ក្នុង​ផ្នត់គំនិត​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន នៅតែ​មិនទាន់​ផ្តល់​ទំនុកចិត្ត​ដល់​ផលិតផល​ក្នុង​ស្រុក​ឡើយ ខណៈ​ពួកគេ​ឱ្យ​តម្លៃ​ទៅលើ​ផលិតផល​នាំចូល មិន​ថា​ផលិតផល​ចំណី​អាហារ ឬ​ផលិតផល​សម្ភារ​ប្រើប្រាស់​នោះទេ​។

ពួកគេ​យល់ថា ផលិតផល​នាំចូល​មាន​គុណភាព​ជាង​ផលិតផល​ក្នុងស្រុក​។ តែ​ជាក់ស្តែង​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ អ្នកវិនិយោគ​ក្នុងស្រុក ខិតខំ​ប្រឹងប្រែង​ច្នៃ​សម្ភារ​ប្រើប្រាស់ និង​ផលិតផល​ចំណីអាហារ​ឱ្យស្រប​តាម​ស្តង់ដា និង​មាន​គុណភាព​ខ្ពស់ ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​នាំចូល​។

ដើម្បី​កែប្រែ​ផ្នត់គំនិត​នេះ ក្រុមហ៊ុន MG Pacific Company Limited ដែលជា​ស្នាដៃ​កូន​ខ្មែរ​បាន​ផលិត​សម្ភារ​ប្រើប្រាស់​ជាច្រើន​មុខ​នូវ​ផលិតផល​ក្រដាសអនាម័យ​ដូចជា ក្រដាស​ជូត​មាត់​ស្ងួត ក្រដាស​ជូត​មុខ​សើម ក្រដាស​ជូត​ដៃ កន្សែង​ត្រជាក់ ក្រដាស​ប្រើប្រាស់​ក្នុង​បន្ទប់ទឹក​ម៉ាក MG និង​សម្ភារ​ជាច្រើន​មុខ​ទៀត ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ខណៈ​តម្រូវការ​នេះ​មាន​ការកើនឡើង ។

លោក សុជាតិ មាន​គោលបំណង​ក្នុង​ការកាត់បន្ថយ​ការនាំ​ចូល​ផលិតផល​ក្រដាស ស្រប​ពេល​ដែល​ប្រជាជន​ខ្មែរ​ចាប់ផ្តើម​ងាក​មកប្រើប្រាស់​ផលិតផល​ក្នុងស្រុក​។

ប្រធាន​ក្រុមហ៊ុន អិមជី ផេស៊ីហ្វិក ឯ.ក លោក តាំង សុជាតិ អាយុ ៣៦ ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដំបូង​ឡើយ​លោក​គ្រាន់តែ បង្កើត​ក្រុមហ៊ុន ដើម្បី​នាំចូល​ផលិតផល​ប្រើប្រាស់​សម្ភារ​ការិយាល័យ និង​ក្រដាស​អនាម័យ ដើម្បី​ចែកចាយ​លក់​បន្ត​ទៅឱ្យ​ក្រុមហ៊ុន និង​ធនាគារ​ប៉ុណ្ណោះ​។

លោក តាំង សុជាតិ ប្រធាន​ក្រុមហ៊ុន អិមជី ផេស៊ីហ្វិក ឯ.ក

ប៉ុន្តែ​ដោយ​ឃើញ​ពី​ឱកាស​នៃ​តម្រូវការ​នេះ​មាន​ការកើនឡើង ទើប​លោក​សម្រេច​បង្កើត​ម៉ាក​យីហោ​ដោយ​ខ្លួនឯង​នៅ​ឆ្នាំ​ ២០១៥ ដើម្បី​ផលិត​ក្រដាស​ព្រីន និង​ក្រដាស អនាម័យ ម៉ាក MG​។ លោក​ថា “​ខ្ញុំ​សង្កេតឃើញ​ថា ផលិតផល​នេះ​មាន​តម្រូវការ​ខ្ពស់​កើនឡើង​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ ព្រោះ​ជា​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ មិន​ថា​ចូល​បន្ទប់ទឹក ដាក់​តាម​ខ្លួន ឬ​កន្លែង​ញាំ​អាហារ គឺ​ត្រូវការ​ក្រដាសអនាម័យ​ជានិច្ច​។ “​បច្ចុប្បន្ន​ប្រជាជន​មាន​ការយល់ដឹង​ពី​អនាម័យ ប្រាក់ចំណូល​មាន​ការកើនឡើង និង​ការធ្វើ្វ​នគរូបនីយកម្ម ទើប​តម្រូវការ​ក្រដាស​មាន​ការកើនឡើង​”​។

