ថ្វីបើ​មាន​អាកាសធាតុ​ត្រូពិក​ដ៏អំណោយផល​សម្រាប់​ផលិត​ស្រា​រសជាតិ​ផ្អែម​ដ៏ឆ្ងុយឆ្ងាញ់ ប៉ុន្តែ​ពីមុន​ប្រទេស​កម្ពុជា​នៅ​មិនទាន់​មាន​ក្រុមហ៊ុន ផលិត​ស្រា rum នៅឡើយ​។

ក្រុមហ៊ុន Samai Distillery ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង​ភ្នំពេញ​ដោយ​អ្នកជំនាញ​ផលិត​ស្រា rum ជនជាតិ​វេណេស៊ុយអេឡា​ ២ ​នាក់ លោក​មិន​ត្រឹមតែ​ផលិត​ស្រា rum នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​នាំយក​ស្រា rum គុណភាព​ខ្ពស់​ដែល​ផលិត​នៅ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ថែម​ទៀតផង​។

ស្រា rum មាន​ប្រវត្តិ​យូរលង់​ណាស់​មកហើយ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​«rumbullion» ​ឬ «kill-divil» ហើយ​នៅក្នុង​សតវត្សរ៍​ទី​ ១៧ ស្រា rum ត្រូវបាន​គេ​អភិវឌ្ឍ​ និង​កែច្នៃ​ឲ្យ​ក្លាយជា​ស្រាវីស្គី​ដែល​កាន់តែ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​ប្រណីត​។

នៅក្នុង​ឆ្នាំ​ ២០១៤ លោក Daniel Pacheco និង​លោក Antonio Lopez De Haro បាន​បើក​ដំណើរការ​ក្រុមហ៊ុន Samai Distillery ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​បង្ហាញ​ពី​បទពិសោធ​រសជាតិ​ស្រា rum ដល់​ប្រជាជន​កម្ពុជា​។

លោក Pacheco បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​ជាមួយ​នឹង​វត្ថុធាតុដើម​ដ៏សម្បូរបែប​នៅក្នុង​ប្រទេស​កម្ពុជា យើង​ពិតជា​ភ្ញាក់ផ្អើល​ដែល​គ្មាន​ឧស្សហកម្ម​ផលិត​ស្រា rum នៅក្នុង​ប្រទេស​កម្ពុជា​។ ដូច្នេះ​យើង​បាន​ចាត់​ផ្តើម​បង្កើត​ក្រុមហ៊ុន​ផលិត​ស្រា rum ដ៏ប្រណីត​ដំបូង​គេ​ឡើង​នៅ​កម្ពុជា​»​។

លោក Pacheco ថ្លែងថា​ផលិតកម្ម​បច្ចុប្បន្ន​គឺ ៧០-៣០ សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​សម្រាប់​នាំចេញ ប៉ុន្តែ​នៅ​ទីបំផុត​វា​នឹង​កើនឡើង​រហូត​ដល់​ ៥០-៥០​។

Samai ដែល​បាន​នាំយក​រសជាតិ​ស្រា​បែប​អាមេរិក​ឡាទីន​មកកាន់​កម្ពុជា​នឹង​បង្កើន​ការធ្វើ​ផែនការ​ដើម្បី​បង្កើន​ផលិតកម្ម​ឲ្យ​បាន​ដល់ ៦០ ០០០ ដប​ក្នុង​ ១ ​ឆ្នាំ​។

លោក Pacheco លើកឡើង​ថា​៖ «​ទោះបីជា​យើង​កំពុង​ដំណើរការ​ ២៤/៧ ដោយ​សមត្ថភាព​ផលិត​អាច​ផលិត​បាន ៦ ០០០ ​ដប​ក្នុង​ ១ ​ឆ្នាំ​ក្តី ប៉ុន្តែ​តម្រូវការ​កំពុង​កើនឡើង​។ យើង​កំពុង​ស្ថិត​នៅក្នុង​ដំណើរការ​ពង្រីក​ដើម្បី​បង្កើន​សមត្ថភាព​របស់​យើង​ប្រមាណ​ ១០ ​ដង​។ ជោគជ័យ​របស់​យើង​មកដល់​ពេល​នេះ​គឺ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ​»​។

