ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ ១៩ បាន​ផ្លាស់ប្តូរ​ទម្លាប់ និង​របៀប​រស់នៅ​របស់​អ្នក​ប្រើប្រាស់​គួ​រឱ្យ​កត់​សម្គាល់​។ អ្នក​ប្រើប្រាស់​បាន​ដាក់​កំហិត​ខ្លួន​ឯង​ឱ្យ​នៅ​ផ្ទះ ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ និង​ការ​រក្សា​គម្លាត​សង្គម បាន​ក្លាយ​ជា​បទដ្ឋាន​ថ្មី​មួយ ខណៈ​មនុស្ស​ជាច្រើន​បាន​ងាក​ទៅ​រក​ការ​ទិញ​ទំនិញ​តាម​អ៊ិនធើណឺត ដែល​បណ្តាល​ឱ្យ​ការ​លក់​រាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មាន​សម្ទុះ​ខ្លាំង​។

ខណៈ​ពេល​ដែល​ជំងឺ​រាតត្បាត​បាន​ចាប់​ផ្តើម វា​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រតិបត្តិការ​អាជីវកម្ម​បែប​ប្រពៃណី ដែល​ធ្វើ​ឱ្យ​ការ​លក់​រាយ​របស់​ពួក​គេ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង តែ​វា​បាន​បង្កើត​ឱកាស​ថ្មី​សម្រាប់​ក្រុមហ៊ុន​នានា ​ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​វា​។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ខេមបូឌាន អិចប្រេស ឯ.ក លោក Vincent Zhang បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​ថា​៖ “​នៅ​ពេល​យើង​ចាប់​ផ្តើម​អាជីវកម្ម​សេវាកម្ម​ដឹក​ជញ្ជូន​រហ័ស​របស់​យើង​រយៈពេល​ ១ ឆ្នាំ​កន្លះ ​​យើង​មាន​តែ​មជ្ឈមណ្ឌល​សេវាកម្ម​អតិថិជន​តែ​ ១ ​គត់​ នៅ​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​នាពេល​បច្ចុប្បន្ន​នេះ យើង​មាន​បណ្តាញ​សាខា​ចំនួន ៣០ នៅ​ទូទាំង​ប្រទេស​”។​

ក្រុមហ៊ុន ខេមបូឌាន អិចប្រេស បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​កាល​ពី​ខែ​មេសា​ ឆ្នាំ ២០១៩ ដើម្បី​ផ្តល់​សេវា​ដឹក​ជញ្ជូន​រហ័ស​ជាមួយ​អ្នក​លក់​រាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ពី​ប្រទេស​ចិន​ទៅ​អតិថិជន​របស់​ពួក​គេ​នៅ​កម្ពុជា​។​ ​ដោយសារ​ប្រទេស​កម្ពុជា ​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​គំនិត​ផ្តួច​ផ្តើម ផ្លូវ​ ១ ​ខ្សែ​ក្រវាត់ ​១ អាស៊ាន​-​ចិន ទើប​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ កម្ពុជា​មាន​បទពិសោធ​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៃ​ការ​វិនិយោគ​បរទេស​យ៉ាង​រឹងមាំ ទាំង​វិស័យ​ផលិតកម្ម សំណង់ បច្ចេកវិទ្យា និង​វិស័យ​សេវាកម្ម ដែល​គាំទ្រ​ដល់​អាជីវកម្ម​។​​ ហេតុផល​ទាំង​នេះ​ហើយ​បាន​នាំ​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​តម្រូវការ​សម្រាប់​សេវាកម្ម​ដឹក​ជញ្ជូន​ ជាពិសេស​សេវាកម្ម​ដឹក​ជញ្ជូន​ដែល​រហ័ស​។​

