ទីផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ដែល​មាន​តម្លៃ​ប្រមាណ​ ១០០ ​លាន​ដុល្លារ ពិតជា​កំពុងមាន​កំណើន​ទៅមុខ​យ៉ាង​រលូន ទោះបី​ស្ថិត​នៅ​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ដែល​បាន​បង្អាក់​ដល់​ការរីកចម្រើន​ចំពោះ​ឧស្សាហកម្ម​មួយ​នេះ​បន្តិច​ក្តី​។

ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​កំពុង​ទាញយក​អត្ថប្រយោជន៍​ពី​ភាពងាយស្រួល​នៃ​ការធ្វើ​ពាណិជ្ជកម្ម​លើ​ឧបករណ៍​និស្សន្ទ​តាមរយៈ​កម្មវិធី​ឌីជីថល​មួយ​នេះ ហើយ​បាន​ចាប់ផ្ដើម​សាកល្បង​ជំនាញ​វិនិយោគ​របស់​ពួកគេ ដើម្បី​រកប្រាក់​បន្ថែម​ដែល​វា​កំពុង​បន្ត​ជំរុញ​ដល់​កំណើន​នៅក្នុង​ឧស្សាហកម្ម​មួយ​នេះ​ដែល​កំពុង​មាន​សម្ទុះ​យ៉ាងខ្លាំង​។

លោក ជា សុធា នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ហ្គោលដេន អេហ្វ អិកស៍ លីង ឃែភីថល (Golden FX Link Capital Co Ltd ) មាន​ប្រសាសន៍​ថា ជាមួយ​នឹង​ការធ្វើ​ពាណិជ្ជកម្ម​ភាគច្រើន​ដែល​ផ្អែក​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការធ្វើ​អាជីវកម្ម​នៅក្នុង​ទីផ្សារ​នេះ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស បើទោះបី​វា​រង​ផលប៉ះពាល់​បន្តិច​ពី​ការផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​ក្តី​។

«​ទីផ្សារ​ឧបករណ៍​និស្សន្ទ​កំពុង​រីកចម្រើន​ជា​លំដាប់ និង​មាន​សុខភាព​ល្អ​។ យោងតាម​គណៈកម្មការ​មូលបត្រ​កម្ពុជា (​គ.ម.ក) បាន​ឱ្យ​ដឹងថា​នៅក្នុង​ឆ្នាំ​ ២០១៧ ទំហំ​ពាណិជ្ជកម្ម​ទីផ្សារ​ឧបករណ៍​និស្សន្ទ​មាន​តម្លៃ​ត្រឹមតែ​ ៥ ​លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​វា​បាន​កើនឡើង​ដល់​ ១០០ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​។ រហូត​មក​ដល់​ក្នុង​ឆ្នាំ​ ២០២០​នេះ យើង​សម្រេចបាន​ ៨០ ​ភាគរយ​នៃ​ទំហំ​ទីផ្សារ​អាជីវកម្ម​ឧបករណ៍​និស្សន្ទ​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​ ២០១៩»​។

លោក ជា សុធា

លោក​ សុធា បាន​បន្តថា​៖ «​យើង​ប្រាកដ​ថា នៅក្នុង​ឆ្នាំនេះ​តួលេខ​នឹង​អាច​កើនលើស​តួលេខ​ឆ្នាំ​ ២០១៩​។ ដោយសារ​វា​ជា​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​អាច​អនុញ្ញាត​ឱ្យ​សាធារណជន​អាច​ធ្វើការ​វិនិយោគ​បាន ២៤ ​ម៉ោង​ក្នុង​ ១ ​ថ្ងៃ និង​ ៥ ​ថ្ងៃ​ក្នុង​ ១ ​សប្តាហ៍​។ ពួកគេ​អាចធ្វើ​អាជីវកម្ម​ដោយ​ប្រើប្រាស់​កុំព្យូទ័រ ថេប្ល៊ិត ឬ​សូម្បីតែ​តាម​ទូរស័ព្ទដៃ​របស់​ពួកគេ​។ នេះ​គឺជា​អត្ថប្រយោជន៍​ដ៏ធំ​នៃ​អាជីវកម្ម​ទីផ្សារ​ឧបករណ៍​និស្សន្ទ​មួយ​នេះ​»​។

បន្ទាប់ពី​ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៦ ការជួញដូរ មាស រូបិយប័ណ្ណ និង​ប្រេងឆៅ​នាពេល​បច្ចុប្បន្ន​កំពុង​បង្ហាញ​នូវ​ប្រជាប្រិយភាព​ខ្លាំង​ក្នុងចំណោម​វិនិយោគិន​កម្ពុជា ហើយ​ការជួញដូរ​ឧបករណ៍ និស្សន្ទ​នៅ​កម្ពុជា​កំពុង​ទាក់ទាញ​ឱ្យ​មាន​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​ឧបករណ៍​ហិរញ្ញវត្ថុ​តាមរយៈ​ការជួញដូរ​ទៅលើ​កិច្ចសន្យា​អនាគត និង​ជម្រើស​ផ្សេងៗ​តាមរយៈ​ក្រុមហ៊ុន​សមភាគី​កណ្តាល​ផ្សេងៗ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី គ.ម.ក។