លោក​ឱ្យដឹងថា ក្នុង​អំឡុងពេល​បើក​អាជីវកម្ម​ដំបូង ក្រុមហ៊ុន​របស់​ខ្លួន​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​មិន​ដល់ ១ ​តោន​ផង ខណៈពេល​បច្ចុប្បន្ន​តម្រូវការ​មាន​ការកើនឡើង​ហើយ​អាច​ផ្គត់ផ្គង់​បាន​រហូត​ទៅ​ ៥០ ​តោន​ក្នុង ​១ ​ខែ​។

លោក​ឱ្យ​ដឹងថា “​សម្រាប់​ក្រុមហ៊ុន អិម ជី ពីមុន​យើង​លក់​ចេញ​ប្រហែល​កន្លះ​តោន​ក្នុង​ ១ ​ខែ តែ​ចាប់ពី​ចាប់ពី​ឆ្នាំ ២០១៩ និង​ឆ្នាំ​ ២០២០ យើង​លក់​ចេញ​ចន្លោះ​ពី ៤០ ទៅ​ ៥០ ​តោន​"​។

បន្ទាប់ពី​បើក​ដំណើរកា​រយៈពេល​ ៦ ​ឆ្នាំ​មកនេះ ក្រដាស​ម៉ាក MG ទទួល​បាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន​ក្នុងស្រុក សម្រាប់​យក​ទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​សម្រាប់​ប្រើប្រាស់​ក្នុង​ការិយាល័យ​។

ការបើក​អាជីវកម្ម​ផលិត​ក្រដាស​របស់​លោក សុជាតិ គឺ​ចំពេល​ដ៏ត្រឹមត្រូវ ខណៈដែល​តម្រូវ​ការផលិតផល​ក្រដាស​នៅ​កម្ពុជា​កំពុង​កើនឡើង​ស្រប​ពេលដែល​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រង្វង់​ ៧ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​។

កន្សែង​ត្រជាក់​គុណភាព​ល្អ​មាន ៨០ ​សន្លឹក ម៉ាក អិមជី

លោក​បន្ថែមថា អ្វីដែល​ជំរុញ​ចិត្ត​ក្នុង​ការផលិត​ក្រដាស​នេះ ដើម្បី​រួមចំណែក​កាត់បន្ថយ​ការនាំ​ចូល និង​ផ្តល់ឱកាស​ការងារ​ដល់​ពលរដ្ឋ​ក្នុង​ស្រុក ។ លោក​បាន​គូសបញ្ជាក់​ថា “​ទាំង​ការផលិត និង​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក នឹង​រួមចំណែក​ដល់​សេដ្ឋកិច្ចកម្ពុជា​គឺ​មាន​ស្ថិរភាព​សេដ្ឋកិច្ច​ខាងក្នុង ផ្តល់​ការងារ​ក្នុង​ស្រុក​បង្កើន​ចំណូល កាត់បន្ថយ​ការនាំ​ចូល និង​ជួយ​បង្កើន​ប្រជាប្រិយភាព​របស់​ប្រទេស​ដល់​អ្នកវិនិយោគ​បរទេស​ឱ្យ​មក​បណ្តាក់ទុន​នៅក្នុង​ស្រុក​ផងដែរ​"​។