លោក ចាង បាន​មាន​ប្រសាសន៍​ថា៖​ “រាល់​អាជីវកម្ម​ទាំង​អស់​ត្រូវ​តែ​មាន​ការ​គាំទ្រ​ពី​សេវាកម្ម​ដឹក​ជញ្ជូន ទោះបី​ជា​អាជីវកម្ម​នោះ​ដំណើរការ​បែប​ប្រពៃណី ឬ​បច្ចេកវិទ្យា​ក៏​ដោយ​មាន​ន័យ​ថា វត្ថុធាតុ​ដើម ផលិតផល​សម្រេច​ត្រូវ​ដឹក​ជញ្ជូន​ពី​កន្លែង​ ១ ​ទៅ​កន្លែង​ ១ ពី​ហាង​ ១ ទៅ​ហាង​ ១ ពី​ហាង​ទៅ​ដល់​អតិថិជន ឬ​ពី​អតិថិជន​ទៅ​អតិថិជន។ លើស​ពី​នេះ​ទៅ​ទៀត យើង​បាន​ឃើញ​ចន្លោះ​ខ្វះខាត​ដែល​ត្រូវ​ការ​ដើម្បី​បំពេញ​សេវាកម្ម​ដឹកជញ្ជូន​រហ័ស​ទាន់​​ចិត្ត​ដែល​មាន​គុណភាព ជាពិសេស​ទំនោរ​ទៅ​រក​ពាណិជ្ជកម្ម​អេឡិចត្រូនិក​​ដែល​ទទួល​បាន​ការ​ពេញ​និយម​ពី​សំណាក់់​អ្នក​ប្រើប្រាស់​ជំនាន់​ថ្មី​”​។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ខេមបូឌាន អិចប្រេស លោក​ Vincent Zhang ។ រូបថត សហការី

ទោះបី​ជា​ក្រុមហ៊ុន​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​រយៈពេល​ខ្លី​ក៏​ដោយ បច្ចុប្បន្ន ខេមបូឌាន អិចប្រេស បាន​គ្រប់គ្រង​ចំណែក​ទីផ្សារ​​លើ​សេវាកម្ម​ដឹក​ជញ្ជូន​រហ័ស​ដែល​ជា​​មធ្យម​ដឹក​ជញ្ជូន ៤ ០០០ ទៅ ៥ ០០០ កញ្ចប់​ ក្នុង ១ ថ្ងៃ ដែល​សមិទ្ធផល​ពី​មុន​ក្រុមហ៊ុន​ទទួល​បាន​តែ ១០០ កញ្ចប់ ​​ក្នុង​ខែ​ដំបូង​នៃ​ប្រតិបត្តិការ​របស់​ខ្លួន ហើយ​​បច្ចុប្បន្ន​នេះ​ ទីផ្សារ​នាំ​មុខ​គេ​ផ្នែក​ដឹក​ជញ្ជូន​ជា​មធ្យម​ចន្លោះ​ពី ៨ ០០០ ទៅ ៩ ០០០ កញ្ចប់ ​ក្នុង​ ១ ថ្ងៃ​។​

លោក ចាង មាន​ប្រសាសន៍​ថា ភាព​ជោគជ័យ​របស់ ខេមបូឌាន អិចប្រេស ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​​សំខាន់ៗ​ចំនួន ៣ គឺ​ភាព​ជឿជាក់ គុណភាព​សេវាកម្ម និង​តម្លៃ​សមរម្យ​៖ “​ភាព​ជឿជាក់ និង​គុណភាព​នៃ​សេវាកម្ម​របស់​យើង​ទទួល​បាន​ជោគជ័យ ពី​ព្រោះ​យើង​មាន​ប្រព័ន្ធ​គ្រប់គ្រង​ទំនិញ និង​​ឃ្លាំង​ផ្ទុក​ទំនិញ​ផ្ទាល់​ខ្លួន ដែល​អនុញ្ញាត​ឱ្យ​យើង​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​បាន​យ៉ាង​ល្អ​។

លោក​បន្ត​ថា ពី​ព្រោះ​យើង​ធ្វើ​វា​ដោយ​មាន​ការ​ជឿជាក់​ក្នុង​ការ​ផ្តល់​សេវាកម្ម​ដែល​មាន​គុណភាព​ខ្ពស់​បំផុត​ជូន​ដល់​អតិថិជន​។ ​លោក ចាង បាន​គូសប​ញ្ជាក់ថា ក្រុមហ៊ុន​មាន​អ្នក​ជំនាញ​ដែល​មាន​បទពិសោធ​ទូលំទូលាយ​ទាំង​នៅ​ទីផ្សារ​អន្តរជាតិ និង​ទីផ្សារ​កម្ពុជា បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អាច​ផ្តល់ជូន​នូវ​សេវាកម្ម ដឹកជញ្ជូន​រហ័ស​ជាមួយ​នឹង​តម្លៃ​ប្រកួត​ប្រជែង​បំផុត​។

