ក្លិប​បាល់ទាត់​ព្រះខ័នរាជ​ស្វាយរៀង​នៅតែ​បន្ត​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​គំនិត​ផ្តួចផ្តើម​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន (CSR) ​ទោះបី​សកម្មភាព​កីឡា​ត្រូវ​បាន​ពន្យារពេល​ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ក្តី​។

ប៉ុន្តែ​ការងារ​មិនត្រូវ​បានបញ្ចប់​សម្រាប់​កីឡាករ​ដែលជា​ម្ចាស់​ជើងឯក​លីគ​មួយ​នេះ​ទេ ខណៈ​តារា​បាល់ទាត់​ដូចជា​កីឡាករ ប្រាក់ មុន្នីឧត្តម និង​កីឡាករ Privat Mbarga បាន​នាំយក​អំណោយ​សប្បុរសធម៌​មួយ​ចំនួន​ជួយ​ដល់​គ្រួសារ​ខ្វះខាត​ចំនួន​ ៥៨ ​គ្រួសារ​ដោយ​ ១ ​គ្រួសារ​ទទួល​បាន​អង្ករ​ ១ ​បាវ​ទម្ងន់​ ៥០ ​គីឡូក្រាម​ដែល​កំពុង​ជួប​ការលំបាក ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​។

ដោយ​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក Flame Cambodia ក្រុមបាល់ទាត់​ដែល​ឈ្នះ​ពានរង្វាន់ Hun Sen Cup ៤ សម័យកាល​មួយ​នេះ​ក៏បានផ្តល់​អំណោយ​ដូចជា មី ប្រេងឆា ត្រីខកំប៉ុង និង​ទឹកត្រី ព្រមទាំង​ថវិកា​ផងដែរ​។

ក្លិប​បាល់ទាត់​មួយ​នេះ​ក៏បាន​បរិច្ចាគ​ថវិកា​ជួយ​ដល់​អង្គការ Flame និង​ការងារ​របស់​ពួកគេ​ដែល​កំពុង​ធ្វើ​នៅ​តាម​សហគមន៍​នានា​ក្នុង​សង្កាត់​បឹងទំពុន បឹងត្របែក សែនសុខ និង សង្កាត់​ស្ទឹងមានជ័យ​ជាដើម​។

ស្ត្រី​វ័យ​កណ្តាល​ម្នាក់​មកពី​ខណ្ឌ​សែនសុខ​ជា​អ្នកដើរ​រើស​សំរាម​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​របស់គាត់​បាន​បង្ហាញ​ពី​អារម្មណ៍​ធូរស្បើយ ខណៈ​គាត់​បាន​ទទួល​អំណោយ​នេះ​កាលពី​ចុងខែ​មុន​។

«​ក្នុងស្ថានភាព​បច្ចុប្បន្ន​ជំនួយ​នេះ​ពិតជា​បាន​ជួយ​ខ្ញុំ​ច្រើនណាស់​។ អំណោយ​នេះ យ៉ាងហោចណាស់​អាច​ផ្គត់ផ្គង់​គ្រួសារ​របស់​ខ្ញុំ​បាន ១ ​ខែ​។ ខ្ញុំ​ពិតជា​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្លិប​បាល់ទាត់​ព្រះខ័នរាជ​ស្វាយរៀង និង​អង្គការ Flame Cambodia សម្រាប់​ការជួយ​របស់​ពួកគេ​»​។

គាត់​ថ្លែង​ទាំង​ទឹកភ្នែក​ដោយ​ក្តីរំភើប​ថា​៖ «​ខ្ញុំ​មិនអាច​រក​ពាក្យ​អ្វី​ដើម្បី​បង្ហាញ​ពី​ការដឹងគុណ​របស់​ខ្ញុំ​ឲ្យ​អស់​ទេ​។ ខ្ញុំ​មាន​សមាជិក​គ្រួសារ​ចំនួន​ ៨ ​នាក់ ហើយ​ខ្ញុំ​តែម្នាក់ឯង​ដែល​រ៉ាប់រង​រកស៊ី​ចិញ្ចឹម​ពួកគេ​។ អំណោយ​នេះ​បាន​ជួយ​សម្រាល​បន្ទុក​ខ្ញុំ​មួយរយៈ​»​។