ជាមួយ​នឹង​កត្តាបរិស្ថាន​ដ៏ល្អ​របស់​ប្រទេស​កម្ពុជា ដែល​ផលិត​គ្រឿងផ្សំ​ដ៏ល្អ​បំផុត​សម្រាប់​ស្រា rum ក្រុមហ៊ុន Samai បានឈ្នះ​ពានរង្វាន់​ជាង​ ១២ ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​។

«​ជោគជ័យ​ដំបូង​ធំ​បំផុត​របស់​យើង គឺ​នៅពេល​មិត្តភក្តិ​ម្នាក់​រស់នៅ​ទីនេះ ដែល​ធ្លាប់ធ្វើ​ការឱ្យ​ក្រុមហ៊ុន​ផលិត​ស្រា​ដ៏ល្បីល្បាញ Diageo ប្រាប់​យើង​ថា ពួកគេ​មានកម្ម​វិធី​ដ៏ល្អ​សម្រាប់​ផលិត​ស្រា ដូច្នេះ​គាត់​ក៏​ដាក់ពាក្យ​ស្នើសុំ​ឲ្យ​ពួកយើង​»​។

«២-៣​ខែក្រោយ​មក យើង​ទទួល​បាន​អ៊ីមែល​មួយ​ដែល​បាន​រៀបរាប់​​ថា​៖ «​សូម​អបអរសាទរ​អ្នក​ត្រូវបាន​ជ្រើសរើស​ក្នុងចំណោម​ក្រុមហ៊ុន​ទើប​ចាប់​ផ្តើមដំបូង​គេ​ទាំង​ ១០ ​នៅលើ​ពិភពលោក​។ យើង​ចង់​ឲ្យ​អ្នក​ក្លាយជា​ផ្នែក​មួយ​នៃ​កម្មវិធី​នេះ ដូច្នេះ​សូម​មក​ទីក្រុង​ឡុងដ៍ ដើម្បី​ធ្វើ​បទបង្ហាញ​ដល់​គណៈកម្មាធិការ​វិនិយោគ​របស់​យើង​។ យើង​ចូលចិត្ត​ផលិតផល​របស់​អ្នក​»​។

ចាប់តាំងពី​ពេលនោះ​មក​ក្រុមហ៊ុន Samai បានឈ្នះ​ពានរង្វាន់​អន្ដរជាតិ​ជាច្រើន រួមមាន​ពានរង្វាន់​នៅឯ​កម្មវិធី San Francisco World Spirits Competition, កម្មវិធី London International Spirits Challenge, កម្មវិធី Singapore World Spirits Competition និង​កម្មវិធី Miami International Rum Conference​។

លោក Pacheco ថ្លែងថា​៖ «​នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​ខ្លះ យើង​ថែម​ទាំង​ទទួល​បាន​មេដាយមាស​ ២ (Double Gold Medals) ដែល​មានន័យថា ស្រា​របស់​យើង​ត្រូវបាន​គេ​ចាត់ទុក​ថា ជា​ស្រា rum ដែល​ល្អ​បំផុត​នៅ​លើ​ពិភពលោក សម្រាប់​ប្រភេទ​របស់​វា ទាំង​សម្រាប់​ស្រា Samai Gold Rum និង​ស្រា Samai Kampot Pepper Rum»​។

Samai មាន​មោទនភាព​ក្នុង​ការផលិត​ស្រា rum បែប​ប្រពៃណី​ដោយ​ប្រើ​ធុង​ចំណុះ​ ៥០០ ​លីត្រ​ចំនួន ​២ ដែល​ ១០០ ​ភាគរយ​ធ្វើ​ពី​ស្ពាន់ ហើយ​ផលិត​ដោយ​ដៃ​នៅក្នុង​ប្រទេស​ព័រទុយហ្គាល់​ដែល​ជា​ការរចនា​ដូចគ្នា​ទៅនឹង​សតវត្សរ៍​ទី​ ១៩​។

លោក Pacheco បន្តថា​៖ « ស្រា rum មាន​អាយុកាល និង​ដំណើរការ​ផលិត​ផ្សេងៗ​គ្នា​។ ប៉ុន្តែ​ជាធម្មតា​អាយុកាល​ស្រា rum របស់​យើង​យ៉ាង​ហោចណាស់​គឺមាន​អាយុកាល​ ២ ​ឆ្នាំ​ដែល​ផ្អាប់​នៅក្នុង​ធុង​ផ្សេងៗ​គ្នា​។ ស្រា rum របស់​យើង​ខ្លះ​មាន​អាយុកាល​រហូត​ដល់​ ៤ ​ឆ្នាំ​»​។

