ខណៈ​ដែល​គំនិត​ផ្តួច​ផ្តើម ​«​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​»​កំពុង​ក្លាយ​ជា​ចំណុច​ស្នូល ​នៃ​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​នោះ អាជ្ញាធរ​ទេសចរណ៍​ខេត្ត​ហៃណាន ​នៃ​ប្រទេស ​ចិន និង​ខេត្ត​ព្រះសីហនុ បាន​ដាក់​ចេញ​នូវ​គោលការណ៍​គ្រឹះ​ដើម្បី​កែលម្អ​វិស័យ​ទេសចរណ៍​រវាង​គោលដៅ​ទាំង ២ ​ឱ្យ​ឈាន ដល់​កម្រិត​ថ្មី​មួយ​។

ក្រុមហ៊ុន​អាកាសចរណ៍ Hainan Airlines បាន​ចាប់​ផ្តើម​ដំណើរការ​ជើង​ហោះហើរ​រវាង​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​ហៃខូវ​នៃ​ខេត្ត​ហៃណាន កាល​ពី​ថ្ងៃទី ​១៥​ ខែ កក្កដា​កន្លង​ទៅ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ពួក​គេ​ក្នុង​ការ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​។

លោក Zhang Kunrong អនុប្រធាន​ការិយាល័យ​ទេសចរណ៍ វប្បធម៌ ការ​ផ្សព្វផ្សាយ​ និង​កីឡា​នៃ​ទីក្រុង​ហៃខូវ បាន​ថ្លែង​ថា ​ទីក្រុង​ហៃខូវ​ និង​ខេត្ត​ព្រះសីហនុ ​គឺ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្នុង​ការ​លើក​កម្ពស់​គំនិត​ផ្តួច​ផ្តើម ​«​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​» ដែល​ជា​របៀបវារៈ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​អន្តរជាតិ​​ត្រូវ​បាន​​លើក​កម្ពស់​​យ៉ាង​សកម្ម​ដោយ​ទីក្រុង​ប៉េកាំង​។

លោក Zhang បន្ថែម​ថា​៖ «​ការ​បើក​ផ្លូវ​ហោះហើរ​រវាង​ទីក្រុង​ហៃខូវ-ក្រុង​ព្រះសីហនុ នឹង​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​ និង​ទំនាក់ទំនង​កាន់​តែ​ស៊ី​ជម្រៅ​ថែម​មួយ​កម្រិត​ទៀត រវាង​ទីក្រុង​ហៃខូវ និង​ខេត្ត​ព្រះសីហនុ​ដែល​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​នៃ​តំបន់​ទាំង ២»​។

ជាមួយ​ការ​បើក​ជើង​ហោះហើរ​រវាង​ខេត្ត​ហៃណាន និង​ខេត្ត​ព្រះសីហនុ វិស័យ​ទេសចរណ៍​នៃ​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ទាំង ២ ត្រូវ​បាន​រំពឹង​នឹង​កើន​ឡើង។ រូបថត កែវ ពុទ្ធី

អាជ្ញាធរ​ខេត្ត​ហៃណាន​បាន​រៀបចំ​សន្និសីទ​ដើម្បី​ផ្សព្វផ្សាយ ​និង​ជំរុញ​វិស័យ​ទេសចរណ៍​ក៏​ដូចជា​ជើង​ហោះហើរ​រវាង​ទីក្រុង​ហៃខូវ-ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី ​១៨ ខែ កក្កដា ដើម្បី​ស្វែង​យល់​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​អំពី​ធនធាន​ដែល​ទាក់ទង​ទៅ​នឹង​វិស័យ​ទេសចរណ៍ ផលិតផល​ទេសចរណ៍ និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​មួយ​នេះ​នៅ​ក្នុង​ខេត្ត​ហៃណាន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស ​ចិន​។​

លោក Fu Fenghua អនុប្រធាន​មន្ទីរ​ទេសចរណ៍ វប្បធម៌ វិទ្យុ ទូរទស្សន៍ និង​កីឡា​នៃ​ខេត្ត​ហៃណាន បាន​មាន​ប្រសាសន៍​ថា​៖ «ឆ្នាំ ​២០១៩ គឺ​ជា​​ឆ្នាំ​វប្បធម៌​ និង​ទេសចរណ៍​រវាង​ប្រទេស ​ចិន​ និង​កម្ពុជា​ហើយ​សន្និសីទ​នេះ​គឺ​ជា​ដំណើរ​វិវឌ្ឍន៍​ដ៏​សំខាន់​មួយ​ដើម្បី​លើក​កម្ពស់​សកម្មភាព​ទេសចរណ៍ នៅ​ក្នុង​ចំណោម​​គោលដៅ​ទេសចរណ៍​ទាំង ២»​។

