ Supplied

យោងតាម​លោក កំសាន្ត បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​សេវាកម្ម​បោកអ៊ុត​នៅ​មិនទាន់​បែងចែក​សម្លៀកបំពាក់ និង​កម្រាល​ពូកខ្នើយ​សម្រាប់​អតិថិជន​របស់ខ្លួន​នៅឡើយ​ទេ ដូច្នេះ​អ្វីៗ​ត្រូវបានធ្វើ​ជាមួយគ្នា​។

លោក កំសាន្ត លើកឡើង​ថា​៖ «​បច្ចុប្បន្ន​គម្រោង​នេះ​បាន​បញ្ចប់​ ៧០ ​ភាគរយ​ហើយ​។ ពេលវេលា​នឹងត្រូវ​បាន​បែងចែក​សម្រាប់​ការសាកល្បង ហើយ​ដំណើរការ​សាកល្បង​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែ​ទី​ ១ នៃ​ត្រីមាស​ទី​ ២ ហើយ​ប្រតិបត្តិការ​ពេញលេញ​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ត្រីមាស​ទី​ ៣»​។ ការបោកអ៊ុត សម្ងួត បត់ នឹង​ត្រូវ​ធ្វើឡើង​តាម​ខ្នាត​នៃ​ឧស្សាហកម្ម​នីមួយៗ​។

ក្រុមហ៊ុន​គ្រោង​ជួល​បុគ្គលិក​ប្រមាណ​ ៣០ ​នាក់​ នៅ​ដំណាក់កាល​ដំបូង​នៃ​ប្រតិបត្តិការ​របស់ខ្លួន ហើយ​ចំនួន​នេះ​នឹង​កើនឡើង​ជា​លំដាប់​នៅពេល​សាខា​ត្រូវ​បាន​ពង្រីក​ទាំង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​។

លោក ដារ៉ារ័ត្ន ​បាន​បញ្ជាក់ថា ក្រុមហ៊ុន​គ្រោង​នឹង​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ផងដែរ​។

លោក​លើកឡើង​ថា ក្រុមហ៊ុន​ក៏​កំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ក្រុមហ៊ុន​គីមី​ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​បោកអ៊ុត​ដែល​ការពារ​ដល់​បរិស្ថាន​។

លោក ដារ៉ារ័ត្ន ​បន្តថា​៖ «​សាន់ & មូន ឡន ឌ្រី គឺ​ផ្តល់​សេវាកម្ម​បោកអ៊ុត​សម្រាប់​ឧស្សាហកម្ម​ទាំងអស់​។ បេសកកម្ម​របស់​យើង​គឺ​ផ្តល់​សេវាកម្ម​បោកអ៊ុត​សម្រាប់​សម្លៀកបំពាក់ ស្រោមពូក ខ្នើយ និង​ក្រណាត់​គ្រប់​ប្រភេទ និង​ធានាថា​រក្សា​បាន​នូវ​គុណភាព​ល្អ និង​ធន់​បាន​យូរ​»៕