ខណៈ​ប្រទេស​កម្ពុជា​បាន​បើក​ដំណើរការ​ឡើង​វិញ​ដោយ​ប្រុងប្រយ័ត្ន បន្ទាប់ពី​ចាត់វិធានការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ប្រជាជន​ក៏​កំពុង​ទន្ទឹង​រង់ចាំ​វិលត្រឡប់​ទៅ​កាន់​កន្លែង​កម្សាន្ត​ដែល​ពួកគេ​ចូលចិត្ត​វិញ​។

អ្នក​នៅក្នុង​ឧស្សាហកម្ម​ភាពយន្ត​បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា ប៉ុន្តែ​រោងភាពយន្ត​នៅតែ​បន្ត​បិទទ្វារ​ជា​បណ្តោះអាសន្ន ដែល​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​វិស័យ​ភាពយន្ត​ដ៏រស់រវើក​របស់​កម្ពុជា​។

កញ្ញា ឡៅ ផានី ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Westec Media Limited ដែលជា​ក្រុមហ៊ុន​ចែកចាយ​ខ្សែភាពយន្ត​ឈានមុខ​មួយ​នៅ​កម្ពុជា​ថ្លែង​ថា​៖ «​សព្វថ្ងៃ​យើង​ជម្រុះ​បុគ្គលិក​សល់​តែ​ ៣០ ​ភាគរយ​ប៉ុណ្ណោះ ធៀប​នឹង​មុនពេល​ផ្ទុះ​ជំងឺ​នេះ​ឡើង​។ បុគ្គលិក​រោង​ភាពយន្ត​នៅ​កម្ពុជា​នៅ​ធ្វើការ​បច្ចុប្បន្ន​មាន​ចន្លោះ​ពី​ ៣០ ​ទៅ​ ៥០ ​ភាគរយ​ប៉ុណ្ណោះ​។ ពួកគេ​ត្រូវការ​ប្រាក់ខែ ដូច្នេះ​បើ​គ្មាន​ចំណូល​នោះ​យើង​មិនអាច​បន្តបាន​លើសពី​ ៤ ​ខែ​ទេ ឥឡូវនេះ​យើង​ស្ថិត​ក្នុង​ខែ​ទី​ ៣ ​ហើយ​»​។

ខណៈ​រោងភាពយន្ត​នៅ​ប្រទេស​វៀតណាម​បាន​បើក​ដំណើរការ​ជាថ្មី​កាលពី​ថ្ងៃទី​ ៩ ខែ​ឧសភា នៅពេល​ប្រទេស​ថៃ និង​ឡាវ​ក៏​បាន​បើក​ឡើង​វិញ​កាលពី​ខែ​មុន​ផង​ដែរ​។ កញ្ញា​ ផានី ​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​អនុញ្ញាត​ឱ្យ​រោងភាពយន្ត​នៅ​កម្ពុជា​ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​។

កញ្ញា ឡៅ ផានី ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Westec Media Limited​។

«​ពិតណាស់​កត្តា​សុវត្ថិភាព​គឺជា​រឿង​សំខាន់បំផុត​។ ចំនួន​នឹងត្រូវ​បាន​កាត់បន្ថយ​ដើម្បី​ឱ្យ​មនុស្ស​នៅ​ឆ្ងាយ​ពីគ្នា ខណៈ​បុគ្គលិក អ្នក​ទៅ​ទស្សនាភាព​យន្ត​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​»​។

កញ្ញា​ ផានី ​បន្ត​ថា​៖ «​យើង​យល់​ពី​ការប្រុងប្រយ័ត្ន​របស់​រដ្ឋាភិបាល ប៉ុន្តែ​បើ​ការបិទ​នៅ​តែ​បន្ដ​នោះ​វា​នឹង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ខ្សែចង្វាក់​រោងភាពយន្ត ដូចជា​រោងភាពយន្ត Legend Cinemas និង​រោងភាពយន្ត Major Cineplex និង​ក្រុមហ៊ុន​ចែកចាយ​ភាពយន្ត​ជាដើម​។ អាជីវកម្ម​ក្នុង​វិស័យ​ពាក់ព័ន្ធ រួមទាំង​ចំណីអាហារ ភេសជ្ជៈ និង​ការដឹកជញ្ជូន​ក៏​រង​ផលប៉ះពាល់​ដែរ​»​។

ចំណាប់​អារម្មណ៍​បាន​កើតឡើង​ចំពោះ​របាយការណ៍​ដែល​បង្ហាញ ថា​ឧស្សាហកម្ម​រោងភាពយន្ត​ទាំង​នៅក្នុង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ដោយសារ​តែ​ជំងឺ​កូវីដ​១៩​។

យោង​តាម​ការរាយការណ៍​របស់ BBC បាន​ឲ្យ​ដឹងថា តាម​ការស្ទាបស្ទង់​របស់​សមាគម​ភាពយន្ត​ចិន​បាន​ព្រមាន​ថា ៤០ ​ភាគរយ​នៃ​រោងភាពយន្ត​នៅក្នុង​ប្រទេស​យក្ស​អាស៊ី​មួយ​នេះ​អាច​នឹងរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។ ប្រជាជន​ចិន​រាប់លាន​នាក់​កំពុង​រីករាយ​ទស្សនា​ខ្សែភាពយន្ត​តាម​ប្រព័ន្ធ​អ៊ីនធឺណេត ក្នុង​អំឡុង​ពេល​បិទទ្វារ​រោងភាពយន្ត​ដោយសារ​មាន​សេវាកម្ម​ផ្សព្វផ្សាយ​ភាពយន្ត​ជាច្រើន ហើយ​រោងភាពយន្ត​រាប់ពាន់​អាច​នឹង​បិទទ្វារ​ជា​អចិន្ត្រៃយ៍​។

