នៅជាន់ខាងលើនៃបន្ទប់តាំងបង្ហាញនាឡិកាដៃម៉ាក «ពូ» អ្នកច្នៃម៉ូដកំពុងរចនា និងដំឡើងនាឡិកាដៃដ៏ស្រស់ស្អាតសម្រាប់លក់នៅលើទីផ្សារ។ អស់រយៈពេល ២ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផលិតនាឡិកាដៃប្រណីតៗជាច្រើនសម្រាប់ប្រទេសកម្ពុជាក៏ដូចជាសម្រាប់ទីផ្សារក្រៅប្រទេស។ នាឡិកាដៃម៉ាក «ពូ» ជានាឡិកាដៃដំបូងគេដែលផលិតនៅក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីការលក់នាឡិកាដៃ ៣ ម៉ូដែលដំបូងដោយជោគជ័យ ស្ថាបនិកក្រុមហ៊ុននាឡិកាដៃម៉ាក «ពូ» លោក ពូ ទី កំពុងសម្លឹងមើលទីផ្សារនាឡិកាវៀតណាមដែលមានតម្លៃ ៧៥០ លានដុល្លារជាមួយនឹងម៉ូដែល «Oyster» ដែលនឹងត្រូវចេញលក់នៅខែក្រោយ។
មោទនភាពនាឡិកាដៃម៉ូដែល PU Oyster ដែលផលិតនៅស្រុកខ្មែរនេះវាគឺជានិមិត្តសញ្ញាដ៏សំខាន់សម្រាប់ក្រុមហ៊ុន។ វាគឺជាសក្ខីភាពបញ្ជាក់ពីមហិច្ឆតារបស់ក្រុមហ៊ុនក្នុងនាមជាអ្នកផលិតនាឡិកាដែលកំពុងកែច្នៃ និងរចនា និងផលិតនាឡិកាប្រណីត។
លោក ទី បានឲ្យភ្នំពេញប៉ុស្តិ៍ដឹងថា៖ «ការចំណាយប្រាក់ចំនួន ៣០០ ដុល្លារ ឬ ៤០០ ដុល្លារគឺវាមិនច្រើនទេសម្រាប់ជនបរទេស ប៉ុន្តែនៅកម្ពុជាវាគឺជាចំនួនទឹកប្រាក់ដ៏ច្រើន។ ដូច្នេះយើងបានផលិតនូវអ្វីដែលប្រជាជនចង់បាន ប៉ុន្តែប្រហែលវាមិនងាយស្រួលទេសម្រាប់ប្រជាជននៅក្នុងប្រទេសរបស់ខ្ញុំក្នុងការទិញនាឡិកានេះ»។
នាឡិកាដៃម៉ូដែល Oyster នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍផលិតនាឡិកាដៃឲ្យកាន់តែមានលក្ខណពិសេស។
ក្រុមហ៊ុនត្រូវចំណាយពេល ១ សប្តាហ៍ដើម្បីផលិតនាឡិកាដៃម៉ូដែល«Traditional» របស់ខ្លួន ខណៈក្រុមហ៊ុនមានគោលបំណងផលិតនាឡិកាដៃម៉ូដែល Oyster ឲ្យបានចំនួន ១០ គ្រឿងក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃ។
លោកទីថ្លែងថា នាឡិកានេះយកគំរូតាមម៉ាក Rolex Oyster Perpetual ។ ទ្រនិចចង្អុលម៉ោងដើរដោយទៅមុខឥតកញ្ឆក់ៗ ហើយផ្ទៃធ្វើពីកញ្ចក់ពិសេសដ៏ប្រណីត។
«នៅពេលយើងចាប់ផ្តើមអាជីវកម្មដំបូង ខ្ញុំត្រូវសម្រេចថា តើខ្ញុំចង់ធ្វើអ្វីដែលងាយស្រួលដែលនរណាក៏អាចចម្លងបាន ឬក៏ផលិតអ្វីដែលពិបាក ដែលគ្មាននរណាម្នាក់អាចធ្វើបាន»។
លោក ទី លើកឡើងថា៖ «ធ្វើដោយខ្លួនឯងគឺជាគោលដៅរបស់ក្រុមហ៊ុននាឡិកាដៃ «ពូ» តាំងពីដំបូង ហើយនេះគឺជាជំហានមួយឆ្ពោះទៅមុខ។ យើងតែងតែចង់ផ្តល់នូវគុណភាពល្អបំផុតសម្រាប់តម្លៃទាបបំផុតតាមដែលអាចធ្វើបាន»។
