ក្រុមហ៊ុន​អាកាស​ចរណ៍​ចិន China Airlines មាន​គម្រោង​បង្កើន​ជើង​ហោះហើរ​ឲ្យ​បាន​ជា​រៀងរាល់​ថ្ងៃ ដោយ​បច្ចុប្បន្ន​មាន​តែ ​៥ ​ជើង​ប៉ុណ្ណោះ​ក្នុង ​១ សប្តាហ៍ ដើម្បី​ត​ភ្ជាប់​ទីក្រុង​ភ្នំពេញ​ និង​ទីក្រុង​តៃប៉ិ​ដែល​ជា​ផ្នែក ​១ ​នៃ​ផែនការ​ពង្រីក​សេវាកម្ម​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​នេះ​។

លោក Charles Hsu ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា​ការ​បង្កើន​ជើង​ហោះហើរ​ញឹកញាប់​នេះ​នឹង​ចាប់​ផ្តើម​ពី​ខែ​មីនា​តទៅ​ដែល​វា​នឹង​ជួយ​បង្កើន​បរិមាណ​ដឹក​ជញ្ជួន​របស់​ខ្លួន​ដែល​ជា​មធ្យម​មាន​កំណើន​ប្រមាណ ​៨៣ ​ភាគរយ​ជា​រៀងរាល់​ឆ្នាំ​។

លោក​បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា​៖ «​តាមរយៈ​ការ​បង្កើន​ជើង​ហោះហើរ​ប្រចាំ​ថ្ងៃ​នេះ​យើង​រំពឹង​ថា​ អ្នក​ដំណើរ​នឹង​កើន​ឡើង​ចន្លោះ​ពី​ ​៣០ ​ទៅ ​៤០% រវាង​ទីក្រុង​តៃប៉ិ​និង​ទីក្រុង​ភ្នំពេញ​។ ហើយ​វា​មាន​សមត្ថភាព​ជួយ​ដល់​កំណើន​ភ្ញៀវ​ទេសចរ​ដែល​ចាប់​អារម្មណ៍​មក​ទស្សនា​ប្រទេស ​កម្ពុជា​ ជា​ពិសេស​ខេត្ត សៀមរាប​»​។

ទី​ស្នាក់ការ​ក្រុមហ៊ុន China Airlines នៅ​ទីក្រុង​តៃប៉ិ​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​អាកាស​ចរណ៍​នេះ​បាន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ប្រមាណ ​៣៤ ០០០ ​នាក់ ​រវាង​គោលដៅ​ទាំង ២ ​កាល​ពី​ឆ្នាំ​មុន ហើយ​នៅ​ក្នុង​ឆ្នាំ ២០១៩​ នេះ​ក្រុមហ៊ុន​សង្ឃឹម​ថា​ ជា​ឆ្នាំ​ដែល​មាន​កំណើន​ខ្ពស់​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​ដែល​បាន​ប្រតិបត្តិការ​ហោះហើរ​មក​កាន់​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ ​២០០៦ ​មក​នោះ​។

អ្នក​ដំណើរ​ប្រមាណ ​៥៥% ​មក​ពី​កោះ​តៃវ៉ាន់​ គឺ​ជា​ភ្ញៀវ​ទេសចរ (​ភាគ​ច្រើន​ធ្វើ​ដំណើរ​ជា​ក្រុម​) ហើយ​ប្រមាណ​ ២៥% ​ជា​អ្នក​ជំនួញ ក្រៅ​ពី​នោះ ​គឺ​អ្នក​ធ្វើ​ដំណើរ​មក​លេង​សាច់​ញាតិ​បង​ប្អូន ​ឬ​មិត្ត​ភក្តិ។ ​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​មាន​តែ ​១០ ​ភាគរយ​ប៉ុណ្ណោះ​ដែល​ធ្វើ​ដំណើរ​ចេញ​ពី​កម្ពុជា​ទៅ​តៃវ៉ាន់​វិញ​។

ក្រុមហ៊ុន​ប្រើ​យន្តហោះ​ប្រភេទ 737-800 ដែល​មាន​កៅអី​ប្រភេទ Economic Class ចំនួន ១៥០ កៅអី និង​កៅអី​ប្រភេទ​ជំនួញ Business Class ចំនួន ៨ កៅអី​។

