ខណៈ​សេដ្ឋកិច្ច​សកល​កំពុង​ងើប​ឡើង​វិញ​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ ​១៩ លោក Naim Khan-Turk អ្នក​តំណាង​ក្រុមហ៊ុន Asian Business Brokers ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​អំពី​គន្លឹះ​នៃ​ការ​ស្តារ​ទីផ្សារ​នេះ​ឡើង​វិញ​។

ខណៈ​ការ​បិទ​ប្រទេស​ត្រូវ​បាន​បន្ទូរបន្ថយ តើ​យើង​អាច​រំពឹង​ថា វា​នឹង​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ​ទេ​?

វិបត្តិ​ជំងឺ​កូវីដ ​១៩ បាន​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ដែល​មិន​គាប់​ប្រសើរ​ដល់​ពិភព​លោក​រាប់​ចាប់​ពី​ការ​ធ្វើ​ដំណើរ ការ​ផ្គត់ផ្គង់ រហូត​ដល់​របៀប​ធ្វើ​អាជីវកម្ម ហើយ​សម្រាប់​អ្នក​ដែល​សង្ឃឹម​ថា​ នៅ​ពេល​ការ​បិទ​ប្រទេស​ត្រូវ​បាន​បញ្ចប់​នោះ​អ្វីៗ​នឹង​វិល​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ​ភ្លាមៗ គឺ​វា​នឹង​មិនមែន​ដូច្នេះ​ទេ​។ ហើយ​អ្នក​ជំនាញ​ខាង​អចលនទ្រព្យ​ត្រូវ​វាយ​តម្លៃ​ឡើង​វិញ​នូវ​យុទ្ធសាស្ត្រ​ និង​ផែនការ​ទាំង​អស់​។

តើ​មាន​ការ​ផ្លាស់ប្តូរ​អ្វីខ្លះ ​គិត​ចាប់​តាំង​ពី​ពិភព​លោក​ត្រូវ​បាន​បិទ​?

ការ​ធ្វើ​ដំណើរ​អន្តរជាតិ​បាន​ថយ​ចុះ​ដល់​កម្រិត​ទាប​បំផុត​មួយ ដូច្នេះ​ធ្វើ​ឲ្យ​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ក៏​ដូច​វិនិយោគិន​នៅ​កម្ពុជា​ដែរ​។ គម្រោង​មួយ​ចំនួន​ដែល​កំពុង​សាងសង់​ត្រូវ​បាន​ឈប់ ហើយ​មួយ​ចំនួន​ទៀត​បាន​កាត់​បន្ថយ​សកម្មភាព​។

នៅ​ក្នុង​វិស័យ​លំនៅឋាន គ្រាន់​តែ​មើល​លើ​បណ្តាញ​សង្គម​យើង​អាច​មើល​ឃើញ​ថា​ រាល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុនដូ ​ឬ​បុរី កំពុង​ផ្តល់​ជូន​នូវ​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ច្រើន​ដល់​អ្នក​ទិញ​។ ចំពោះ​ផ្នែក​ការិយាល័យ​ជាមួយ​នឹង​ការ​ផ្គត់ផ្គង់​អគារ​ថ្មីៗ​នៅ​លើ​ទីផ្សារ ក្រុមហ៊ុន​អភិវឌ្ឍន៍​ក៏​បើក​ចំហ ​ដើម្បី​ចរចា​លើ​កិច្ច​ព្រមព្រៀង​ដែរ​។

មាន​សហគ្រាស​ធុន​តូច​ និង​មធ្យម (SMEs) ជា​ច្រើន​បាន​ប្រគល់​អាជីវកម្ម​របស់​ពួក​គេ​ទៅ​ម្ចាស់​អគារ​វិញ ហើយ​សម្រាប់​អ្នក​ដែល​អាច​ចរចា​បាន​ការ​បញ្ចុះ​តម្លៃ​ជួល គឺ​អាច​នៅ​បន្ត​បាន​។ អាជីវកម្ម​ដែល​មាន​ជំហរ​ហិរញ្ញវត្ថុ​រឹងមាំ​បាន​បិទ​ប្រតិបត្តិការ​ជា​បណ្តោះអាសន្ន ​ដើម្បី​យក​ពេល​វេលា​នេះ​កែលម្អ​អចលនទ្រព្យ​របស់​ពួក​គេ និង​រៀបចំ​សម្រាប់​ពេល​អនាគត​កាន់​តែ​ប្រសើរ​។

តើ​បញ្ហា​នេះ​នឹង​ជះឥទ្ធិពល​ដល់​ទីផ្សារ​ខុនដូ​យ៉ាង​ដូចម្តេច​?

