អស់​រយៈពេល​ជិត​ ១ ​ទសវត្សរ៍​នៃ​ការផលិត​កាបូប​សម្រាប់​នាំចេញ ក្រុមហ៊ុន Sino-Cambodian manufacturer - HK Burltex Manufactory Co Ltd បាន​ផ្លាស់​ទៅរក​គំរូ​ថ្មី​មួយទៀត គឺ​ការផលិត​ម៉ាស់ និង​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន (PPE) ។

លទ្ធផល​នៃ​ជំងឺ​រាតត្បាត​កូវីដ​១៩ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​វាយនភណ្ឌ​ជាទូទៅ ហើយ​សម្រាប់​ក្រុមហ៊ុន ឬ​អាជីវកម្ម​ដែលមាន​ឯកទេស​ខាង​ផលិត​សម្លៀកបំពាក់​មួយ​ចំនួន​កាលពី​ឆ្នាំមុន​ក៏បាន​ជួប​ប្រទេះ​នឹង​បញ្ហា​ប្រឈម​ដោយសារ​តែ​វិបត្តិ​ជំងឺ​រាតត្បាត​សកល​នេះដែរ​។

«​ទោះបី​ត្រូវបាន​បង្កើតឡើង​ដើម្បី​ផលិត​កាបូបដៃ​ និង​ស្បែក​ជើងចាប់​តាំងពី​ឆ្នាំ​ ២០១២ ​ក្តី​ក៏​ការងាក​មក​ផលិត​ម៉ាស់​នេះ​គឺជា​រឿង​ដ៏ថ្មី​សន្លាង​សម្រាប់​យើង​។ ជាមួយនឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ កាលពី​ដើម​ឆ្នាំមុន យើង​បាន​ជួបប្រទះ​នូវ​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​ទីផ្សារ​ផលិតផល​របស់​យើង​»​។

លោក Hong Kong Wai នាយក​គ្រប់គ្រង​ក្រុមហ៊ុន HK Burltex Manufactory Co Ltd ថ្លែងថា​៖ «​ជាមួយ​នឹង​តម្រូវការ​ម៉ាស់ និង​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន (PPE) កំពុង​កើនឡើង​ខ្ពស់​ទាំង​នៅក្នុង​ស្រុក​ និង​សកល ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​រាតត្បាត​នេះ ក្រុមហ៊ុន​បាន​ធ្វើការ​សម្រេច​ចិត្តជា​យុទ្ធសាស្ត្រ​ក្នុង​ការបន្ថែម​ការផលិត​ម៉ាស់ ដែល​ជា​ផលិតផល​មួយ​ផ្សេងទៀត ក្រៅពី​ខ្សែចង្វាក់​ផលិតកម្ម​របស់ខ្លួន​»​។

ការលើក​ឡើង​នេះ មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​នោះទេ ខណៈ​របាយការណ៍​របស់​គេហទំព័រ MarketAndMarkets.com ដែលជា​អ្នកស្រាវជ្រាវ​ទីផ្សារ​ឈានមុខ​គេ​នៅលើ​ពិភពលោក​បាន​ព្យាករ​ថា តម្រូវការ​ម៉ាស់​នៅលើ​ពិភពលោក​កើនឡើង​ពី​ ៧៣៧ លាន​ដុល្លារ ក្នុង​ឆ្នាំ​ ២០១៩ ដល់ ២២ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១ ដោយមាន​អត្រាកំណើន​ប្រចាំឆ្នាំ​ប្រមាណ​ជិត​ ៣០ ​ដង​។

HK Burltex ជា​ក្រុមហ៊ុន​ទី​ ១ ​នៅ​កម្ពុជា​ដែល​បោះពុម្ព​ឡូហ្គោ​នៅលើ​ម៉ាស់​។ ហុង មិនា

លើសពីនេះ​ទៀត ទំហំ​ម៉ាស់​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ទូទាំង​ពិភពលោក​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​ដល់​បរិមាណ​ដ៏គួរឱ្យ​ភ្ញាក់ផ្អើល​គឺ​ជាង​ ៥២ ​ពាន់​លាន​ម៉ាស់​គិត​ត្រឹម​ចុងឆ្នាំ​ ២០២០ ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​-១៩ ប៉ុន្តែ​រំពឹងថា ឆ្នាំ​ ២០២១​នឹងមាន​ស្ថិរភាព ហើយ​តម្រូវការ​ម៉ាស់​អាចឈាន​ដល់​ ២៩ ​ពាន់​លាន​ម៉ាស់​ត្រឹម​ឆ្នាំ​ ២០២៥​។

ខណៈ​ប្រជាជន​កម្ពុជា​កំពុង​បន្ត​ប្រឈម​នឹង​ការផ្លាស់ប្តូរ​ការរស់នៅ​ប្រចាំថ្ងៃ​ដោយសារតែ​ជំងឺ​រាតត្បាត​ធ្វើឱ្យ​ក្រុមហ៊ុន​ផលិត​ម៉ាស់​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ហើយ​កាលពី​ឆ្នាំមុន ដោយសារ​តែ​ការបារម្ភ​ពី​សុខភាព​បាន​ធ្វើឱ្យ​តម្រូវការ​ម៉ាស់​មាន​កំណើន​ខ្ពស់ ដែល​រុញឱ្យ​តម្លៃ​ម៉ាស់​កើនឡើង​ខ្ពស់​ផងដែរ​។

