ឧបសគ្គ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ក្នុង​ការ​ទទួល​បាន​ផ្ទះ​​ល្អ​ប្រសើរ​សម្រាប់​រស់​នៅ​នឹង​លែង​ជា​បញ្ហា​ចោទ​ទៀត​ហើយ​ចាប់​ពី​ពេល​នេះ​​តទៅ​។​ ​ប្រជាជន​នៅ​តាម​ជនបទ​ដែល​​មាន​បញ្ហា​ខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ​ប៉ុន្តែ​មាន​ដី​ផ្ទាល់​ខ្លួន​ពេល​នេះ​ពួក​គាត់​អាច​ទទួល​បាន​គេហដ្ឋាន​ដ៏​ស្រស់​ស្អាត រឹងមាំ និង​តម្លៃ​សមរម្យ​។

ជា​ការ​ពិត​ណាស់ គេហដ្ឋាន​ស្រស់​ស្អាត រឹងមាំ ជាប់​ធន់​បាន​យូរ​ជា​មួយ​នឹង​​តម្លៃ​សមរម្យ​សម្រាប់​រស់​នៅ ​គឺ​ជា​ក្តី​ស្រមៃ​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​មិន​​ថា​នៅ​ទីក្រុង ​ឬ​ជនបទ ​ជា​ពិសេស​នៅ​​បណ្តា​ខេត្ត​ដាច់​ស្រយាល​ឆ្ងាយៗ​។​

ក្រុមហ៊ុន ISI Steel Co., Ltd ដែល​ជា​ក្រុមហ៊ុន​របស់​កូន​ខ្មែរ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​សិក្សា​​ស្រាវជ្រាវ ​និង​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​អាច​កសាង​គេហដ្ឋាន​សម្រាប់​ប្រជា​ពលរដ្ឋ​ដែលមាន​ចំណូល​ទាប​នៅ​តាម​ជនបទ​ជា​កន្លែង​ដែល​កង្វះ​លំនៅឋាន​សមរម្យ​នៅ​ចោទ​ជា​បញ្ហា​នៅ​ឡើយ​បើ​ទោះ​បី​ជា​អត្រា​នៃ​ភាព ក្រីក្រ​បាន​ធ្លាក់ចុះ​ជា​លំដាប់​ក្តី​។​

ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​គម្រោង​សាងសង់​គេហដ្ឋាន​ដែល​មាន​រចនាប័ទ្ម​ខ្មែរ​គុណភាព​ខ្ពស់ ប្រើ​សុទ្ធ​តែ​សម្ភារ​​ទំនើបៗ សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​តាម​ជនបទ​ដែល​ជា​ម្ចាស់​ដី ជា​មួយ​នឹង​ការ​ផ្តល់​ប្រាក់​កម្ចី​ដែល​មាន​ការ​ប្រាក់​ទាប​ដើម្បី​ជួយ​សម្រូល​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​គេហដ្ឋាន​សមរម្យ​ស្រស់​ស្អាត​ និង​រឹងមាំ​សម្រាប់​រស់​នៅ​។

ក្រុមហ៊ុន ISI STEEL បាន​បើក​ដំណើរការ​គម្រោង​ផ្ទះ​មេគង្គ (Mekong Homes) ដែល​បាន​រួម​បញ្ចួល​គ្នា​នូវ​រចនាប័ទ្ម​ទំនើប បុរាណ ដើម្បី​ផ្តល់​នូវ​គេហដ្ឋាន​ដែល​មាន​ផាសុកភាព​តម្លៃ​សមរម្យ​ និង​កក់ក្ដៅ​សម្រាប់​សហគមន៍​ជនបទ​។​

ក្រុមហ៊ុន ISI STEEL ​គឺ​ជា​ក្រុមហ៊ុន​ចែកចាយ​និង​កែច្នៃ​ដែក​ធំ​ជាង​គេ និង​ឈាន​មុខ​គេ​នៅ​កម្ពុជា​និង​ជា​ក្រុមហ៊ុន​សំណង់​ដែល​មាន​បទពិសោធន៍​រយៈ​ពេល ​២២ ​ឆ្នាំ នៅ​លើ​ទីផ្សារ ហើយ​ក្នុង​នោះ​ក្រុមហ៊ុន​​ក៏​បាន​បង្កើត​គម្រោង​ផ្ទះ​មេគង្គ​ដែល​បច្ចុប្បន្ន​បាន​សាងសង់​ផ្ទះ​ជាង ​២០០ ​ខ្នង​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​ដំណើរការ​គម្រោង​ផ្ទះ​មេគង្គ​នៅ​ខែ​សីហា​ឆ្នាំ ​២០១៧ ​ហើយ​ប្រមាណ ​១០០ ​ផ្សេង​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សាងសង់​។​

