ក្រុមហ៊ុន​អាល្លឺម៉ង់​ដ៏ល្បីល្បាញ​ចំនួន​ ២ ​បាន​នាំ​យក​ជំនាញ​បច្ចេកទេស​របស់​ពួកគេ​មក​កម្ពុជា​ជា​កន្លែង​ដែល​សិស្ស​និស្សិត​កម្ពុជា​កំពុង​ត្រូវការ​ការបណ្តុះបណ្តាល​ជំនាញ​យ៉ាង​ខ្លាំង​។

ក្រុមហ៊ុន Robert Bosch (Cambodia) Co., Ltd និង​ Wuerth (Cambodia) Ltd ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏ល្បីល្បាញ​របស់​អាល្លឺម៉ង់​បាន​ផ្តល់​ជួន​នូវ​សម្ភារ​បណ្តុះបណ្តាល និង​ម៉ាស៊ីន​អេឡិចត្រូនិក​ទំនើបៗ​ដល់​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​រួមចំណែក​គាំទ្រ​ដល់​ការអប់រំ និង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​។

ការសហការ​គ្នា​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ដល់​សិស្ស​និស្សិត​កម្ពុជា​នូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​របស់​អាល្លឺម៉ង់​ដែល​អាច​ជួយ​ដល់​សិស្ស​និស្សិត​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យ​ចាប់​យក​ជំនាញ​​វិស្វកម្ម​បាន​ត្រឹមត្រូវ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដែល​កំពុង​រីកលូតលាស់​។

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​អាល្លឺម៉ង់​ (GIZ) ​កម្មវិធី​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តំបន់ (RED IV) និង​ក្រុម​ពាណិជ្ជករ​​អាល្លឺម៉ង់​គឺជា​អ្នក​ផ្តួចផ្តើម​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការផ្ដល់​​ជូន​សម្ភារ​ដល់​វិទ្យាស្ថាន​នេះ ដើម្បី​លើកកម្ពស់​ការផ្តល់​ជំនួយ​បច្ចេកទេស​រវាង​ក្រុមហ៊ុន​ឈាន​មុខ​របស់​អាល្លឺម៉ង់ និង​ស្ថាប័ន​ក្នុងស្រុក​។

GIZ គឺជា​សហគ្រាស​សហព័ន្ធ​អាល្លឺម៉ង់​មួយ​ដែល​ជួយ​លើក​​កម្ពស់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ ដូច្នេះ​ហើយ​ការឧបត្ថម្ភ​​សម្ភារ​នឹង​គ្រឿង​ម៉ាស៊ីន​ពី​ក្រុមហ៊ុន Wuerth និង Bosch នេះ​គឺជា​ឧទាហរណ៍​ដ៏ល្អ​បំផុត​មួយ​ដែល​បង្ហាញ​អំពី​ការគាំទ្រ​​យ៉ាង​សកម្ម​ពី​សំណាក់​ក្រុមហ៊ុន​អាល្លឺម៉ង់​ចំពោះ​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​។

និស្សិត​កំពុង​សម្លឹង​មើល​សម្ភារ​ដែល​ប្រគល់​ជូន​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​។ photos supplied

លោក Stefan Hanselmann ប្រធាន​កម្មវិធី RED ថ្លែង​នៅឯ​ពិធី​ប្រគល់​សម្ភារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ក្នុង​​ទីក្រុង​ភ្នំពេញ​ថា​៖ «​ខណៈ​សេដ្ឋកិច្ច​កំពុង​មាន​ការផ្លាស់ប្តូរ ដូច្នេះ​​ហើយ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ក៏​មាន​ការ​កើនទ្បើង​ផង​ដែរ​»​។

កិច្ចសហការ​នេះ​កើត​មាន​ឡើង​ចំ​ពេល​ដែល​កំពុង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​កើនឡើង​នៅ​ក្នុង​ទីផ្សារ​ការងារ​នៅ​កម្ពុជា​ដោយ​បច្ចុប្បន្ន​កម្លាំង​ពលកម្ម​ជំនាញ​នៅ​មាន​ចំនួន​ទាប​នៅ​ឡើយ​។

រដ្ឋាភិបាល​កំពុង​ផ្តោត​ការយក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការអភិវឌ្ឍ​ធនធាន​មនុស្ស ជាពិសេស​កម្លាំង​ពលកម្ម​ជំនាញ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ដែល​កំពុង​រីកលូតលាស់ និង​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​ស្តីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឆ្នាំ ២០១៧- ២០២៥ ហើយ​គោលបំណង​នៃ​គោលនយោបាយ​នេះ​គឺ​បង្កើត​ក្របខ័ណ្ឌ​រួម​មួយ​សម្រាប់​ដៃគូ​ទាំងអស់​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍ​សមត្ថភាព​កម្លាំង​ពលកម្ម​។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​គឺ​មាន​ស្ថិរភាព​ហើយ​សេដ្ឋកិច្ច​កំពុង​រីកលូតលាស់ ប៉ុន្តែ​យើង​ត្រូវ​គិតពី​របៀប​ដើម្បី​រក្សា​ (​កំណើន​) ​នេះ​នៅពេល​អនាគត​។ គោលនយោបាយ​របស់​រដ្ឋាភិបាល​គឺ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ដើម្បី​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម កម្រិត​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​ ២០៣០​។