ទោះបី​ជា​ផលិតផល​ម៉ាក MG ជា​ផលិតផល​ក្នុងស្រុក តែ​វត្ថុធាតុដើម​ស្ទើរតែ ៩០ ​ភាគរយ​ត្រូវបាន​នាំចូល​ពី​ក្រៅប្រទេស​។ លោក សុជាតិ ថ្លែងថា “​ដោយសារ​នៅ​កម្ពុជា​ពុំទាន់​មាន​រោងចក្រ​បំប្លែង​វត្ថុធាតុដើម​ទៅជា​ផលិតផល​សម្រេច ទើប​យើង​នាំចូល​វត្ថុធាតុដើម​ជាង ៩០ ​ភាគរយ ពី​ប្រទេស​ចិន និង​ឥណ្ឌូនេស៊ី​ដែលជា​ទីផ្សារ​ធំ​របស់​យើង​” តាមពិតទៅ​យើង​មាន​វត្ថុធាតុដើម​ដែរ ដូចជា​ដើម​កាស្យា តែ​យើង​នាំ​ចេញទៅ​ក្រៅប្រទេស ហើយ​គេ​កែច្នៃ​វត្ថុធាតុដើម​នោះ​ទៅជា​ផលិតផល​សម្រាប់​ផលិត​ក្រដាស​ផ្សេងៗ ហើយ​យើង​នាំចូល​សារធាតុ​ទាំងនោះ​មកវិញ​”​។

ទាក់ទង​នឹង​ការផលិត​វិញ​ក្រុមហ៊ុន អិម ជី បាន​សហការ​ជាមួយ​រោងចក្រ​ក្នុងស្រុក និង​ក្រៅ​ស្រុក ដើម្បី​ផលិត​សម្ភារ​ប្រើប្រាស់​ទាំងនេះ ខណៈ ក្រុមហ៊ុន​ខ្វះ​ប្រភព​ទុន​ក្នុង​ការបង្កើត​រោងចក្រ​ផ្ទាល់ខ្លួន​។ “​យើង​មាន​ដៃគូ​សហការ​ផលិត​ក្រដាស​ក្នុងស្រុក ៦០ ភាគរយ និង​ក្រៅ​ស្រុក​មាន ៤០ ភាគរយ​”​។

ក្នុងនាម​ជា​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា អំពាវនាវ​ដល់​អ្នក​ដែលមាន​ប្រភព​ទុន​ច្រើន គួរតែ​ចាប់អារម្មណ៍​មកលើ​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​ចែករំលែក​ទុន​មួយ​ចំនួន​មកជួយ​ជ្រោមជ្រែង​សហគ្រាស​ដែលមាន​សមត្ថភាព​។

ម្ចាស់​ក្រុមហ៊ុន​រូបនេះ​បាន​ថ្លែងថា “​បើ​យើង​រក​ប្រភព​ទុន​បាន ទី ១ ​គឺ​យើង​ចង់​បង្កើត​រោងចក្រ​កែច្នៃ និង​លើកទឹកចិត្ត​ដល់​សហគមន៍​ដោយ​ផ្តល់​ជាដើម​ទុន ឬ​បច្ចេកទេស ដើម្បី​ឱ្យ​ប្រជាជន​ដាំ​ដើមឈើ​នៅ​តាម​ភូមិ ដី​ទួល ឬ​ដី​ទុកចោល ដើម្បី​បង្កើន​ចំណូល ហើយ​យើង​ប្រមូល​ទិញ​ពី​គាត់ ដើម្បី​កែច្នៃ​ទៅជា​វត្ថុធាតុដើម​ក្នុង​ស្រុក​វិញ ពោល​ឈប់​នាំចូល​វត្ថុធាតុដើម​”​។

ក្រុមហ៊ុន អិមជី ផេស៊ីហ្វិក ឯ.ក ក៏បាន​ទទួល​ពានរង្វាន់ Country Star of the Year ពី​កម្មវិធី ASEAN Business Award 2020 ក្នុង​ចំណោម ៥៨ ក្រុមហ៊ុន ដែល​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ទទួល​ពានរង្វាន់​ឆ្នើម ប្រចាំ​អាស៊ាន​។ ការប្រគល់​ពានរង្វាន់​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២០ ​កន្លងទៅ​ថ្មីៗ​នេះ​។ តែ​ពានរង្វាន់​នេះ​លោក សុជាតិ ពុំបាន​ចូលរួម​ទទួល​ដោយផ្ទាល់​ទេ​ដោយសារ​កូវីដ​១៩​។

បច្ចុប្បន្ន​ក្រុមហ៊ុន អិម ជី មាន​បុគ្គលិក ២២ នាក់ ខណៈ​ផលិតផល​ម៉ាក MG បានដាក់​លក់​នៅ​ផ្សារ​ទំនើប​មាន​ជាង ៣០០ ​កន្លែង និង​តូប​ផ្សារ​មាន​ជាង ៥០០ ​កន្លែង​នៅ​ទូទាំង​ប្រទេស​៕