ក្រុមហ៊ុន Pensonic Holdings Bhd ដែលជាក្រុមហ៊ុនផលិតសម្ភារប្រើប្រាស់របស់ម៉ាឡេស៊ីនៅក្នុងឆ្នាំនេះកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការពង្រីកសាខារបស់ខ្លួន។ ក្រុមហ៊ុនមានគោលបំណងពង្រីកសាខាយ៉ាងហោចណាស់ឲ្យបានចំនួន ៥ ខេត្ត បន្ទាប់ពីមើលឃើញថានៅក្នុងប្រទេស កម្ពុជា មានតម្រូវការសម្ភារអេឡិចត្រូនិកកាន់តែមានកំណើនកើនឡើងខ្លាំងជាពិសេសសម្ភារប្រើប្រាស់តាមផ្ទះ។
បន្ទាប់ពីបានបើកដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញកាលពីជាង ១ ឆ្នាំមុនពេលនេះក្រុមហ៊ុន Pensonic កំពុងសម្លឹងមើល ខេត្តបាត់ដំបង កំពង់ស្ពឺ កំពង់ចាម និងខេត្តសៀមរាបដើម្បីជំរុញការលក់ផលិតផលរបស់ខ្លួន។
ក្រុមហ៊ុននេះបានឲ្យដឹងថា ការផ្តោតរបស់យើងសម្រាប់ឆ្នាំ ២០១៩ នេះគឺដើម្បីរក្សាស្ថិរភាពអាជីវកម្មរបស់យើង និងដើម្បីពង្រីកសាខាក្រុមហ៊ុនរបស់យើង។ យើងចង់ចូលទៅដល់បណ្តាខេត្តមួយចំនួនផ្សេងទៀត បន្ទាប់ពីយើងបានផ្តោតខ្លាំងនៅក្នុងរាជធានីភ្នំពេញនាពេលកន្លងមក។ យើងចង់ពង្រីកឲ្យបាន ៤ ទៅ ៥ ខេត្ត គិតត្រឹមត្រីមាសទី២ និងត្រីមាសទី៣ (ខែមិថុនាឬកញ្ញា)។
លោក Lim Eu Jin អ្នកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន Pensonic (Cambodia) Co. Ltd ប្រចាំកម្ពុជាបានឲ្យកាសែតភ្នំពេញប៉ុស្តិ៍ដឹងថា៖ « នៅតាមបណ្តាខេត្តទាំងនោះចំនួនប្រជាជនមានច្រើន ហើយពួកគាត់មានលទ្ធភាពច្រើនក្នុងការទិញសម្ភាររបស់យើងយកទៅប្រើប្រាស់។ ចំពោះខេត្តផ្សេងទៀតយើងក៏មានគម្រោងបង្កើតប្រតិបត្តិការផ្ទាល់ឬក៏សហការជាមួយអាជីវករលក់ដុំក្នុងស្រុកផងដែរ»។
ស្ថាបនិកក្រុមហ៊ុនលោក Seri Chew Weng Khak បានផ្លាស់ប្តូរក្រុមហ៊ុន Keat Radio និង ក្រុមហ៊ុន Electrical Co ដែលបានចាប់ផ្តើមក្នុងនាមជាក្រុមលក់រាយនៅរដ្ឋប៉េណាំងក្នុងឆ្នាំ ១៩៦៥ ឲ្យក្លាយទៅជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកឈានមុខគេនៅក្នុងប្រទេស ម៉ាឡេស៊ី។
អាជីវកម្មស្នូលរបស់ក្រុមហ៊ុនរួមមាន ការផលិត ការនាំចូល ការនាំចេញ ការចែកចាយ និងការធ្វើទីផ្សារសម្ភារអគ្គិសនីសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ក្រុមហ៊ុនដែលមានរោងចក្រនៅរដ្ឋប៉េណាំងមួយនេះគឺផលិត និងចែកចាយសម្ភារអគ្គិសនី និងសម្ភារប្រើប្រាស់ក្នុងផ្ទះ ដែលមានដូចជាសម្ភារផ្ទះបាយ ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនត្រជាក់ គ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទសម្រាប់ប្រើប្រាស់ នៅក្នុងអង្គប្រជុំ សិក្ខាសាលាឬក្រុមហ៊ុន ហើយក៏មានអំពូលភ្លើងល្អប្រណីតគ្រប់ប្រភេទ គ្រប់ទម្រង់ដើម្បីបម្រើដល់សេចក្តីត្រូវការបស់អតិថិជនហើយផលិតផលរបស់ក្រុមហ៊ុន Pensonic ត្រូវបាននាំចេញទៅកាន់ ៣០ ប្រទេសនៅទូទាំងពិភពលោក។
នៅក្នុងប្រទេស កម្ពុជា សម្ភារដែលលក់ដាច់បំផុតមានដូចជាឆ្នាំងដាំបាយអគ្គិសនី ម៉ាស៊ីនកិនទឹកក្រឡុក ម៉ាស៊ីនអាំងសាច់ ចង្ក្រានអគ្គិសនី កំសៀវដាំទឹកអគ្គិសនី ម៉ាស៊ីនម៉ៃក្រូវេហ្វសម្រាប់កម្តៅម្ហូបជាដើម។