«​ចាប់​តាំង​ពី​ការ​ប្រកាស ការ​កសាង​តំបន់​ពាណិជ្ជកម្ម​សេរី​ដោយ​ប្រធានាធិបតី​ចិន លោក ​ស៊ី​ ជិនភីង​មក វិស័យ​ទេសចរណ៍​បាន​ក្លាយជា​ឧស្សាហកម្ម​ដ៏​សំខាន់​ទីមួយ​នៅ​ក្នុង​ខេត្ត​ហៃណាន​»​។

លោក​បន្ថែម​ថា ​ខេត្ត​ហៃណាន ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​ទេសចរណ៍​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ដែល​វិស័យ​ទេសចរណ៍​ត្រូវ​បាន​អភិវឌ្ឍ​។ បន្ទាប់​ពី​ផ្លូវ​ហោះហើរ​រវាង​ខេត្ត​ទាំង ២ (​ហៃណាន​-​ព្រះសីហនុ​) ​ត្រូវ​បាន​បើក​ដំណើរការ ការ​ផ្លាស់ប្តូរ​ទេសចរណ៍ និង​​កិច្ច​សហប្រតិបត្តិការ​រវាង​គោលដៅ​ទាំង ​២ នឹង​បន្ត​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​។

ថ្លែង​នៅ​ក្នុង​ពិធី​នោះ​ដែរ លោក តាំង សុចិត្តគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​មាន​ប្រសាសន៍​ថា​ ៨៨ ភាគរយ ​នៃ​ប្រជាជន​រស់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ សរុប​ចំនួន ២២០,០០០ នាក់​ គឺ​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ដូច្នេះ​ហើយ​ខេត្ត​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ពី​ខេត្ត​ហៃណាន​បាន​ច្រើន​។​

លោក​បន្ថែម​ថា​៖ «​ខេត្ត​ព្រះសីហនុ ​​គឺ​ជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស ​កម្ពុជា​។ ថ្មីៗ​នេះ​ឧស្សាហកម្ម​ទេសចរណ៍ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ការ​រីក​ចម្រើន ដោយ​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ​៥០០,០០០ ​នាក់ នៅ​ក្នុង ​១ ឆ្នាំ ហើយ​ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​ច្រើន​ជាង​គេ​»​។

លោក Ding Jiabin ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Hainan Airlines ថ្លែងថា ​ខេត្ត​ហៃណាន​ និង​ខេត្ត​ព្រះសីហនុ​មាន​ធនធាន​ទេសចរណ៍​ស្រដៀង​គ្នា​។

លោក​បញ្ជាក់​ថា​៖ «​ខេត្ត​ទាំង ២ គឺ​ជា​​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏​សំខាន់ ​និង​មាន​កំពង់ផែ​ពាណិជ្ជកម្ម​ដ៏​ធំ​។ ជា​មួយ​នឹង​ការ​ស្ថាបនា​គម្រោង​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ និង​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​នៅ​ខេត្ត​ហៃណាន ខេត្ត​ទាំង ២ នឹង​​ក្លាយជា​ដៃគូ​សហ​ប្រតិបត្តិការ​កាន់​តែ​ជិតស្និទ្ធ​»​។

លោក​បន្ថែម​ថា​៖ « ខ្ញុំ​សង្ឃឹម​ថា ​ការ​បើក​ផ្លូវ​ហោះហើរ​រវាង​ទីក្រុង​ហៃខូវ​ និង​ខេត្ត​ព្រះសីហនុ​នេះ​ អាច​ជំរុញ​ដល់​ការ​ផ្លាស់ប្តូរ​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​តំបន់​ទាំង ២ ​លើ​វិស័យ​វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​ដឹក​ជញ្ជូន​»​។

កាល​ពី​ពេល​ថ្មីៗ​នេះ មន្ត្រី​ក្រសួង​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ភ្នាក់ងារ​ទេសចរណ៍​ និង​អ្នក​សារព័ត៌មាន ប្រមាណ​ ២០ ​រូប បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត​ហៃណាន ​រយៈពេល ​៥ ​ថ្ងៃ ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Hainan Airlines ៕