សេវាកម្ម​ដឹកជញ្ជូន​តម្លៃ​សមរម្យ​ចាប់ពី ០,៨០ ដុល្លារ (​ទំនិញ​រហូត​ដល់ ៣ គីឡូក្រាម​) សម្រាប់​ក្នុង​ក្រុង និង​តម្លៃ ១,២៥ ដុល្លារ (​រហូត​ដល់ ៣ គីឡូក្រាម​) សម្រាប់​នៅ​ខេត្ត និង ១ ដុល្លារ (​ក្នុង​ ១ ​គីឡូក្រាម​)​ សម្រាប់​ដឹក​ជញ្ជូន​ពី​ចិន​មក​កម្ពុជា​ យើង​សង្ឃឹម​ថា​ តាមរយៈ​តម្លៃ​នេះ នឹង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ប្រើប្រាស់​សេវាកម្ម​ដឹក​ជញ្ជូន​របស់ ខេមបូឌាន អិចប្រេស កាន់​តែ​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស ខណៈ​ដែល​អ្នក​ប្រើប្រាស់​ផ្លាស់ប្តូរ​ផ្នត់​គំនិត​មក​ប្រើប្រាស់​សេវាកម្ម​ដែល​មាន​សុវត្ថិភាព ងាយស្រួល និង​ចំណេញ​ពេលវេលា​ក្នុង​ការ​​ដឹក​ជញ្ជូន​ទំនិញ និង​ផលិតផល​។​

ក្នុង​នាម​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដែល​មាន​នៅ​កម្ពុជា​ ខេមបូឌាន អិចប្រេស បាន​ដាក់​ទស្សន​វិស័យ​របស់​ខ្លួន​ឆ្ពោះ​ទៅ​មុខ​ជា​និរន្តរ៍ ដើម្បី​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​។

លោក ចាង ថា ការ​រួម​ចំណែក​នេះ​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាមរយៈ​ចក្ខុវិស័យ និង​សេចក្តី​ប្រាថ្នា​របស់​ក្រុមហ៊ុន ដើម្បី​ក្លាយ​ជា​អ្នក​ផ្តល់​សេវា​ដឹក​ជញ្ជូន​រហ័ស​ឈាន​មុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា និង​តំបន់​អាស៊ាន​។​ក្រៅ​ពី​ការ​បង្កើត​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា ដែល​មាន​ស្ទើរតែ ៩៥ ភាគរយ ​នៃ​បុគ្គលិក ៣០០ នាក់ ​ក្រុមហ៊ុន​ក៏​បាន​រៀបចំ​ព្រឹត្តិការណ៍​ពិសេសៗ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​ចំណែក​ទទួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ចំពោះ​សហគមន៍​ក្រីក្រ​ផង​ដែរ​។

កម្មវិធី​សប្បុរសធម៌​ថ្មីៗ​នេះ​គឺ “Happy Back to School” ដែល​បាន​សហការ​ជាមួយ Alibaba នៅ​ខេត្ត​សៀមរាប បាន​ផ្តល់​កាបូប​សិក្សា និង​អំណោយ​សម្ភារ​ការិយាល័យ​មួយ​ចំនួន ចែកជូន​ដល់​សិស្សសាលា​បឋមសិក្សា​នៅ​ទីនោះ​។​

សមិទ្ធផល​ឈាន​មុខ​គេ​ដែល​គួរ​ឱ្យ​កត់​សម្គាល់​របស់​ខ្លួន​ក្នុង​រយៈពេល​ ១ ឆ្នាំ​កន្លង​មក​នេះ ខេមបូឌាន អិចប្រេស កំពុង​តែ​ជំរុញ​ទៅ​មុខ​ជាមួយ​នឹង​ការ​លើក​ទឹក​ចិត្ត​ជា​ថ្មី ខណៈ​ដែល​ខ្លួន​ព្យាយាម​បំបែក​កំណត់ត្រា​ថ្មី​​ក្នុង​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ទាំង​ក្នុង​ស្រុក និង​ក្នុង​តំបន់​។

លោក ចាង បាន​និយាយ​ថា៖ "​សម្រាប់​សេវាកម្ម​ដឹកជញ្ជូន​រហ័ស​ដូច​យើង ​ដើម្បី​ចាប់​យក​ចំណែក​ទីផ្សារ​សំខាន់ៗ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ វា​បាន​បង្ហាញ​ថា ​យើង​ដើរ​លើ​ផ្លូវ​ត្រូវ​នៃ​ការ​ចង់​បាន​របស់​មនុស្ស ​ការ​ផ្តោត​លើ​អាជីវកម្ម​ត្រឹមត្រូវ​ ហើយ​ការ​ប្តេជ្ញា​ដ៏​ត្រឹមត្រូវ គឺ​អ្វីៗ​អាច​ទៅ​រួច​”​៕