នៅ​ដើម​ខែ​មេសា​ខាង​មុខ​នេះ​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន Philippines Airlines (PAL) នឹង​ធ្វើការ​ហោះហើរ​ត្រង់​លើក​ដំបូង​របស់​ខ្លួន​ពី​ទីក្រុង​ម៉ានីល មក​កាន់​រាជធានី​ភ្នំពេញ​។

ការតភ្ជាប់​ជើង​ហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន អាកាសចរណ៍ PAL ​មក​កម្ពុជា​នេះ​មិន​ត្រឹម​តែ​ផ្តល់​ភាពងាយស្រួល​ដល់​ការធ្វើ​ដំណើរ​ទៅ​វិញ​​ទៅ​មក​រវាង​ប្រទេស​ទាំង​ ២ ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ផ្តល់​ភាពងាយស្រួល​ដល់​ការធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ហ្វីលីពីន​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។ បច្ចុប្បន្ន​មាន​ជនជាតិ​ហ្វីលីពីន​ប្រមាណ​ ៧ ​ពាន់​នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ប្រមាណ​ ៨០ ​ភាគរយ​គឺ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។

កាលពី​មុន​ការធ្វើ​ដំណើរ​ពី​ប្រទេស​ហ្វីលីពីន​មក​ប្រទេស​កម្ពុជា​ត្រូវ​ឈប់​ប្តូរ​ជើង​យន្តហោះ​នៅ​ប្រទេស​មួយ​ផ្សេង​ទៀត​ដែល​ធ្វើឲ្យ​ការធ្វើ​ដំណើរ​មាន​រយៈពេល​យូរ​អាច​លើស​ពី ៦ ​ម៉ោង​ដែល​វា​អូសបន្លាយ​ពេលវេលា​យ៉ាង​ច្រើន ប៉ុន្តែ​តាមរយៈ​ការបើក​ជើងហោះហើរ​ត្រង់​ដំបូង​របស់​អាកាសចរណ៍ PAL មក​កាន់​កម្ពុជា​នេះ វា​នឹង​ធ្វើឲ្យ​ការធ្វើ​ដំណើរ​ត្រូវ​ចំណាយពេល​ត្រឹម​តែ​ ២ ​ម៉ោង​កន្លះ​ប៉ុណ្ណោះ​។

ការភ្ជាប់​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ PAL គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ហ្វីលីពីន​ដោយ​ក្រុមហ៊ុន​មើល​ឃើញ​ឱកាស​សម្រាប់​អតិថិជន​របស់​ខ្លួន​ក្នុង​ការបង្កើន​ការធ្វើ​ពាណិជ្ជកម្ម និង​ការធ្វើ​ដំណើរ​ទេសចរណ៍​ក៏ដូចជា​ការបង្កើន​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ​ផងដែរ​។

លោក Bautista ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ជើង​ហោះហើរ​ជា​ផ្លូវការ​។ post staff

អនុប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ PAL លោក Ryan T. Uy បាន​ថ្លែងថា​៖ «​រឿង​ដែល​ច្បាស់លាស់​បំផុត​នោះ​គឺថា​យើង​មក​កាន់​ទីនេះ​គឺ​ដើម្បី​ជំរុញ​ដល់​កំណើន​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ ២»​។

លោក Christopher B. Montero ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា​ក៏បាន​ថ្លែង​ថា​៖ «​ការបើក​ជើងហោះហើរ​ត្រង់​នេះ​នឹង​ជួយ​បង្កើន​ការតភ្ជាប់​ប្រទេស​កម្ពុជា​ទៅ​កាន់​ពិភពលោក​ទាំងមូល ហើយ​យើង​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​​ដើម្បី​ជួយ​បង្កើន​ចំនួន​ភ្ញៀវទេសចរ​ក៏ដូចជា​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​។ យើង​​ដឹង​ថា​ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​ប្រទេស​មួយ​ដ៏ស្រស់ស្អាត​ដែល​មាន​តំបន់​ទេសចរណ៍​ដ៏សម្បួរ​បែប​ហើយ​រាជធានី​ភ្នំពេញ​គឺជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដែល​កំពុង​រីកលូតលាស់​»​។

ជាមួយ​នឹង​ការព្យាករ​ដ៏វិជ្ជមាន​ក្រុមហ៊ុន​អាកាសចរណ៍ PAL ចាត់ទុក​ថា​នេះ​ជា​ឱកាស​ដ៏ល្អ​មួយ​សម្រាប់​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ ហើយ​ក្រុមហ៊ុន​រំពឹង​ថា​ការភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​នេះ​នឹង​ទទួល​បាន​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន​។

លោក Uy ថ្លែង​ថា​៖ «​ជាថ្មី​ម្តង​ទៀត​ប្រសិន​បើ​យើង​មើលឃើញ​ថា​តម្រូវការ​មាន​ការ​កើនឡើង​ខ្លាំង នោះ​យើង​នឹង​ប្តូរ​ទៅ​ប្រើប្រាស់​យន្តហោះ​ប្រភេទ A321 វិញ ដែល​វា​ជា​ប្រភេទ​យន្តហោះ​មាន​កៅអី​អង្គុយ​កាន់តែ​ច្រើន​»​។