គ្រូបង្វិក កីឡាករ និង​បុគ្គលិក​អង្គការ Flame ថតរូប​អនុស្សាវរីយ៍​។

លោក Conor Nestor គ្រូបង្វឹក​ក្លិប​ព្រះខ័នរាជ​ស្វាយរៀង​ថ្លែង​អំពី​របៀប​ដែល​ក្លិប​មិន​បាន​ខ្ជះខ្ជាយ​ពេលវេលា​ក្នុង​ការសម្រេចចិត្ត​ដើម្បី​ឆ្លើយតប​នៅ​ពេលឮ​អំពី​ស្ថានភាព​គ្រួសារ​ទាំងនេះ​។

លោក​ថ្លែង​នៅពេល​ផ្តល់​អំណោយ​ដល់​គ្រួសារ​ខ្វះខាត​ទាំងនោះ​ថា​វា​ជា​ពេលវេលា​ដ៏ល្អ​ដែល​យើង​បាន​ជួយ​គ្រួសារ​ខ្វះខាត ហើយ​យើង​សូម​អរគុណ​ដល់​ឯកឧត្តម ឌី វិជ្ជា ដែល​ជា​ប្រធាន​ក្លិប​របស់​យើង​គឺ​នៅពេល​ទទួល​ព័ត៌មាន​នេះហើយ លោក​បាន​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ដែល​រងផលប៉ះពាល់​ទាំងនេះ​។

«​ក្នុងនាម​គ្រួសារ ក្លិប​ព្រះខ័នរាជ​ស្វាយរៀង យើង​សូម​ជូនពរ​បងប្អូន​ទាំងអស់​គ្នា​ឲ្យ​ជួបតែ​សេចក្តីសុខ​នៅក្នុង​គ្រា​លំបាក​នេះ​។ យើង​សង្ឃឹមថា​ថ្ងៃនេះ​ប្រសើរ​ជាង​ថ្ងៃ​ម្សិលមិញ ហើយ​ថ្ងៃស្អែក​នឹង​ល្អប្រសើរ​ជាង​ថ្ងៃនេះ​»​។

បុរស​សញ្ជាតិ​អៀរឡង់​រូបនេះ​ថ្លែង​មុនពេល​កីឡាករ និង​បុគ្គលិក​លើក​បាវ​អង្ករ​ដែលមាន​ទម្ងន់​សរុប​ជាង​ ៣ ​តោន​ដាក់​លើ​ម៉ូតូ​កង់​បី​ដែល​កំពុង​រង់ចាំ​ថា​៖ « យើង​នឹង​បន្ត​គាំទ្រ​ការងារ​ល្អ​របស់​អង្គការ Flame Cambodia»​។

Flame Cambodia គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​មាន​គោលបំណង​ជួយ​កុមារ​ក្រីក្រ​ឲ្យ​ចាកផុត​ពី​ភាពក្រីក្រ​។ តាមរយៈ​ការស្រាវជ្រាវ​បង្ហាញថា​កីឡា​ជួយ​កុមារ​ឲ្យ​ផ្តោតលើ​ការសិក្សា​របស់​ពួកគេ និង​អភិវឌ្ឍ​ជំនាញ​សង្គម និង​ការងារ​ជា​ក្រុម​។ អង្គការ Flame បាន​ធ្វើការ​ជាមួយ​ក្លិប​ព្រះខ័នរាជ​ស្វាយរៀង​អស់​រយៈពេល​ជិត​ ១ ​ឆ្នាំ​ហើយ​។