គេហដ្ឋាន​ទាំង​អស់​ត្រូវ​បាន​កសាង​ឡើង​នៅ​ក្នុង ​២៤ ​ខេត្ត​ក្រុង​ផ្សេងៗ​គ្នា​ប្រើប្រាស់​សម្ភារ​មាន​គុណភាព​ខ្ពស់​ដែល​ផលិត​នៅ​ក្នុង​រោងចក្រ ក្រុមហ៊ុន ISI STEEL ​ផ្ទាល់​តែ​ម្តង​ ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ​ក្រុមហ៊ុន​កំណត់​គោលដៅ​សាងសង់​ផ្ទះ​ឲ្យ​បាន​ចំនួន ​១ ០០០ ​ខ្នង​។​

ផ្ទះ​មេគង្គ​មាន ​៣ ម៉ូដែល ផ្ទះ​តៀម​ទំហំ ៦x៦ ​ម៉ែត្រ ផ្ទះ​ខ្ពស់​ផុត​ពី​ដី​ទំហំ ​៦x៦ ម៉ែត្រ និង​ទំហំ ៩x៦ ម៉ែត្រ ដែល​អាច​កសាង​ជូន​អតិថិជន​នៅ​ទូទាំង ​២៥ ​ខេត្ត​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដោយ​ចំណាយ​ពេល​ត្រឹមតែ ​១ ខែ​ប៉ុណ្ណោះ​។​

ក្រុមហ៊ុន ISI STEEL បាន​បើក​ដំណើរការ​គម្រោង​ផ្ទះ​មេគង្គ ដើម្បី​ផ្តល់នូវ​គេហដ្ឋាន​ដែលមាន​ផាសុកភាព​តម្លៃ​សមរម្យ​និង​កក់ក្ដៅ​សម្រាប់​សហគមន៍​ជនបទ។

លើស​ពី​នេះ​ទៀត​គេហដ្ឋាន​ទាំង​នោះ​​មាន​ភាព​ស្រស់​ស្អាត មិន​ប៉ះពាល់​​បរិស្ថាន បន្ថែម​ជាមួយ​បច្ចេកវិទ្យា​បៃតង​ដូច​ជា​ជីវឧស្ម័ន​ និង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​វា​ជា​ការ​ផ្លាស់ប្តូរ​ថ្មី​មួយ​របស់​ក្រុមហ៊ុន ISI ដើម្បី​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​ថាមពល​កកើត​ឡើងវិញ​ដែល​មាន​នៅ​ក្នុង​ប្រទេស​ និង​ដើម្បី​ទប់ស្កាត់​ការ​បំពុល​បរិស្ថាន​នៅ​តាម​ជនបទ​។​

ក្រុមហ៊ុន ​ISI បាន​សហការ​ជា​មួយ​​ក្រុមហ៊ុន HatjaLasekar លីមីតធីត​តាមរយៈ​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​កាល​ពី​ថ្ងៃ​ទី ​២១​ ខែ​កុម្ភៈ ​កន្លង​ទៅ​ដើម្បី​ផ្តល់​កម្ចី​ជា​មួយ​នឹង​អត្រា​ការ​ប្រាក់​ទាប​ដែល​វា​នឹង​ជួយ​ប្រជាជន​កម្ពុជា​នៅ​តាម​ជនបទ​ឲ្យ​មាន​គេហដ្ឋាន​ស្អាត​រឹងមាំ​ជាប់​ធន់​បាន​យូរ​ជា​មួយ​នឹង​តម្លៃ​សមរម្យ​សម្រាប់​រស់​នៅ​។​