លោក Lim បានឲ្យដឹងទៀតថា៖ «តម្រូវការសម្ភារប្រើប្រាស់ក្នុងផ្ទះមានការកើនឡើង ហើយកត្តាចម្បងដែលនាំឲ្យមានការកើនឡើងនេះគឺដោយសារប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើងក៏ដូចជាកំណើនផលិតផលក្នុងស្រុកសរុប និងកំណើនប្រជាពលរដ្ឋរស់នៅទីក្រុងមានកំណើនយ៉ាងលឿន។ ប្រជាជនកម្ពុជាមានការយល់ដឹងអំពីគុណតម្លៃម៉ាកយីហោ និងគុណភាពផលិតផលយ៉ាងច្បាស់លាស់ ជាពិសេសផលិតផលដែលផលិតនៅក្នុងប្រទេស ម៉ាឡេស៊ី គឺទទួលបានការគាំទ្រ និងមានតម្រូវការខ្ពស់»។
លោកបានបន្ថែមថា៖ « កំណើនប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងទីក្រុងកាន់តែកើនឡើង ចំណូលប្រជាពលរដ្ឋក៏កាន់តែខ្ពស់ ពួកគាត់មានលទ្ធភាពទិញសម្ភារដែលមានគុណភាពខ្ពស់យកទៅប្រើប្រាស់ ជាពិសេសពលរដ្ឋដែលមានកម្រិតជីវភាពមធ្យមនៅក្នុងប្រទេស កម្ពុជា កំពុងកើនឡើង ដូច្នេះសម្ភារប្រើប្រាស់ និងគ្រឿងអេឡិចត្រូនិកដែលមានគុណភាពខ្ពស់ គឺជាជម្រើសរបស់ពួកគាត់ដើម្បីធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកកាន់តែមានផាសុកភាព និងភាពងាយស្រួល»។
មានកត្តាក្នុងប្រទេសមួយចំនួនទៀតដូចជា កំណើនការប្រើប្រាស់ក្នុងស្រុកកើនឡើង របៀបរស់នៅតាមបែបទីក្រុងកើនឡើង លទ្ធភាពទទួលបានកម្ចីពីប្រព័ន្ធមីក្រូហិរញ្ញវត្ថុ និងកង្វះសម្ភារប្រើប្រាស់ក្នុងផ្ទះសម្រាប់គ្រួសារមួយចំនួនធំ ទើបជំរុញឲ្យមានតម្រូវការសម្ភារប្រើប្រាស់ក្នុងផ្ទះកើនឡើង។
ការបញ្ជ្រាបចូលពីផ្សារទំនើបធំៗដូចជាផ្សារទំនើប Aeon Mall របស់ជប៉ុន និងផ្សារទំនើប Makro ដែលជាខ្សែចង្វាក់លក់ទំនិញលក្ខណសកល ដូច្នេះតាមរយៈការរីកចម្រើនផ្សារទំនើបធំៗទាំងនោះវាជាការចង្អុលបង្ហាញមួយយ៉ាងច្បាស់ថា តម្រូវការសម្ភារ និងផលិតផលប្រើប្រាស់នៅក្នុងប្រទេស កម្ពុជា កំពុងកើនឡើងនឹងបន្តកើនឡើងខ្លាំងថែមទៀតនាពេលខាងមុខ។
មានកត្តាសំខាន់ៗផ្សេងទៀតដូចជា ទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជា ដែលមានការបន្ទូរបន្ថយការយកពន្ធនៅក្នុងចំណោមបណ្តាប្រទេសអាស៊ាន និងការនាំចូលផលិតផលនិងសម្ភារប្រើប្រាស់ក្នុងផ្ទះមកពីជុំវិញពិភពលោកយ៉ាងសម្បូរបែបនឹងជំរុញឱ្យមានតម្រូវការកាន់តែខ្លាំងជាពិសេសតម្រូវការនៅក្នុងចំណោមប្រជាពលរដ្ឋដែលមានកម្រិតជីវភាពមធ្យមដែលកំពុងមានសម្ទុះកើនឡើង។
យោងតាមធនាគារពិភពលោកបានឲ្យដឹងថាប្រាក់ចំណូលពលរដ្ឋកម្ពុជាក្នុងម្នាក់បានកើនឡើងដល់ ១,៣៨៤ ដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៧ ដែលនៅក្នុងឆ្នាំ ២០១០ មានត្រឹមតែ ៧៨៥ ដុល្លារប៉ុណ្ណោះ ការកើនឡើងនេះគឺដោយសារតែសេដ្ឋកិច្ចមានកំណើនថេរ ហើយ ១ ភាគធំគឺដោយសារវិស័យកាត់ដេរ និងទេសចរណ៍ដែលមានកំណើនខ្ពស់គួរឲ្យកត់សម្គាល់។
លោក Lim បានបន្ថែមទៀតថា៖ «យើងមានសុទិដ្ឋិនិយមចំពោះទីផ្សារនៃផលិតផលរបស់យើង។ វានៅមានគម្លាតរវាងផលិតផលដែលមានម៉ាកយីហោកម្រិតមធ្យម និងម៉ាកយីហោដែល មានកម្រិតខ្ពស់។ ដូច្នេះហើយទីផ្សារសម្រាប់ផលិតផលរបស់ក្រុមហ៊ុន Pensonic គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារ។
យើងសូមលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរដែលមានបំណងទិញសម្ភារប្រើប្រាស់ ជាពិសេសសម្ភារដែលមានគុណភាពខ្ពស់សូមជ្រើសរើសយកសម្ភាររបស់ក្រុមហ៊ុន Pensonic ពីព្រោះផលិតផលក្រុមហ៊ុនយើងមានគុណភាពខ្ពស់ ល្អឥតខ្ចោះ ដែលសមស្របបំផុតសម្រាប់គ្រប់ក្រុមគ្រួសារ»៕