លោក នូ វ៉ាន់ដេត មន្ត្រី​មក​អង្គការ Flame Cambodia លើកឡើង​ថា​កីឡាករ​ពិតជា​ចង់​ជួយ​ខណៈ​ដែល​កីឡាករ​មួយចំនួន​ធ្លាប់មាន​ជីវភាព​ខ្វះខាត​កាលពី​កុមារភាព​ដែរ​។

លោក វ៉ាន់ដេត ​ថ្លែង​ថា​៖ « កីឡាករ​របស់​ក្លិប​ព្រះខ័នរាជ​ស្វាយរៀង​មួយ​ចំនួន​ធ្លាប់​ជួប​ការលំបាក​ក្នុង​វ័យ​កុមារភាព​របស់​ពួកគេ ហើយ​ពួកគេ​មិនបាន​ភ្លេច និង​ចង់​ជួយ​អ្នកដទៃ ខណៈ​ពេល​នេះ​ពួកគេ​គឺជា​ម្ចាស់​ជើងឯក​»​។

លោក Nestor ថ្លែងថា​៖ «​ខ្ញុំ​បានទទួល​សារ​ពន្យល់​ពី​ស្ថានភាព​ដែល​បច្ចុប្បន្ន​អង្គការ Flame Cambodia មាន​គ្រួសារ​ចំនួន ១៥ ត្រូវ​បាន​បណ្តេញចេញ ហើយ​មនុស្ស​មួយចំនួន​ទៀត​កំពុង​ប្រឈម​ហានិភ័យ​។ ភ្លាមៗ​ខ្ញុំ​បានដឹង​ច្បាស់​ថា អ្វី​ដែល​ត្រូវការ​បន្ទាន់​។

«​នៅពេល​ខ្ញុំ​ដឹង​រឿងនេះ​ខ្ញុំ​បាន​ខល​ទូរស័ព្ទ​ទៅ​ប្រធាន​ក្លិប​របស់​ខ្ញុំ ឯកឧត្តម ឌី វិជ្ជា ហើយ​គាត់​បាន​ឆ្លើយតប​ថា​ «​តើ​យើង​ត្រូវធ្វើ​អ្វី​?» សម្រាប់​ខ្ញុំ​វា​គឺជា​ពេលវេលា​ដ៏អស្ចារ្យ​។

«​ខ្ញុំ​ជា​គ្រូបង្វឹក​បាល់ទាត់ ហើយ​ខ្ញុំ​តែងតែ​គិត​អំពី​ការឈ្នះ​ការប្រកួត ប៉ុន្តែ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​ម្ចាស់​ក្លិប​របស់​យើង​បាន​សម្លឹងមើល​ក្លិប​បាល់ទាត់ ដូចជា​ក្រុមគ្រួសារ​មួយ​។ សព្វថ្ងៃ​យើង​ជា​ផ្នែក​មួយ​ដែល​បាន​ធ្វើ​អ្វីៗ​កាន់តែច្រើន​គឺ​ការជួយ​គ្នា​ទៅវិញ​ទៅមក​ចេះ​ទទួល​ខុសត្រូវ​ចំពោះ​សហគមន៍​ដែល​នៅ​ជុំវិញ​យើង​»​។

លោក Nestor ថ្លែង​ដោយ​រីករាយ​ថា​៖ « ជានិច្ចកាល​នៅពេល​ក្រុម​លេង ខ្ញុំ​និយាយ​អំពី​កីឡាករ និយាយ​ជាមួយ​ពួកគេ​ថា​យើង​ជា​ក្រុម​ដែលមាន​បេះដូង​ធំ ហើយ​ថ្ងៃនេះ​ខ្ញុំ​យើង​បាន​បង្ហាញ​វា​។ ក្នុងនាម​ជា​គ្រូបង្វឹក​ម្នាក់ វា​ពិតជា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទនភាព​ណាស់​»៕