ជាមួយ​នឹង​ឧត្តមភាព​នេះ ក្រុមហ៊ុន Samai បាន​នាំ​ចេញ​ទៅ​ប្រទេស សិង្ហបូរី​និង​បារាំង​អស់​រយៈពេល​ ៣ ​ឆ្នាំ​មកហើយ ហើយ​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​នាំចូល​ទៅកាន់​ទីផ្សារ​អេស្ប៉ាញ​។

លោក Julie Hedon ប្រធាន​ទីផ្សារ​របស់​ក្រុមហ៊ុន Samai បាន​ឲ្យ​ដឹងថា​៖ «​បច្ចុប្បន្ន​ប្រទេស​បារាំង និង​សិង្ហបុរី​គឺជា​ទីផ្សារ​ពេញនិយម​បំផុត​សម្រាប់​ស្រា rum របស់​យើង​នៅ​ខាង​ក្រៅ​ប្រទេស​កម្ពុជា​។ ស្រា rum ដ៏ល្អ​ប្រណីត​របស់​យើង​ត្រូវបាន​គេ​ទទួល​ស្គាល់​យ៉ាងខ្លាំង​រួមទាំង​នៅតាម​ហាង​ស្រា​ក្រឡុក​ល្បីៗ​ជាច្រើន​នៅ​តំបន់​អាស៊ី​ផងដែរ​។

ដើម្បី​បង្ហាញ​ពី​ស្រា rums និង «​បដិវត្តន៍​ស្រា​ក្រឡុក​» របស់ខ្លួន​នៅ​កម្ពុជា ក្រុមហ៊ុន Samai Distillery កាលពី​មុនពេល​ផ្ទុះឡើង​នៃ​ជំងឺ​កូវីដ-១៩ បាន​បើក​ដល់​សាធារណជន​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ផ្តល់​ឱ្យ​ពួកគេ​នូវ​ឱកាស​មក​ទស្សនា​កន្លែង​ផលិត​ដើម្បី​ស្វែងយល់​ពី​ដំណើរការ​ផលិតកម្ម និង​ទទួលទាន​ស្រា​ក្រឡុក​ដ៏សម្បូរបែប​របស់ Samai​។

ទោះយ៉ាងណា​លោក Pacheco សង្ឃឹមថា ឆាប់ៗ​ពេល​មាន​ការអនុញ្ញាត​ជា​ផ្លូវការ អ្នក​ចូលចិត្ត​ស្រា rum នៅ​ទីក្រុង​ភ្នំពេញ នៅតែ​អាច​រីករាយ​ជាមួយ​នឹង​ផលិតផល​ក្រុមហ៊ុន Samai ពី​ហាង​លក់​ស្រា​របស់​ពួកគេ​នៅ​ទល់មុខ​ក្រុមហ៊ុន​។

«​ដោយ​គ្មាន​កន្លែង​ផលិត​ស្រា rum ណា​ផ្សេងទៀត​នៅ​កម្ពុជា ដូច្នេះ​យើង​ត្រូវ​សម្លឹង​ទៅ​បរទេស​ដើម្បី​ស្វែងរក​អ្នកជំនាញ​ខាង​ដំណើរ​ការផលិត ហើយ​ជា​សំណាងល្អ​យើង​ទទួល​បាន​បេក្ខជន​កម្ពុជា​ម្នាក់​ឈ្មោះ Moang Darachampich​។ លោកស្រី​មាន​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​វិស្វកម្ម​គីមី ជំនាញ​ខាង​ផលិតកម្ម​ចំណីអាហារ និង​បាន​សរសេរ​និក្ខេបបទ​ស្តីពី​ការផ្អាប់ (fermentation) ដូច្នេះ​យើង​ដឹងថា គាត់​មាន​ជំនាញ​ដែល​យើង​ត្រូវការ ហើយ​បច្ចុប្បន្ន​គាត់​កំពុង​បម្រើ​ការងារ​ជាមួយ​យើង​»៕