គំនិតផ្តួចផ្តើមគម្រោងខ្សែក្រវាត់ និងផ្លូវ (BRI) របស់របស់ប្រទេស ចិន ត្រូវបានដាក់ចេញនូវទិសដៅជាច្រើន។ គំនិតផ្តួចផ្តើមដ៏ធំនេះមានហួសពីការអភិវឌ្ឍពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសជាសមាជិក ហើយវិស័យសុខភាពបានក្លាយជាធាតុដ៏សំខាន់មួយទៀតនៃគម្រោង BRI នេះ។
ក្រុមគ្រូពេទ្យជំនាញផ្នែកភ្នែកមកពីតំបន់ស្វយ័តក្វាងស៊ី និងតំបន់រដ្ឋបាលពិសេសហុងកុងនៃប្រទេស ចិន បានមកជួយព្យាបាល និងសហការជាមួយគ្រូពេទ្យកម្ពុជានៅក្នុងខេត្តកំពង់ចាម ដើម្បីផ្តល់ការវះកាត់ជំងឺភ្នែកឡើងបាយជូនដល់ប្រជាពលរដ្ឋ។
គម្រោង «ខ្សែក្រវាត់ និងផ្លូវស្តីពីការលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ» ដែលបានផ្តួចផ្តើមឡើងក្រោមមជ្ឈមណ្ឌលខ្សែក្រវាត់ និងផ្លូវ នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុងកាលពីខែឧសភា ឆ្នាំ ២០១៨ បានជួយព្យាបាលអ្នកជំងឺភ្នែកប្រមាណ ៦ ២០០ នាក់ នៅក្នុងខេត្តកំពង់ចាម ឲ្យបានជាសះស្បើយ។
ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ភ្នែកនៅលើរថយន្តគ្លីនិកចល័តចំនួន ២ គ្រឿង ដែលដាក់ឲ្យប្រចាំការនៅឯមន្ទីរពេទ្យខេត្តកំពង់ចាម។
«យុទ្ធនាការលុបបំបាត់ជំងឺភ្នែកឡើងបាយនេះ គឺមានរយៈពេល ១៩ ខែ ដែលវា គឺជាយុទ្ធនាការវះកាត់ភ្នែករយៈពេលវែងបំផុតដែលធ្វើឡើងដោយក្រុមគ្រូពេទ្យចិននៅក្រៅប្រទេស»។
លោក C.Y.Leung ប្រធានមជ្ឈមណ្ឌលខ្សែក្រវាត់ និងផ្លូវនៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុងដែលបានដឹកនាំគណៈប្រតិភូទៅចូលរួមពិធីបិទបញ្ចប់យុទ្ធនាការនេះនៅខេត្តកំពង់ចាមកាលពីថ្ងៃទី ១៧ ខែធ្នូ កន្លងទៅបានថ្លែងថា៖ «វាក៏ជាកំណត់ត្រារបស់ប្រទេស ចិន ផងដែរ សម្រាប់ជំនួយផ្នែកវេជ្ជសាស្ត្រ។ យុទ្ធនាការនេះបានបង្ហាញយ៉ាងច្បាស់អំពីកម្លាំងនៃ «ការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន» នៃប្រទេសទាំង ២»។
លោក Leung បានឲ្យភ្នំពេញប៉ុស្តិ៍ដឹងថា តបតាមយោបល់របស់ក្រសួងការបរទេសចិន ខេត្តកំពង់ចាមត្រូវបានជ្រើសរើសជាទីតាំងអនុវត្តគម្រោងដំបូងរបស់ពួកគេ ដើម្បីព្យាបាលជំងឺភ្នែកឡើងបាយ ហើយក្រុមគ្រូពេទ្យនឹងបន្តគម្រោងទី ២ របស់ខ្លួននៅខេត្តព្រៃវែងបន្តទៀត។
ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍នៅក្នុងពិធីបិទបញ្ចប់គម្រោងនេះថា៖ «ការបញ្ចប់យុទ្ធនាការព្យាបាលជំងឺភ្នែកឡើងបាយប្រកបដោយជោគជ័យនេះ គឺបានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ រវាងកម្ពុជា និងចិន ក្រោមក្របខ័ណ្ឌយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ។
«គម្រោងនេះបានពង្រឹងនូវចំណងមិត្តភាពរវាងប្រទេសយើងទាំង ២ ហើយខ្ញុំជឿជាក់ថា នឹងមានកិច្ចសហប្រតិបត្តិការថ្មីៗជាច្រើនបន្ថែមទៀតនាពេលអនាគត»។
គ្លីនិកចល័តចំនួន ២ នឹងត្រូវរក្សាទុកនៅមន្ទីរពេទ្យខេត្តកំពង់ចាម ហើយនឹងនាំយកគ្លីនិកចល័តថ្មីចំនួន ២ ទៀត ដែលកំពុងរៀបចំសម្រាប់គម្រោងនៅខេត្តព្រៃវែង ដែលគ្រោងនឹងចាប់ផ្តើមនៅខែមីនា ឆ្នាំក្រោយ។
លោក Leung ថ្លែងថា៖ «វាអាចមានករណីថ្មីដោយសារតែភាពចាស់ជរា ប៉ុន្តែពេលនេះគឺមិនមានទេ។ដូច្នេះ យើងនឹងផ្លាស់ទៅកាន់ខេត្តព្រៃវែង។ ធៀបនឹងកម្មវិធីផ្សេងទៀត គឺយើងមិនត្រឡប់ទៅវិញភ្លាមៗនោះទេ។ យើងនៅក្នុងខេត្តកំពង់ចាម ដើម្បីពិនិត្យ និងព្យាបាលអ្នកជំងឺរហូតដល់ពួកគេបានជាសះស្បើយ។ យើងបានចាប់ផ្តើមកាលពី ២ ឆ្នាំមុន ហើយ ១៩ ខែក្រោយមក យើងបានបញ្ចប់គម្រោងនេះជាមួយនឹងការព្យាបាលអ្នកជំងឺចុងក្រោយកាលពីថ្ងៃសុក្រ [១៣ ធ្នូ]»។
លោកវេជ្ជបណ្ឌិត សាមុត ភីរុណ ឯកទេសជំងឺភ្នែកនៃមន្ទីរពេទ្យខេត្តកំពង់ចាមបានលើកឡើងថា ការវះកាត់ភ្នែកបានប្រព្រឹត្តិទៅដោយជោគជ័យ ដោយមានការគាំទ្រពីគ្រួពេទ្យឯកទេសចិន។ លោកវេជ្ជបណ្ឌិតបន្តថា៖ «យើងបានសហការគ្នាជាមួយគ្រូពេទ្រចិន ហើយបានជួយអ្នកជំងឺជាច្រើននាក់ ដែលមានបញ្ហាភ្នែកឲ្យបានជាសះស្បើយ។ គ្រូពេទ្យចិនបានបង្ហាញអំពីជំនាញវះកាត់ភ្នែករបស់ពួកគេ»។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Yum Sui Sang ប្រធានសមាគមពាណិជ្ជកម្ម និងធុរកិច្ច ចិនហុងកុង និងម៉ាកាវ នៅកម្ពុជារួមជាមួយភ្ញៀវកិត្តិយសប្រមាណ ១ ០០០ នាក់ផ្សេងទៀត មានវត្តមាននៅក្នុងពិធីបិទយុទ្ធនាការនេះ។
លោក សំ ហ៊ីម អាយុ ៧៨ ឆ្នាំ បានរៀបរាប់ថា៖«ពីមុនភ្នែករបស់ខ្ញុំងងឹតទាំងសងខាង មើលអ្វីក៏មិនឃើញដែរ ទោះបីខ្ញុំពាក់វ៉ែនតាក្តី។ ប៉ុន្តែសំណាងល្អ មានគេប្រាប់ខ្ញុំឱ្យមកជួបគ្រូពេទ្យចិននៅទីនេះ។ បន្ទាប់ពីការព្យាបាលរយៈពេលខ្លីភ្នែកខ្ញុំអាចមើលឃើញឡើងវិញ ហើយពេលនេះទោះខ្ញុំមិនពាក់វ៉ែនតា ក៏អាចមើលឃើញដែរខ្ញុំពិតជាត្រេកអរណាស់ ខ្ញុំសូមអរគុណដល់ក្រុមគ្រូពេទ្យយ៉ាងខ្លាំង»៕