ក្រុមហ៊ុន ហ្គោលដេន អេហ្វ អិកស៍ លីង ឃែភីថល ដែល​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​ ២០១៦ គឺជា​អ្នកដើរតួ​យ៉ាងសំខាន់​នៅក្នុង​ទីផ្សារ​ឧបករណ៍​និស្សន្ទ​ដែល​កំពុង​រីកចម្រើន​នេះ​។ យោងតាម​របាយការណ៍​ប្រចាំ​ត្រីមាស​ទី​ ១ របស់ គ.ម.ក បាន​ឱ្យ​ដឹងថា ក្រុមហ៊ុន​នេះ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ផ្អែកលើ​ទំហំ​ពាណិជ្ជកម្ម ស្រប​ពេល​ដែលមាន​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ចំនួន​ ៣០ ដែល​កំពុង​ធ្វើ​ប្រតិបត្ដិការ​ក្នុង​វិស័យនេះ​។

លោក​ សុធា ​បន្ថែម​ថា​៖ «​ចំនួន​សរុប​នៃប្រតិបត្តិការ​ជួញដូរ​នៅតែ​បន្ត​កើនឡើង​ពី​ ១ ​ខែ​ទៅ​ ១ ​ខែ​។ ចំនួន​ប្រតិបត្តិការ​កាន់តែ​ខ្ពស់​មាន​ន័យថា​ចំណេះដឹង​កាន់តែ​កើន ហើយ​ការចូលរួម​កាន់តែ​មាន​ច្រើន​ពី​អ្នកជួញដូរ​ទីផ្សារ ជាពិសេស​ពាណិជ្ជករ និង​វិនិយោគិន​។ វា​ល្អ​សម្រាប់​ឧស្សាហកម្ម​មួយ​នេះ និង​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​យើង​»​។

«​មនុស្ស​កាន់តែ​ច្រើន​ស្គាល់​អំពី​ទីផ្សារ​ឧបករណ៍​និស្សន្ទ​ពីព្រោះ​បេសកកម្ម​របស់​យើង​គឺ​ដើម្បី​ផ្សព្វផ្សាយ​ដល់​សាធារណជន​អំពី​ទីផ្សារ​មួយ​នេះ​រួម​ជាមួយ គ.ម.ក និង CDX ក៏​ដូចជា​ការបណ្តុះបណ្តាល​ផ្ទាល់​តាមរយៈ​វីដេអូ និង​ហ្វេសប៊ុក ពោល​គឺ​យើង​បាន​រៀបចំ​សិក្ខាសាលា​នៅ ២៤ ខេត្ត-ក្រុង និង​រាជធានី​ភ្នំពេញ​»​។

លោក​ សុធា សរុប​ថា​៖ «​យើង​មាន​កម្លាំង​ក្រុមការងារ​ដ៏រឹងមាំ​ជាមួយ​សេវាកម្ម​អតិថិជន ការគ្រប់គ្រង​ហានិភ័យ និង​ក្រុមប្រឹក្សា​ហិរញ្ញវត្ថុ ដែល​ផ្តល់​ការវិភាគ​ប្រចាំថ្ងៃ​ដល់​អតិថិជន​របស់​យើង ដូច្នេះ​ពួកគេ​ទទួល​បាន​ការជូនដំណឹង​អំពី​ដំណើរការ​ទីផ្សារ​យ៉ាង​ល្អ​»​។

ក្រុមហ៊ុន​ ហ្គោលដេន អេហ្វ អិកស៍លីង ឃែភីថល ប្រើ​កម្មវិធី​វិនិយោគ​អេឡិចត្រូនិក MetaTrader 4 ជា​ដំណោះស្រាយ​តាម​ប្រព័ន្ធ​អនឡាញ​សម្រាប់​វិនិយោគិន​ដែល​អាច​មើលឃើញ​ពី​លំហូរ​តម្លៃ និង​គំនូស​តារាង ការបញ្ជាទិញ និង​ការគ្រប់គ្រង​គណនី​របស់​ពួកគេ​។

ប្រទេស​កម្ពុជា​កំពុង​មើលឃើញ​នូវ​បាតុភូត​ថ្មី​ដ៏អស្ទារ្យ​ដែល​កំពុងតែ​បង្ហាញ​ឱ្យ​ឃើញ​ថា ខ្លួន​មាន​ភាពរឹងមាំ ទោះបី​មាន​បញ្ហា​កើតឡើង ប៉ុន្តែ​ទីផ្សារ​ឧបករណ៍​និស្សន្ទ​នៅតែ​បន្ត​រីកចម្រើន និង​បាន​ជួយ​គាំទ្រ​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​៕