យើង​មើល​ឃើញ​ការ​វិវឌ្ឍ​បាន​ចាប់​ផ្តើម​នាពេល​ថ្មីៗ​នេះ ទោះ​យ៉ាង​ណា​ការ​ចាប់​ផ្តើម​ការ​សាងសង់​ពិត​ប្រាកដ ​គឺ​ផ្អែក​លើ​ការ​លក់​មុន ហើយ​ខណៈ​ទីផ្សារ​ខុនដូ​ផ្តោត​សំខាន់ លើ​អ្នក​ទិញ​មក​ពី​ក្រៅ​ប្រទេស​នោះ ពួក​គេ​មិន​មាន​ច្រើន​ទេ ដោយសារ​តែ​ការ​រីក​រាលដាល​ជំងឺ​រាតត្បាត​នាពេល​បច្ចុប្បន្ន​។ ដូច្នេះ​យើង​គិត​ថា អត្រា​សាងសង់​នឹង​ធ្លាក់ចុះ ​ឬ​នៅ​ទ្រឹង​រហូត​ដល់​ទីផ្សារ​ងើប​ឡើង​វិញ​។

លោក Naim Khan-Turk។

តើ​ការ​វិវឌ្ឍ​ថ្មីៗ​ធ្វើ​ឲ្យ​មាន​សុទិដ្ឋិនិយម​ដែរ​ឬ​ទេ​?

រដ្ឋាភិបាល​ភាគ​ច្រើន​នៅ​ទូទាំង​ពិភព​លោក​បាន​អនុវត្ត​ការ​បិទ​ប្រទេស និង​​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ទាំង​ខាង​ក្នុង ​និង​ខាង​ក្រៅ​។ នៅ​ប្រទេស​កម្ពុជា ការ​​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ត្រូវ​បាន​បន្ធូរបន្ថយ ប៉ុន្តែ​ត្រូវ​ចំណាយ​ថវិកា​ខ្ពស់​សម្រាប់​ការ​ចូល​មក​ប្រទេស​កម្ពុជា ខណៈ​ការ​ពិនិត្យ​រក​មេរោគ និង​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក ​គឺ​ជា​អ្វី​ដែល​ភ្ញៀវ​ត្រូវ​គោរព​តាម​។

ប៉ុន្តែ​ថ្មីៗ​នេះ​មាន​សេចក្តី​រាយការណ៍​ថា​ ជន​បរទេស​ដែល​ចង់​មក​វិនិយោគ​នៅ​កម្ពុជា ​នឹង​មិន​ចាំបាច់​បង់​ថ្លៃ​ការ​ចូល​ប្រទេស​ទេ ដរាប​ណា​ពួក​គេ​គ្មាន​មេរោគ​នេះ​។ នេះ​គឺ​ជា​ជំហាន​វិជ្ជមាន ប៉ុន្តែ​វិនិយោគិន​នឹង​មិន​វិល​ត្រឡប់​មក​វិញ​ក្នុង​ពេល​ឆាប់ៗ​ទេ គឺ​ត្រូវ​ការ​ពេលវេលា​។

តើ​អ្នក​ជួល ​និង​ម្ចាស់​អគារ​គួរ​ត្រូវ​ធ្វើ​អ្វីខ្លះ​?

អ្នក​ជួល​ និង​ម្ចាស់​អគារ​ដែល​បាន​ធ្វើ​ការ​ជាមួយ​គ្នា​លើ​ការ​កាត់​បន្ថយ​តម្លៃ​ជួល​គួរ​ត្រូត​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​រៀងរាល់ ​២-៣ ខែ​ម្តង​រហូត​ដល់​ស្ថានភាព​ចាប់​ផ្តើម​ប្រសើរ​ឡើង​វិញ​។

ម្ចាស់​អគារ​ចាំបាច់​ត្រូវ​យល់​ថា​ តម្លៃ​អចលនទ្រព្យ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ករណីខ្លះ​រហូត​ដល់ ​៥០ ​ភាគរយ ហើយ​កម្រិត​ការ​ជួល​មុន​ពេល​មាន​វិបត្តិ​មិន​អាច​មាន​ទៀត​ទេ​ ជា​ពិសេស​បច្ចុប្បន្ន​ការ​ជួល​អ​ចលនទ្រព្យ​នឹង​ត្រូវ​បាន​កាត់​បន្ថយ ដោយសារ​មិន​មាន​ភ្ញៀវទេសចរ​។

តើ​វិស័យ​មួយ​ណា​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​?