«​ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្តោត​របស់​អតិថិជន​ទៅលើ​គុណភាព និង​កម្រិត​នៃ​ការការពារ​ពី​ផលិតផល​របស់​យើង យើង​បាន​ផ្តោត​ និង​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ពី​ ៥ ​ទៅ​ ៧ ខែ​ដើម្បី​បង្កើត​ផលិតផល​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​សុខភាព​ និង​សុវត្ថិភាព ហើយ​ត្រូវបាន​អនុវត្ត​បន្ទាប់ពី​ការដាក់​ពាក្យស្នើសុំ​ផលិត​ម៉ាស់​ត្រូវបាន​រដ្ឋាភិបាល​អនុម័ត​កាលពី​ខែមេសា​ឆ្នាំមុន​»​។

លោក Hong បន្តថា​៖ «​ជា​លទ្ធផល យើង​អាច​និយាយ​ដោយ​ទំនុកចិត្ត​ថា​ផលិតផល​ម៉ាស់​ទាំងអស់​ដែល​ផលិត​នៅក្នុង​ស្រុក​ដោយ​ក្រុមហ៊ុន HK Burltex គឺ​ស្ថិត​ក្នុងចំណោម​ផលិតផល​ម៉ាស់​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​ត្រូវបាន​បញ្ជាក់​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា ថា​បាន​បំពេញ​តាម​ស្តង់ដា​សុខភាព និង​សុវត្ថិភាព​អន្តរជាតិ​»​។

លោក Hong Kong Wai នាយក​គ្រប់គ្រង​ក្រុមហ៊ុន HK Burltex​។ហុង មិនា

សម្រាប់​ការលក់​រាយ​នៅ​ផ្សារ​ទំនើប​ និង​តាម​ហាង​មួយចំនួន​គឺមាន​តម្លៃ​ចាប់ពី​ ៨ ​ដុល្លារ​ក្នុង​ ១ ​ប្រអប់​ដែលមាន​ ៥០ ​ម៉ាស់​ជា​ប្រភេទ​ម៉ាស់​ ៣ ​ស្រទាប់​ដែល​ផលិត​ដោយ​ប្រើ​វត្ថុធាតុដើម​គុណភាព​ខ្ពស់​នាំចូល​មកពី​ប្រទេស ចិន​។ លោក Hong ជឿជាក់ថា តម្លៃ​សមរម្យ​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល និង​រួមចំណែក​ដល់​ស្ថិរភាព​នៃ​តម្លៃ​ម៉ាស់​នៅ​កម្ពុជា​។

ក្រៅពី​ម៉ាស់​ ៣ ​ស្រទាប់ ក្រុមហ៊ុន HK Burltex ក៏​ផលិត​ម៉ាស់​ផ្សេងទៀត​ដែរ​ដូច​ម៉ាស់​ ៤ ​ស្រទាប់ និង​ម៉ាស់​សម្រាប់​វះកាត់ N95 ផងដែរ​។ តាមរយៈ​ខ្សែចង្វាក់​ផលិតកម្ម​ចំនួន​ ១០ និង​មាន​បុគ្គលិក​ចំនួន​ ៧០០ ​នាក់ ក្រុមហ៊ុន​អាច​ផលិត​ម៉ាស់​បាន​រហូត​ដល់​ ១ ​លាន​ម៉ាស់​ក្នុង​ ១ ​ថ្ងៃ​។

ដោយមាន​ចំណាប់អារម្មណ៍​ខ្លាំង​ទៅលើ​ចង្វាក់​ផលិតកម្ម​ម៉ាស់​របស់ខ្លួន ទើប​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​ណែនាំ​ផលិតកម្ម OEM សម្រាប់​អតិថិជន​សាជីវកម្ម​ដែល​ផលិតផល​របស់ខ្លួន​ត្រូវបាន​ផលិត​ និង​ប្តូរ​តាម​តម្រូវការ​របស់​អតិថិជន ហើយ​ក៏​គ្រោង​នឹង​ពង្រីក​ប្រតិបត្តិការ​បន្ថែមទៀត​នៅ​ប៉ុន្មាន​ខែ​ខាងមុខ ជាមួយ​នឹង​ខ្សែចង្វាក់​ផលិតកម្ម​ចំនួន​ ១០ ​បន្ថែមទៀត​នឹង​ជួយ​បង្កើន​ផលិតផល​របស់​ក្រុមហ៊ុន​កើន​ដល់ ២ ​លាន​ម៉ាស់​ក្នុង​ ១ ​ថ្ងៃ​។

លោក Frankie Yeung ប្រធាន​គ្រប់គ្រង​ទូទៅ​បាន​ថ្លែងថា​៖ «​ផ្អែក​លើ​គុណភាព​នៃ​ផលិតផល​របស់​យើង​ក៏ដូចជា​ការស្នើសុំ​កំណត់​តម្លៃ​សមរម្យ​សម្រាប់​ដៃគូ​លក់រាយ និង​អតិថិជន​សាជីវកម្ម យើង​រំពឹងថា​នឹង​ចាប់យក​ចំណែក​ទីផ្សារ​បាន​ ១០ ​ភាគរយ​នៃ​ទីផ្សារ​ម៉ាស់​ក្នុងស្រុក នៅក្នុង​រយៈពេល​ ២ ​ឆ្នាំ​ខាងមុខ​»៕