យោង​តាម​ការស្ទាបស្ទង់​ទីផ្សារ​របស់​ក្រុមហ៊ុន IBISWorld បាន បង្ហាញ​ថា មាន​រោងភាពយន្ត​ជាង​ ១២០០០ ​នៅក្នុង​ប្រទេស​ចិន​។ ហើយ​យោងតាម​ការស្ទាបស្ទង់​របស់​សមាគម​ភាពយន្ត​ចិន​បាន​ឲ្យ​ដឹងថា រោងភាពយន្ត​ ៤ ​ក្នុង​ចំណោម​ ១០ ​បាន​និយាយថា ពួកគេ​ទំនង​នឹង​បិទទ្វារ​ក្នុងពេល​ឆាប់ៗ​។

BBC បាន​ឲ្យ​ដឹងថា នេះ​អាច​មានន័យ​ថា រោងភាពយន្ត​ជិត​ ៥០០០ ​នឹង​ត្រូវ​បិទទ្វារ​ដោយសារ​តែ​ជំងឺ​រាតត្បាត​សកល​មួយ​នេះ​។

CNN បាន​រាយការណ៍​ថា នៅ​អាមេរិក AMC ដែល​ជា​ខ្សែចង្វាក់​រោងភាពយន្ដ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​បាន​ឲ្យ​ដឹង​កាលពី​ខែ​មុន​ថា​ខ្លួន​មាន​ «​មន្ទិល​យ៉ាងខ្លាំង​» ​ថា​តើ​វា​អាច​នៅតែ​បន្ត​មាន​អាជីវកម្ម​ឬ​យ៉ាងណា បន្ទាប់ពី​រោងភាពយន្ត​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​បាន​បិទទ្វារ​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ​នេះ​។

AMC ដែល​បិទ​រោងភាពយន្ត​របស់​ខ្លួន​កាលពី​ដើម​ឆ្នាំនេះ​រំពឹង​ថា នឹង​ខាតបង់​ចន្លោះ​ពី ២,១ ​ពាន់​លាន​ដុល្លារ ទៅ ២,៤ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ទី​ ១ ​នៃ​ឆ្នាំនេះ​។

កញ្ញា​ ផានី ​បាន​លើកឡើងថា ឧស្សាហកម្ម​ភាពយន្ដ​ដែល​កំពុង​រីកចម្រើន​នៅ​កម្ពុជា​ក៏​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​ផងដែរ​។

លោក Simon Choo នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Westec Media Limited ថ្លែងថា​៖« ការអភិវឌ្ឍ​រោងភាពយន្ត​នៅ​កម្ពុជា​ហាក់​ថមថយ​។ ដូច្នេះ​យើង​ត្រូវយក​ឧស្សាហកម្ម​នេះ​ចេញ​ពី​តំបន់​គ្រោះថ្នាក់​»​។

រោងភាពយន្ត​កំពុង​ប្រើប្រាស់​ពេលវេលា​បិទទ្វារ​នេះ​ដើម្បី​កែលម្អ​ទីកន្លែង និង​រៀបចំ​កាលវិភាគ​បញ្ចាំង ខណៈ​រោងភាពយន្ត​នៅ​កម្ពុជា​កំពុង​ទន្ទឹង​រង់ចាំ​ការបើក​ដំណើរការ​ឡើងវិញ​។

«​ប្រភេទ​ភាពយន្ត​សំខាន់ៗ​ដែល​យើង​កំពុង​ផ្តោត​សំខាន់​គឺ​ភាពយន្ត​បែប​ភ័យរន្ធត់ រ៉ូមែនទិក វាយប្រហារ និង​ភាពយន្ត​បែប​កំប្លែង​។ មាន​ទាំង​ភាពយន្ត​បរទេស និង​ភាពយន្ត​ខ្មែរ ហើយ​ ៧០ ​ភាគរយ​ប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩ ខណៈ ៣០ ភាគរយ​នឹង​ដំណើរការ​ឡើងវិញ​»​។

កញ្ញា​ ផានី ​បាន​បន្ថែមថា​៖ «​យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ផ្តល់​ការកម្សាន្ត​នៅ​កម្ពុជា​ជាថ្មី​ម្តងទៀត ហើយ​យើង​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​អំពី​បញ្ហា​សុវត្ថិភាព ដោយ​រំពឹង​ថា​នឹង​បញ្ចាំង​រឿង Mulan របស់ Disney នៅ​ចុងខែ​នេះ​។ យើង​កំពុង​រង់ចាំ​ភ្លើង​ខៀវ​»៕

គំរូ​គម្លាត​កៅអីអង្គុយ​ទស្សនា​ភាពយន្ត​នៅពេល​រោងភាពយន្ត​បើក​ឡើងវិញ​។