នៅក្នុង​ប្រទេស​កម្ពុជា​ក្រុមហ៊ុន​អាកាសចរណ៍ PAL មើល​ឃើញ​អំពី​ឱកាស​រីកចម្រើន​ជាច្រើន​។ វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា​កំពុង​រីកលូតលាស់ ជាមួយ​គ្នា​នេះ​ដែរ​អនុសញ្ញា​ទីក្រុង Cape Town នៅក្នុង​វិស័យ​មួយ​នេះ​វា​ក៏​នឹង​ធ្វើឱ្យ​វិស័យ​អាកាសចរណ៍​កម្ពុជា​កាន់តែ​ទទួល​បាន​ផលប្រយោជន៍​ច្រើន និង​កាន់តែ​មាន​ភាពងាយស្រួល ខណៈ​នៅ​ខេត្ត​សៀមរាប​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​អំពី​ការរីកចម្រើន​ដ៏ខ្លាំងក្លា​ផង​ដែរ​។

លោក Ryan T Uy ថ្លែង​ស្វាគមន៍​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​។

លោក Uy បាន​ធ្វើការ​កត់សម្គាល់​ថា​៖ «​យើង​តែងតែ​សិក្សា​អំពី​ផ្លូវ​ហោះហើរ​របស់​យើង ហើយ​សម្រាប់​ពេល​នេះ​គឺ​យើង​ដើរ​ ១ ​ជំហាន​ម្តងៗ​តាមរយៈ​ការហោះហើរ​ត្រង់​មក​កាន់​ទីក្រុង​ភ្នំពេញ​។ ច្បាស់​ណាស់​យើង​ដឹង​អំពី​តម្រូវការ​ខ្ពស់​នៅ​ខេត្ត​សៀមរាប ហើយ​យើង​កំពុង​ពិនិត្យ​មើល​លទ្ធភាព​ជាក់លាក់​ណាមួយ​សម្រាប់​ការតភ្ជាប់​ជើងហោះហើរ​នាពេល​អនាគត​» ។

លោក Uy បន្ត​ថា​ប៉ុន្តែ​សក្តានុពល​នៃ​កំណើន​ដែល​ក្រុមហ៊ុន​អាកាសចរណ៍ PAL មើល​ឃើញ​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​មិនមែន​មាន​តែ​នៅ​ខេត្ត​សៀមរាប​ប៉ុណ្ណោះ​ទេ យើង​ក៏​មើល​ឃើញ​គោលដៅ​ជាច្រើន​ទៀត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​ក្រៅពី​ខេត្ត​សៀមរាប​ដោយ​ផ្លូវ​ហោះហើរ​ទាំង​នោះ​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​ពិនិត្យ និង​ពិចារណា​ហើយ​ចំពោះ​ទិសដៅ​លេចធ្លោ​ជាង​គេ​គឺ​ខេត្ត​ព្រះសីហនុ​។

ទាក់ទង​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍​នៅក្នុង​ប្រទេស​ហ្វីលីពីន​វិញ ចេញ​ពី​ទីក្រុង​ម៉ានីល ក្រុមហ៊ុន​អាកាសចរណ៍ PAL មាន​ជើងហោះហើរ​ក្នុង​ស្រុក​ទៅកាន់​គោលដៅ​ទេសចរណ៍​ជាច្រើន​នៅក្នុង​ប្រទេស​ហ្វីលីពីន ជាពិសេស​មាន​ជើង​ហោះហើរ​ភ្ជាប់​ទៅ​កាន់​ទីក្រុង​ធំៗ​ដែល​ផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ពី​ប្រទេស​កម្ពុជា ពួកគាត់​អាច​ទៅ​កម្សាន្ត​នៅ​តំបន់​កោះ និង​ឆ្នេរសមុទ្រ​ដ៏ស្រស់ស្អាត និង​សម្បួរ​បែប​ដែល​ជា​តំបន់​ទេសចរណ៍​ដ៏ល្បីល្បាញ​របស់​ប្រទេស​ហ្វីលីពីន​បាន​ដោយ​ងាយស្រួល​។

លោក Montero បាន​ចង្អុល​បង្ហាញ​ថា ក្នុង​នាម​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ភ្ញៀវទេសចរ​កម្ពុជា​អាច​ស្នាក់នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​បាន​រហូត​ដល់​ ៣០ ​ថ្ងៃ ដោយ​មិន​ត្រូវការ​ទិដ្ឋាការ​ពីព្រោះ​គោលនយោបាយ​បើក​ទូលាយ​របស់​អាស៊ាន​។ លោក Jamie Bautista ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ PAL បាន​បន្ថែម​ថា​៖ «​យើង​សង្ឃឹម​ថា​ការបើក​ជើងហោះហើរ​នេះ​នឹង​ជួយ​ពង្រឹង​ចំណងមិត្តភាព​នៃ​ប្រទេស​យើង​ទាំង​ ២ ​ឲ្យ​កាន់តែ​រឹងមាំ​ក៏ដូចជា​ពង្រឹង​សាមគ្គីភាព​របស់​អាស៊ាន​ផង​ដែរ​»៕