លោក ទី សង្កត់ធ្ងន់ថា លោកបានខិតខំតស៊ូដើម្បីឆ្លើយតបទៅនឹងតម្រូវការម៉ូដែលដំបូងរបស់លោក ដោយលោកបានលើកឡើងថា៖ «អតិថិជនជាច្រើនទូរស័ព្ទមកខ្ញុំធ្វើការកុម្ម៉ង់នាឡិកាដែលពួកគេមិនទាន់បានមើលឃើញនៅឡើយ»។
គ្រឿងផ្គុំនាឡិកា «ពូ» បានមកពីក្រុមហ៊ុននាឡិកាម៉ាក Citizen ដ៏ល្បីល្បាញ (21-jewel Miyota) សម្រាប់ម៉ូដែល Classic, Traditional និងម៉ូដែល Engraved ។
ក្រុមហ៊ុនលក់នាឡិកាដៃបានជាង ១៥០ គ្រឿងនៅទីផ្សារបរទេស និង ៥៥០ គ្រឿងជាសរុបចាប់តាំងពីពេលចាប់ផ្តើមមក។ ខណៈចំនួននេះស្តាប់ទៅហាក់តិចតូច ប៉ុន្តែ ២ ម៉ូដែលមុនគឺម៉ូដែល Classic និង Traditional ក្រុមហ៊ុនលក់ដាច់ទាំងអស់ដែលចំណាយពេល ១ សប្តាហ៍ក្នុងការផលិត ១ គ្រឿង។
ចំពោះស៊េរី «Engraved » ដែលចំនួនមានកំណត់ត្រូវលក់រាយក្នុងតម្លៃ ៣៥០០ ដុល្លារទៅ ១០ ០០០ ដុល្លារក្នុង ១ គ្រឿងដែលត្រូវបានដាក់លក់ដើម្បីអបអរខួប ២ ឆ្នាំរបស់ក្រុមហ៊ុន។ ម៉ូដែលនេះត្រូវចំណាយពេល ៣០ ថ្ងៃដើម្បីផលិតក្នុង ១ គ្រឿង។
នៅផ្ទៃខាងមានក្បាច់ចរនាដ៏ស្រស់ស្អាតមានចម្លាក់រូប «រាហូ» ដែលត្រូវបានដាក់ឈ្មោះតាមរូបភាពនៅលើជញ្ជាំងប្រាសាទអង្គរវត្តជាចម្លាក់យ៉ាងប្រណីតនៅផ្ទៃខាងនាឡិកាដៃដែលស្រោបដោយមាស ២៤ ការ៉ាត់។
នាឡិកាដៃដែលចំនួនមានកំណត់នេះធ្វើឡើងពីដែកអ៊ីណុកជាមួយនឹងទ្រនិចលេខធ្វើពីពេជ្រ និងខ្សែធ្វើពីស្បែកដ៏ស្រស់ស្អាត។
លោក ទី ថ្លែងថា៖ «ទាំងនេះគឺជានាឡិកាដៃពិសេស ពីព្រោះយើងឆ្លាក់រូបសិល្បៈដែលមាននៅលើប្រាសាទអង្គរវត្តពិតៗ។
ម៉ូដែលផ្សេងទៀតដូចជា Patek Philipe ក៏ផលិតនាឡិកាដ៏ស្រស់ស្អាតផងដែរ ប៉ុន្តែនេះជាអ្វីដែលពួកគេមិនអាចធ្វើបានពីព្រោះវាជាសិល្បៈ និងប្រវត្តិរបស់យើង។ យើងប្រហែលជាមិនធ្វើអ្វីដូចនេះទៀតទេ»។
ចក្ខុវិស័យរបស់លោក ទី សម្រាប់ក្រុមហ៊ុនមិនត្រឹមតែពង្រឹងក្រុមហ៊ុនរបស់លោកឲ្យក្លាយជាក្រុមហ៊ុនផលិតនាឡិកាដៃដែលមានការទទួលស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងចង់ឲ្យនាឡិកាដៃរបស់លោកក្លាយជាម៉ាកប្រណីតរបស់កម្ពុជាផងដែរ ដោយពង្រីកវត្តមានរបស់ខ្លួនទាំងនៅក្នុង និងក្រៅប្រទេស។
«ទោះបីហាងលក់គ្រឿងអលង្ការមួយចំនួនបានទាក់ទងមកយើងចង់លក់នាឡិការបស់យើងក្តី ប៉ុន្តែយើងបានជ្រើសរើសផ្តោតទៅលើយីហោរបស់យើងជាមុន ពីព្រោះពួកគេអាចលក់នាឡិការបស់យើងរួមជាមួយម៉ាកល្បីៗ ឬនាឡិកាក្លែងក្លាយ ដូច្នេះឈ្មោះរបស់យើងនឹងបាត់បង់កិត្តិនាម»។
លោកបន្តថា៖ «ខ្ញុំមិនចង់បានលុយទេក្នុងពេលឥឡូវនេះ ខ្ញុំចង់កសាងគុណតម្លៃម៉ាកយីហោរបស់ខ្ញុំជាមុនសិន»៕