យោង​តាម​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា​គ្រួសារ​ភាគ​ច្រើន​នៅ​តាម​ជនបទ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ពួក​គាត់​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​កម្ចី​ពី​ធនាគារ​ដើម្បី​សាងសង់​ផ្ទះ​ថ្មី​ឬ​ជួសជុល​ផ្ទះ​ចាស់​ដូច្នេះ​ហើយ​ពួក​គាត់​​ត្រូវ​បង្ខំ​រស់នៅ​ក្នុង​ផ្ទះ​ដែល​ទ្រុឌទ្រោម​គ្មាន​អនាម័យ​គ្មាន​ទឹក​ស្អាត​​ឬ​អគ្គិសនី​ប្រើប្រាស់​ត្រឹមត្រូវ​។​

ក្រុមហ៊ុន​បាន​បន្ថែមថា​៖​​ «​គោល​បំណង​​ក្នុង​ការ​​បង្កើត​​ផ្ទះ​​មេគង្គ​ ​គឺ​ដើម្បី​​រួម​ចំណែក​​អភិវឌ្ឍ​ការ​រស់នៅ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​បងប្អូន​ប្រជាជន​នៅ​តាម​ទី​ជនបទ​ដែល​មាន​ចំណូល​ទាប​»​។​

នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​នោះ​ដែរ​​ អគ្គ​នាយក​ក្រុមហ៊ុន ISI Group លោក ​កាំង ​ឡេង ​បាន​មាន​អនុសាសន៍​ថា​៖ ​«​ដូច្នេះ​ពួក​គាត់​អាច​មាន​លទ្ធភាព​ទទួល​បាន​នូវ​គេហដ្ឋាន​ស្អាត មាន​អនាម័យ រឹងមាំ​ជាប់​ធន់​បាន​យូរ​ជា​មួយ​នឹង​តម្លៃ​សមរម្យ​ជា​ពិសេស​មិនមាន​ការ​ប៉ះពាល់​ដល់​បរិស្ថាន​»​។

ISI Steel គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ISI Group ។​

លោក​បាន​បន្ថែម​ថា​គោលដៅ​របស់​ក្រុមហ៊ុន ISI គឺ​ផ្គត់ផ្គង់​តម្រូវ​ការ​​គេហដ្ឋាន​ចំនួន ​១០ ​ម៉ឺន​ផ្ទះ​ក្នុង​ពេល ​១០ ឆ្នាំ​ខាង​មុខ​ដែល​វា​ជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន ​គឺ​កសាង​ការ​រស់នៅ​ដ៏​ប្រសើរ​សម្រាប់​សហគមន៍​ជនបទ​។

លោក Wanchairabin​ Jitwattanatam អនុ​ប្រធាន​អគ្គ​នាយក​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ហត្ថា​កសិករ​បាន​មាន​ប្រសាសន៍​ថា​៖ «​ក្នុង​នាម​ជា​ស្ថាប័ន​ដែល​បាន​បម្រើ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​ជាង ​២០ ​ឆ្នាំ​ គឺ​យើង​បាន​ជួយ​ជំរុញ​អោយ​មាន​ភាព​ប្រសើរ​ឡើង​​​នូវ​កម្រិត​ជីវភាព​ប្រជាជន ក៏​ដូច​ជា​បាន​​ចូលរួម​លើក​កម្ពស់​សេដ្ឋកិច្ច​កម្ពុជា​តាមរយៈ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដែល​មាន​ភាព​ងាយ​ស្រួល និង​ប្រកួត​ប្រជែង​​​ដល់​ប្រជាជន​ទាំង​ទីក្រុង​ ​និង​ជនបទ​»​។

ហត្ថាកសិករ​ ​គឺ​ជា​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាង​គេ​លំដាប់​ទី​៣ ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​និង​ជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ Bank of Ayudhya Public Limited Company (Krungsri) ដែល​ជា​ធនាគារ​ពាណិជ្ជ​​ឈាន​មុខ​​គេ​នៅ​ក្នុង​ប្រទេស ​ថៃ ​និង​ជា​សមាជិក​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Mitsubishi UFJ Financial Group ។​

សូម​បញ្ជាក់​ថា​ ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ការិយាល័យ​លក់​ផ្ទះ​មេគង្គ​ក្នុង​រាជធានី​ភ្នំពេញ​៕​