មិន​មាន​វិស័យ​ណា​ដែល​ថា​មិន​រង​ផល​ប៉ះពាល់​នោះ​ទេ ហើយ​អ្វី​ដែល​បង្ហាញ​កាន់​តែ​ច្បាស់​នោះ ​គឺ​តម្រូវ​ការ​របស់​កម្ពុជា​សម្រាប់​ការ​បន្ត​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ទាំង​ធំ ទាំង​តូច​ និង​ទេសចរ។ ចំណុច​ខ្សោយ​មួយ​នៃ​វិស័យ​ទេសចរណ៍​នៅ​ទីនេះ​គឺ​ថា ​ប្រទេស​​កម្ពុជា ​ជា​គោលដៅ​សម្រាប់​ទេសចរ​ភាគ​ច្រើន​ដែល​មក​ទស្សនា​តែ ​១ ​ដង ហើយ​ពួក​គេ​មិន​មក​ម្តង​ទៀត ដូច្នេះ​បញ្ហា​នេះ​ចាំបាច់​ត្រូវ​តែ​ផ្លាស់ប្តូរ​។

ការ​បើក​ព្រលាន​យន្តហោះ​ក្នុង​តំបន់​ និង​ការ​អភិវឌ្ឍ​កំពង់ផែ​នឹង​ជួយ​បាន​ក្នុង​រយៈពេល​វែង​។ ភាព​ចម្រុះ​កាន់​តែ​ច្រើន​នៅ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ក៏​ត្រូវ​ការ​ជា​ចាំបាច់​ផង​ដែរ មិនមែន​ទស្សនា​តែ​ទីក្រុង​ភ្នំពេញ និង​ប្រាសាទ​អង្គរវត្ត​នៅ​ខេត្ត​សៀមរាប​ហើយ​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​នោះ​ទេ​។

សណ្ឋាគារ ផ្ទះ​សំណាក់ ដែល​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍ ​គឺ​ជា​អ្នក​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​។ មុន​ពេល​មាន​ជំងឺ​រាតត្បាត​នេះ​ផ្ទុះ​ឡើង កន្លែង​ខ្លះ​បាន​រង​សម្ពាធ​រួច​ទៅ​ហើយ​ដោយសារ​តែ​តម្លៃ​ជួល​កើន​ឡើង រួម​ជាមួយ​នឹង​តម្លៃ​បន្ទប់​ធ្លាក់​ចុះ ដោយសារ​ការ​ប្រកួត​ប្រជែង​។

ក្នុង​រយៈពេល​ខ្លី​ទៅ​មធ្យម អាជីវកម្ម​បែប​នេះ​ចាំបាច់​ត្រូវ​ពិនិត្យ​មើល​ការ​ជួល​រយៈពេល​វែង ដូចជា​ការ​ផ្តល់​ជូន​កញ្ចប់​ស្នាក់​នៅ (staycation) ជា​មួយ​នឹង​ការ​បន្ថែម​ឲ្យ​បាន​ច្រើន​ដូចជា ការ​ប្រើប្រាស់​អាង​ហែល​ទឹក ផ្តល់​សេវា​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ បោក​គក់​ដោយ​ឥត​គិត​ថ្លៃ ឬ​ផ្តល់​អាហារ​ពេល​ព្រឹក​ដោយ​ឥត​គិតថ្លៃ​ជា​ដើម ដែល​អាច​ធ្វើ​ឱ្យ​វា​កាន់​តែ​មាន​ភាព​ទាក់ទាញ​ដល់​ទេសចរ​ក្នុង​ស្រុក​ និង​ជន​បរទេស​។

តើ​នៅ​ពេល​អនាគត​នឹង​មាន​អ្វី​កើត​ឡើង​?

វិស័យ​លំនៅឋាន​នឹង​ជួប​ប្រទះ​នូវ​តម្លៃ​ប្រកួតប្រជែង​ដ៏​ខ្លាំងក្លា ខណៈ​ផ្នែក​ការិយាល័យ​នឹង​មាន​ការ​ផ្គត់ផ្គង់​ច្រើន​ជាង​អ្នក​ជួល​។ ដូច្នេះ​ក្រុមហ៊ុន​អាច​រៀបចំ​ផែនការ​សម្រាប់​ពេល​អនាគត​ និង​ទទួល​បាន​ការិយាល័យ​ថ្មី ហើយ​អ្នក​ទិញ​ផ្ទះ​អាច​មាន​ជម្រើស​ច្រើន​ជាង​មុន​នៅ​ពេល​ទិញ ខណៈ​អាជីវកម្ម​ខ្នាត​តូច​នឹង​ជួប​ការ​លំបាក លុះត្រា​តែ​ពួក​គេ​មាន​គ្រឹះ​អតិថិជន​រឹងមាំ ហើយ​វិស័យ​បដិសណ្ឋារកិច្ច​នឹង​ទទួល​រង​ផលប៉ះពាល់​ខ្លាំង​រហូត​ដល់​ភ្ញៀវទេសចរ​ច្រើន​វិល​ត្រឡប់​មក​វិញ​។ វា​ត្រូវ​ការ​ពេលវេលា​ច្រើន​ខែ មុន​ពេល​ទីផ្សារ​ស្ទុះ​ងើប​រឹងមាំ​ឡើង​វិញ ហើយ​វិធីសាស្ត្រ​បច្ចុប្បន្ន​គឺ​ត្រូវ​ផ្តោត​ទៅ​លើ​អតិថិជន​ក្នុង​ស្រុក នៅ​គ្រប់​ទីកន្លែង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