លោក​ថ្លែង​ថា​៖ «​យើង​មិនទាន់​ទទួល​បាន​ប្រាក់​ចំណេញ​ទេ​ក្នុង​រយៈពេល ​១៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ វា​គឺ​ជា​ជំនួញ​មួយ​ដ៏​តានតឹង​។​យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ចំណូល​រួច​ខ្លួន​ក្នុង​រយៈពេល ​១ ​ឬ ​២ ឆ្នាំ​ទៀត​ ហើយ​នៅ​ពេល​ខាង​មុខ​យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​។​​ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ខ្លាំង​ណាស់​ចំពោះ​ទស្សន​វិស័យ​មួយ​នេះ ដោយ​សារ​តែ​អត្រា​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ហើយ​ជា​ទូទៅ ​គឺ​វា​មាន​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​ដែល​ប្រជាជន​មាន​កម្រិត​ជីវភាព​មធ្យម​ក៏​កាន់​តែ​មាន​ចំនួន​ច្រើន​»​។

លោក​បន្ថែម​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា ​ចរាចរណ៍​ផ្លូវ​អាកាស​ចេញ​ចូល​កម្ពុជា​នឹង​កើន​ឡើង​ចន្លោះ​ពី ​១០ ​ទៅ ​២០ ​ភាគរយ​ក្នុង ​១ ឆ្នាំ​»​។

យោង​តាម​ការ​ចេញ​ផ្សាយ​របស់​កាសែត Taiwan News ដែល​បាន​ដកស្រង់​សម្តី​ការិយាល័យ​ទេសចរណ៍​តៃវ៉ាន់ បាន​ឲ្យ​ដឹង​ថា​ពលរដ្ឋ​តែ​វ៉ាន់​ចំនួន ​៨២ ០០០ ​នាក់​បាន​មក​ទស្សនា​ប្រទេស ​កម្ពុជា ​កាល​ពី​ឆ្នាំ ​២០១៧ ​ហើយ​បើ​គិត​ត្រឹម​ខែ​កក្កដា​ឆ្នាំ​មុន​ពលរដ្ឋ​តៃវ៉ាន់​ចំនួន ​៥៥ ០០០ ​នាក់​បាន​មក​ទស្សនា​កម្ពុជា​។

យោង​តាម​កាសែត​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ជា​មធ្យម​អ្នក​ទេសចរ​តៃវ៉ាន់​ចំនួន ​២៥ ០០០ ​នាក់​បាន​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ជា​រៀងរាល់​ឆ្នាំ ដែល​ជា​តំបន់​ទេសចរណ៍​ទាក់​ចំណាប់​អារម្មណ៍​ពលរដ្ឋ​តៃវ៉ាន់​ដ៏​សំខាន់​។

ក្រុមហ៊ុន​អាកាស​ចរណ៍​នេះ​ក៏​ដឹក​ជញ្ជូន​ទំនិញ​ប្រហែល ​២ ​តោន​ពី​កម្ពុជា​តាម​ជើង​ហោះហើរ​នីមួយៗ​ផង​ដែរ​ហើយ​បរិមាណ​ត្រូវ​បាន​គេ​ព្យាករ​ថា ​នឹង​កើន​ឡើង​នៅ​ក្នុង​ឆ្នាំ​នេះ​។

លោក Hsu បញ្ជាក់​ថា​៖ «​យើង​រំពឹង​ថា​ វា​នឹង​មាន​កំណើន​ចន្លោះ​ពី ​៣០ ​ទៅ​ ៤០ ​ភាគរយ​នៅ​ក្នុង​ឆ្នាំ​នេះ​បើ​ធៀប​នឹង​ឆ្នាំ​មុន​»​។​

លោក Hsu (រូបកណ្ដាល) ថា ក្រុមហ៊ុននឹងទទួលបានចំណូលរួចដើមនៅក្នុងរយៈពេល១ឬ២ឆ្នាំខាងមុខ។សហការី

ក្រុមហ៊ុន​អាកាស​ចរណ៍ China Airlines កំពុង​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​ដ៏​តូច​ចង្អៀត​មួយ​នេះ​ជា​មួយ​ក្រុមហ៊ុន​អាកាសចរណ៍ ​៣ ​ផ្សេង​ទៀត​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​នេះ ក្នុង​នោះ​រួម​មាន​​ក្រុមហ៊ុន​អាកាស​ចរណ៍​តៃវ៉ាន់ EVA Air ក្រុមហ៊ុន JC (Cambodia) និង​ក្រុមហ៊ុន​អាកាស​ចរណ៍ Cambodia Airways ដែល​សុទ្ធ​តែ​បម្រើ​សេវាកម្ម​មួយ​នេះ​ដូច​គ្នា​។​