លោក ឡៅ ហ៊ីម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៃ​ក្រសួង​ការងារ​បាន​ថ្លែង​ថា​៖ «​នៅក្នុង​ឆ្នាំ​នេះ [​ការផ្តោត​របស់​យើង​] គឺ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ពីព្រោះ​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ហើយ​យើង​ត្រូវ​ចាប់ផ្តើម​នៅពេល​នេះ​។ ការអភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​មាន​កម្រិត​លើ​ផ្នែក​ខ្លះ​ក្នុង​វិស័យ​ឯកជន​ហើយ​កម្លាំង​ពលកម្ម​ជំនាញ​នៅ​មាន​គម្លាត​នៅឡើយ​ក្នុង​ទីផ្សារ​ការងារ​»​។

នៅក្នុង​ពិធី​ប្រគល់​សម្ភារ​នោះ​ក្រុមហ៊ុន Bosch និង Wuerth ​បាន​ផ្ដល់ជូន​ម៉ាស៊ីន​ និង​សម្ភារ​សិក្សា​មួយ​ចំនួន​ដល់​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចូលរួម​ចំណែក​សម្រួល​​ការសិក្សា​របស់​សិស្ស និស្សិត​នៅក្នុង​វិទ្យាស្ថាន​មួយ​នេះ​។

សម្ភារ​ដែល​ប្រគល់​ជូន​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​។ photos supplied

នៅក្នុង​ប្រទេស​កម្ពុជា អាជីវកម្ម​របស់​ក្រុមហ៊ុន Bosch មាន​​ដូចជា សម្ភារ​ផ្នែក​យានយន្ត ឧបករណ៍​អគ្គិសនី​សម្ភារ​សម្រាប់​​វិស័យ​សំណង់ គ្រឿង​អេឡិចត្រូនិក បច្ចេកវិទ្យា​សម្រាប់​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​វេចខ្ចប់​ជាដើម​។

លោក ហៃ ភិរម្យ អគ្គនាយក​ក្រុមហ៊ុន Bosch ប្រចាំ​កម្ពុជា​​បាន​ថ្លែង​ថា​៖​ «​ទស្សនវិស័យ​របស់​ក្រុមហ៊ុន Bosch គឺ​លើក​​កម្ពស់​គុណភាព​ជីវិត និង​ពង្រីក​ការអនុវត្ត​អាជីវកម្ម​ឲ្យ​កាន់តែ​រីកចម្រើន​ផ្នែក​សង្គម​។ យើង​ពិតជា​សប្បាយ​រីករាយ​ក្នុងការ​គាំទ្រ ដល់​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​នេះ ហើយ​សង្ឃឹម​ថា​វា​ជា​ការ​រួមចំណែក ផ្លាស់ប្តូរ​វិជ្ជមាន​ក្នុង​ការអភិវឌ្ឍ​ជំនាញ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ក្នុង​ខេត្ត​» ។

ម្យ៉ាង​វិញ​ទៀត​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក ក្រុមហ៊ុន Wuerth មាន​ផលិតផល​ជាច្រើន​ដូចជា​ផ្នែក​ថែទាំ​យានយន្ត សម្ភារ​សំណង់ និង​សម្ភារ​រោង​ជាង​ (​សម្រាប់​ឧស្សាហកម្ម​កែច្នៃ​) ​ជាដើម​រាប់​ចាប់ពី​សម្ភារ DIN រហូត​ដល់​គ្រឿង​អគ្គិសនី​ដែល​ជា​ខ្សែចង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន Wuerth ។

លោក​ ទេព ទីណូ នាយក​គ្រប់គ្រង​ក្រុមហ៊ុន Wuerth ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា​៖​ «​ការអប់រំ និង​ការបណ្តុះបណ្តាល​ជំនាញ​ជា​កត្តា​ជំរុញ​សំខាន់​នៃ​ការអភិវឌ្ឍ និង​ការរីកចម្រើន​សម្រាប់​មនុស្ស​នៅ​ទូទាំង​ពិភពលោក​»​។

លោក​បន្ថែម​ថា​៖ «​នៅពេល​យើង​បាន​ទទួល​ព័ត៌មាន​អំពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ យើង​ជឿជាក់​​ថា​នឹង​អាច​ផ្តល់​ការអភិវឌ្ឍ​ដល់​យុវជន​កម្ពុជា ហើយ​យើង​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់ ក្នុង​ការ​ចូលរួមចំណែក​ដល់​កិច្ចការ​ដ៏អស្ចារ្យ​មួយ​នេះ​ដោយ​បាន​ផ្តល់​ជូន​ឧបករណ៍​ចាំបាច់ ដើម្បី​ជា​ជំនួយ​បញ្ចេញ​សក្តានុពល និង​បើក​ផ្លូវ​សម្រាប់​អនាគត​កាន់តែ​ប្រសើរ​»៕