ក្រុមហ៊ុន​អាកាស​ចរណ៍​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ Sky Team Alliance ដែល​ភ្ជាប់​ទៅ​កាន់ ១៦១ គោលដៅ ក្នុង ២៩ ប្រទេស​។​

ក្រុមហ៊ុន​មាន​យន្តហោះ​ចំនួន ​៨៨ ​គ្រឿង​ក្នុង​នោះ​យន្តហោះ​ដឹក​អ្នក​ដំណើរ​មាន ​៧០ ​គ្រឿង​និង​យន្តហោះ​ដឹក​ទំនិញ​មាន ​១៨ ​គ្រឿង​។

ក្រុមហ៊ុន​អាកាស​ចរណ៍​ក្នុង​ស្រុក​ចំនួន ​៨ ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ទីផ្សារ​មួយ​នេះ​​ជា​មួយ​ក្រុមហ៊ុន​អាកាស​ចរណ៍​អន្តរជាតិ​ជា​ច្រើន​ទៀត​កំពុង​ត​ភ្ជាប់​ប្រទេស ​កម្ពុជា ​ទៅ​គោលដៅ​អន្តរជាតិ​ជា​ច្រើន​។

អាកាស​យានដ្ឋាន​អន្តរជាតិ​ទាំង ៣ របស់​កម្ពុជា រួមមាន​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ និង​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ​ទទួល​អ្នក​ដំណើរ​ចំនួន ​១០ ​លាន​កាល​ពី​ឆ្នាំ​មុន​។

ប្រទេស ​កម្ពុជា ​រំពឹង​ថា​នឹង​ទទូល​បាន​ភ្ញៀវ​ទេសចរ​ជាង ​៦ ​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​នេះ​និង​កំណត់​គោល​ទៅ​ទទួល​ភ្ញៀវ​ទេសចរ​ឲ្យ​បាន ​៧ ​លាន​នាក់​នៅ​ឆ្នាំ ​២០២០​។

កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ កម្ពុជា​ និង​នេប៉ាល់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាក់ព័ន្ធ​នឹង​វិស័យ​ដឹក​ជញ្ជូន តាម​ផ្លូវ​អាកាស (ASA) ដែល​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាកាស​ចរណ៍​អាច​ប្រតិបត្តិ​ការ​ហោះហើរ​រវាង​ប្រទេស​ទាំង ២។

ក្រុមហ៊ុន​អាកាស​ចរណ៍​ហ្វីលីពីន Philippine Airlines (PAL) ចាប់​ផ្តើម​ជើង​ហោះហើរ​ថ្មី​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ពី​ទីក្រុង​ម៉ានីល ដែល​នឹង​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ​ថ្ងៃ​ទី ​៣១​ ខែ​មីនា​។

យោង​តាម​ការ​ប្រមើល​មើល​ទីផ្សារ​ពាណិជ្ជកម្ម របស់​ក្រុមហ៊ុន Boeing ចន្លោះ​ពី​ឆ្នាំ ២០១៨ ដល់ ឆ្នាំ ២០៣៧ បាន​ឲ្យ​ដឹង​ថា​ វិស័យ​អាកាស​ចរណ៍​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​​គេ​រំពឹង​ថា​នឹង​មាន​កំណើន​ដ៏​ខ្លាំងក្លា ដោយ​សារ​​តែ​ប្រជាជន​ដែល​មាន​កម្រិត​ជីវភាព​មធ្យម​កើន​ឡើង​ខ្ពស់​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​។

របាយការណ៍​របស់​ក្រុមហ៊ុន Boeing បាន​គូស​បញ្ជាក់​ថា​៖ «​នៅ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ក្លាយ​ទៅ​ជា​ទីផ្សារ​អាកាស​ចរណ៍​ធំ​បំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ មូលហេតុ​គឺ​ដោយ​សា​តែ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដ៏​រឹងមាំ កំណើន​ពលរដ្ឋ​មាន​ជីវភាព​មធ្យម​កើនឡើង ការ​ចំណាយ​របស់​អតិថិជន​នៅ​ក្នុង​វិស័យ​សេវាកម្ម​កើន​ឡើង​ទាំង​នេះ​ហើយ​គឺ​ជា​ទិដ្ឋភាព​រួម​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​អាកាស​ចរណ៍​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មាន​កំណើន​ខ្ពស់​» ៕​